ប្រិយមិត្ត
គោលដៅ​អំណាន
ខែ មករា ឆ្នាំ ២០២៤


« គោលដៅ​អំណាន » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣៦–៣៧ ។

គោលដៅ អំណាន

អាន់ឌើរស៍​មិនចូលចិត្ត​អាន​ឮៗ​ទេ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
alt text

អាន់ឌើរស៍ បាន​ស្តាប់​បងស្រី​របស់​គាត់​អាន​អំឡុងពេល​សិក្សា​ព្រះ​គម្ពីរ​ជា​គ្រួសារ ។ គាត់​ព្យាយាម​អានតាម​នៅ​លើ​ថាប្លិត​របស់​គាត់ ។ ប៉ុន្តែ​វា​ពិបាក​ដើម្បី​ផ្ដោត​លើ​ពាក្យ ។

អាន់ឌើរស៍ តែង​លំបាក​ក្នុង​ការអាន​ជានិច្ច ។ នៅ​ឆ្នាំមុន គាត់​បាន​ដឹង​ថា គាត់​មាន​ពិការភាព​ក្នុង​ការរៀន​អាន ឬ​សរសេរ​ត្រឹមត្រូវ ។ ការលូតលាស់​មិន​ប្រក្រតី​ដែល​ជា​ពិការភាព​ក្នុង​ការរៀនសូត្រ ធ្វើ​ឲ្យ​ពិបាក​អាន​អក្សរ ។ ខួរក្បាល​របស់គាត់​លាយ​ពាក្យ និង​អក្សរ​បញ្ចូល​គ្នា ហើយ​ភ្នែក​គាត់​ក្រឡឹង​ពេញ​ទំព័រ​នៅពេល​គាត់​ព្យាយាម​អាន ។

បង​ស្រី​គាត់​បាន​អាន​ខគម្ពីរ​របស់​នាង​ចប់ ហើយ​បង​ប្រុស​របស់គាត់​បាន​អាន​ខគម្ពីរ​បន្ទាប់ ។ ប៉ុន្តែ​អាន់ឌើរស៍ មិន​បាន​អាន​ទេ ។ គាត់​មិន​ចូលចិត្តអាន​វា​ឮៗ​នោះ​ទេ ។ ការពង្រីក​ពាក្យ​ធំៗ​នៅលើ​ថាប្លិតរបស់​គាត់​ជួយ​បាន​បន្តិចបន្តួច ។ ប៉ុន្តែ​គាត់​មិន​ចូលចិត្ត​ការអាន​របស់​គាត់​ដែល​យឺត និង​ឆ្គង​ខ្លាំង​ណាស់ ។ គាត់​អាន​ខុស​ច្រើន​ណាស់ ! គាត់​ត្រូវ​ខិតខំ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ងាយស្រួល​សម្រាប់​អ្នក​ផ្សេង ។

នៅពេល​ពួកគេ​អាន​ចប់ គ្រួសារ​របស់​អាន់ឌើរស៍​បានមើល​វីដេអូ​មួយ ។ វីដេអូ​នោះ​គឺ​អំពី​កម្មវិធី​កុមារ និង​យុវវ័យ ។

អែលឌើរ ហ្គង បាន​មាន​ប្រសាសន៍​នៅក្នុង​វីដេអូ​ថា « ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​ដែល​ពិបាក និង​អភិវឌ្ឍ​អ្នក » ។ « ស្វែង​រក​ទេពកោសល្យ ចំណាប់​អារម្មណ៍ និង​ជំនាញ​ថ្មី » ។*

អាន់ឌើរស៍ បាន​គិត​អំពី​គោលដៅ​ដែល​គាត់​បាន​ដាក់ ។ ប្រហែល​ជា​គាត់​អាច​រៀន​ធ្វើ​នំ​ឃុកឃី ។ ឬ​លេង​បាល់ទាត់​ឲ្យ​បាន​ល្អ​ជាង​មុន !

បន្ទាប់មក​គាត់​បាន​មើល​ទៅ​ព្រះ​គម្ពីរ​មរមន​នៅលើ​តុ ។ ការ​អាន​ឲ្យ​បាន​ល្អ​ជាង​មុន មិនមែន​ជា​គោលដៅ​សប្បាយៗ​នោះ​ទេ ។ ប៉ុន្តែ​គាត់​ចង់​អាន​ព្រះគម្ពីរ​ជាមួយ​គ្រួសារ​របស់​គាត់ ។

គាត់​បាន​ប្រាប់​ប៉ា​ថា « កូន​បាន​ដឹងថា​កូន​គួរដាក់​គោលដៅ​អ្វី​ហើយ » ។

ប៉ា​បាន​សួរ « តើ​គោលដៅ​នោះ​ជា​អ្វី​ទៅ »

អាន់ឌើរស៍ បាន​លើក​ព្រះ​គម្ពីរ​មរមន​ឡើង ។ « កូន​ចង់​អាន​ខគម្ពីរ​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ឲ្យ​ឮៗ​រាល់​ថ្ងៃ » ។

