២០២២
ការជួយ និង​ ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ការជួយ និង​ ព្រះវិញ្ញាណ​បរិសុទ្ធ

អ្នកក៏​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពីមុន​អ្នកបាន​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។

រូបភាព
a boy helping his dad at a fruit stand

ម៉ាតូ និង ​ប៉ា​របស់​គាត់​បាន​ដើរ​ទៅ​រទេះ​លក់​ផ្លែឈើ​របស់​ក្រុម​គ្រួសារ​គាត់​ជាមួយ​គ្នា ។ សត្វឆ្កែ​របស់ ម៉ាតូ ឈ្មោះ ហ្សេស បាន​ដើរតាមពួកគាត់ ។

« តើ​ប៉ា​មាន​បាន​សួរ​ទៅ​ប៊ីស្សព​អំពី​ពិធីបុណ្យជ្រមុជ​ទឹក​របស់​កូន​ដែរ​ឬ​ទេ ? » ម៉ាតូ បាន​សួរ ។ គាត់​មាន​អាយុ​ប្រាំបី​ឆ្នាំ​ទៅហើយ ប៉ុន្តែ​គាត់​ពុំ​ទាន់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅឡើយ​ទេ ដោយសារតែ​ជំងឺ​រាតត្បាត​សាកល​នេះ ។

ប៉ា​បាន​មាន​ប្រសាសន៍​ថា « ប៊ីស្សព​បាន​មាន​ប្រាប់​ថា​កូន​មិនអាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ខែ​នេះ​បាន​ទេ ។ ប្រហែល​ជា​កូន​អាច​ធ្វើ​បាន​នៅ​ខែ​ក្រោយ » ។

« បាទ​ប៉ា » ។ ម៉ាតូ បាន​ចងចិញ្ចើម ។ គាត់​ពិតជា​ចង់​ទទួល​បុណ្យជ្រមុជទឹក និង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្លាំងណាស់ ។ ប៉ុន្តែ​វា​ហាក់​ដូចជា​មិនអាច​កើតឡើង​បាន​ឡើយ !

ប៉ា​បាន​ចាក់សោ​បើក​រទេះ​លក់​ផ្លែឈើ ។ ម៉ាតូ បាន​ជួយលើក​កេះ​ផ្លែក្រូច ផ្លែក្រូចឆ្មា ផ្លែស្វាយ និង​ផ្លែចេក​ជាច្រើន​កេះ ។ បន្ទាប់មក​គាត់​បាន​ជួយ​ដាក់​ផ្លែឈើ​ទាំងនោះ​នៅលើ​ធ្នើរ ។

ម៉ាតូ នៅតែ​គិត​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ខណៈដែល​ពួកគាត់​កំពុង​ធ្វើការ ។ គាត់​បាន​សួរថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​ប៉ា ? »

ប៉ា​បាន​ឆ្លើយ​ថា « ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​លួងលោម​ប៉ា​នៅពេល​ប៉ា​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ។ ហើយ​ទ្រង់​ធ្វើ​ឲ្យ​ប៉ា​មាន​អារម្មណ៍​ល្អ​នៅពេល​ប៉ា​ជួយ​ដល់​នរណា​ម្នាក់ » ។

« កូន​អន្ទះសា​បន់​ឲ្យតែ​ដល់​ថ្ងៃ​ទទួលបុណ្យ​ជ្រមុជទឹក​ទេ ដើម្បី​កូន​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ! »

ប៉ា​បាន​មាន​ប្រសាសន៍​ថា « ទោះ​ជាកូន​មិន​ទាន់​ទទួលបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ក្តី ក៏​កូន​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ។ កូន​អាច​ទទួល​អារម្មណ៍​នៃ​ការលួងលោម​របស់​ទ្រង់​ឥឡូវ​នេះ ។ ដូចជា​នៅពេល​កូន​អធិស្ឋាន ឬ ធ្វើ​អំពើ​ល្អ​ទៅ​កាន់​នរណា​ម្នាក់ ។ បន្ទាប់មក ក្រោយពី​កូន​បាន​ទទួល​ពិធីបញ្ជាក់ កូនតែងតែ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​កូន​ជានិច្ច » ។

ម៉ាតូ បាន​គិតអំពី​រឿង​នេះ ។ តើ​គាត់​ធ្លាប់​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ពីមុន​ដែរ​ឬ​ទេ ?

