ព្រះគម្ពីរ
ម៉ូសាយ 4


ជំពូក​ទី ៤

ស្ដេច​បេនយ៉ាមីន​ថ្លែង​ត​ទៅ​ទៀត — សេចក្ដី​សង្គ្រោះ​កើត​ឡើង​ក៏​ដោយ​សារ​ដង្វាយ​ធួន — ចូរ​ជឿ​ដល់​ព្រះ​ដើម្បី​ឲ្យ​បាន​សង្គ្រោះ — ទទួល​ការ​ផ្ដាច់​បាប​តាម​រយៈ​សេចក្ដី​ស្មោះត្រង់ — ចែករំលែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យ​អ្នក​ទាល់​ក្រ — ធ្វើ​អ្វីៗ​ទាំង​អស់​តាម​ប្រាជ្ញា និង​របៀបរៀបរយ។ ប្រមាណ​ជា​ឆ្នាំ ១២៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ស្ដេច​បេនយ៉ាមីន​បាន​បញ្ចប់​នូវ​ការ​និយាយ​ពាក្យ​ទាំង​ឡាយ​ដែល​ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​ប្រាប់​ដល់​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​បាន​ក្រឡេក​ទត​មើល​ជុំវិញ​ទៅ​លើ​ហ្វូង​មនុស្ស ហើយ​មើល​ចុះ ពួក​គេ​បាន​ដួល​ទៅ​លើ​ដី ព្រោះ​ការ​កោតខ្លាច​ដល់​ព្រះ​អម្ចាស់​មាន​មក​លើ​ពួក​គេ។

ហើយ​ពួក​គេ​បាន​ឃើញ​ថា ខ្លួន​គេ​នៅ​ក្នុង​ស្ថានភាព​ខាង​រូប​កាយ អន់​ជាង​ធូលី​ដី​ទៅ​ទៀត។ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ស្រែក​ព្រម​គ្នា​ដោយ​សំឡេង​តែមួយ​ថា ៖ ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំង​ឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ ព្រោះ​យើង​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​វត្ថុ​សព្វ​សារពើ ព្រះ​អង្គ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​ពោល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ក៏​បាន​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ហើយ​ពួក​គេ​ក៏​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដោយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ ព្រោះ​តែ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ ដែល​ពួក​គេ​មាន​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​នឹង​យាង​មក ស្រប​តាម​ពាក្យ​ទាំង​ឡាយ ដែល​ស្ដេច​បេនយ៉ាមីន​មាន​បន្ទូល​មក​កាន់​ពួក​គេ។

ហើយ​ស្ដេច​បេនយ៉ាមីន​បាន​បើក​ព្រះ​ឱស្ឋ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ម្ដង​ទៀត​ថា ៖ ឱ​មិត្ត​សម្លាញ់​របស់​យើង និង​ពួក​បង​ប្អូន​របស់​យើង ពូជ​របស់​យើង និង​ប្រជាជន​របស់​យើង​អើយ យើង​សូម​ឲ្យ​អ្នក​យក​ចិត្ត​ទុកដាក់​សារ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ឮ ហើយ​បាន​យល់​នូវ​ពាក្យ​សម្ដី​របស់​យើង ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នេះ ដែល​យើង​នឹង​ប្រាប់​អ្នក។

ត្បិត​មើល​ចុះ បើ​សិន​ជា​បាន​ស្គាល់​នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​នៅ​ពេល​នេះ បាន​ដាស់តឿន​អ្នក​ឲ្យ​យល់​នូវ​ភាព​ឥត​ន័យ​របស់​ខ្លួន និង​ភាព​ឥត​តម្លៃ ហើយ​នឹង​ស្ថានភាព​ដ៏​ធ្លាក់​របស់​ខ្លួន —

នោះ​យើង​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ និង​ព្រះ​ចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន និង​ប្រាជ្ញា​របស់​ព្រះ​អង្គ និង​សេចក្ដី​អត់ធន់​របស់​ព្រះ​អង្គ និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អង្គ​ចំពោះ​កូន​ចៅ​មនុស្ស ហើយ​ព្រម​ទាំង​ដង្វាយ​ធួន ដែល​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក ដើម្បី​ឲ្យ​សេចក្ដី​សង្គ្រោះ​អាច​មាន​ដល់​អ្នក​ណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ​អម្ចាស់ ហើយ​មាន​ចិត្ត​ព្យាយាម​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​បន្ត​សេចក្ដី​ជំនឿ​ទៅ​រហូត​ដល់​អស់​ជីវិត​ខ្លួន គឺ​យើង​និយាយ​អំពី​ជីវិត​នៃ​រូប​កាយ​ខាង​សាច់ឈាម —

