ប្រិយមិត្ត
ព្រះគម្ពីរ​របស់​សាមី
ខែ មករា ឆ្នាំ ២០២៤


« ព្រះគម្ពីរ​របស់​សាមី » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១០–១១ ។

ព្រះគម្ពីរ​របស់​សាមី

សាមី ក៏​ចង់​អាន​ដែរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ បូលីវៀ ។

រូបភាព
alt text

ប៉ាពី បានទះដៃ​នៅ​ពេលចប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​មាន​យោបល់​មួយ​សម្រាប់​គោលដៅ​គ្រួសារ » ។ « តោះ អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា​ជា​រៀង​រាល់​ថ្ងៃ » ។

បង​ប្រុស​របស់​សាមី ដែល​មាន​ឈ្មោះ​ថា អាន់ឌ្រីស៍ និង​ជូអាន បាន​ងក់ក្បាល​ដោយ​មាន​ស្នាម​ញញឹម​ដ៏​ធំ​ពី​គំនិត​នេះ ។

អាន់ឌ្រីស៍ បាន​និយាយ​ថា « យល់​ព្រម ! » ។

សាមី​ក៏​រំភើប​ចិត្ត​ផងដែរ ។ ប៉ុន្តែ​បន្ទាប់មក​គាត់​បាន​ចងចាំ​អ្វីមួយ ។ គាត់​បាន​លើកដៃ​ឡើង ។ « ខ្ញុំ​មិន​ចេះ​អាន​អក្សរ​ផង ។ តើ​ខ្ញុំ​ជួយ​បាន​ដោយ​របៀប​ណា ? »

ជូអាន បាន​ញាក់​ស្មា ។ « ឯង​គ្រាន់តែ​អង្គុយស្តាប់​បាន​ហើយ » ។

បងប្រុស​របស់​សាមី ចេះ​អាន​រួច​ទៅ​ហើយ ។ ប៉ុន្តែ សាមី ទើប​មាន​អាយុ​ប្រាំ​ឆ្នាំប៉ុណ្ណោះ ។ គាត់​មិន​ទាន់បានរៀន​អាន​អក្សរ​នៅឡើយ​ទេ ។

« ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ជួយ​ដែរ ! » សាមី បាន​និយាយ​ទាំង​ជ្រួញ​ចិញ្ចើម ។

ម៉ាក់​បាន​ឱប​សាមី ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ហើយ​កូន​នឹង​អាច​ធ្វើ​បាន » ។ « តែងតែ​មាន​វិធី​ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​បាន​បញ្ជា​យើង » ។

នៅ​យប់​ស្អែក គ្រួសារ​របស់​សាមី បាន​ជួបជុំ​គ្នា​អាន​ព្រះគម្ពីរ​មរមន ។ ពួកគេ​គ្រប់គ្នា​យក​ព្រះគម្ពីរ​របស់​ពួកគេ​មក លើកលែង​តែ សាមី ។ ម៉ាក់​បាន​ឲ្យ​សៀវភៅ​រូបភាព​ដំណើររឿង​ព្រះគម្ពីរ​មរមន​ដល់​គាត់ ។

គាត់​បាន​មាន​ប្រសាសន៍​ដោយ​ស្នាម​ញញឹម​ថា « កូន​អត់ទាន់​ចេះ​អាន​វា ។ ប៉ុន្តែ​កូន​អាច​អាន​រូបភាព​បាន » ។

សាមី បាន​កាន់​សៀវភៅ​យ៉ាង​ជាប់ ។ ឥឡូវ​នេះ​គាត់​អាច​អាន​ជាមួយ​ក្រុមគ្រួសារ​គាត់​ហើយ !

