១៥. ព្រះវិហារណៅវូ
គំរូតូចអំពីព្រះវិហារណៅវូនេះ គឺនៅលើកន្លែងនៃព្រះវិហារដើម។ ព្រះវិហារនេះត្រូវបានសង់ឡើងពីថ្មកំបោរប្រផែះដែលមាននៅទីនោះ។ អគារនេះមានបណ្ដោយ ៣៩ ម. ហើយទទឹង ២៧ ម.។ កំពូលខ្ពស់ពីដី ៤៨ ម.។ សមាជិកនៃសាសនាចក្របានធ្វើការបូជាដ៏ធំដើម្បីសង់ព្រះវិហារដ៏ល្អនេះ ចាប់ផ្ដើមធ្វើនៅឆ្នាំ ១៨៤១។ មនុស្សខ្លះបានធ្វើការសង់អគារនេះអស់រាប់ខែ អ្នកខ្លះទៀតបានបូជាប្រាក់កាសរបស់ខ្លួន។ ទោះជាមិនទាន់ធ្វើព្រះវិហាររួចផង ក៏គង់តែព្រះវិហារនោះ ពេញទៅដោយសមាជិកទាំងឡាយ ដែលបានមកដើម្បីទទួលពិធីបរិសុទ្ធ នៅខែមុនៗដែលពួកគេត្រូវភៀសខ្លួនទៅភូមិភាគខាងលិចដែរ។ កាលពួកបរិសុទ្ធជាច្រើនបានចេញពីក្រុងណៅវូនៅដើមរដូវផ្ការីក នៃឆ្នាំ ១៨៤៦ ដោយសារការគំរាមកំហែងពីហ្វូងមនុស្សកំណាច ក៏នៅមានមនុស្សវិសេសដែលបាននៅដើម្បីធ្វើព្រះវិហារឲ្យរួច។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៨៤៦ អែលឌើរ អួរសុន ហៃឌ៍ និងវិលហ្វួឌ វូឌដ្រុព្វ ហើយប្រហែលជាមានមនុស្ស ២០ នាក់ទៀត ដែលបានធ្វើពិធីឆ្លងដំណាក់នៃព្រះអម្ចាស់នេះ។ ព្រះវិហារនេះត្រូវបានទុកចោលនៅខែកញ្ញា កាលពួកបរិសុទ្ធនៃសាសនាចក្រដែលនៅសល់ទាំងប៉ុន្មានត្រូវគេបណ្ដេញចេញពីក្រុងណៅវូ គ្រានោះហ្វូងមនុស្សកំណាចបានបន្ថោកបន្ទាប ហើយបានបង្ខូចសំណង់ដ៏ពិសិដ្ឋនោះចោល។ ព្រះវិហារក៏ត្រូវភ្លើងឆេះនៅខែតុលា ឆ្នាំ ១៨៤៨។
ព្រឹត្តិការណ៍សំខាន់ៗ ៖ សន្និសីទទូទៅត្រូវបានធ្វើនៅក្នុងបន្ទប់ជំនុំក្នុងព្រះវិហារ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ១៨៤៥។ កិច្ចការខាងពិធី បរិសុទ្ធបានចាប់ផ្ដើមធ្វើនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៨៤៥ ហើយបានធ្វើតមករហូតដល់ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ១៨៤៦។ មានពួកបរិសុទ្ធជាង ៥,៥០០ នាក់ដែលបានទទួលអំណោយទានពិសិដ្ឋ និងបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ និងការភ្ជាប់ទាំងឡាយត្រូវបានធ្វើនៅទីនោះ។