២០២២
ព្យាណូ​របស់ លូដូវិច
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ពួកអ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ដែនដី

ព្យាណូ​របស់ លូដូវិច

លូដូវិច មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដើម្បី​បម្រើ​ដល់ ព្រះ​វរបិតាសួគ៌ ។

រូបភាព
boy in Togo playing electric piano at church

លូដូវិច បាន​ទៅ​យក​កៅអី​បត់ ហើយ​កាន់​កៅអី​នោះ​ដើរ​កាត់​ផ្លូវ ។ ពេលនោះ​គឺជា​ថ្ងៃ​អាទិត្យ ហើយ​ព្រះវិហារ​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ផ្ទះ​មួយ​ដែល​ពួកគាត់​ប្រជុំ​ជា​ព្រះវិហារ​នៅ តូហ្គោ ពុំ​មាន​កៅអី​អង្គុយ​គ្រប់គ្រាន់​នោះទេ ។ ដូច្នេះ លូដូវិច តែងតែ​ទៅ​យក​កៅអី​មកពី​ផ្ទះ​ជីតា​របស់​គាត់ ។

មាន​នរណា​ម្នាក់​បាន​ស្រែក​ហៅ​គាត់​ថា « ហេតុអ្វី​ឯង​ចេញ​ពី​ព្រះវិហារ​ដ៏​ស្រស់ស្អាត ហើយ​ទៅ​ចូលរួម​នៅក្នុង​ខ្ទម​តូច​មួយ​ដូច្នោះ​វិញ ? » មនុស្ស​ខ្លះ​ទៀត​និយាយ​ដោយ​អស់​សំណើច​ថា « ព្រះវិហារ​របស់​ឯង​រក​តែ​កៅអី​អង្គុយ​គ្មាន​ផង ! »

លូដូវិច ធ្វើ​ជា​មិន​បាន​ស្តាប់​ឮ ។ ខ្ញុំ​គ្រាន់តែ​ត្រូវ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ គាត់​បាន​គិត ។

លូដូវិច បាន​រៀន​អំពី​សាសនាចក្រ​ដំបូង​នៅពេល​ដែល​គាត់​មាន​អាយុ ១០ ឆ្នាំ ។ ឥឡូវ​នេះ​គាត់​មាន​អាយុ ១២ ឆ្នាំ ហើយ ។ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​បុណ្យជ្រមុជទឹក​នា​ពេល​ថ្មីៗ​នេះ ។ គាត់​កាន់​បព្វជិតភាព ហើយ​បាន​ជួយ​ចែក​ពិធី​សាក្រាម៉ង់ ។ គាត់​ថែម​ទាំង​សន្សំលុយ​ពី​ការទិញ​អាហារ​ថ្ងៃត្រង់​របស់​គាត់យក​ទៅ​ទិញ​នំបុ័ង​សម្រាប់​ធ្វើ​សាក្រាម៉ង់​នៅ​រាល់​សប្តាហ៍​ផងដែរ ។ លូដូវិច មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដើម្បី​បម្រើ​ដល់ ព្រះ​វរបិតាសួគ៌ ។

នៅពេល​ដល់​ម៉ោង​ព្រះវិហារ​ចាប់ផ្តើម បន្ទប់​ដ៏​តូច​នោះ​មាន​មនុស្ស​ពេញ ។ អ្នកខ្លះ​បាន​អង្គុយ​នៅលើ​កៅអី​ដែល លូដូវិច បាន​យក​មក ។ អ្នក​ខ្លះ​ទៀត​បាន​ឈរ ។

ការប្រជុំ​នោះ​បាន​ចាប់ផ្តើម​ជាមួយ​ចម្រៀង​មួយ​បទ ។ លូដូវិច បាន​ច្រៀង​បទ « អ៊ីស្រាអែល អ៊ីស្រាអែល​ព្រះ​កំពុង​ហៅ​អ្នក » ។ គាត់​ចូលចិត្ត​ច្រៀង​នៅក្នុង​ព្រះវិហារ ។

បន្ទាប់ពី​ព្រះវិហារ លូដូវិច ច្រៀង​គ្រហឹម​តិចៗ​កាល​ដែល​គាត់​រៀបចំ​បត់​កៅអី​ទុក ។ គាត់​គ្រហឹម​ច្រៀង​តិចៗ​កាល​ដែល​គាត់​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ក្រោយ​មក គាត់​មាន​គំនិត​មួយ ! គាត់​បាន​យក​ព្យាណូ​ដែល​ជា​ប្រដាប់​លេង​របស់​គាត់​ចេញ​មក ។ ប្រហែល​ជា​គាត់​គិត​ព្យាយាម​លេង​បទ « អ៊ីស្រាអែល អ៊ីស្រាអែល ព្រះកំពុង​ហៅ​អ្នក ! »

លូដូវិច បាន​គ្រហឹម​ច្រៀង​តិចៗ​នូវ​ណោតភ្លេង និង​លេង​លើ​ខ្ទង់​ព្យាណូ​ខុសៗគ្នា​រហូតដល់​គាត់​លេង​ត្រូវ​ណោត​ភ្លេង ។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​លេង​បទ​នេះ​ទាំង​មូល ។

