ឆ្នាំ ២០២៣
កាមេរ៉ុន ជា​អ្នក​លេង​ព្យាណូ
ខែ ឧសភា ឆ្នាំ ២០២៣


« កាមេរ៉ុន ​ជា​អ្នក​លេង​ព្យាណូ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤០–៤១ ។

កាមេរ៉ុន ជា​អ្នក​លេង​ព្យាណូ

កាមេរ៉ុន មិន​ចេះ​លេង​ទេប៉ុន្តែ​គាត់​ចង់​ជួយ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
ក្មេងប្រុស​កំពុង​ហាត់​ព្យាណូ

កាមេរ៉ុន បាន​ច្រៀង​ជាមួយ​កុមារ​អង្គការ​បឋមសិក្សា​ផ្សេងទៀត​នូវ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ កាមេរ៉ុន ស្តាប់​មិន​សូវ​ឮ ប៉ុន្តែ​គាត់​ចូលចិត្ត​ច្រៀង ។ ហើយ​មិន​យូរ​ប៉ុន្មាន​ពួកគេ​នឹង​ច្រៀង​នៅក្នុង​កម្មវិធី​អង្គការ​បឋមសិក្សា ។ ទើបតែ​មួយ​ខែ​មុន​ប៉ុណ្ណោះ !

នៅពេល​ម៉ោង​ច្រៀង​ចប់ ស៊ីស្ទើរ ចូនស៍​បាន​ធ្វើ​ការប្រកាស​មួយ ។ « អ្នក​លេង​ព្យាណូ​នៅ​អង្គការ​បឋមសិក្សា​របស់​យើង​នឹង​ប្តូរ​លំនៅ​ឆាប់ៗ​នេះ​ហើយ ។ ពួក​យើង​ចង់​ឲ្យ​ប្អូនៗ​ខ្លះ​លេង​ព្យាណូ​សម្រាប់​កម្មវិធី​អង្គការ​បឋមសិក្សា ។ តើ​មាន​ប្អូនៗ​ណា​ចង់​លេង​មួយ​បទ ឬ​ពីរ​បទ​ទេ ? »

កាមេរ៉ុន បាន​លើក​ដៃ ។ គាត់​ចង់​ជួយ​នៅក្នុង​កម្មវិធី​នេះ ។

ស៊ីស្ទើរ ចូនស៍ បាន​សរសេរ​ឈ្មោះ​របស់​កុមារ​ដែល​ចង់​ជួយ ។ « អិមម៉ា ។ ប៊ីន ។ ហើយ កាមេរ៉ុន ! ខ្ញុំ​មិនដឹង​ថា​ប្អូន​ចេះ​លេង​ទេ » ។ នាង​បាន​ញញឹម ។

កាមេរ៉ុន មិន​ដែល​ធ្លាប់​រៀន​ពីមុន​មក​ទេ ប៉ុន្តែ​គាត់​ចូលចិត្ត​បង្កើត​បទចម្រៀង​នៅលើ​ព្យាណូ​នៅ​ផ្ទះ​ជីដូន​របស់​គាត់ ។

គាត់​បាននិយាយ​ថា « ខ្ញុំ​លេង​ពុំទាន់​ល្អ​នៅ​ឡើយ​ទេ » ។ « ប៉ុន្តែខ្ញុំ​គិតថា ខ្ញុំ​អាច​ធ្វើ​វា​បាន បើ​ខ្ញុំ​បាន​ហាត់​នោះ ! »

ស៊ីស្ទើរ ចូនស៍ បាន​មាន​ប្រសាសន៍​ថា « អរគុណ​ដែល​មាន​ចិត្ត​ចង់ជួយ » ។ គាត់​បាន​ឲ្យ​កុមារ​ម្នាក់ៗ​លេង​ចម្រៀង​ពីរ​បទ ។

កាមេរ៉ុន មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់ ។ គាត់តែងតែ​ចង់​រៀន​ជានិច្ច ហើយ​ឥឡូវ​នេះ​គាត់​នឹង​បាន​រៀន​ហើយ !

« កូន​មើល​ទៅ​ដូចជា​រំភើប​ណាស់ ! តើ​មាន​អ្វី​កើតឡើង​នៅ​អង្គការ​បឋម​សិក្សា ? » ម៉ាក់​បាន​សួរ​នៅពេល​ពួកគេ​ចូល​ក្នុង​ឡាន​បន្ទាប់ពី​ព្រះវិហារ ។

កាមេរ៉ុន បាន​ញញឹម ។ « កូន​នឹង​លេង​ភ្លេង​ឲ្យ​កម្មវិធី​អង្គការ​បឋមសិក្សា ! »

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ពេញចិត្ត​ណាស់​ដែល​កូន​ចង់​ជួយ » ។ « ប៉ុន្តែ​កូន​ពុំ​ចេះ​លេង​ព្យាណូស្ទាត់​នៅ​ឡើយ​ទេ » ។

កាមេរ៉ុន បាន​អង្គុយ​ត្រង់​ខ្លួន ។ « កូន​អាច​រៀន​បាន ។ កូន​នឹង​ខំ​រៀន​ឲ្យ​ខ្លាំង ! កូនអាច​ប្រើ​ព្យាណូ​របស់​លោក​យាយ » ។

