ព្រះគម្ពីរ
អាលម៉ា 2


ជំពូក​ទី ២

អាំលីសៃ​ស្វែងរក​ធ្វើ​ជា​ស្ដេច ហើយ​ត្រូវ​បាន​បដិសេធ​សំឡេង​នៃ​ប្រជាជន — ពួក​អ្នក​ដើរ​តាម​លោក គេ​លើក​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច — ពួក​សាសន៍​អាំលីសៃ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​នីហ្វៃ តែ​ត្រូវ​បរាជ័យ — ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​អាំលីសៃ​បង្រួម​ទ័ព​គ្នា តែ​ត្រូវ​បរាជ័យ — អាលម៉ា​ប្រហារ អាំលីសៃ​ចោល។ ប្រមាណ​ជា​ឆ្នាំ ៨៧ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​ប្រាំ​ក្នុង​រជ្ជកាល​របស់​គេ នោះ​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​គ្នា​មួយ​នៅ​ក្នុង​ចំណោម​ប្រជាជន ត្បិត​មាន​បុរស​ម្នាក់ ដែល​ហៅ​ថា អាំលីសៃ គាត់​ជា​មនុស្ស​ប្រកប​ដោយ​កលល្បិច មែន​ហើយ ជា​មនុស្ស​មាន​ប្រាជ្ញា ស្រប​តាម​ប្រាជ្ញា​នៃ​លោកិយ គាត់​ធ្វើ​តាម​របៀប​បុរស​ដែល​បាន​សម្លាប់​គេឌាន​ដោយ​ដាវ ជា​អ្នក​ដែល​ត្រូវ​ប្រហារជីវិត​ចោល​តាម​ច្បាប់ —

ឥឡូវ​នេះ ឈ្មោះ​អាំលីសៃ​នេះ ដោយ​កលល្បិច​របស់​គាត់ បាន​ទាក់​ទាញ​មនុស្ស​ជាច្រើន​ឲ្យ​ទៅ​តាម​គាត់ រហូត​ដល់​ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​កម្លាំង​ដ៏​ខ្លាំង ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ខិតខំ​លើក​អាំលីសៃ​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជាជន។

ឥឡូវ​នេះ ការណ៍​នេះ​ធ្វើ​ឲ្យ​ភិតភ័យ​ដល់​ប្រជាជន​នៃ​សាសនាចក្រ ព្រម​ទាំង​ដល់​អស់​អ្នក​ណា​ដែល​ពុំ​បាន​ទាក់​ទាញ តាម​ការ​បញ្ចុះ​បញ្ចូល​ទាំង​ឡាយ​របស់​អាំលីសៃ ត្បិត​ពួក​គេ​ដឹង​តាម​ច្បាប់​របស់​គេ​ថា ការណ៍​បែប​នេះ​ត្រូវ​តែ​បាន​ធ្វើ​ឡើង​ដោយ​សំឡេង​នៃ​ប្រជាជន។

ហេតុ​ដូច្នេះ​ហើយ ប្រសិនបើ​អាំលីសៃ​ដែល​ជា​មនុស្ស​ទុច្ចរិត អាច​បាន​ទទួល​សំឡេង​របស់​ប្រជាជន នោះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​ទាំង​ឡាយ​របស់​គេ និង​ឯក​សិទ្ធ​ទាំង​ឡាយ​របស់​សាសនាចក្រ ព្រោះ​គាត់​មាន​បំណង​ចង់​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ​ចោល។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​បាន​ប្រជុំ​គ្នា​ទូ​ទៅ​អស់​ទាំង​ដែនដី គឺ​មនុស្ស​គ្រប់​រូប​ស្រប​តាម​គំនិត​របស់​ខ្លួន​ថា តើ​គេ​គាំទ្រ ឬ​ជំទាស់​នឹង​អាំលីសៃ តាម​ក្រុម​ដោយ​ឡែកៗ ដោយ​មាន​ការ​ជជែក​គ្នា​ជា​ខ្លាំង និង​ការ​ទាស់ទែង​គ្នា​ដ៏​អស្ចារ្យ។

ម្ល៉ោះ​ហើយ ពួក​គេ​បាន​ប្រជុំ​គ្នា ដើម្បី​បោះ​សំឡេង​គេ​អំពី​រឿង​នេះ ហើយ​ពួក​គេ​បាន​យក​ពាក្យ​ទៅ​លាតត្រដាង​ខាង​មុខ​ពួក​ចៅក្រម។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​របស់​ប្រជាជន​ទាស់​នឹង​អាំលីសៃ​ថា គាត់​មិន​ត្រូវ​ធ្វើ​ជា​ស្ដេច​លើ​ប្រជាជន​ទេ។

