ប្រិយមិត្ត
ពេល​អាន​ព្រះគម្ពីរ​ដ៏​ងងុយ​គេង
ខែ មករា ឆ្នាំ ២០២៤


« ពេល​អាន​ព្រះគម្ពីរ​ដ៏​ងងុយ​គេង » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣០–៣១ ។

ពេល​អាន​ព្រះគម្ពីរ​ដ៏​ងងុយ​គេង

ទោះបី​ជា​វា​នៅ​ព្រឹកព្រលឹម​ក៏​ដោយ ក៏អេលវីរ៉ា​បាន​ដឹង​ថា​ការអាន​ព្រះគម្ពីរ​គឺ​មាន​តម្លៃ​​។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ន័រវេស ។

អេលីវ៉ា បាន​ក្រោក​ឡើង​ពេល​ប៉ា​ហៅ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ដល់​ពេល​អាន​ព្រះ​គម្ពីរ​ហើយ » ។

នាង​បាន​ក្រោក​អង្គុយ​នៅលើ​គ្រែ ហើយ​បាន​ញី​ភ្នែក​របស់​នាង ។ វា​នៅ​ងងឹត​នៅ​ឡើង​នៅ​ខាង​ក្រៅ ។ វា​ត្រជាក់​ណាស់ ! អេលីវ៉ា មិន​ចង់​ចេញ​ពី​គ្រែ​ដ៏​ទន់​របស់​នាង​ទេ ។

ម៉ាក់​បាន​មាន​ប្រសាសន៍​ថា ការ​អាន​ព្រះគម្ពីរ​គឺជា​របៀប​ដែល​ពួកគេ​អាច​ស្គាល់​ព្រះ​យេស៊ូវ​បាន​កាន់តែ​ច្បាស់ ។ ប៉ុន្តែ​ការអាន​ព្រះ​គម្ពីរ​ជា​រៀងរាល់​ព្រឹក​គឺ​លំបាក​ណាស់ !

អេលីវ៉ា ដើរ​យឺតៗ​ឡើង​លើ​ជណ្តើរ ហើយ​អង្គុយ​ក្បែរ​បងស្រី​របស់​នាង​ឈ្មោះ ស៊ីហ្គ្រីដ នៅលើ​សាឡុង ។ នាង​បាន​ឱប​ខ្នើយ ហើយ​ឱប​ភួយ​ដ៏​កក់ក្ដៅ និង​ទន់​របស់​នាង ។ បង​ប្អូន​ប្រុស​របស់​នាង​នៅ​បន្ទប់​ផ្សេង​ទៀត​កំពុង​រៀន​ថ្នាក់​សិក្ខាសាលា​តាម​អនឡាន ។

ទូរសព្ទ​របស់​ប៉ា​បាន​រោទិ៍​ឡើង ។ គាត់​បាន​លើក​ទូរសព្ទ ហើយ​សមាជិក​គ្រួសារ​ក៏​បង្ហាញ​នៅលើ​អេក្រង់ ។ អ្នក​មីង លីវ រៀបចំ​ខ្លួន​រួចរាល់​ទៅ​ធ្វើ​ការ ។ បងប្អូន​ជីដូន​មួយ​របស់​ពួកគាត់​ឈ្មោះ ឌ័រធា នៅតែ​ពាក់​ខោអាវ​គេង​យប់​ដូចជា អេលីវ៉ា​ដែរ ។

រូបភាព
alt text

អេលីវ៉ា បាន​គ្រវីដៃដាក់​ពួកគេ​តាម​ការ​ហៅ​ជា​វីដេអូ ហើយ​ស្ងាប ។ ពួកគេ​តែងតែ​អាន​ព្រះគម្ពីរ​ជាមួយ​អ្នកមីង លីវ និង ឌ័រធា ។ ពួកគាត់​រស់នៅ​ផ្នែក​ផ្សេង​ទៀត​ដែល​មាន​ចម្ងាយ​បួន​ម៉ោង​នៃ​ប្រទេស​ន័រវេស ។ វា​ងាយស្រួល​ជាង​សម្រាប់​ពួកគាត់​ទាំងអស់គ្នា​ក្នុង​ការអាន​ព្រះ​គម្ពីរ នៅពេល​ដែល​ពួកគេ​មាន​គោលដៅ​ហៅ​ទូរសព្ទ​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ថ្ងៃ ។ ហើយ​អេលីវ៉ា ចូលចិត្ត​ជួប​នឹង​បងប្អូន​ជីដូន​មួយ​របស់​នាង !