« យើង​គួរតែ​ចាប់​ផ្តើម​អ៊ីចឹង ! » ម៉ាក់​បាន​និយាយ ។

ម៉ាក់​បាន​ជួយ កាមេរ៉ុន រក​គ្រូ​បង្រៀន​ព្យាណូ ។ គ្រូ​បង្រៀន​បាន​បង្ហាញ​គាត់ ពី​របៀប​ស្រួលៗ​លេង​ព្យាណូ​នូវ​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » និង​បទ « សាសនាចក្រ​ព្រះ​យេស៊ូវ​គ្រីស្ទ » ។

កាមេរ៉ុន បាន​ហាត់​នៅ​ផ្ទះ​របស់​ជីដូន​ញឹកញាប់​តាម​ដែល​គាត់​អាច​ធ្វើ​បាន ។ គាត់​បាន​ហាត់​ឃ្លា​នីមួយៗ​នៃ​បទ​ចម្រៀង​នេះ​ម្តងហើយ​ម្តង​ទៀត ។ គាត់​បានធ្វើ​ខុស​ច្រើន​ដង ប៉ុន្តែ​គាត់​បន្ត​ព្យាយាម ហើយ​បន្ត​លេង ។ នៅ​ទីបំផុត​គាត់​អាច​លេង​ទាំងពីរ​បទ​បាន ។

មិន​យូរ​ប៉ុន្មាន​ដល់​ពេល​ត្រូវ​លេង​សម្រាប់​កម្មវិធី​អង្គការ​បឋមសិក្សា ។ « តើ​កូន​មាន​អារម្មណ៍​បែបណា ? » ម៉ាក់​បានសួរ ។

កាមេរ៉ុន បាន​ឱប​សៀវភៅ​ព្យាណូ​របស់​គាត់​ជាប់​ទៅនឹង​ដើម​ទ្រូង​របស់​គាត់ ។ « ភ័យ ។ ប៉ុន្តែ​ក៏​រំភើប​ដែរ » ។

រូបភាព
ក្មេងប្រុស​លេង​ព្យាណូ ហើយ​កុមារ​កំពុង​ច្រៀង

នៅពេល​ដល់​វេន​គាត់​លេង ដៃ​របស់​កាមេរ៉ុនបាន​ញ័រ​បន្តិច ។ គាត់​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ថា ព្រះ​វរបិតាសួគ៌ សូម​ជួយ​ទូល​បង្គំ​ផង ។ គាត់​បាន​ដក​ដង្ហើម​វែងៗ ។ បន្ទាប់មក គាត់​ខំ​លេង​អស់​ពី​លទ្ធភាព​របស់​គាត់ ។ កុមារ​ផ្សេង​ទៀត​ច្រៀង​ជាមួយ ។

នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​នេះ គាត់​បាន​ញញឹម ។ វា​សប្បាយ​ណាស់ ! គាត់​បាន​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ជួយ​គាត់ ។

ឥឡូវ​ដោយសារ​គាត់​បាន​លេង​ចម្រៀង​មួយ​បទ​រួច​ទៅហើយ កាមេរ៉ុនមាន​អារម្មណ៍ កាន់តែ​មាន​ទំនុកចិត្ត ។ គាត់​បាន​ចាប់ផ្តើម​បទ​ទីពីរ ។ ម្រាមដៃ​របស់​គាត់​បាន​លេង​លើ​ខ្ទង់​ព្យាណូ​ដូចជា​គាត់​បាន​ហាត់​អ៊ីចឹង ។

បទ​ចម្រៀង​នេះ​គឺជា​បទ​ដែល​កាមេរ៉ុន ចូលចិត្ត ។ គាត់​បាន​គិត​អំពី​ពាក្យ​នីមួយៗ​នៅពេល​គាត់​លេង ។ « និងជឿ​លើអង្គសង្គ្រោះ​យេស៊ូវ​គ្រីស្ទ​ខ្ញុំ​ ។ តម្កើង​នាម​នៃ​ទ្រង់ » ។ កាមេរ៉ុន បាន​ខិតខំ​ធ្វើការ​ដើម្បី​រៀន​បទ​ចម្រៀង​សម្រាប់​កម្មវិធី​នេះ ។

កាមេរ៉ុន ​បាន​គិត​ថា ប្រហែលជា​ការលេង​ព្យាណូ​គឺជា​របៀប​មួយ​នៃ​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។

បន្ទាប់ពី​កម្មវិធី​នេះ ម៉ាក់​បាន​ឱប កាមេរ៉ុន យ៉ាង​ណែន ។

គាត់​បាន​សួរ​ថា « កូន​មាន​អារម្មណ៍​មិច​ដែរ ? »

« កូន​ភ័យ​ពី​ដំបូង ប៉ុន្តែ​វា​សប្បាយ​ណាស់ ! » កាមេរ៉ុន បាន​និយាយ ។ គាត់​ចង់​បន្ត​ហាត់ ហើយ​រៀន​បទចម្រៀង​ជា​ច្រើន​ទៀត ។

រូបភាព
ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ អ័ដាម កូហ្វ័ដ