២០២២
លួចក្បាល​វ៉ាល់កង់លេង
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


លួចក្បាល​វ៉ាល់កង់លេង

មិត្តភក្តិ​របស់​គាត់​បាន​និយាយ​ថា បើ​ធ្វើ​អញ្ចឹង​វា​សប្បាយ​ណាស់ ។ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ ។

រូបភាព
three boys sitting by bikes at a park

ស៊ែម បាន​ជិះ​កង់​របស់​គាត់​យ៉ាងលឿន​ឡើង​ទៅ​លើ​ភ្នំ។ គាត់​បាន​ឱន​ខ្លួន​ទៅ​មុខ ។ ខ្យល់​បាន​បក់ផាត់​សក់​របស់​គាត់ ។ មិត្តភក្តិ​របស់​គាត់​ឈ្មោះ លីម បាន​ជិះកង់​នៅ ក្បែរ​គាត់ ។

« តើ​ឯង​អស់​កម្លាំង​ហើយ​ឬនៅ ? » លីម​បាន​សួរ ។

« ខ្ញុំ​មិន​ហត់​ទេ ! » ស៊ែម​បាន​តប ។

មិត្តភក្តិ​របស់​ពួកគេ​ឈ្មោះ អេរីក បាន​នៅ​ចាំ​ឯ​សួនច្បារ​លើ​កំពូល​ភ្នំ​នោះ​រួចជាស្រេច ។

« ខុម ឈុន ! ឆាប់ឡើង ! » គាត់​បាន​ស្រែក ។

ស៊ែម និង​លីម បាន​ទៅ ដល់​កំពូល​ភ្នំនោះ ។ ក្មេង​ប្រុស​ទាំង​នេះ​បាន​ទុក​កង់​របស់​ពួកគេ ហើយ​បាន​អង្គុយ​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម ។

លីម បាន​រើស​ដុំ​ថ្ម​មួយ​ដុំ ហើយ​ចោល​វា​ទៅ ។ « ខ្ញុំ​ធុញ » ។ នៅ​ក្នុង​ភូមិ​តូច​របស់​ពួកគេ​ក្នុង​ប្រទេស​ស្វីស គ្មាន​កន្លែង​ដើរលេង​ច្រើន​ទេ ។

អេរីក បាន​និយាយ​ថា « ខ្ញុំ​ក៏​ធុញ​ដែរ » ។ គាត់​បាន​យក​មែក​ឈើ​គូស​នៅ​លើ​ដី ។

ស៊ែម បាន​និយាយ​ថា « យើង​អាច​បន្ត​ជិះ​កង់ទៀត » ។

លីម បាន​ធ្វើ​មុខ​ជូរ ។ « យើង ធ្លាប់ ធ្វើ​រឿង​នោះ​ហើយ » ។

« តោះ យើង​ធ្វើ​រឿង​មួយ​ដែល​សប្បាយ ! » អេរីក​បាន​និយាយ ។ គាត់​បាន​ក្រោក​ឡើង ហើយ​ដើរ​ទៅ​កន្លែង​ដាក់​កង់ ដែល​មាន​កង់​យ៉ាង​ច្រើន​នៅទីនោះ ។ ស៊ែម និង​លីម​បាន​ដើរ​តាម​គាត់ ។

ស៊ែម បាន​ចាប់ផ្ដើម​ភ័យ ។ ពេលខ្លះ អ្វី​ដែល​អេរីក និង​លីម​បាន​គិត​ថា​ជា​រឿង​សប្បាយ ប៉ុន្តែ​ស៊ែម​មាន​អារម្មណ៍​ផ្សេង ។ អេរីក និង​លីម​ចូលចិត្ត​សើច​ចំអក​ដល់​ក្មេង​ដទៃ ហើយ​និយាយ​ពាក្យ​មិន​ល្អ​នៅ​ក្នុង​ថ្នាក់​រៀន ។ ប៉ុន្តែ​ពេល​នេះ ប្រហែល​ជា​វាខុស​ពី​សព្វដង ។

ក្រៅពី​នេះទៀត នៅ​ក្នុង​ថ្នាក់​របស់​ស៊ែម​គឺ​គ្មាន​ក្មេង​ប្រុស​ច្រើន​ទេ ។ បើ​គាត់​មិន​សេពគប់​​អេរីក និង​លីម តើ​ឲ្យគាត់​សេពគប់​នឹង​នរណា​ទៅ ?

អេរីក​បាន​ខ្សឹប​ថា « តោះ​ដោះ​យក​ក្បាល​វ៉ាល់​កង់​ទាំងអស់​ចេញ » ។ « យើង​អាច​យក​វា​ទៅ​លាក់ក្បែរ​ដើម​ឈើ​នោះ » ។ គាត់​បាន​លុត​ជង្គង់​ចុះ​នៅក្បែរ​កង់​ក្រហម​ដ៏​ស្រស់​ស្អាត​មួយ ហើយ​មួលក្បាល​វ៉ាល់កង់​ចេញ​ពី​កង់​ ។

លីម សើច ។ « មែន​ហើយ ! នោះ​ជា​រឿង​សប្បាយ​ណាស់ » ។

ស៊ែម បាន​ដក​ដង្ហើម​ធំ ។ អត់ទេ ។ លើក​នេះ​គ្មាន​អ្វី​ខុស​ពី​សព្វ​ដង​ឡើយ ។ គាត់បាន​និយាយ​ថា « ខ្ញុំ​មិន​ដឹង​ទេ ។ ប្រហែល​ជា​យើង​គួរ​តែ​ទៅវិញ » ។

អេរីក​បាន​ច្រានដៃ​របស់​ស៊ែម ។ គាត់​បាន​និយាយ​ថា « ឯង​ខ្លាច​អី ! គ្មាន​នរណា​មើល​ទេ » ។

