ជំនួយ​ការសិក្សា
១៧. ការ​និក្ខមនំ​ទៅ​ភូមិភាគ​ខាង​លិច


១៧. ការ​និក្ខមនំ​ទៅ​ភូមិភាគ​ខាង​លិច

ការ​ចាប់​ផ្ដើម​ចាក​ចេញ​ពី​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​ខែ​មីនា-មេសា ប៉ុន្តែ​ដោយ​សារ​តែ​ការ​គំរាមកំហែង​ពី​ហ្វូង​មនុស្ស​កំណាច ម្ល៉ោះ​ហើយ បាន​ជា​ប្រធាន​ព្រិកហាំ យ៉ង់ បាន​ដឹកនាំ​ថា ពួក​បរិសុទ្ធ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ឆ្លងទន្លេ​មិស៊ីស៊ិបពី នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ១៨៤៦។ ប្រធាន​យ៉ង់​បាន​នៅ​ដើម្បី​ប្រារព្ធ​អំណោយទាន​ពិសិដ្ឋ​ដល់​ពួក​បរិសុទ្ធ ហើយ​មិន​បាន​ចេញ​ពី​ក្រុង​ណៅវូ​ទេ ទាល់​តែ​ដល់​ពាក់​កណ្ដាល​ខែ​កុម្ភៈ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ មុន​យ៉ូសែប ស៊្មីធ​ស្លាប់ លោក​បាន​ព្យាករ​ថា « ពួក​អ្នក​រាល់​គ្នា​ខ្លះ​នឹង​នៅ​រស់​ដើម្បី​ទៅ​ជួយ​តាំង​ទីលំនៅ ហើយ​ស្ថាបនា​ទី​ក្រុង​ទាំង​ឡាយ ហើយ​នឹង​ឃើញ​ពួក​បរិសុទ្ធ​ក្លាយ​ទៅ​ជា​ប្រជាជន​ដ៏​ខ្លាំង​ក្លា​នៅ​កណ្ដាល​ភ្នំ​រ៉ក​គី »។ មាន​ពួក​បរិសុទ្ធ​ជិត​ទៅ ១២,០០០ នាក់ ដែល​បាន​ចាក​ចេញ​ពី​ក្រុង​ណៅវូ ពី​ខែ​កុម្ភៈ​ទៅ​ខែ​កញ្ញា ឆ្នាំ ១៨៤៦។ បន្ទាប់​ពី​ពួក​បរិសុទ្ធ​បាន​ចេញ​ពី វិនទើរ ខួរទើរ្ស និង កន្លែង​ក្រោយៗ​ទៀត ពួក​គេ​បាន​រៀបចំ​គ្នា​តាម​ក្រុម ១០ នាក់ ក្រុម ៥០ នាក់ និង​ក្រុម ១០០ នាក់ ដែល​មាន​មេ​រៀងៗ​ខ្លួន (គ. និង ស. ១៣៦:៣)។ នៅ​ខែ​កញ្ញា ឆ្នាំ ១៨៤៦ មាន​ហ្វូង​មនុស្ស​កំណាច​ប្រមាណ ៨០០ នាក់ មាន​ទាំង​កាំភ្លើង​ធំ​ប្រាំមួយ​ដើម​ផង បាន​ចូល​ហ៊ុម​យក​ក្រុង​ណៅវូ។ បន្ទាប់​ពី​បាន​ច្បាំង​អស់​បួន​ប្រាំ​ថ្ងៃ​ក្រោយ​មក នោះ​ពួក​បរិសុទ្ធ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចាញ់ ដើម្បី​ទុក​ជីវិត​ឲ្យ​រស់ ហើយ​មាន​ឱកាស​នឹង​ឆ្លងទន្លេ​ទៅ។ មាន​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ប្រាំ​ទៅ​ប្រាំមួយ​រយ​នាក់ ដែល​បាន​ឆ្លងទន្លេ ហើយ​បាន​បោះជំរំ​នៅ​ម្ខាង​ច្រាំង។ ប្រធាន​ព្រិកហាំ យ៉ង់ បាន​ចាត់​រទេះ​ជំនួយ​ដោយ​ស្បៀង​អាហារ​ឲ្យ​ទៅ​ជួយ​យក « ពួក​បរិសុទ្ធ​ក្រីក្រ » ទាំង​នេះ​ចេញ​មក។

រូបថត ទី១៧

១៧. ការ​ធ្វើ​និក្ខមនំ​ទៅ​ភូមិភាគ​ខាង​លិច នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ ១៨៤៦ រទេះ​លើក​ទី​មួយ​បាន​ឆ្លងកាត់​ទន្លេ​មិស៊ីស៊ិបពី ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ក្នុង​ប្រវត្តិសាស្ត្រ​ទៅ​ភូមិភាគ​ខាង​លិច។