ជំពូកទី ៤
ស្ដេចបេនយ៉ាមីនថ្លែងតទៅទៀត — សេចក្ដីសង្គ្រោះកើតឡើងក៏ដោយសារដង្វាយធួន — ចូរជឿដល់ព្រះដើម្បីឲ្យបានសង្គ្រោះ — ទទួលការផ្ដាច់បាបតាមរយៈសេចក្ដីស្មោះត្រង់ — ចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នកទាល់ក្រ — ធ្វើអ្វីៗទាំងអស់តាមប្រាជ្ញា និងរបៀបរៀបរយ។ ប្រមាណជាឆ្នាំ ១២៤ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលស្ដេចបេនយ៉ាមីនបានបញ្ចប់នូវការនិយាយពាក្យទាំងឡាយដែលទេវតានៃព្រះអម្ចាស់ បានប្រាប់ដល់ទ្រង់ហើយ នោះទ្រង់ក៏បានក្រឡេកទតមើលជុំវិញទៅលើហ្វូងមនុស្ស ហើយមើលចុះ ពួកគេបានដួលទៅលើដី ព្រោះការកោតខ្លាចដល់ព្រះអម្ចាស់មានមកលើពួកគេ។
២ហើយពួកគេបានឃើញថា ខ្លួនគេនៅក្នុងស្ថានភាពខាងរូបកាយ អន់ជាងធូលីដីទៅទៀត។ ហើយពួកគេទាំងអស់គ្នាបានស្រែកព្រមគ្នាដោយសំឡេងតែមួយថា ៖ ឱសូមមេត្តាផង ហើយសូមប្រទាននូវព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបានទទួលនូវការអភ័យទោសចំពោះអំពើបាបទាំងឡាយរបស់យើង ហើយដើម្បីឲ្យចិត្តយើងអាចបានជ្រះបរិសុទ្ធផងចុះ ព្រោះយើងជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងវត្ថុសព្វសារពើ ព្រះអង្គនឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស។
៣ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានពោលពាក្យទាំងនេះហើយ នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ក៏បានចុះមកសណ្ឋិតលើពួកគេ ហើយពួកគេក៏ពោរពេញទៅដោយសេចក្ដីអំណរដោយបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ ហើយដោយមានសេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ ព្រោះតែសេចក្ដីជំនឿដ៏លើសលប់ ដែលពួកគេមានដល់ព្រះយេស៊ូវគ្រីស្ទដែលនឹងយាងមក ស្របតាមពាក្យទាំងឡាយ ដែលស្ដេចបេនយ៉ាមីនមានបន្ទូលមកកាន់ពួកគេ។
៤ហើយស្ដេចបេនយ៉ាមីនបានបើកព្រះឱស្ឋចាប់ផ្ដើមមានបន្ទូលទៅកាន់ពួកគេម្ដងទៀតថា ៖ ឱមិត្តសម្លាញ់របស់យើង និងពួកបងប្អូនរបស់យើង ពូជរបស់យើង និងប្រជាជនរបស់យើងអើយ យើងសូមឲ្យអ្នកយកចិត្តទុកដាក់សារជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចបានឮ ហើយបានយល់នូវពាក្យសម្ដីរបស់យើង ដែលនៅសល់ទាំងប៉ុន្មាននេះ ដែលយើងនឹងប្រាប់អ្នក។
៥ត្បិតមើលចុះ បើសិនជាបានស្គាល់នូវសេចក្ដីល្អសប្បុរសនៃព្រះនៅពេលនេះ បានដាស់តឿនអ្នកឲ្យយល់នូវភាពឥតន័យរបស់ខ្លួន និងភាពឥតតម្លៃ ហើយនឹងស្ថានភាពដ៏ធ្លាក់របស់ខ្លួន —
