ឆ្នាំ ២០២៣
លើស​ពី​ថ្ងៃ​ហ្វឹកហាត់​ដ៏​ល្អ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« លើស​ពី​ថ្ងៃ​ហ្វឹកហាត់​ដ៏​ល្អ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១៤-១៥ ។

លើស​ពី ថ្ងៃ​ហ្វឹកហាត់​ដ៏​ល្អ

ស្ត្រី​ម្នាក់​កំពុង​មាន​អារម្មណ៍​មិន​ល្អ ។ តើ​អ៊ីស្មាអែល អាច​ជួយ​បាន​ឬ​ទេ ?

រឿង​នេះ​បាន​កើតឡើង​នៅ បូលីវៀ ។

រូបភាព
alt text

អ៊ីស្មាអែល ញញឹម​ពេល​គាត់​បាន​ឈាន​ជើង​ចេញក្រៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ ។ គាត់ និង​ប៉ា​កំពុង​ទៅ​លេង​នៅ​សួន ។ ពេល​ពួកគេ​កំពុង​តែ​ដើរ អ៊ីស្មាអែល​កាន់​ដៃ​ប៉ា និង​កាន់​បាល់​របស់​គាត់ ។ អ៊ីស្មាអែល ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ប៉ា—ជាពិសេស​ពេល​ពួកគេ​លេង​បាល់​ជាមួយ​គ្នា !

នៅពេល​ពួកគេ​ទៅ​ដល់​សួន អ៊ីស្មាអែល បាន​មើល​ជុំវិញ ។ ស្ត្រី​ម្នាក់​កំពុង​បោច​ស្មៅ​នៅ​ជិត​ទីលាន​បាល់ទាត់ ។ គ្រួសារ​មួយ​កំពុង​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ប៉ុន្តែ​ពុំ​មាន​នរ​ណា​ម្នាក់​លេង​នៅ​លើ​ទីលាន​បាល់ទាត់​នោះ​ទេ ។ អ៊ីស្មាអែល និង​ប៉ា​នឹង​មាន​កន្លែង​ធំ​ដើម្បី​ហ្វឹកហាត់ !

« ចាប់​ផ្ដើម​លេង​បាន​នៅ ? » ប៉ា​បាន​សួរ ។

« បាទ​ប៉ា ! » អ៊ីស្មាអែល បាន​រត់​ទៅ​កាន់​ទីលាន​យ៉ាង​លឿន​តាម​ដែល​គាត់​អាច​ធ្វើ​បាន ។ គាត់​បាន​ធ្វើ​សមយុទ្ធ​ហ្ស៊ីកហ្សាគ ទាត់បាល់​ពិន័យ និង​ការស៊ុត​ពីជ្រុង ។

ប៉ា​បាន​ទាត់​បាល់​យ៉ាងខ្លាំង ។ វា​ហោះ​ផុត​ក្បាល​របស់​អ៊ីស្មាអែល !

អ៊ីស្មាអែល​បាន​និយាយថា « កូន​នឹង​ទៅរើសវា » ។ គាត់​បាន​រត់​ទៅ​ជ្រុង​ទីលាន ហើយ​បាន​រើស​បាល់​ឡើង ។ គាត់​បាន​ឃើញ​ស្រ្តី​ម្នាក់​នោះ​នៅ​តែ​បន្ត​ជីក​ដី ។ ស្រ្តី​នោះ​មើល​ទៅ​អស់​កម្លាំង​ណាស់ ។

ប៉ា​បាន​ស្រែក​ប្រាប់ថា « ឥឡូវ​ប៉ា​នឹង​ធ្វើ​ជា​អ្នក​ចាំ​ទី » ។ « ចាំ​មើល​កូន​អាច​ស៊ុត​ចូល​អត់ ! »

អ៊ីស្មាអែល បាន​រត់​ត្រលប់​ទៅ​វិញ ហើយ​ទាត់​បាល់​បញ្ចូល​ទី ។ ប៉ា​បាន​ឈោង​ទៅ​ចាប់​បាល់ ប៉ុន្តែ​ចាប់​មិន​ជាប់ ។

« ចូល​ ! » អ៊ីស្មាអែល បាន​ហ៊ោ​ពេល​ដែល​បាល់​បាន​ប៉ះ​សំណាញ់ ។

មិន​យូរ​ប៉ុន្មាន មួយ​ម៉ោង​ពេញ​បាន​កន្លង​ផុត​ទៅ ។ ប៉ា​បាន​និយាយថា « ដល់​ម៉ោង​ទៅ​ផ្ទះ​ហើយ » ។

អ៊ីស្មាអែល បាន​ងាក​ទៅ​មើល​ស្រ្តី​ដែល​កំពុង​បោច​ស្មៅ​នោះ ។ គាត់​បាន​គិត​ថាការធ្វើ​ការ​នៅ​ក្រោម​កម្តៅព្រះអាទិត្យ​គឺ​មិន​សប្បាយ​ដូច​លេងបាល់​នោះ​ទេ ។ គាត់​ចង់​ធ្វើ​ឲ្យ​ស្រ្តី​ម្នាក់​នោះ​សប្បាយ​ចិត្ត ។ បន្ទាប់មក គាត់​បាន​មាន​គំនិត​មួយ ។