ពួកគេ​បាន​ឆ្លាស់​វេន​គ្នា​អាន ។ សាមី បាន​មើល​ទៅ​រូបភាព​ដែល​បង្ហាញ​ពី​ដំណើររឿង​នេះ ។ នៅពេល​ដល់​វេន​របស់​គាត់ គាត់​បាន​ប្រាប់​អ្នក​ផ្សេង​ពី​អ្វី​ដែល​គាត់​បាន​ឃើញ​នៅក្នុង​រូបភាព ។ គាត់​បាន​ប្រាប់​ព័ត៌មាន​លម្អិត​ជាច្រើន​ដែល​គាត់​អាច​ប្រាប់​បាន ។

រូបភាព
alt text

នៅពេល​ជាច្រើន​ថ្ងៃ​កន្លង​ទៅ សាមី ចង់​អាន​កាន់តែ​ខ្លាំង​ឡើងៗ ។ ម៉ាក់ បាន​បង្រៀន​គាត់​ពី​សំឡេង​ដែល​អក្សរ​នីមួយៗ​បញ្ចេញ ។ បន្ទាប់មក គាត់​បាន​បង្ហាញ​សាមី​ពី​របៀប​ប្រកប​ពាក្យ ។ ជាច្រើន​ខែ​ក្រោយមក សាមី មិន​សូវ​ត្រូវការ​សៀវភៅ​រូបភាព​ទៀតទេ ។ ផ្ទុយ​ទៅវិញ គាត់​បាន​អាន​ពាក្យ​ចុងក្រោយ​ដែល​ក្រុមគ្រួសារ​របស់​គាត់​បាន​អាន ។ ម៉ាក់​អាន​ពាក្យ​មុន ហើយ​សាមី អាន​ពាក្យ​តាម​ក្រោយ ។

ដំបូង​ឡើយ ពួកគេ​អាន​យឺតៗ ។ ដើម្បី​អាន​ឲ្យ​ចប់​ជំពូក​នីមួយៗ ត្រូវ​ចំណាយ​ពេល​យូរ ។ អាន់ឌ្រីស៍ និង​ជូអាន ថ្ងូរ​នៅពេល​ដល់​វេន​របស់​សាមី ។ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាន​ជា​គ្រួសារ​ដដែល ។

បន្តិច​ម្តងៗ សាមី អាន​បាន​កាន់តែ​ច្រើន ។ គាត់​អាន​ពាក្យ​មួយ​ពី​ខ នីមួយៗ បន្ទាប់មក​ពីរ​ពាក្យ បន្ទាប់មក បី​ពាក្យ ។ បន្ទាប់មក គាត់​ចាប់ផ្ដើម​អាន​ខគម្ពីរ​ទាំងមូល !

នៅពេល​គោលដៅ​ពួកគេ​ជិត​ចប់ សាមី អាច​អាន​ពីរបី​ខគម្ពីរ​ដោយ​ខ្លួន​គាត់​បាន ។ ការអាន​របស់​គាត់​បាន​រីកចម្រើន​កាន់តែ​ប្រសើរ​ឡើង ។ សេចក្តី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះគម្ពីរ​មរមន​ក៏​កាន់តែ​ច្រើន​ឡើង​ផងដែរ ។

នៅ​ទីបំផុត គ្រួសារ​របស់​សាមី បាន​អាន​ព្រះគម្ពីរ​មរមន​ចប់ ។ វា​ចំណាយពេល​ពីរ​ឆ្នាំ ! ឥឡូវ​នេះ សាមី មាន​អាយុ​ប្រាំពីរ​ឆ្នាំហើយ ហើយ​គាត់​រៀន​អាន​បាន​យ៉ាង​ល្អ ។

« សូម​អបអរ​សាទរ ! » ប៉ាពី បាន​តប ។ « យើង​ធ្វើ​បាន​សម្រេច​ហើយ ! »

សាមី បាន​ស្រែក​អបអរ​ជាមួយ​គ្រួសារ​របស់​គាត់ ។ គាត់​បាន​ជួយ​ពួកគេ​អាន​ព្រះគម្ពីរ​មរមន​ចប់ !

ជូអាន បាន​ឱប​សាមី ។ « តើ​ឯង​មាន​គោលដៅ​អ្វី​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ ? »

សាមី បាន​ញញឹម ។ គាត់​ក្រោកឈរ ហើយ​បាន​និយាយ​ថា « ខ្ញុំ​នឹង​អាន​ព្រះគម្ពីរ​មរមន​ម្ដងទៀត ! »

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ មេលីសា ម៉េនវីល កាស៊ីវ៉ាហ្គី