៦នោះយើងសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាបានស្គាល់នូវសេចក្ដីល្អសប្បុរសនៃព្រះ និងព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបាន និងប្រាជ្ញារបស់ព្រះអង្គ និងសេចក្ដីអត់ធន់របស់ព្រះអង្គ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គចំពោះកូនចៅមនុស្ស ហើយព្រមទាំងដង្វាយធួន ដែលបានរៀបចំឡើង ចាប់តាំងពីកំណើតលោកិយមក ដើម្បីឲ្យសេចក្ដីសង្គ្រោះអាចមានដល់អ្នកណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះអម្ចាស់ ហើយមានចិត្តព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយបន្តសេចក្ដីជំនឿទៅរហូតដល់អស់ជីវិតខ្លួន គឺយើងនិយាយអំពីជីវិតនៃរូបកាយខាងសាច់ឈាម —
៧យើងនិយាយថា គឺជននេះហើយដែលនឹងទទួលសេចក្ដីសង្គ្រោះ តាមរយៈដង្វាយធួនដែលបានរៀបចំឡើងចាប់តាំងពីកំណើតលោកិយមកសម្រាប់មនុស្សគ្រប់រូប ទោះជនណាក៏ដោយ ដែលបានរស់នៅចាប់តាំងពីការធ្លាក់នៃលោកអ័ដាម ឬក៏ជនទាំងឡាយណា ដែលរស់នៅ ឬនឹងរស់នៅ គឺរហូតដល់ចុងបំផុតនៃពិភពលោក។
៨ហើយនេះគឺជាមធ្យោបាយដែលនឹងនាំមកនូវសេចក្ដីសង្គ្រោះ។ ហើយគ្មានសេចក្ដីសង្គ្រោះឯណាទៀតទេ លើកលែងតែសេចក្ដីសង្គ្រោះដែលបាននិយាយមកប៉ុណ្ណោះ ហើយក៏គ្មានលក្ខខណ្ឌឯណាទៀត ដែលអាចជួយសង្គ្រោះមនុស្សបានឡើយ លើកលែងតែលក្ខខណ្ឌដែលយើងបានប្រាប់អ្នកប៉ុណ្ណោះ។
៩សូមជឿដល់ព្រះចុះ សូមជឿថា ទ្រង់មានព្រះជន្មរស់នៅ ហើយថា ទ្រង់បានបង្កើតវត្ថុសព្វសារពើ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា និងគ្រប់ព្រះចេស្ដា ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង សូមជឿថា មនុស្សពុំយល់នូវអ្វីទាំងអស់ ដែលព្រះទ្រង់អាចយល់បាននោះឡើយ។
១០ហើយម្យ៉ាងទៀត សូមជឿថា អ្នករាល់គ្នាត្រូវតែប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយលះបង់ចោលអំពើបាបទាំងនោះទៅ ហើយបន្ទាបខ្លួនចំពោះព្រះ ហើយសូមអំពាវនាវដោយចិត្តស្មោះ សូមឲ្យទ្រង់អភ័យទោសដល់អ្នករាល់គ្នា ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាជឿនូវការណ៍ទាំងអស់នេះ នោះសូមឲ្យអ្នករាល់គ្នាចាប់ផ្ដើមប្រព្រឹត្តភ្លាមទៅ។
១១ហើយមួយទៀត យើងសូមប្រាប់អ្នក ដូចដែលយើងបាននិយាយពីមុនមកថា នៅពេលដែលអ្នករាល់គ្នាបាននូវការចេះដឹងអំពីសិរីល្អនៃព្រះ ឬបើសិនជាអ្នករាល់គ្នាបានស្គាល់នូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយបានភ្លក់នូវសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយបាន ទទួលនូវការផ្ដាច់បាបទាំងឡាយរបស់ខ្លួន ដែលបណ្ដាលឲ្យមានសេចក្ដីអំណរជាអតិបរមា នៅក្នុងដួងព្រលឹងរបស់អ្នកយ៉ាងណា នោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចងចាំ ហើយចងចាំជានិច្ចនូវភាពមហិមានៃព្រះ និងភាពឥតន័យរបស់អ្នក និងសេចក្ដីល្អសប្បុរស និងសេចក្ដីអត់ធ្មត់របស់ទ្រង់ចំពោះអ្នករាល់គ្នា ដែលជាសត្វលោកឥតតម្លៃ ហើយសូមបន្ទាបខ្លួនរបស់អ្នកដល់ជម្រៅនៃភាពរាបសា ដោយអំពាវនាវដល់ព្រះនាមរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ហើយឈរយ៉ាងរឹងប៉ឹងនៅក្នុងសេចក្ដីជំនឿ ជឿដល់អ្វីដែលកើតឡើងក្នុងអនាគត ដែលបានពោលដោយមាត់របស់ទេវតា។