បន្ទាប់មក​គាត់​បាន​ចាំថា​គ្រួសារ​របស់​គាត់​មាន​បទភ្លេង​ទំនុកតម្កើង​របស់​សាសនាចក្រ​មួយ​ចំនួន ។ គាត់​បាន​ស្តាប់​បទចម្រៀង​ទាំងនោះ ហើយ​បាន​រៀន​លេង​បទ​ផ្សេងទៀត ។ លូដូវិច បាន​ហាត់ហើយ ហាត់​ទៀត ។

« ហេតុអ្វី​កូន​មិនលេង​ភ្លេង​នៅក្នុង​ព្រះវិហារ​កាល​ដែល​ពួក​យើង​កំពុង​ច្រៀង ? » នៅ​ថ្ងៃ​មួយ​ប៉ា​របស់ លូដូវិច បាន​សួរ​។

លូដូវិច មាន​អារម្មណ៍​បុកពោះ​យ៉ាងខ្លាំង ។ គាត់​បាន​និយាយ​ថា « កូន​អៀន​ណាស់​ប៉ា ។ ចុះបើ​កូន​លេង​ខុស​វិញ​នោះ ? »

ប៉ា​បាន​មាន​ប្រសាសន៍​ថា « បើ​លេង​ខុស កូន​ត្រូវ​ខិតខំ​បន្ត​ទៀត ។ កូនឯង​លេង​ព្យាណូ​បាន​ល្អ​ហួស​ពី​ការគិត​របស់​កូន​ឯង​ទៅ​ទៀត » ។

នៅ​ថ្ងៃ​អាទិត្យ​ក្រោយ លូដូវិច មិន​គ្រាន់តែ​យក​កៅអី​ទៅ​ជាមួយ​នោះ​ទេ ។ គាត់​បាន​យក​ទាំង​ព្យាណូ​ដែល​ជា​ប្រដាប់​លេង​របស់​គាត់​ទៅ​ព្រះវិហារ​ផងដែរ ។ នៅពេល​ដល់​ពេល​ច្រៀង​បើក​កម្មវិធី គាត់​បាន​ដាក់​ម្រាមដៃ របស់​គាត់​ទាំង​ភ័យខ្លាច​នៅលើ​ខ្ទង់​ព្យាណូ ។ បន្ទាប់មក​គាត់​ក៏​ចាប់​ផ្តើម​លេង ។ មនុស្ស​គ្រប់គ្នា​បាន​ច្រៀង​តាម ។ ហើយ​សំឡេង​ព្យាណូ​នោះ​លេង​បាន​ល្អ​ខ្លាំង​ណាស់ !

បន្ទាប់​ពីថ្ងៃនោះមក លូដូវិច បាន​លេង​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ​ ។ នៅពេល​ខ្លះ​គាត់​លេង​ខុស ។ ប៉ុន្តែ គាត់​មិនបាន​បោះបង់​ចោល​ឡើយ ។ នៅពេល​ដែល​បទ​ខ្លះ​ពិបាក​លេង ពួកគាត់​ច្រៀង​ដោយ​គ្មាន​ភ្លេង​ព្យាណូ ហើយ លូដូវិច បាន​ដឹកនាំ​ភ្លេង ។

លូដូវិច បាន​ញញឹម ។ ការ​ធ្វើ​កម្មវិធី​ព្រះវិហារ​នៅ​ផ្ទះ​របស់​នរណា​ម្នាក់​នោះ វា​មិនមែន​ជា​រឿង​សំខាន់​ចំពោះ​គាត់​នោះ​ទេ ។ វា​ក៏​មិន​សំខាន់​ដែរ​ដែល​មនុស្ស​ម្នា​នាំ​គ្នា​សើចចំអក​ឲ្យ​គាត់​នោះ ។ អ្វី​ដែល​សំខាន់​គឺថា លូដូវិច បាន​ប្រើ​ទេព្យកោសល្យ​របស់​គាត់​ដើម្បី​បម្រើ​ព្រះ ។

ប្រទេស តូហ្គោ គឺជា​ប្រទេស​ដ៏​តូច​មួយ​នៅ​ភាគ​ខាងលិច​នៃ​ទ្វីប​អាហ្វ្រិក ។

សព្វថ្ងៃ​នេះ មាន​វួដ និង​សាខា​ចំនួន ២១ នៅ​ទីនោះ ។

ប្រទេស តូហ្គោ ភាសា​កំណើត​គឺជា​ភាសា​បារាំង ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន លូដូវិច ឲ្យ​ចេះ​អាន​ភ្លេង​ដើម្បី​គាត់​អាច​លេង​ព្យាណូ​បាន​ប្រសើរ​ជាង​មុន ។

ពេលនេះ លូដូវិច ពេញវ័យហើយ ។ គាត់​និង​ភរិយា​របស់​គាត់​ដែល​មាន​ឈ្មោះថា ប៊ីនីដិច ទាំងពីរ​នាក់​ចូលចិត្ត​តន្រ្តី​ណាស់ ។

លូដូវិច ទិញ​ព្យាណូ​មែនទែន​មួយ​ដាក់​នៅ​ផ្ទះ ហើយ​លេង​ព្យាណូ​ខ្យល់​នៅ​ឯ​ព្រះវិហារ ។

រូបភាព
Page from the March 2022 Friend Magazine.

រចនា​រូបភាព ដោយ ខារ៉ូលីន ហ្គាស៊ី