យើង​និយាយ​ថា គឺ​ជន​នេះ​ហើយ​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ដង្វាយ​ធួន​ដែល​បាន​រៀបចំ​ឡើង​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​សម្រាប់​មនុស្ស​គ្រប់​រូប ទោះ​ជន​ណា​ក៏​ដោយ ដែល​បាន​រស់នៅ​ចាប់​តាំង​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម ឬ​ក៏​ជន​ទាំង​ឡាយ​ណា ដែល​រស់នៅ ឬ​នឹង​រស់នៅ គឺ​រហូត​ដល់​ចុង​បំផុត​នៃ​ពិភពលោក។

ហើយ​នេះ​គឺជា​មធ្យោបាយ​ដែល​នឹង​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ។ ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​ឯណា​ទៀត​ទេ លើក​លែងតែ​សេចក្ដី​សង្គ្រោះ​ដែល​បាន​និយាយ​មក​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​លក្ខខណ្ឌ​ឯណា​ទៀត ដែល​អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​ឡើយ លើក​លែងតែ​លក្ខខណ្ឌ​ដែល​យើង​បាន​ប្រាប់​អ្នក​ប៉ុណ្ណោះ។

សូម​ជឿ​ដល់​ព្រះ​ចុះ សូម​ជឿ​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ហើយ​ថា ទ្រង់​បាន​បង្កើត​វត្ថុ​សព្វ​សារពើ ទាំង​នៅ​លើ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី​ផង សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា និង​គ្រប់​ព្រះ​ចេស្ដា ទាំង​នៅ​លើ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី​ផង សូម​ជឿ​ថា មនុស្ស​ពុំ​យល់​នូវ​អ្វី​ទាំង​អស់ ដែល​ព្រះ​ទ្រង់​អាច​យល់​បាន​នោះ​ឡើយ។

១០ហើយ​ម្យ៉ាង​ទៀត សូម​ជឿ​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​លះបង់​ចោល​អំពើ​បាប​ទាំង​នោះ​ទៅ ហើយ​បន្ទាប​ខ្លួន​ចំពោះ​ព្រះ ហើយ​សូម​អំពាវនាវ​ដោយ​ចិត្ត​ស្មោះ សូម​ឲ្យ​ទ្រង់​អភ័យទោស​ដល់​អ្នក​រាល់​គ្នា ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​នូវ​ការណ៍​ទាំង​អស់​នេះ នោះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​ផ្ដើម​ប្រព្រឹត្ត​ភ្លាម​ទៅ។

១១ហើយ​មួយ​ទៀត យើង​សូម​ប្រាប់​អ្នក ដូចដែល​យើង​បាន​និយាយ​ពីមុន​មក​ថា នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​នូវ​ការ​ចេះ​ដឹង​អំពី​សិរី​ល្អ​នៃ​ព្រះ ឬ​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​បាន​ភ្លក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​បាន ទទួល​នូវ​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​អំណរ​ជា​អតិបរមា នៅ​ក្នុង​ដួង​ព្រលឹង​របស់​អ្នក​យ៉ាង​ណា នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ ហើយ​ចងចាំ​ជានិច្ច​នូវ​ភាព​មហិមា​នៃ​ព្រះ និង​ភាព​ឥត​ន័យ​របស់​អ្នក និង​សេចក្ដី​ល្អ​សប្បុរស និង​សេចក្ដី​អត់ធ្មត់​របស់​ទ្រង់​ចំពោះ​អ្នក​រាល់​គ្នា ដែល​ជា​សត្វលោក​ឥត​តម្លៃ ហើយ​សូម​បន្ទាប​ខ្លួន​របស់​អ្នក​ដល់​ជម្រៅ​នៃ​ភាព​រាបសា ដោយ​អំពាវ​នាវ​ដល់​ព្រះ​នាម​របស់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ឈរ​យ៉ាង​រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ ជឿ​ដល់​អ្វី​ដែល​កើត​ឡើង​ក្នុង​អនាគត ដែល​បាន​ពោល​ដោយ​មាត់​របស់​ទេវតា។