ឥឡូវ​នេះ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង នៅ​ក្នុង​ចិត្ត​នៃ​ពួក​អ្នក​ដែល​ទាស់​នឹង​គាត់ ប៉ុន្តែ​អាំលីសៃ​បាន​ចាក់​រុក​ពួក​អ្នក​ដែល​គាំទ្រ​គាត់ ឲ្យ​ខឹង​នឹង​អស់​អ្នក​ណា​ដែល​មិន​គាំទ្រ​គាត់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ប្រជុំ​គ្នា ហើយ​បាន​ញែក​អាំលីសៃ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​គេ​វិញ។

១០ឥឡូវ​នេះ កាល​អាំលីសៃ​បាន​ធ្វើ​ជា​ស្ដេច​លើ​ពួក​គេ​ហើយ នោះ​ទ្រង់​បាន​បញ្ជា​ពួក​គេ ឲ្យ​លើក​អាវុធ​ប្រឆាំង​នឹង​បងប្អូន​ខ្លួន ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ ដើម្បី​ទ្រង់​អាច​ដាក់​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច​ទ្រង់។

១១ឥឡូវ​នេះ ប្រជាជន​អាំលីសៃ ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​អាំលីសៃ ដោយ​បាន​ហៅ​ថា ពួក​សាសន៍​អាំលីសៃ ហើយ​ប្រជាជន​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ត្រូវ​បាន​ហៅ​ថា ពួក​សាសន៍​នីហ្វៃ ឬ​រាស្ត្រ​នៃ​ព្រះ។

១២ហេតុ​ដូច្នេះ​ហើយ ប្រជាជន​នៃ​សាសន៍​នីហ្វៃ​បាន​ដឹង​បំណង​របស់​ពួក​សាសន៍​អាំលីសៃ ម្ល៉ោះ​ហើយ ពួក​គេ​បាន​រៀបចំ​ដើម្បី​តទល់​នឹង​ពួក​គេ មែន​ហើយ ពួក​គេ​បាន​ប្រដាប់​ខ្លួន​ដោយ​ដាវ និង​កាំបិត និង​ធ្នូ និង​ព្រួញ និង​ក្រួស និង​ខ្សែ​ដង្ហក់ និង​អស់​ទាំង​គ្រឿង​សស្ត្រាវុធ​ពិជ័យសង្គ្រាម​គ្រប់​បែប​យ៉ាង។

១៣ហើយ​ពួក​គេ​បាន​រៀបចំ​ខ្លួន​យ៉ាង​ដូច្នោះ​ហើយ ដើម្បី​តទល់​នឹង​ពួក​សាសន៍​អាំលីសៃ នៅ​ពេល​ពួក​នោះ​នឹង​មក​ដល់។ ហើយ​បាន​តែងតាំង​មេទ័ព និង​មេទ័ព​ជាន់​ខ្ពស់ និង​មេទ័ព​ឯក​ទាំង​ឡាយ ស្រប​តាម​ចំនួន​ទ័ព។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាំលីសៃ​បាន​ប្រដាប់​អាវុធ​ដល់​ប្រជាជន​ទ្រង់ ដោយ​អស់​ទាំង​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​បាន​តែងតាំង​មេ​ត្រួតត្រា និង​មេដឹកនាំ​លើ​ប្រជាជន​ទ្រង់ ដើម្បី​នាំ​គេ​ទៅ​ធ្វើ​សង្គ្រាម​នឹង​បងប្អូន​រួម ជាតិ​របស់​ខ្លួន។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​អាំលីសៃ​បាន​មក​លើ​ភ្នំ​អាំណៃហ៊ូ នៅ​ខាង​កើត​ទន្លេ​ស៊ីដូន ដែល​ហូរ​បណ្ដោយ​តាម​ដែនដី​សារ៉ាហិមឡា ហើយ​នៅ​ទី​នោះ​ហើយ​ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ។

១៦ឥឡូវ​នេះ អាលម៉ា ជា​មេ​ចៅក្រម ហើយ​ជា​អ្នក​អភិបាល​លើ​ប្រជាជន​នីហ្វៃ ហេតុ​ដូច្នេះ​ហើយ លោក​បាន​ឡើង​ទៅ​ជាមួយ​នឹង​ប្រជាជន​របស់​លោក មែន​ហើយ ជាមួយ​នឹង​មេទ័ព និង​មេទ័ព​ឯក​ទាំង​ឡាយ​របស់​លោក មែន​ហើយ លោក​បាន​ដើរ​ខាង​មុខ​ពល​ទ័ព​របស់​លោក ទៅ​ច្បាំង​នឹង​ពួក​សាសន៍​អាំលីសៃ។