១២ហើយមើលចុះ យើងសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានអររីករាយជានិច្ច ហើយបានពោរពេញទៅដោយសេចក្ដីស្រឡាញ់នៃព្រះ ហើយបានទទួលការផ្ដាច់បាបទាំងឡាយរបស់អ្នកជានិច្ច ហើយអ្នករាល់គ្នានឹងបានដុះដាលនៅក្នុងការស្គាល់ពីសិរីល្អនៃព្រះអង្គ ដែលបានបង្កើតអ្នកមក ឬនៅក្នុងការស្គាល់ពីអ្វីដែលពិត ហើយត្រឹមត្រូវ។
១៣ហើយអ្នករាល់គ្នានឹងពុំមានគំនិតចង់ព្យាបាទគ្នាទៅវិញទៅមកឡើយ ប៉ុន្តែចង់រស់នៅដោយសុខសាន្ត ហើយឲ្យដល់មនុស្សគ្រប់រូប ស្របតាមអ្វីដែលជារបស់ផងអ្នកនោះ។
១៤ហើយអ្នករាល់គ្នានឹងពុំទ្រាំឲ្យកូនចៅរបស់អ្នកអត់ឃ្លាន ឬគ្មានសំលៀកបំពាក់បិទបាំងកាយឡើយ ហើយអ្នករាល់គ្នាក៏ពុំទ្រាំឲ្យកូនចៅអ្នករំលងក្រឹត្យវិន័យទាំងឡាយនៃព្រះ ហើយឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយបម្រើអារក្សដែលជាចៅហ្វាយនៃអំពើបាប ឬក៏អារក្សអសោចិ៍ ដែលពួកអយ្យកោរបស់យើងបាននិយាយដល់ គឺវានេះហើយដែលជាខ្មាំងសត្រូវដល់គ្រប់អស់ទាំងសេចក្ដីសុចរិត។
១៥ប៉ុន្តែអ្នករាល់គ្នានឹងបង្រៀនកូនចៅអ្នកឲ្យដើរតាមផ្លូវទាំងឡាយដែលពិត ហើយម៉ឺងមាត់ អ្នករាល់គ្នានឹងបង្រៀនកូនចៅអ្នកឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយឲ្យបម្រើគ្នាទៅវិញទៅមក។
១៦ហើយរីឯរូបអ្នក ក៏អ្នករាល់គ្នានឹងជួយដល់អស់អ្នកណា ដែលត្រូវការជំនួយពីអ្នក អ្នករាល់គ្នានឹងចែករំលែកនូវទ្រព្យរបស់ខ្លួនដល់អស់អ្នកណាដែលត្រូវការ ហើយអ្នករាល់គ្នានឹងពុំទ្រាំឲ្យអ្នកសុំទាន មកសុំដោយគ្មានបានផលអ្វី តែបណ្ដេញគាត់ចេញឲ្យវិនាសបង់ឡើយ។
១៧ប្រហែលជាអ្នកនឹងនិយាយថា ៖ មនុស្សនេះបាននាំមកលើខ្លួននូវសេចក្ដីវេទនា ហេតុដូច្នេះហើយ ខ្ញុំនឹងទុកដៃនៅស្ងៀម ហើយនឹងពុំឲ្យដល់អ្នកនោះនូវអាហារខ្ញុំឡើយ ឬក៏ចែករំលែកដល់អ្នកនោះនូវទ្រព្យរបស់ខ្ញុំ ដើម្បីកុំឲ្យអ្នកនោះរងទុក្ខ ត្បិតទោសរបស់គាត់ គឺត្រឹមត្រូវហើយ —
១៨ប៉ុន្តែ យើងសូមប្រាប់អ្នកថា ឱមនុស្សលោកអើយ អ្នកណាដែលធ្វើយ៉ាងនេះ អ្នកនោះមានហេតុដ៏ធំសម្រាប់ប្រែចិត្ត ហើយលើកលែងតែអ្នកនោះប្រែចិត្តចំពោះអំពើដែលគេបានធ្វើ បើពុំនោះសោតទេ គេនឹងត្រូវវិនាសរហូតតទៅ ហើយពុំមានផលប្រយោជន៍អ្វីនៅក្នុងនគរនៃព្រះឡើយ។
១៩ត្បិតមើលចុះ តើយើងទាំងអស់គ្នានេះ ពុំមែនជាអ្នកសុំទានទេឬ? តើយើងទាំងអស់គ្នានេះ ពុំពឹងផ្អែកទៅលើតួអង្គតែមួយគឺព្រះ ចំពោះអ្វីៗទាំងអស់ដែលយើងមាន ទាំងស្បៀងអាហារ និងសំលៀកបំពាក់ និងមាស និងប្រាក់ និងទាំងទ្រព្យសម្បត្តិនានា ដែលយើងមានសព្វសារពើទេឬ?
