២០២២
ជណ្ដើរ​យន្ត​នៃ​ការ​ប្រែ​ចិត្ត
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


មិត្ត​ទៅកាន់​មិត្ត

ជណ្ដើរ​យន្ត​នៃ​ការ​ប្រែ​ចិត្ត

រូបភាព
boy in elevator with all the buttons lit up

នៅពេល​ខ្ញុំ​អាយុ ១១ ឆ្នាំ គ្រួសារ​ខ្ញុំ​រស់នៅ​ក្នុង​អគារ​មួយ​ដែល​មាន​កម្ពស់ ១២ ជាន់​នៅ​ទីក្រុង​ហុងកុង ។ រៀងរាល់ថ្ងៃ បន្ទាប់​ចេញ​ពី​សាលា​រៀន ខ្ញុំ​បាន​រត់ចូល​ទៅ​ក្នុង​អគារ​នោះ ហើយ​ជិះ​ជណ្ដើរ​យន្ត​ឡើង​ទៅ​ផ្ទះ​របស់​ខ្ញុំ ។

មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត​នោះ ហើយ​បាន​ចុច​ប៊ូតុង​ទាំងអស់​ដើម្បី​ឲ្យ​វា​មាន​ភ្លើង​ទាំងអស់ ។ ឥឡូវនេះ ជណ្ដើរ​យន្ត​នោះ​នឹង​ត្រូវ​ឈប់​តាម​ជាន់​នីមួយៗ ។ ទ្វារ​បាន​ចាប់ផ្ដើម​បិទ ប៉ុន្តែ​រំពេច​នោះ​មាន​ដៃ​លូក​ចូល​មក​ដើម្បី បើក​ទ្វារ ។ គាត់​គឺជា​អ្នក​ជិត​ខាង​នៅជាន់​លើ​របស់​ខ្ញុំ ។ គាត់​មិន​បាន​និយាយ​អ្វី​ទាំងអស់​ពី​ប៊ូតុង​ទាំងនោះ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ឡើង​ទៅ​លើ​យឺត​ណាស់​ទម្រាំ​ដល់​ផ្ទះ !

ពិតណាស់ ជណ្ដើរ​យន្ត​នោះ​បាន​ឈប់​នៅ​ជាន់​បន្ទាប់ បាន​រង់ចាំ ហើយ​បន្ត​ឡើង​ទៅ​ទៀត ។ នៅពេល​ទ្វារ​បើក​ដល់​ជាន់​របស់​ខ្ញុំ​ភ្លាម ខ្ញុំ​បាន​ស្ទុះចេញ​ទៅ​យ៉ាង​លឿន ។ ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​ទាំង​បែក​ញើស​សស្រាក់ ដោយសារ​ខ្ញុំ​បាន​រត់​លឿន​ពេក !

កាល​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​ភ្លាម សំឡេង​ទូរសព្ទ​ក៏រោទិ៍​ឡើង ។ វា​គឺ​ជា​ទូរសព្ទ​មក​ពី​អ្នក​ជិត​ខាង​របស់​ខ្ញុំ​ដែល​នៅ​ក្នុង​ជណ្ដើរ​យន្ត​នោះ ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​រង់ចាំ​ម៉ាក់​ខ្ញុំ​ឈប់​និយាយ​ទូរសព្ទ ។

បន្ទាប់​ពី​គាត់​ឈប់​និយាយ​ទូរសព្ទ ម៉ាក់​របស់​ខ្ញុំ​បាន​សួរ​ថា « តើ​កូន​បាន​ចុច​ប៊ូតុង​ទាំងអស់​នៅ​ក្នុង​ជណ្ដើរ​យន្ត​មែនទេ ? »

ខ្ញុំ​មិន​អាច​កុហក​ម៉ាក​ខ្ញុំ​បាន​ទេ ។ ខ្ញុំ​បាន​ឆ្លើយ​ថា « បាទ » ។

ម្ដាយ​ខ្ញុំ បាន​ញញឹម ។ « អីចឹង យើង​ត្រូវ​ទៅ​ជាន់​ខាងលើ ហើយ​និយាយ​នឹង​អ្នក​ជិតខាង​របស់​យើង » ។

ម៉ាក់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ជាន់​ខាង​លើជាមួយគ្នា ។ ខ្ញុំ​បាន​ចុច​កណ្ដឹង ហើយ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​ក៏​បាន​ដើរ​មក​បើកទ្វារ ។ ខ្ញុំ​បាន​ឱន​មុខ​ចុះ ពេល​ខ្ញុំ​និយាយ​ពាក្យ​ថា​សូម​ទោស​ដែល​ខ្ញុំ​បាន​ចុច​ប៊ូតុង​ទាំងអស់ ។ ខ្ញុំ​បាន​សន្យា​ថា ខ្ញុំ​នឹង​មិន​ធ្វើ​វា​ម្ដង​ទៀត​ឡើយ ។

អ្នក​ជិត​ខាង​របស់​យើង​មាន​សណ្ដាន​ចិត្ត​ល្អ ។ គាត់​បាន​តប​ថា « ដរាប​ណា​ក្មួយ​មិន​ធ្វើ​រឿង​នេះ​ទៀត មីង​គិត​ថា​វា​មិន​អីទេ » ។

បន្ទាប់​ពី​ប្រាប់​គាត់​ថា ខ្ញុំ​សូមទោស ខ្ញុំ​មាន​អារម្មណ៍​ល្អ ។ ហើយ​ខ្ញុំ​មិន​ដែល​ចុច​ប៊ូតុង​ទាំងអស់​ក្នុង​ជណ្ដើរ​យន្ត​ម្ដង​ទៀត​ឡើយ ។

បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​ពី​ការ​ប្រែចិត្ត ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​រឿង​មួយ​ខុស ។ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ ហើយ​បាន​សូម​ការ​អភ័យទោស ។ ហើយ​ខ្ញុំ​នឹងមិន​ធ្វើ​វា​ម្ដង​ទៀត​ឡើយ ។ បន្ទាប់​មក​ខ្ញុំ​សប្បាយ​ចិត្ត ! ការ​ប្រែចិត្ត​អាច​នាំ​ឲ្យ​អ្នក​មាន​សុភមង្គល​ផង​ដែរ ។

រចនារូបភាព ដោយ អាលីហ្សា ថាលិនថ៍