ព្រះគម្ពីរ
អាលម៉ា 45


ដំណើរ​រឿង​អំពី​ប្រជាជន​នីហ្វៃ និង​សង្គ្រាម​ទាំង​ឡាយ និង​ការ​បែកបាក់​គ្នា​របស់​គេ នៅ​ក្នុង​ជំនាន់​ហេលេមិន ស្រប​តាម​បញ្ជី​របស់​ហេលេមិន ដែល​លោក​បាន​កត់​ទុក​នៅ​ក្នុង​ជំនាន់​លោក។

មាន​រួម​ពី​ជំពូក​ទី ៤៥ ដល់ ៦២។

ជំពូក​ទី ៤៥

ហេលេមិន​ជឿ​តាម​ពាក្យ​របស់​អាលម៉ា — អាលម៉ា​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​នៃ​ពួក​សាសន៍​នីហ្វៃ — លោក​ប្រទាន​ពរ ហើយ​ដាក់​បណ្ដាសា​ដល់​ដែនដី — អាលម៉ា​ប្រហែលជា​ត្រូវ​ព្រះ​វិញ្ញាណ​នាំ​យក​ទៅ​លើ គឺ​ដូច​លោក​ម៉ូសេ — ការ​បែកបាក់​គ្នា​រីក​ធំ​ឡើង​នៅ​ក្នុង​សាសនាចក្រ។ ប្រមាណ​ជា​ឆ្នាំ ៧៣ ម.គ.ស.។

មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នីហ្វៃ​បាន​អរ​រីករាយ​ជា​ខ្លាំង ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ​ទៀត ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ មែន​ហើយ ពួក​គេ​បាន​តម​អាហារ​ជា​ច្រើន និង​អធិស្ឋាន​ជា​ច្រើន ហើយ​គេ​បាន​ថ្វាយ​បង្គំ​ដល់​ព្រះ ដោយ​សេចក្ដី​អំណរ​ដ៏​ធំ​លើសលប់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ដប់​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ទៅ​លើ​ប្រជាជន​នីហ្វៃ នោះ​អាលម៉ា​បាន​មក​រក​ហេលេមិន ជា​កូន​ប្រុស​របស់​លោក ហើយ​និយាយ​ទៅ​គាត់​ថា ៖ តើ​កូន​ជឿ​នូវ​ពាក្យ​ដែល​ឪពុក​បាន​និយាយ​នឹង​កូន​អំពី​បញ្ជី​ទាំង​នោះ ដែល​បាន​កត់​ទុក​ឬ​ទេ?

ហើយ​ហេលេមិន​បាន​តប​ទៅ​លោក​ថា ៖ បាទ ខ្ញុំ​ជឿ។

ហើយ​អាលម៉ា​បាន​និយាយ​ទៀត​ថា ៖ តើ​កូន​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​នឹង​យាង​មក​ឬ​ទេ?

ហើយ​គាត់​បាន​ឆ្លើយ​ថា ៖ បាទ ខ្ញុំ​ជឿ​នូវ​ពាក្យ​ទាំង​អស់​ដែល​ឪពុក​មាន​ប្រសាសន៍។

ហើយ​អាលម៉ា​បាន​និយាយ​ទៅ​កូន​ទៀត​ថា ៖ តើ​កូន​នឹង​រក្សា​បញ្ញត្តិ​របស់​ឪពុក​ឬ​ទេ?