ប៉ា​បាន​មាន​ប្រសាសន៍​ថា « គោល​ដៅ​ហ្នឹង​ល្អ​ណាស់ » ។ « តើ​កូន​ចង់​ចាប់ផ្ដើម​នៅ​ពេល​ណា ? »

« ឥឡូវ​នេះ ! »

អាន់ឌើរស៍ បាន​ចូល​បន្ទប់​របស់​គាត់ ហើយ​បាន​បិទ​ទ្វារ ។ គាត់​មិន​ចង់​ឲ្យ​នរណា​ឮ​គាត់​ទេ ។ បន្ទាប់មក​គាត់​បាន​បើក​ព្រះគម្ពីរ​មរមន​របស់​គាត់ ។ គាត់​បាន​អាន​ពាក្យ​ខ្លះៗ​ចូល​គ្នា ប៉ុន្តែ​វា​ចំណាយពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ​ដើម្បី​អាន​ខគម្ពីរ​មួយ​ខ​ចប់ ។ គាត់​បាន​និយាយ​ថា មិន​អន់​ពេក​ឯ​ណា ។

អាន់ឌើរស៍ អាន​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ។ កាល​មុន​វា​ពិបាក ! គាត់​ក៏​មិន​បាន​គិត​ថា គាត់​អាច​ធ្វើ​បាន​ល្អ​ជាងមុន​នោះដែរ ។ ប៉ុន្តែ​គាត់​បន្ត​រៀនអាន ។

បន្ទាប់មក​នៅ​ថ្ងៃមួយ​នៅ​ឯ​សាលា គ្រូបង្រៀន​របស់​គាត់​បាន​មាន​ប្រសាសន៍​ថា « អូហូ ! គ្រូ​មិន​ចង់​ជឿ​ទេ​ថា​កូនរៀន​អាន​បាន​លឿន​យ៉ាង​នេះ » ។

អាន់ឌើរស៍ បាន​ងើប​មុខ​ឡើង ។ « មែន​ឬ ? »

អ្នកគ្រូ​បាន​ងក់ក្បាល ។ « កូន​រីកចម្រើន​ខ្លាំង​ណាស់ » ។

អាន់ឌើរស៍ បាន​មើល​ទៅ​ពាក្យ​នៅលើ​ក្រដាស​របស់​គាត់ ។ វា​ងាយ​ស្រួល​អាន​ជាង​ពីមុន​ឆ្ងាយ​ណាស់ ។ គោលដៅ​ហាត់​អាន​ព្រះគម្ពីរ​របស់​គាត់ ថែម​ទាំង​ជួយ​គាត់​រៀន​នៅ​សាលា​ផងដែរ ។

នៅពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​រត់​ឡើង​លើ​ដើម្បី​អាន​ព្រះ​គម្ពីរ ។ នៅពេល​គាត់​មើល​លើ​ទំព័រ​នោះ ពាក្យ​នៅ​តែ​រត់​ចុះឡើង​ពេញ​ទំព័រ ។ ប៉ុន្តែ​វា​ងាយស្រួល​យល់​ជាងមុន​ពី​អ្វី​ដែល​គេ​បាន​និយាយ​ ។

អាន់ឌើរស៍ រំភើប​ចិត្ត​ដើម្បី​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​នៅ​យប់​នោះ ។

គាត់​បាន​និយាយ​ថា « ប៉ា អើយ ។ តើ​កូន​អាច​ជួយ​អាន​នៅ​ថ្ងៃ​នេះ​បាន​ដែរ​ឬ​ទេ ? »

ប៉ា​បាន​ញញឹម ។ « ប៉ា​ពេញចិត្ត​យោបល់​នេះណាស់ ! »

អាន់ឌើរ​បាន​ធ្វើ​តាម​ដោយ​យកចិត្ត​ទុកដាក់ ពេល​បង​ប្រុស និង​បង​ស្រី​របស់​គាត់​ម្នាក់ៗ​អាន​ខគម្ពីរ​មួយ ។ ពេល​ដល់​វេន​គាត់ គាត់​អាន​ខគម្ពីរ​នោះ​យឺតៗ ដើម្បី​ឲ្យ​ប្រាកដ​ថា​គាត់​អាន​គ្រប់​ពាក្យ​ត្រឹម​ត្រូវ ។ បន្ទាប់ពី​អាន​ចប់ គាត់​ក៏​ងើប​មុខ​ឡើង ។ មនុស្ស​គ្រប់​គ្នា​ញញឹម​ដាក់​គាត់ ។

ទោះបីជា​គាត់​មិនមែន​ជា​អ្នក​អាន​ដ៏​ល្អ​ឥតខ្ចោះ​ក៏​ដោយ អាន់ឌើរស៍ មាន​មោទនភាព​ចំពោះ​ខ្លួន​គាត់ ។ គាត់​បាន​ដឹង​ថា នៅពេល​គាត់​ខិតខំ​ប្រឹងប្រែង នោះ​ព្រះវរបិតាសួគ៌​នឹង​គង់​នៅ​ទីនោះ​ជួយ​គាត់​ជានិច្ច ។

រូបភាព
alt text
រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខេលី ស្ម៊ីធ

  • ការជួបសំណេះសំណាល​ជាមួយ​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ( worldwide broadcast ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។