១៧ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​សម្លាប់​ពួក​សាសន៍​អាំលីសៃ​នៅ​លើ​ភ្នំ​ខាង​កើត​ស៊ីដូន។ ហើយ​ពួក​សាសន៍​អាំលីសៃ​បាន​តតាំង​ជា​មួយ​នឹង​ពួក​នីហ្វៃ​ដោយ​កម្លាំង​ដ៏​ខ្លាំង ដរាប​ដល់​មាន​ពួក​នីហ្វៃ​ជាច្រើន​បាន​ដួល​ចុះ​នៅ​ចំពោះ​ពួក​សាសន៍​អាំលីសៃ។

១៨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ដល់​ដៃ​របស់​ពួក​នីហ្វៃ​ដែរ រហូត​ដល់​ពួក​គេ​បាន​សម្លាប់​ពួក​សាសន៍​អាំលីសៃ​ដោយ​ការ​កាប់​សម្លាប់​ដ៏​ធំ ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​រត់គេច​ចេញ​ទៅ។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​នីហ្វៃ​បាន​ដេញ​តាម​ពួក​អាំលីសៃ​អស់​ពេញ​មួយ​ថ្ងៃ ហើយ​បាន​សម្លាប់​ពួក​គេ​ដោយ​ការ​កាប់​សម្លាប់​ដ៏​ច្រើន ដរាប​ដល់​ចំនួន​ពួក​អាំលីសៃ​ដែល​ត្រូវ​ស្លាប់​ឡើង​ដល់​មួយ​ម៉ឺន​ពីរ​ពាន់​ប្រាំ​រយ​សាមសិប​ពីរ​នាក់ ហើយ​ពួក​នីហ្វៃ​ដែល​ត្រូវ​បាន​ស្លាប់​មាន​ចំនួន​ប្រាំមួយ​ពាន់​ប្រាំ​រយ​ហុកសិប​ពីរ​នាក់។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អាលម៉ា​មិន​អាច​ដេញ​តាម​ពួក​អាំលីសៃ​ត​ទៅ​ទៀត​ទេ នោះ​លោក​បាន​បញ្ជា​ឲ្យ​ទ័ព​លោក​បោះ​ត្រសាល​នៅ​ក្នុង​ច្រក​ភ្នំ​គេឌាន គឺ​ច្រក​ភ្នំ​ដែល​ហៅ​តាម​ឈ្មោះ​គេឌាន ដែល​ត្រូវ​នីហូរ​សម្លាប់​ដោយ​ដាវ​នោះ ហើយ​នៅ​ក្នុង​ច្រក​ភ្នំ​នេះ​ហើយ​ដែល​ពួក​នីហ្វៃ​បាន​បោះ​ត្រសាល​ក្នុង​យប់​នោះ។

២១ហើយ​អាលម៉ា​បាន​ចាត់​ឲ្យ​អ្នក​ស៊ើប​ការណ៍​ទៅ​តាម​ពួក​អាំលីសៃ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដើម្បី​លោក​អាច​ដឹង​នូវ​ផែនការ​ទាំង​ឡាយ​របស់​ពួក​គេ និង​គម្រោងការណ៍​ទាំង​ឡាយ​របស់​ពួក​គេ ដើម្បី​លោក​អាច​ការ​ពារ​ខ្លួន​តទល់​នឹង​ពួក​គេ ហើយ​ដើម្បី​លោក​អាច​រក្សា​ប្រជាជន​លោក​កុំ​ឲ្យ​ត្រូវ​បំផ្លាញ​បង់។

២២ឥឡូវ​នេះ ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​ទៅ​លប​មើល​ទីតាំង​របស់​ពួក​សាសន៍​អាំលីសៃ នោះ​មាន​ឈ្មោះ​ថា ស៊ីរាំ និង​អាំណូរ និង​ម៉ាន់តៃ និង​លិមហើរ ពួក​គេ​នេះ​ហើយ​ដែល​បាន​ចេញ​ទៅ​ជាមួយ​ទ័ព​របស់​គេ​ដើម្បី​ទៅ​លប​មើល​ជំរំ​របស់​ពួក​អាំលីសៃ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង ពួក​គេ​បាន​ត្រឡប់​មក​ដល់​ជំរំ​របស់​ពួក​នីហ្វៃ​វិញ​ដោយ​ប្រញាប់​ប្រញាល់​ជា​ខ្លាំង ដោយ​មាន​ការ​តក់​ស្លុត​ហួស​ប្រមាណ ព្រម​ទាំង​ពោរពេញ​ទៅ​ដោយ​ការ​ភិតភ័យ ក៏​និយាយ​ថា ៖