ហើយ​គាត់​បាន​ឆ្លើយ​ថា ៖ បាទ ខ្ញុំ​នឹង​រក្សា​បញ្ញត្តិ​ទាំង​ឡាយ​របស់​ឪពុក​ឲ្យ​អស់​ពី​ដួង​ចិត្ត។

ខណៈ​នោះ អាលម៉ា​បាន​និយាយ​ទៅ​កាន់​កូន​ថា ៖ កូន​មាន​ពរ​ហើយ ហើយ​សូម​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់ ធ្វើ​ឲ្យ​កូន​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី​នេះ​ចុះ។

ប៉ុន្តែ​មើល​ចុះ ឪពុក​មាន​ការណ៍​ខ្លះ ចង់​ព្យាករ​ប្រាប់​កូន ប៉ុន្តែ​អ្វី​ដែល​ឪពុក​ព្យាករ​ប្រាប់​កូន នោះ​កូន​មិន​ត្រូវ​ប្រាប់​ឲ្យ​នរណា​ដឹង​ឲ្យ​សោះ មែន​ហើយ អ្វី​ដែល​ឪពុក​ព្យាករ​ប្រាប់ នោះ​កូន​មិន​ត្រូវ​បញ្ចេញ​ឲ្យ​គេ​ដឹង​ឡើយ គឺ​រហូត​ដល់​ពេល​ការ​ព្យាករណ៍​នោះ​បាន​បំពេញ ហេតុ​ដូច្នេះ​ហើយ ចូរ​កូន​កត់​នូវ​ពាក្យ​ទាំង​ឡាយ ដែល​ឪពុក​នឹង​និយាយ​ចុះ។

១០ហើយ​នេះ​គឺជា​ពាក្យ​ទាំង​នោះ ៖ មើល​ចុះ ដោយ​វិញ្ញាណ​នៃ​វិវរណៈ​ដែល​នៅ​ក្នុង​ខ្លួន​ឪពុក ឪពុក​យល់​ឃើញ​ថា ប្រជាជន​នេះ គឺ​ពួក​សាសន៍​នីហ្វៃ ក្រោយ​រយៈ​ពេល​បួន​រយ​ឆ្នាំ ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​គេ នោះ​ពួក​គេ​នឹង​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ។

១១មែន​ហើយ ហើយ​នៅ​ពេល​នោះ ពួក​គេ​នឹង​ឃើញ​សង្គ្រាម​ទាំង​ឡាយ និង​ជំងឺ​អាសន្នរោគ​ទាំង​ឡាយ មែន​ហើយ អំណត់​អត់ និង​ការ​ខ្ចាយ​ឈាម គឺ​រហូត​ដល់​ប្រជាជន​នីហ្វៃ​ត្រូវ​សាបសូន្យ​អស់​ទៅ។

១២មែន​ហើយ ការណ៍​នេះ​ក៏​ដោយ​សារ​ពួក​គេ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​ធ្លាក់​ទៅ​ក្នុង​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត និង​អំពើ​អាសអាភាស និង​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់ មែន​ហើយ ឪពុក​ប្រាប់​កូន​ថា ដោយ​មក​ពី​ពួក​គេ​ធ្វើ​អំពើ​បាប​ទាស់​នឹង​ពន្លឺ និង​ការ​ចេះ​ដឹង​ដ៏​មហិមា មែន​ហើយ ឪពុក​ប្រាប់​កូន​ថា ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គឺ​តំណ​ទី​បួន​នឹង​មិនទាន់​ស្លាប់​ទៅ​ផង នោះ​អំពើ​ទុច្ចរិត​ដ៏​មហិមា​នេះ​នឹង​កើត​ឡើង។

១៣ហើយ​កាលណា​ថ្ងៃ​ដ៏​មហិមា​នោះ​មក​ដល់ មើល​ចុះ ពេល​នោះ​មក​ដល់​យ៉ាង​ឆាប់​រហ័ស ដែល​អស់​អ្នក​ណា​រស់នៅ​សព្វ​ថ្ងៃ​នេះ ឬ​ពូជ​ពង្ស​នៃ​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​នៅ​ពេល​ឥឡូវ​នេះ នឹង​មិន​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទៀត​ទេ