១២ហើយ​មើល​ចុះ យើង​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អរ​រីករាយ​ជានិច្ច ហើយ​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ជា​និច្ច ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ដុះ​ដាល​នៅ​ក្នុង​ការ​ស្គាល់​ពី​សិរី​ល្អ​នៃ​ព្រះ​អង្គ ដែល​បាន​បង្កើត​អ្នក​មក ឬ​នៅ​ក្នុង​ការ​ស្គាល់​ពី​អ្វី​ដែល​ពិត ហើយ​ត្រឹម​ត្រូវ។

១៣ហើយ​អ្នក​រាល់​គ្នា​នឹង​ពុំ​មាន​គំនិត​ចង់​ព្យាបាទ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ​ចង់​រស់​នៅ​ដោយ​សុខសាន្ត ហើយ​ឲ្យ​ដល់​មនុស្ស​គ្រប់​រូប ស្រប​តាម​អ្វី​ដែល​ជា​របស់​ផង​អ្នក​នោះ។

១៤ហើយ​អ្នក​រាល់​គ្នា​នឹង​ពុំ​ទ្រាំ​ឲ្យ​កូន​ចៅ​របស់​អ្នក​អត់ឃ្លាន ឬ​គ្មាន​សំលៀកបំពាក់​បិទបាំង​កាយ​ឡើយ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​ទ្រាំ​ឲ្យ​កូន​ចៅ​អ្នក​រំលង​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បម្រើ​អារក្ស​ដែល​ជា​ចៅហ្វាយ​នៃ​អំពើ​បាប ឬ​ក៏​អារក្ស​អសោចិ៍ ដែល​ពួក​អយ្យកោ​របស់​យើង​បាន​និយាយ​ដល់ គឺ​វា​នេះ​ហើយ​ដែល​ជា​ខ្មាំងសត្រូវ​ដល់​គ្រប់​អស់​ទាំង​សេចក្ដី​សុចរិត។

១៥ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​បង្រៀន​កូន​ចៅ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​ដែល​ពិត ហើយ​ម៉ឺង​មាត់ អ្នក​រាល់​គ្នា​នឹង​បង្រៀន​កូន​ចៅ​អ្នក​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឲ្យ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។

១៦ហើយ​រីឯ​រូប​អ្នក ក៏​អ្នក​រាល់​គ្នា​នឹង​ជួយ​ដល់​អស់​អ្នក​ណា ដែល​ត្រូវ​ការ​ជំនួយ​ពី​អ្នក អ្នក​រាល់​គ្នា​នឹង​ចែករំលែក​នូវ​ទ្រព្យ​របស់​ខ្លួន​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​ការ ហើយ​អ្នក​រាល់​គ្នា​នឹង​ពុំ​ទ្រាំ​ឲ្យ​អ្នក​សុំទាន មក​សុំ​ដោយ​គ្មាន​បាន​ផល​អ្វី តែ​បណ្ដេញ​គាត់​ចេញ​ឲ្យ​វិនាស​បង់​ឡើយ។

១៧ប្រហែលជា​អ្នក​នឹង​និយាយ​ថា ៖ មនុស្ស​នេះ​បាន​នាំ​មក​លើ​ខ្លួន​នូវ​សេចក្ដី​វេទនា ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​នឹង​ទុក​ដៃ​នៅ​ស្ងៀម ហើយ​នឹង​ពុំ​ឲ្យ​ដល់​អ្នក​នោះ​នូវ​អាហារ​ខ្ញុំ​ឡើយ ឬ​ក៏​ចែករំលែក​ដល់​អ្នក​នោះ​នូវ​ទ្រព្យ​របស់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​អ្នក​នោះ​រង​ទុក្ខ ត្បិត​ទោស​របស់​គាត់ គឺ​ត្រឹម​ត្រូវ​ហើយ —

១៨ប៉ុន្តែ យើង​សូម​ប្រាប់​អ្នក​ថា ឱ​មនុស្ស​លោក​អើយ អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នេះ អ្នក​នោះ​មាន​ហេតុ​ដ៏​ធំ​សម្រាប់​ប្រែ​ចិត្ត ហើយ​លើក​លែងតែ​អ្នក​នោះ​ប្រែ​ចិត្ត​ចំពោះ​អំពើ​ដែល​គេ​បាន​ធ្វើ បើ​ពុំ​នោះ​សោត​ទេ គេ​នឹង​ត្រូវ​វិនាស​រហូត​ត​ទៅ ហើយ​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ។