២៤មើល​ចុះ ពួក​យើង​បាន​ទៅ​តាម​លប​មើល​ជំរំ​របស់​ពួក​សាសន៍​អាំលីសៃ ហើយ​យើង​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ដែនដី ម៉ៃណុន នៅ​ខាង​លើ​ដែនដី​សារ៉ាហិមឡា ខាង​ទិស​ដែនដី​នីហ្វៃ យើង​បាន​ឃើញ​ពួក​ពល​របស់​ពួក​លេមិន​យ៉ាង​ច្រើន​កុះករ ហើយ មើល​ចុះ ពួក​អាំលីសៃ​បាន​ចូលរួម​ជាមួយ​នឹង​ពួក​គេ​ទៅ​ហើយ

២៥ហើយ​ពួក​គេ​បាន​វាយ​មក​លើ​បងប្អូន​យើង​ដែល​នៅ​លើ​ដែនដី​នោះ ហើយ​បងប្អូន​យើង​កំពុងតែ​រត់គេច​ចេញ​ពី​ពួក​គេ​ជាមួយ​នឹង​ហ្វូង​ចៀម​របស់​គេ និង​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ ឆ្ពោះ​មក​កាន់​ទី​ក្រុង​របស់​យើង ហើយ​លើក​លែង​តែ​យើង​ទៅ​ដោយ​រួសរាន់ នោះ​ពួក​គេ​នឹង​វាយ​យក​ទី​ក្រុង​របស់​យើង ហើយ​ឪពុក​យើង និង​ប្រពន្ធ​យើង និង​កូន​ចៅ​យើង​នឹង​ត្រូវ​ពួក​គេ​សម្លាប់​ចោល​ជា​មិន​ខាន​ឡើយ។

២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នីហ្វៃ​បាន​រើ​ត្រសាល​របស់​ខ្លួន ហើយ​ចាក​ចេញ​ពី​ច្រក​ភ្នំ​គេឌាន​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​របស់​ខ្លួន គឺជា​ទី​ក្រុង​សារ៉ាហិមឡា​វិញ។

២៧ហើយ​មើល​ចុះ នៅ​ពេល​ពួក​គេ​កំពុងតែ​ឆ្លងទន្លេ​ស៊ីដូន​នៅ​ឡើយ នោះ​ពួក​លេមិន និង​ពួក​អាំលីសៃ ដែល​មាន​គ្នា​ច្រើន​ដូច​ជា​ខ្សាច់​នៅ​មាត់សមុទ្រ បាន​វាយ​មក​លើ​គេ​ដើម្បី​បំផ្លាញ​ពួក​គេ​ចោល។

២៨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​នីហ្វៃ​បាន​ទទួល​កម្លាំង​ពី​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់​ដែរ ដោយ​បាន​អធិស្ឋាន​អស់​ពី​សមត្ថ​ភាព​ទៅ​ទ្រង់ សូម​ឲ្យ​ទ្រង់​ដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​បាន​ឮ​សម្រែក​របស់​ពួក​គេ ហើយ​បាន​ចម្រើន​កម្លាំង​ពួក​គេ ឯ​ពួក​លេមិន និង​ពួក​អាំលីសៃ ក៏​ត្រូវ​ដួល​ចុះ​ចំពោះ​មុខ​គេ​ទៅ។

២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​ប្រយុទ្ធ​ជាមួយ​នឹង​អាំលីសៃ​ដោយ​ដាវ ប្រទល់​មុខ ហើយ​គេ​បាន​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា ជា​អ្នក​សំណប់​នៃ​ព្រះ ដោយ​បាន​អនុវត្ត​ស្ដេច​ក្ដី​ជំនឿ​ដ៏​ច្រើន​បាន​ស្រែក​អំពាវ​នាវ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា ហើយ​ប្រោសប្រណី​ដល់​ជីវិត​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​អាច​បាន​ទៅ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់ ដើម្បី​ជួយសង្គ្រោះ ហើយ​ថែរក្សា​ប្រជាជន​នេះ។

៣១ឥឡូវ​នេះ កាល​អាលម៉ា​បាន​និយាយ​ពាក្យ​ទាំង​នោះ​ហើយ នោះ​លោក​បាន​ប្រយុទ្ធ​នឹង​អាំលីសៃ​ទៀត ហើយ​លោក​បាន​ទទួល​កម្លាំង​ដ៏​ច្រើន ដរាប​ដល់​លោក​បាន​សម្លាប់​អាំលីសៃ​ដោយ​ដាវ​ផ្ទាល់។