១៤ប៉ុន្តែ អស់​អ្នក​ណា​ដែល​នៅ​សល់ ហើយ​ដែល​មិន​ត្រូវ​បំផ្លាញ​បង់​នៅ​ក្នុង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នោះ នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ហើយ​នឹង​ក្លាយ​ទៅ​ដូច​ជា​ពួក​នោះ​ទាំង​អស់​គ្នា លើក​លែងតែ​មួយ​ចំនួន​តូច​ដែល​នឹង​ត្រូវ​បាន​ហៅ​ថា ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ហើយ​ឯ​ពួក​គេ​នេះ ពួក​សាសន៍​លេមិន​នឹង​ដេញ​សម្លាប់ រហូត​ដល់​ពួក​គេ​នឹង​ត្រូវ​សាបសូន្យ​អស់​ទៅ។ ហើយ​ឥឡូវ​នេះ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត នោះ​ការ​ព្យាករណ៍​នេះ​នឹង​ត្រូវ​បាន​បំពេញ។

១៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អាលម៉ា​បាន​និយាយ​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ហេលេមិន​ចប់​ហើយ នោះ​លោក​បាន​ប្រទាន​ពរ​ឲ្យ​ហេលេមិន ព្រម​ទាំង​កូន​ប្រុស​ឯ​ទៀត​របស់​លោក​ផង ហើយ​លោក​ក៏​បាន​ប្រទាន​ពរ​ដល់​ផែនដី​ដើម្បី​មនុស្ស​សុចរិត

១៦ហើយ​លោក​បាន​និយាយ​ថា ៖ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា — ដែនដី​នឹង​ត្រូវ​បណ្ដា​សា មែន​ហើយ គឺ​ដែនដី​នេះ ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន​ដែល​ធ្វើ​អំពើ​ទុច្ចរិត ដល់​សេចក្ដី​បំផ្លិចបំផ្លាញ កាលណា​ពួក​គេ​ទុំ​សុស ហើយ​ដូច​ជា​ឪពុក​បាន​និយាយ​មក​យ៉ាង​ណា នោះ​នឹង​កើត​ឡើង​យ៉ាង​នោះ​ដែរ ព្រោះ​នេះ​គឺជា​ការ​ដាក់​បណ្ដា​សា និង​ការ​ប្រទាន​ពរ​របស់​ព្រះ​មក​លើ​ដែនដី​នេះ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​មិន​អាច​ទត​មើល​អំពើ​បាប សូម្បីតែ​បន្តិចបន្តួច​ក៏​មិន​បាន​ឡើយ។

១៧ហើយ​ឥឡូវ​នេះ កាល​អាលម៉ា​បាន​ពោល​ពាក្យ​ទាំង​នេះ​ហើយ នោះ​លោក​ក៏​ប្រទាន​ពរ​ដល់​សាសនាចក្រ មែន​ហើយ ដល់​អស់​អ្នក​ណា​ដែល​ឈរ​យ៉ាង​រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ ចាប់​ពី​ពេល​នោះ​ត​ទៅ។

១៨ហើយ​កាល​អាលម៉ា​បាន​ធ្វើ​យ៉ាង​នេះ​ហើយ នោះ​លោក​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ដែនដី​សារ៉ាហិមឡា ហាក់​ដូច​ជា​ចូល​ទៅ​ក្នុង​ដែនដី​មេលេក។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្មាន​អ្នក​ណា​ឮ​ដំណឹង​អ្វី​ពី​លោក​ទៀត​ឡើយ ឯ​ការ​ស្លាប់ ឬ​ការ​បញ្ចុះ​សព​របស់​លោក​ក៏​យើង​ពុំ​ដឹង​ដែរ។