លីម​បាន​និយាយ​ថា « វា​ជា​បំណែក​តូច​មួយ​ប៉ុណ្ណោះ ។ គ្មាន​នរណា​ម្នាក់ដឹង​ថា​វា​បាត់​ទេ » ។

ស៊ែម​បាន​ព្យាយាម​បដិសេធ​អារម្មណ៍​មិន​ល្អ​ដែល​គាត់​មាន ។ ការ​មួលយកក្បាល​វ៉ាល់កង់​ចេញ​មិន​ធ្វើ​ឲ្យ​កង់ខូច​នោះទេ ។ គាត់​ក៏​បាន​ងក់​ក្បាល ។

ក្មេង​ប្រុស​ទាំង​បី​នាក់​បាន​មួលយកក្បាល​វ៉ាល់កង់​ចេញ​ពីកង់ ហើយ​បាន​រត់​ត្រឡប់​ទៅ​ដើម​ឈើ​នោះ​វិញ ។ ពួកគេ​បាន​លាក់ក្បាល​វ៉ាល់កង់​ទាំង​នោះ​នៅ​ក្រោម​ថ្ម​មួយ​ដុំ ហើយ​អង្គុយ​មើល​កង់​ទាំងនោះ ។ លីម និង​អេរីក​កំពុង​តែ​សើច ។

រំពេច​នោះ​មាន​បុរស​ម្នាក់​បាន​ដើរ​មក​ចាក់សោ​កង់​របស់​គាត់ ហើយ​ក៏​ជិះ​ចេញ​ទៅ ។

« ឯង​ឃើញ​ទេ ? គាត់​មិន​ទាំង​ដឹង​ផង »​លីម​បាន​និយាយ ។

ប៉ុន្តែ​ខ្ញុំ​បាន​ដឹង ស៊ែម​បាន​គិត ។

អស់ពេញ​មួយ​ថ្ងៃនោះ ស៊ែម​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈប់​គិត​ពី​ក្បាល​វ៉ាល់កង់​នោះ​បាន​ឡើយ ។ គាត់ចង់​ឲ្យ​វា​ទៅម្ចាស់គេវិញ ប៉ុន្តែ​គាត់​មិន​ស្គាល់​ម្ចាស់​កង់​ទាំង​នោះទេ ។ គាត់​បាន​លុតជង្គង់​ចុះ ហើយ​ទូល​ប្រាប់​ព្រះវរបិតា​អំពី​រឿង​នេះ ។

ស៊ែម​បាន​ពោលពាក្យ​ថា « កូន​មាន​អារម្មណ៍​មិន​ល្អ​សោះ ។ ខ្ញុំ​ប្រាថ្នា​ថា​កូន​មិន​បាន​ធ្វើ​រឿង​បែប​នេះ ។ ព្រះវរបិតាសួគ៌ សូម​អភ័យទោស​ឲ្យ​កូន​ផង » ។

លុះ​ស្អែក​ឡើង ស៊ែម និង​មិត្ត​របស់​គាត់​បាន​ជិះ​កង់​នៅ សួន​នោះ​ម្ដង​ទៀត ។

ជាថ្មី​ម្ដងទៀត អេរីក​បាន​និយាយ « តោះ​យើងមួល​យកក្បាល​វ៉ាល់កង់​ទាំងនោះ​ចេញ ! »

លីម​បាន​យល់​ព្រម​ម្ដង​ទៀត ។

ស៊ែម​បាន​ចង​ចាំ​ពី​ការ​អធិស្ឋាន​របស់​គាត់ ។ ហើយ​លើក​នេះ គាត់​មាន​ភាព​ក្លាហាន​បន្តិច ។

គាត់បាន​និយាយ​ថា « ខ្ញុំ​គិត​ថា យើង​មិន​គួរ​ធ្វើ​រឿង​នេះ​ទេ » ។

« ហេតុអ្វី​ទៅ ? » លីម​បាន​សួរ​ទាំង​ជ្រួញ​ចិញ្ចើម ។ « កាល​ពី​ម្សិល​មិញ​គ្មាន​នរណា​ម្នាក់ដឹងផង » ។

ស៊ែម​បាន​តប​ថា « ខ្ញុំ​ប្រហែល​ជា​មិន​ចង់​ឲ្យ​នរណា​ម្នាក់​មក​លេង​កង់​របស់​ខ្ញុំ​បែបនេះទេ » ។ ពីមុន​មិត្តភក្តិ​របស់​គាត់​ឆ្លើយតប គាត់​បាន​លោតឡើង​ជិះ​កង់​របស់​គាត់ ។ គាត់​បាន​ស្រែក​ឡើង​ថា « តោះ​ប្រណាំង​គ្នា​ទៅ​ហាង​នំ ! » បន្ទាប់មក គាត់​បាន​ជិះ​កង់​យ៉ាងលឿន ។

អេរីក និង​លីម​ក៏​បាន​ជិះ​កង់​របស់​ពួកគេ​ដែរ ។

« មិន​យុត្តិធម៌​ទេ ! ឯង​ជិះ​ចេញ​ទៅ​មុន » លីម​បាន​ស្រែក ។

ស៊ែម​បាន​ញញឹម ពេល​មិត្តភក្តិ​របស់​គាត់​ជិះ​ប្រដេញ​តាមមក​ក្រោយ ។ គាត់​បាន​និយាយ​តិចៗ​ថ្លែង​អំណរ​គុណ​ទៅ កាន់​ព្រះវរបិតា​សួគ៌ ។ គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើងវិញ ។

រចនា​រូបភាព​ដោយ ស្សេន ខ្លេស្ទើរ