ពីរ​បី​នាទី​ក្រោយ​មក ម៉ាក់​បាន​ចូលរួម​និយាយ​ទូរសព្ទ​ដែរ ។ គាត់​បាន​និយាយ​ថា « សួស្ដី ក្មេងៗ ! » គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​គាត់​នៅ​តែ​ទូរសព្ទ​មក​ពេល​អាន​ព្រះគម្ពីរ​ជា​គ្រួសារ ។

ពួកគាត់​បាន​អធិស្ឋាន ។ បន្ទាប់មក អេលីវ៉ា បាន​បើក​ព្រះគម្ពីរ​របស់​នាង ។ ពួកគាត់​បាន​អាន​ព្រះគម្ពីរ​មរមន​ជា​មួយ​គ្នា ។ ម្នាក់ៗ​ប្តូរវេន​គ្នា​អាន​ខគម្ពីរ​នានា ។

អេលីវ៉ា បាន​ស្តាប់​ពេល​ដែល​អ្នក​ផ្សេង​អាន ប៉ុន្តែ​វា​ពិបាក​ដើម្បី​បើក​ភ្នែក ។ ស៊ីហ្គ្រីដ បាន​ដេកលក់​នៅលើ​សាឡុង ។ អេលីវ៉ា បាន​ចាក់​នាង ។ ប៉ុន្តែ​មាន​អ្វី​មួយ​នៅក្នុង​ខគម្ពីរ​នោះ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​នាង ។

ឌ័រធា បាន​អាន​ថា « ហើយ​ឪពុក​បាន​ឃើញ​ដំបងដែក​មួយ ហើយ​ដំបងដែក​នោះ​ផ្ដេក​បណ្ដោយ​តាម​មាត់​ទន្លេ ហើយ​តម្រង់​ទៅឯ​ដើមឈើ​ដែល​ឪពុក​ឈរជិត » ។*

អេលីវ៉ា បាន​និយាយ​ថា « ខ្ញុំ​ដឹង​ពី​ដំណើររឿង​នេះ ! » « សុបិន​របស់​លីហៃ » ។ នាង​បាន​មើល​វីដេអូ​ពី​ព្រះគម្ពីរ​អំពី​រឿង​នេះ ។ មាន​ដើម​ឈើ​ដ៏​ស្រស់​ស្អាត​មួយ​មាន​ផ្លែ​ពណ៌​ស ហើយ​មនុស្ស​កាន់​ដំបង​ដើម្បី​ជួយ​ពួកគេ​ចូល​ទៅ​ដល់​ដើមឈើ​នោះ ។

រូបភាព
alt text

ម៉ាក់​បាន​សួរ​ថា « តើ​កូន​ចងចាំ​ថា​ដំបង​ដូច​ជា​អ្វី​ទេ ? »

« ព្រះគម្ពីរ​មែនទេ ? » 

« ត្រឹមត្រូវ​ហើយ ! » ប៉ា​បាន​និយាយ ។ « ក្រោយមក នីហ្វៃ​បង្រៀន​ថា ដំបង​គឺ​ដូចជា​ព្រះបន្ទូល​នៃ​ព្រះ ។ តើ​កូន​គិត​ថា​យើង​អាច​កាន់​ដំបង​ដូច​មនុស្ស​ក្នុង​សុបិន​របស់​លីហៃ​ដោយ​របៀប​ណា ?

« យើង​កំពុង​កាន់​ដំបង​ឥឡូវ​នេះ ! ! អេលីវ៉ា បាន​លើក​ព្រះ​គម្ពីរ​មរមន​ឡើង ។ « តាមរយៈ​ការ​មាន​ពេលវេលា​អាន​ព្រះ​គម្ពីរ » ។

ម៉ាក់​បាន​ងក់ក្បាល ។ « នៅពេល​យើង​អាន​ព្រះគម្ពីរ យើង​ចូល​ទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​ជា​មនុស្ស​ចូល​ទៅ​ជិត​ដើម​ជីវិត ពេល​គេ​កាន់​ដំបង​ដែរ » ។

នៅពេល​ដែល​ពួកគេ​បន្ត​អាន អេលវីរ៉ា បាន​ស្រមៃ​ថា​ខ្លួន​នាង​កំពុង​កាន់​ដំបង ហើយ​ដើរ​ទៅកាន់​ដើមឈើ​ដ៏​ស្រស់​ស្អាត​នោះ ។ នាង​មិនមាន​អារម្មណ៍​ងងុយ​គេង​ទៀត​ទេ ។

មិន​យូរ​ប៉ុន្មាន​ក៏​ដល់​ម៉ោង​ទៅ ។ អ្នក​មីង លីវ និង​ម៉ាក់​ត្រូវ​ទៅ​ធ្វើ​ការ ។ ហើយ អេលវីរ៉ា ស៊ីហ្គ្រីដ និង ឌ័រធា ត្រូវ​រៀបចំ​ខ្លួន​ទៅ​សាលា ។

« លា​ហើយ​ទាំងអស់​គ្នា ! » អេលវីរ៉ា គ្រវី​ដៃ​នៅលើ​អេក្រង់​ដាក់​គ្រួសារ​របស់​នាង ។ « ខ្ញុំ​ស្រឡាញ់​អ្នកទាំងអស់គ្នា ! »

ពេល​នាង​រត់​ចុះ​មក​ក្រោម​ដើម្បី​រៀបចំ​ខ្លួន​ទៅ​សាលា អេលវីរ៉ា មាន​អារម្មណ៍​កក់ក្ដៅ​នៅ​ក្នុង​ចិត្ត ។ ហើយ​មិនមែន​មក​ពី​ភួយ​ដ៏​ទន់​របស់​នាង​នោះ​ទេ ។ នាង​បាន​ដឹង​ថា​អារម្មណ៍​កក់ក្ដៅ​នោះ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​នាង​ថា ព្រះគម្ពីរ​មរមន​ពិត ។ វា​គឺជា​របៀប​ដ៏​អស្ចារ្យ​ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី !

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ហេកទ័រ បឡាស្កា