១៩ត្បិត​មើល​ចុះ តើ​យើង​ទាំង​អស់​គ្នា​នេះ ពុំ​មែន​ជា​អ្នក​សុំទាន​ទេ​ឬ? តើ​យើង​ទាំង​អស់​គ្នា​នេះ ពុំ​ពឹង​ផ្អែក​ទៅ​លើ​តួអង្គ​តែមួយ​គឺ​ព្រះ ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​យើង​មាន ទាំង​ស្បៀង​អាហារ និង​សំលៀកបំពាក់ និង​មាស និង​ប្រាក់ និង​ទាំង​ទ្រព្យសម្បត្តិ​នានា ដែល​យើង​មាន​សព្វ​សារពើ​ទេ​ឬ?

២០ហើយ​មើល​ចុះ សូម្បីតែ​នៅ​ពេល​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​កំពុងតែ​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អង្គ ហើយ​សូម​នូវ​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ដែរ។ ហើយ​តើ​ព្រះ​អង្គ​បាន​ទ្រាំ​ឲ្យ​អ្នក​រាល់​គ្នា​សូម​អង្វរ​ដោយ​ឥត​បាន​ផល​ដែរ​ឬ​អី? ទេ ព្រះ​អង្គ​ទ្រង់​បាន​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​មក​លើ​អ្នក​រាល់​គ្នា ហើយ​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ហើយ​បាន​ធ្វើ​ឲ្យ​មាត់​អ្នក​ឈប់​ស្ងៀម ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​រក​ពាក្យ​វាចា​បាន ព្រោះ​សេចក្ដី​អំណរ​របស់​អ្នក មាន​កម្រិត​ខ្ពស់​ជា​អតិបរមា។

២១ហើយ​ឥឡូវ​នេះ បើ​សិន​ជា​ព្រះ​អង្គ​ដែល​បាន​បង្កើត​អ្នក​មក ដែល​អ្នក​ពឹងផ្អែក​ដល់​ព្រះ​អង្គ ចំពោះ​ជីវិត​របស់​អ្នក និង​អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​មាន និង​រូប​របស់​អ្នក​ផង ព្រះ​អង្គ​ទ្រង់​ប្រទាន​ដល់​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ដែល​ត្រឹម​ត្រូវ​នៅ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ឱ​បើ​ដូច្នោះ អ្នក​រាល់​គ្នា​គួរតែ​ចែករំលែក​នូវ​ទ្រព្យ​ដែល​អ្នក​រាល់​គ្នា​មាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

២២ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ថ្កោលទោស​ដល់​មនុស្ស​ដែល​មក​សុំ​ទាន​អ្នក ដើម្បី​កុំ​ឲ្យ​ខ្លួន​វិនាស ហើយ​អ្នក​កាត់ទោស​ដល់​អ្នក​នោះ​វិញ តើ​ការ​កាត់ទោស​អ្នក​ត្រឹម​ត្រូវ​ជាង​នេះ​ទៅ​ឬ​អី ដែល​អ្នក​ឱប​ក្រសោប​ទ្រព្យ​របស់​ខ្លួន​ទុក ហើយ​ទ្រព្យ​នោះ​ក៏​ពុំ​មែន​ជា​របស់​អ្នក​ផង តែ​ជា​របស់​ព្រះ​ទេតើ ឯ​ជីវិត​របស់​អ្នក​សោត ក៏​ជា​របស់​ព្រះ​ដែរ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពុំ​បាន​សុំទាន ហើយ​ក៏​ពុំ​ប្រែ​ចិត្ត​ចំពោះ​ការណ៍ ដែល​អ្នក​បាន​ប្រព្រឹត្ត​សោះ។

២៣យើង​សូម​ប្រាប់​អ្នក​ថា វេទនា​នឹង​មាន​ដល់​អ្នក​នោះ ព្រោះ​ទ្រព្យ​របស់​គេ​នឹង​វិនាស​ទៅ​ជា​មួយ​គេ​ដែរ ហើយ​ឥឡូវ​នេះ យើង​និយាយ​ពី​ការណ៍​ទាំង​នេះ​ទៅ​កាន់​អស់​អ្នក​ណា ដែល​ជា​អ្នក​មាន គឺ​មាន​សម្បត្តិ​ទ្រព្យ​ដែល​ទាក់​ទង​ទៅ​លើ​អ្វីៗ​នៃ​លោកិយ​នេះ។