គាត់​បាន​សួរថា « ប៉ា តើ​ប៉ា​មិន​គិត​ថា​ស្រ្តី​នោះ​កំពុង​ធ្វើ​ការងារ​យ៉ាង​ល្អ​ទេ​ឬ​អី ? » ។

« អី​គេ​កូន ? » ប៉ា​បាន​មើល​ទៅ​ស្រ្តី​ម្នាក់​នោះ ។ « អូ បាទ » ។

អ៊ីស្មាអែល បាន​និយាយ​ថា « កូន​គិត​ថា​យើង​គួរ​តែ​ទៅ​ប្រាប់​គាត់ ! »

ប៉ា​បាន​និយាយ « តែ​យើង​ត្រូវ​តែ​ប្រញាប់​ទៅ​ផ្ទះ ។ ម៉ាក់​កំពុង​រង់ចាំ​យើង » ។

អ៊ីស្មាអែល​បាន​មើល​ស្រ្តី​នោះ​ជូត​ថ្ងាស​របស់គាត់ ។ គាត់​កាន់​តែ​មាន​អារម្មណ៍​ថា​ចង់​និយាយ​ជាមួយ​ស្រ្តីនោះ ។ គាត់​បាន​និយាយថា « កូន​មាន​អារម្មណ៍​ថា​យើង​គួរ​តែ​ទៅ​និយាយ​ជាមួយ​គាត់ » ។ គាត់​បាន​ទាញ​ដៃ​ប៉ា ហើយ​ដើរ​សំដៅ​ទៅ​រក​ស្រ្ដី​នោះ ។

រូបភាព
alt text

« អរុណ​សួស្ដី​អ្នកមីង » អ៊ីស្មាអែល បាន​និយាយ​ដោយ​គ្រវី​ដៃ ។

ស្ត្រី​នោះ​មិន​បាន​ងើប​មើល​ទេ ។ « តើ​ក្មួយ​មាន​ការ​អ្វី ? »

អ៊ីស្មាអែល អាច​ដឹង​ថា​គាត់​មិន​សប្បាយ​ចិត្ត​ទេ ។ ប៉ុន្តែ​រឿង​នោះ​មិន​បាន​បញ្ឈប់​គាត់​ឡើយ ។ « ខ្ញុំ​ចង់​ប្រាប់​អ្នកមីង​ថា អ្នកមីង​ធ្វើការ​បាន​ល្អ​ណាស់ ! »

ម្ដងនេះ ស្រ្តី​នោះ​បាន​ងើយ​មើល​មុខ​គាត់ ។

អ៊ីស្មាអែល បាន​ញញឹម ។ « ខ្ញុំ​អរគុណ​អ្នកមីង​ដែល​បាន​ថែទាំ​សួន​នេះ ! »

ស្រ្តី​នោះ​ក៏​បាន​ញញឹម​តប​វិញ ។ គាត់​បាន​និយាយ​ថា « អរគុណ​ក្មួយ » ។ បន្ទាប់មក គាត់​បាន​ញញឹម​ពព្រាយ​ជាង​មុន ។ « សូម​អរគុណ​ច្រើន » ។

អ៊ីស្មាអែល សប្បាយ​ចិត្ត​ពេល​ដែល​គាត់​បាន​ដើរ​ទៅ​ផ្ទះ​វិញ​ជាមួយ​ប៉ា ។

ប៉ា​បាន​និយាយថា « ប៉ា​គិត​ថា​អ្វី​ដែល​កូន​បាន​និយាយ​សំខាន់​ណាស់​សម្រាប់​គាត់ » ។ « ប៉ា​រីករាយ​ណាស់​ដែល​កូន​បាន​ស្ដាប់​តាម​អារម្មណ៍​ដែល​កូន​បាន​ទទួល » ។

« កូន​ក៏​ដូចគ្នា​ដែរ » ។ អ៊ីស្មាអែល បាន​គិត​មួយ​សន្ទុះ ។ បន្ទាប់មក​គាត់​បាន​សួរថា « តើ​ប៉ា​គិត​ថា​អារម្មណ៍​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ ? »

ប៉ា​បាន​ងក់ក្បាល ។ « ជួនកាល ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ដល់​យើង​នូវ​គំនិត​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់ ។ ហើយ​វា​ជា​អ្វី​ដែល​កូន​ធ្វើ​នោះ​ហើយ » ។

អ៊ីស្មាអែល បាន​ញញឹម ។ ការនិយាយ​ជាមួយ​ស្រ្តី​ម្នាក់​នោះ​គឺ​ជា​កិច្ចការតូចតាច​ណាស់ ប៉ុន្តែ​អ៊ីស្មាអែល​បាន​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ស្ត្រី​នោះ​បាន​ប្រសើរ​ជាង​មុន ។ ការស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​ធ្វើ​ឲ្យ​ថ្ងៃ​របស់​គាត់​បាន​ប្រសើរ​ដែរ !

រូបភាព
alt text here

រចនា​រូបភាព​ដោយ ជេនីហ្វើរ ប្រ៊ីកឃីង