២០ហើយមើលចុះ សូម្បីតែនៅពេលនេះក្ដី ក៏អ្នករាល់គ្នាកំពុងតែអំពាវនាវដល់ព្រះនាមព្រះអង្គ ហើយសូមនូវការផ្ដាច់បាបទាំងឡាយរបស់អ្នកដែរ។ ហើយតើព្រះអង្គបានទ្រាំឲ្យអ្នករាល់គ្នាសូមអង្វរដោយឥតបានផលដែរឬអី? ទេ ព្រះអង្គទ្រង់បានស្រោចព្រះវិញ្ញាណទ្រង់មកលើអ្នករាល់គ្នា ហើយបានធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយសេចក្ដីអំណរ ហើយបានធ្វើឲ្យមាត់អ្នកឈប់ស្ងៀម ដើម្បីកុំឲ្យអ្នករាល់គ្នាអាចរកពាក្យវាចាបាន ព្រោះសេចក្ដីអំណររបស់អ្នក មានកម្រិតខ្ពស់ជាអតិបរមា។
២១ហើយឥឡូវនេះ បើសិនជាព្រះអង្គដែលបានបង្កើតអ្នកមក ដែលអ្នកពឹងផ្អែកដល់ព្រះអង្គ ចំពោះជីវិតរបស់អ្នក និងអ្វីៗទាំងអស់ដែលអ្នករាល់គ្នាមាន និងរូបរបស់អ្នកផង ព្រះអង្គទ្រង់ប្រទានដល់អ្នកនូវអ្វីៗដែលអ្នករាល់គ្នាសូមដែលត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿ ដោយជឿថា អ្នករាល់គ្នានឹងបានទទួល ឱបើដូច្នោះ អ្នករាល់គ្នាគួរតែចែករំលែកនូវទ្រព្យដែលអ្នករាល់គ្នាមានដល់គ្នាទៅវិញទៅមក។
២២ហើយបើសិនជាអ្នករាល់គ្នាថ្កោលទោសដល់មនុស្សដែលមកសុំទានអ្នក ដើម្បីកុំឲ្យខ្លួនវិនាស ហើយអ្នកកាត់ទោសដល់អ្នកនោះវិញ តើការកាត់ទោសអ្នកត្រឹមត្រូវជាងនេះទៅឬអី ដែលអ្នកឱបក្រសោបទ្រព្យរបស់ខ្លួនទុក ហើយទ្រព្យនោះក៏ពុំមែនជារបស់អ្នកផង តែជារបស់ព្រះទេតើ ឯជីវិតរបស់អ្នកសោត ក៏ជារបស់ព្រះដែរ ប៉ុន្តែអ្នករាល់គ្នាពុំបានសុំទាន ហើយក៏ពុំប្រែចិត្តចំពោះការណ៍ ដែលអ្នកបានប្រព្រឹត្តសោះ។
២៣យើងសូមប្រាប់អ្នកថា វេទនានឹងមានដល់អ្នកនោះ ព្រោះទ្រព្យរបស់គេនឹងវិនាសទៅជាមួយគេដែរ ហើយឥឡូវនេះ យើងនិយាយពីការណ៍ទាំងនេះទៅកាន់អស់អ្នកណា ដែលជាអ្នកមាន គឺមានសម្បត្តិទ្រព្យដែលទាក់ទងទៅលើអ្វីៗនៃលោកិយនេះ។
២៤ហើយមួយទៀត យើងនិយាយទៅកាន់អ្នកទាល់ក្រ គឺពួកអ្នករាល់គ្នាដែលគ្មានទ្រព្យ តែមានល្មមគ្រប់គ្រាន់ ដើម្បីឲ្យអ្នករាល់គ្នាបានទប់ទល់ពីមួយថ្ងៃទៅមួយថ្ងៃ យើងនិយាយដល់អស់អ្នកណា ដែលបដិសេធអ្នកសុំទាន ពីព្រោះអ្នករាល់គ្នាគ្មានអ្វីនឹងឲ្យ យើងចង់ឲ្យអ្នករាល់គ្នានិយាយនៅក្នុងចិត្តថា ៖ ខ្ញុំពុំដាក់ទាន ព្រោះខ្ញុំគ្មានអ្វីសម្រាប់ដាក់ទានទេ ប៉ុន្តែបើសិនជាខ្ញុំមាន ខ្ញុំនឹងដាក់ទាន។
