ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អេណុស


« អេណុស » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

« អេណុស » ដំណើររឿង​ព្រះគម្ពីរ​មរមន

អេណុស ១

អេណុស

ការអធិស្ឋាន​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​ព្រះអម្ចាស់

រូបភាព
អេណុស​កំពុង​ប្រមាញ់

យ៉ាកុប​បាន​ប្រគល់​ផ្ទាំង​ទាំងនេះ​ទៅ​ឲ្យ​កូនប្រុស​របស់​លោក​ឈ្មោះ​អេណុស ។ អេណុស​បាន​សរសេរ​លើ​ផ្ទាំង​ទាំងនោះ​ដូចជា​យ៉ាកុប​បាន​ធ្វើ​ដែរ ។ នៅ​ថ្ងៃមួយ អេណុស​បាន​ទៅ​ប្រមាញ់​សត្វ​ក្នុង​ព្រៃ ។ លោក​នឹកចាំ​ពី​អ្វី​ដែល​ឪពុក​របស់​លោក​បាន​បង្រៀន​អំពី​ព្រះអម្ចាស់ ។ យ៉ាកុប​បាន​បង្រៀន​អេណុស​ថា ការធ្វើតាម​ព្រះអម្ចាស់​នឹង​នាំឲ្យ​លោក​មាន​អំណរ ។

យ៉ាកុប ៧:២៧; អេណុស ១:២–៣

រូបភាព
អេណុស​កំពុង​អធិស្ឋាន​នៅពេល​ថ្ងៃ

អេណុស​ចង់​មាន​អំណរ ដែល​ឪពុក​របស់​លោក​បាន​និយាយ​នោះ ។ លោក​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់ ។ លោក​បាន​អធិស្ឋាន​ពេញ​មួយ​យប់​រហូត​ទល់​ភ្លឺ ។

អេណុស ១:៣–៤

រូបភាព
អេណុស​មើល​ទៅលើ​មេឃ

ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​អេណុស​ថា អំពើបាប​របស់​លោក​ត្រូវបាន​អភ័យទោស​ឲ្យ​ហើយ ។ អេណុស​មាន​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង ។ អេណុស​ទទួល​បាន​ពរជ័យ ដោយសារតែ​សេចក្ដី​ជំនឿ​របស់​លោក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

អេណុស ១:៣, ៥–៨

រូបភាព
អេណុស​កំពុង​អធិស្ឋាន​នៅពេល​យប់

អេណុស​ចង់​ឲ្យ​ពួកសាសន៍​នីហ្វៃ​មាន​អារម្មណ៍​សុភមង្គល​ដូចគ្នា​នេះ​ដែរ ។ លោក​បាន​បន្ត​អធិស្ឋាន ។ លោក​បាន​ទូលសូម​ព្រះអម្ចាស់​ឲ្យ​ពួកសាសន៍​នីហ្វៃ​មាន​អំណរ​ដូចគ្នា​នេះ ។

អេណុស ១:៩

រូបភាព
អេណុស​មាន​ទឹកមុខ​រីករាយ

ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​អេណុស​ថា ទ្រង់​នឹង​គង់នៅ​ជាមួយ​ពួកសាសន៍​នីហ្វៃ ប្រសិនបើ​ពួកគេ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នៅពេល​អេណុស​បាន​ឮ​ដូច្នេះ នោះ​សេចក្ដី​ជំនឿ​របស់​លោក​លើ​ព្រះអម្ចាស់​បាន​រីកចម្រើន​កាន់តែ​រឹងមាំ​ជាងមុន​ទៀត ។

អេណុស ១:១០–១១

រូបភាព
អេណុស​សរសេរ​នៅលើ​ផ្ទាំង​មាស

អេណុស​បាន​អធិស្ឋាន​ម្ដងទៀត ។ លោក​បាន​សូមឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកសាសន៍​លេមិន និង​រក្សា​ការសរសេរ​នៅលើ​ផ្ទាំង​ទាំងនេះ​ឲ្យ​មាន​សុវត្ថិភាព ។ លោក​ចង់​ឲ្យ​ពួកសាសន៍​លេមិន​អាច​អាន​ផ្ទាំង​ទាំងនេះ​បាន និង​ជឿលើ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​សន្យា​នឹង​អេណុស​ថា ពួកសាសន៍​លេមិន​នឹង​អាន​ការសរសេរ​នេះ​នៅ​ថ្ងៃ​ណាមួយ ។

អេណុស ១:១១–១៧