១៩មើល​ចុះ យើង​ដឹង​យ៉ាង​នេះ​ថា លោក​គឺជា​មនុស្ស​សុចរិត​ម្នាក់ ហើយ​មាន​ពាក្យ​ពោល​ពេញ​តាម​សាសនាចក្រ​ថា លោក​ត្រូវ​បាន​ព្រះ​វិញ្ញាណ​នាំ​យក​ទៅ ឬ​ត្រូវ​បាន​បញ្ចុះ​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ គឺ​ដូច​ជា​លោក​ម៉ូសេ​ដែរ ប៉ុន្តែ​មើល​ចុះ បទគម្ពីរ​ទាំង​ឡាយ បាន​ចែង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​យក​លោក​ម៉ូសេ​ទៅ​ឯ​ព្រះ​អង្គ ហើយ​យើង​សន្និដ្ឋាន​ថា ទ្រង់​ក៏​បាន​ទទួល​យក​អាលម៉ា​នៅ​ក្នុង​វិញ្ញាណ​ទៅ​ឯ​ព្រះ​អង្គ​ដែរ ហេតុដូច្នេះ ដោយ​ហេតុ​នេះ​ហើយ យើង​ពុំ​ដឹង​អ្វី​ទាំង​អស់​អំពី​ការ​ស្លាប់ និង​ការ​បញ្ចុះ​សព​របស់​លោក​ឡើយ។

២០ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ដើម​ឆ្នាំ​ទី​ដប់​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ នោះ​ហេលេមិន​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ប្រជាជន ដើម្បី​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដល់​ពួក​គេ។

២១ត្បិត​មើល​ចុះ ដោយ​ព្រោះ​សង្គ្រាម​ទាំង​ឡាយ​របស់​គេ​ជាមួយ​នឹង​ពួក​សាសន៍​លេមិន ហើយ​ការ​បែកបាក់​គ្នា​តូចៗ​ជា​ច្រើន និង​ការ​បះបោរ​ទាំង​ឡាយ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន គឺ​វា​ក្លាយ​ទៅ​ជា​ការ​ចាំ​បាច់​ថា ព្រះ​បន្ទូល​នៃ​ព្រះ​ត្រូវ​តែ​បាន​ប្រកាស​នៅ​ក្នុង​ចំណោម​ពួក​គេ មែន​ហើយ គឺ​របៀប​ចាត់ចែង​មួយ​ត្រូវ​តែ​ធ្វើ​ឡើង​ទូ​ទៅ​ទាំង​សាសនាចក្រ។

២២ហេតុ​ដូច្នេះ​ហើយ ហេលេមិន និង​បង​ប្អូន​លោក បាន​ចេញ​ទៅ​តាំង​សាសនាចក្រ​ជាថ្មី នៅ​អស់​ទាំង​ដែនដី មែន​ហើយ នៅ​គ្រប់​ទី​ក្រុង​ទូ​ទៅ អស់​ទាំង​ដែនដី​ដែល​ជា​កម្ម​សិទ្ធ​របស់​ប្រជាជន​នីហ្វៃ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​តែងតាំង​ពួក​សង្ឃ និង​ពួក​គ្រូ​ទូ​ទៅ​អស់​ទាំង​ដែនដី​នៅ​លើ​គ្រប់​ទាំង​សាសនាចក្រ។

២៣ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ហេលេមិន និង​បង​ប្អូន​លោក​បាន​តែងតាំង​ពួក​សង្ឃ និង​ពួក​គ្រូ​ឲ្យ​នៅ​លើ​សាសនាចក្រ​រួច​ហើយ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​មួយ​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​តាម​ពាក្យ​ពេចន៍​របស់​ហេលេមិន និង​បង​ប្អូន​លោក​ឡើយ។

២៤តែ​ពួក​គេ​បាន​ទៅ​ជា​ឆ្មើងឆ្មៃ​ទៅ​វិញ ដោយ​លើក​ខ្លួន​ឡើង​ក្នុង​ចិត្ត​របស់​គេ ដោយ​ព្រោះ​ទ្រព្យ​ដ៏​ច្រើន​លើសលប់​របស់​គេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ទៅ​ជា​អ្នក​មាន​នៅ​ចំពោះ​ភ្នែក​របស់​គេ​ផ្ទាល់ ហើយ​ពុំ​ស្ដាប់​បង្គាប់​តាម​ពាក្យ​ពេចន៍​របស់​អ្នក​ទាំង​នោះ ដើម្បី​ដើរ​ដោយ​ត្រង់​នៅ​ចំពោះ​ព្រះ​ឡើយ៕