មិនយូរ​ប៉ុន្មាន​ពួកគាត់​បាន​ជញ្ជូន​ឥវ៉ាន់​​គ្រប់​កេះ​ទាំងអស់ ។ ប៉ា​បាន​សួរថា « តើ​កូន​ត្រៀម​ខ្លួន​ដើម្បី​ជួយ សូសាស ហើយ​ឬ នៅ » ?

ម៉ាតូ​បាន​ងក់ក្បាល ។ លោក និង​លោកស្រី សូសាស ទាំងពីរនាក់​ពិបាក​ដើរណាស់ ។ ដូច្នេះ ម៉ាតូ បាន​ទៅផ្សារ​ទិញ​ឥវ៉ាន់​ឲ្យពួកគាត់ ។ នៅពេល​ខ្លះ គាត់​បាន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួកគាត់​ផងដែរ ។

រូបភាព
boy helping take out trash

ម៉ាតូ និង ហ្សេស បាន​ដើរ​ទៅ​ផ្ទះ​របស់​គ្រួសារ សូសាស ។ លោកស្រី សូសាស បាន​លើកដៃ​គ្រវី​ពី​រានហាល​មុខផ្ទះ ។ « អរុណ​សួស្ដី !

« តើ​អ៊ុំ​ត្រូវការ​ទិញ​ម្ហូប​នៅ​ថ្ងៃ​នេះ​ទេ ? » ម៉ាតូ បាន​សួរ ។

« ចាស​ក្មួយ ។ អ៊ុំ​ត្រូវការ​នំបុ័ង ដំឡូង និង​សាច់គោ » ។ លោកស្រី សូសាស បាន​រាប់​កាក់​មួយ​ចំនួន ។ « ប៉ិនហ្នឹង​គួរតែ​គ្រប់​ហើយ » ។

ម៉ាតូ បាន​យក​លុយ​នោះ ។ គាត់​បាន​ឃើញ​សម្រាមមួយ​ថង់​នៅ​ក្បែរ​មាត់​ទ្វារ ។ គាត់​បាន​សួរ​ថា « តើ​ក្មួយ​អាច​យក​សម្រាមនោះ​ចោល​បាន​ទេ » ។

« ចាស​ក្មួយ ។ អរគុណ​ក្មួយ ! » លោកស្រី សូសាស បាន​មាន​ប្រសាសន៍ ។

បន្ទាប់ពី​គាត់​បាន​យក​សម្រាម​ទៅ​ចោល ម៉ាតូ បាន​ទៅ​ទិញ​ម្ហូប ។ គាត់​បាន​គិត​អំពី​អ្វីៗ​ទាំងអស់​ដែល​គាត់​បាន​ធ្វើ​នៅ​ព្រឹក​នោះ ។ គាត់​បានជួយ​រៀប​ផ្លែឈើ​ប៉ា​ដាក់​រទេះ ។ គាត់​បាន​ជួយ លោកស្រី សូសាស ទិញ្​ម្ហូប ។ ហើយ​គាត់ បាន មាន​អារម្មណ៍​ល្អ នៅ​ក្នុង​ចិត្ត ។ គាត់​បាន​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូចជា​ប៉ា​របស់​គាត់​បាន​មាន​ប្រសាសន៍ !

ម៉ាតូ បាន​សង្ឃឹមថា​គាត់​នឹង​មិនត្រូវ​រង់ចាំ​យូរទៀត​ទេ​ដើម្បី​ទទួលបុណ្យ​ជ្រមុជ​ទឹក ។ គាត់​ចង់​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​គាត់​នៅ​គ្រប់​ពេល​ទាំងអស់ !

រចនា​រូបភាព ដោយ ខារ៉ូឡាន ហ្វារ៉ាស