២៤ហើយ​មួយ​ទៀត យើង​និយាយ​ទៅ​កាន់​អ្នក​ទាល់​ក្រ គឺ​ពួក​អ្នក​រាល់​គ្នា​ដែល​គ្មាន​ទ្រព្យ តែ​មាន​ល្មម​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទប់​ទល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​និយាយ​ដល់​អស់​អ្នក​ណា ដែល​បដិសេធ​អ្នក​សុំទាន ពី​ព្រោះ​អ្នក​រាល់​គ្នា​គ្មាន​អ្វី​នឹង​ឲ្យ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​នៅ​ក្នុង​ចិត្ត​ថា ៖ ខ្ញុំ​ពុំ​ដាក់​ទាន ព្រោះ​ខ្ញុំ​គ្មាន​អ្វី​សម្រាប់​ដាក់​ទាន​ទេ ប៉ុន្តែ​បើ​សិន​ជា​ខ្ញុំ​មាន ខ្ញុំ​នឹង​ដាក់​ទាន។

២៥ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​និយាយ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​គ្មាន​ទោស​ទេ បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ជាប់​ទោស ឯ​ការ​កាត់ទោស​មក​លើ​រូប​អ្នក គឺ​ត្រឹម​ត្រូវ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​លោភលន់​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល។

២៦ហើយ​ឥឡូវ​នេះ សម្រាប់​អ្វីៗ​ដែល​យើង​ទើប​តែ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​នេះ — គឺ​ថា ដើម្បី​ឲ្យ​មាន​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដើរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ព្រះ — យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចែករំលែក​នូវ​ទ្រព្យ​របស់​ខ្លួន ដល់​អ្នក​ទាល់​ក្រ មនុស្ស​ម្នាក់ៗ​ស្រប​តាម​អ្វី​ដែល​គេ​មាន ដូច​ជា​ឲ្យ​អាហារ​ដល់​អ្នក​អត់ឃ្លាន ឲ្យ​សំលៀកបំពាក់​ដល់​អ្នក​អាក្រាត ទៅ​មើល​អ្នក​ឈឺ ហើយ​ជួយ​គាំទ្រ​ដល់​គេ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ។

២៧ហើយ​ចូរ​ឲ្យ​ឃើញ​ថា គ្រប់​ការណ៍​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀបរៀបរយ ត្បិត​មិន​ត្រូវ​ឲ្យ​អ្នក​ណា​រត់​លឿន​ជាង​កម្លាំង ដែល​គេ​មាន​នោះ​ឡើយ។ ហើយ​មួយ​ទៀត ជា​ការ​ចាំ​បាច់​ឲ្យ​អ្នក​នោះ​ត្រូវ​ព្យាយាម​ដើម្បី​គេ​អាច​បាន​រង្វាន់ ហេតុ​ដូច្នេះ​ហើយ គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង តាម​របៀប​រៀបរយ។

២៨ហើយ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​ថា អ្នក​ណាមួយ​ក្នុង​ចំណោម​ពួក​អ្នក​រាល់​គ្នា​បាន​ខ្ចី​អ្វី​ពី​អ្នក​ជិត​ខាង ត្រូវ​តែ​សង​របស់​នោះ​ទៅ​គេ​វិញ ស្រប​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា ឬ​ពុំ​នោះ​សោត​ទេ អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រែង​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប​ផង​ដែរ។

២៩ហើយ​នៅ​ទី​បញ្ចប់ យើង​ពុំ​អាច​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​អស់​នូវ​ការណ៍​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ ព្រោះ​មាន​ផ្លូវ និង​បែប​ផ្សេងៗ​គ្នា គឺ​មាន​ជា​ច្រើន​ណាស់ ដែល​យើង​ពុំ​អាច​រៀប​រាប់​បាន​ឡើយ។

៣០ប៉ុន្តែ យើង​អាច​និយាយ​ប្រាប់​អ្នក​តែប៉ុណ្ណោះ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ប្រយ័ត្ន​ខ្លួន ទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្ដី​របស់​ខ្លួន និង​កិច្ចការ​របស់​ខ្លួន ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បន្ត​ទៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់​របស់​យើង រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ខ្លួន​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស។ ហើយ​ឥឡូវ​នេះ ឱ​មនុស្ស​លោក​អើយ សូម​ចងចាំ ហើយ​កុំ​វិនាស​បង់​ឡើយ៕