២៥ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នានិយាយពាក្យនេះនៅក្នុងចិត្តអ្នក នោះអ្នករាល់គ្នានឹងនៅគ្មានទោសទេ បើពុំនោះសោតទេ អ្នករាល់គ្នានឹងត្រូវជាប់ទោស ឯការកាត់ទោសមកលើរូបអ្នក គឺត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នាលោភលន់នូវអ្វីដែលអ្នករាល់គ្នាពុំបានទទួល។
២៦ហើយឥឡូវនេះ សម្រាប់អ្វីៗដែលយើងទើបតែនិយាយទៅកាន់អ្នករាល់គ្នានេះ — គឺថា ដើម្បីឲ្យមានការផ្ដាច់បាបទាំងឡាយរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យអ្នករាល់គ្នាអាចដើរដោយឥតទោសនៅចំពោះព្រះ — យើងចង់ឲ្យអ្នករាល់គ្នាចែករំលែកនូវទ្រព្យរបស់ខ្លួន ដល់អ្នកទាល់ក្រ មនុស្សម្នាក់ៗស្របតាមអ្វីដែលគេមាន ដូចជាឲ្យអាហារដល់អ្នកអត់ឃ្លាន ឲ្យសំលៀកបំពាក់ដល់អ្នកអាក្រាត ទៅមើលអ្នកឈឺ ហើយជួយគាំទ្រដល់គេ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ស្របទៅតាមសេចក្ដីត្រូវការរបស់គេ។
២៧ហើយចូរឲ្យឃើញថា គ្រប់ការណ៍ទាំងនេះត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និងរបៀបរៀបរយ ត្បិតមិនត្រូវឲ្យអ្នកណារត់លឿនជាងកម្លាំង ដែលគេមាននោះឡើយ។ ហើយមួយទៀត ជាការចាំបាច់ឲ្យអ្នកនោះត្រូវព្យាយាមដើម្បីគេអាចបានរង្វាន់ ហេតុដូច្នេះហើយ គ្រប់ការណ៍ទាំងអស់ត្រូវបានប្រព្រឹត្តឡើង តាមរបៀបរៀបរយ។
២៨ហើយយើងចង់ឲ្យអ្នករាល់គ្នាចងចាំថា អ្នកណាមួយក្នុងចំណោមពួកអ្នករាល់គ្នាបានខ្ចីអ្វីពីអ្នកជិតខាង ត្រូវតែសងរបស់នោះទៅគេវិញ ស្របតាមអ្វីដែលខ្លួនបានសន្យា ឬពុំនោះសោតទេ អ្នកបានប្រព្រឹត្តអំពើបាប ហើយក្រែងអ្នកអាចធ្វើឲ្យអ្នកជិតខាងរបស់ខ្លួនប្រព្រឹត្តអំពើបាបផងដែរ។
២៩ហើយនៅទីបញ្ចប់ យើងពុំអាចប្រាប់អ្នករាល់គ្នាឲ្យអស់នូវការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាអាចប្រព្រឹត្តអំពើបាបនោះទេ ព្រោះមានផ្លូវ និងបែបផ្សេងៗគ្នា គឺមានជាច្រើនណាស់ ដែលយើងពុំអាចរៀបរាប់បានឡើយ។
៣០ប៉ុន្តែ យើងអាចនិយាយប្រាប់អ្នកតែប៉ុណ្ណោះថា បើសិនជាអ្នករាល់គ្នាពុំប្រយ័ត្នខ្លួន ទាំងគំនិតរបស់ខ្លួន និងពាក្យសម្ដីរបស់ខ្លួន និងកិច្ចការរបស់ខ្លួន ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបន្តទៅក្នុងសេចក្ដីជំនឿជឿដល់អ្វីដែលអ្នករាល់គ្នាបានឮអំពីការយាងមកនៃព្រះអម្ចាស់របស់យើង រហូតដល់ថ្ងៃចុងក្រោយនៃជីវិតខ្លួនទេ នោះអ្នករាល់គ្នានឹងត្រូវវិនាស។ ហើយឥឡូវនេះ ឱមនុស្សលោកអើយ សូមចងចាំ ហើយកុំវិនាសបង់ឡើយ៕