៣២ហើយ​លោក​ក៏​បាន​ប្រយុទ្ធ​នឹង​ស្ដេច​នៃ​ពួក​លេមិន​ដែរ ប៉ុន្តែ​ស្ដេច​របស់​ពួក​លេមិន​បាន​រត់​ថយ​ចេញ​ពី​អាលម៉ា ហើយ​បាន​បញ្ជា​ឲ្យ​ពួក​ទាហាន​ទ្រង់​ប្រយុទ្ធ​ជាមួយ​នឹង​អាលម៉ា​វិញ។

៣៣ប៉ុន្តែ អាលម៉ា​ជាមួយ​នឹង​ពួក​ទាហាន​យាម​របស់​លោក​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ទាហាន​យាម​របស់​ស្ដេច​នៃ​ពួក​លេមិន រហូត​ដល់​លោក​បាន​សម្លាប់ ហើយ​រុញច្រាន​ពួក​គេ​ថយ​ក្រោយ​វិញ។

៣៤ម្ល៉ោះ​ហើយ លោក​បាន​រំលីង​ទី​សមរភូមិ ឬ​និយាយ​ឲ្យ​ចំ គឺជា​ទី​នៅ​ខាង​លិច​ទន្លេ​ស៊ីដូន ដោយ​បាន​បោះ​សាកសព​ពួក​លេមិន ដែល​ត្រូវ​បាន​ស្លាប់​ទៅ​ក្នុង​ទឹកទន្លេ​ស៊ីដូន ដើម្បី​ឲ្យ​ទ័ព​របស់​លោក​មាន​កន្លែង​ឆ្លង ហើយ​ប្រយុទ្ធ​នឹង​ពួក​លេមិន និង​ពួក​អាំលីសៃ​នៅ​ត្រើយ​ខាង​លិច​ទន្លេ​ស៊ីដូន។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ឆ្លងទន្លេ​ស៊ីដូន​អស់​ហើយ នោះ​ពួក​លេមិន និង​ពួក​អាំលីសៃ​បាន​ចាប់​ផ្ដើម​រត់គេច​ពី​ពួក​គេ ទោះ​ជា​ពួក​គេ​មាន​គ្នា​ច្រើន​ឥត​គណនា ដែល​មិន​អាច​រាប់​បាន​ក៏​ដោយ។

៣៦ហើយ​ពួក​គេ​បាន​រត់គេច​ចេញ​ពី​ពួក​នីហ្វៃ​ឆ្ពោះ​ទៅ​ទី​រហោស្ថាន ដែល​នៅ​ខាង​លិច និង​ខាង​ជើង ឆ្ងាយ​ផុត​ពី​ព្រំប្រទល់​នៃ​ដែនដី ហើយ​ពួក​នីហ្វៃ​បាន​ដេញ​តាម​ពួក​គេ​ដោយ​សមត្ថ​ភាព​របស់​ខ្លួន ហើយ​បាន​សម្លាប់​ពួក​គេ​ចោល​ទៅ។

៣៧មែន​ហើយ ពួក​គេ​ត្រូវ​បាន​វាយ​ពី​គ្រប់​ទិសទី ហើយ​ត្រូវ​បាន​ស្លាប់ និង​ត្រូវ​បាន​រុញច្រាន រហូត​ដល់​ពួក​គេ​ត្រូវ​បែកខ្ញែក​ទៅ​ខាង​លិច និង​ទៅ​ខាង​ជើង រហូត​ដល់​ពួក​គេ​បាន​ទៅ​ដល់​ទី​រហោស្ថាន ដែល​ហៅ​ថា ហើម៉ោនត៍ ហើយ​គឺជា​ផ្នែក​នៃ​ទី​រហោស្ថាន ដែល​រស់​នៅ​ដោយ​ពួក​សត្វ​ព្រៃ​សាហាវៗ។

៣៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ជាច្រើន​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោស្ថាន​នោះ ដោយ​ព្រោះ​មាន​របួស ហើយ​ត្រូវ​ពួក​សត្វ​ទាំង​នោះ ព្រម​ទាំង​ពួក​សត្វ​ត្មាត ដែល​ហើរ​នៅ​លើ​អាកាស ខាំ​ហែក​ស៊ី​ផង ឯ​ឆ្អឹង​ពួក​គេ ក៏​ឃើញ​គរ​ចោល​នៅ​ពាសពេញ​លើ​ដី៕