ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាំម៉ូន


« អាំម៉ូន » ដំណើររឿង​ព្រះគម្ពីរ​មរមន( ឆ្នាំ ២០២៣ )

អាលម៉ា ១៧–១៨

អាំម៉ូន

ជាអ្នក​បម្រើ​ដ៏រាបសា​ម្នាក់

រូបភាព
អាំម៉ូន និង​បងប្អូន​ប្រុស​របស់​គាត់​បាន​លើកដៃ​គ្រវី​លាគ្នា

អាំម៉ូន និង​បងប្អូន​ប្រុស​របស់​គាត់​ចង់ទៅ​បង្រៀន​ពួក​សាសន៍​លេមិន​អំពី​ព្រះអម្ចាស់ ។ ពួកគេ​ចង់​ទៅកាន់​ដែនដី​ដែល​ពួក​សាសន៍​លេមិន​រស់នៅ ។ នៅតាមផ្លូវ ពួកគេ​បានតមអាហារ ហើយ​អធិស្ឋាន​ទូលសុំ​ជំនួយ​ពីព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​លួងលោម​ចិត្ត​ពួកគេ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​អត់ធ្មត់ ហើយ​ធ្វើជា​គំរូល្អ ។ ពួកគេម្នាក់ៗ​បានទៅ​កន្លែង​ផ្សេងៗ​ដើម្បី​បង្រៀន ។

ម៉ូសាយ ២៨:១–២, អាលម៉ា ១៧:៦–១៣

រូបភាព
អាំម៉ូន​លុតជង្គង់​ចំពោះ​ព្រះភ័ក្រ្ត​ស្ដេច និង​ម្ចាស់ក្សត្រី

អាំម៉ូន​បានទៅ​ដែនដី​មួយ​ឈ្មោះ​អ៊ីសម៉ាអែល ។ ប្រជាជន​នៅ​ទីនោះ​បាន​ចង​គាត់ ហើយ​យក​គាត់​ទៅ​ថ្វាយ​ស្តេច​ឡាម៉ូណៃ ។ អាំម៉ូន​បាន​ទូល​ទៅ​ស្តេច​ឡាម៉ូណៃ​ថា គាត់​ចង់​រស់នៅ​ជាមួយ​ពួក​សាសន៍​លេមិន ។ ឡាម៉ូណៃ​សព្វព្រះទ័យ​នឹង​អាំម៉ូន ហើយ​បាន​ដោះលែង​គាត់ ។ ទ្រង់​ចង់​ឲ្យ​អាំម៉ូន​រៀបអភិសេក​ជាមួយ​បុត្រី​ម្នាក់​របស់ទ្រង់ ប៉ុន្តែ អាំម៉ូន​បាន​ជ្រើសរើស​ធ្វើជា​អ្នកបម្រើ​របស់​ឡាម៉ូណៃ​ជំនួស​វិញ ។

អាលម៉ា ១៧:២០–២៥

រូបភាព
អាំម៉ូន​ត្រូវចាត់​ឲ្យ​ទៅឃ្វាល​ហ្វូង​ចៀម

ឡាម៉ូណៃ​មាន​បន្ទូល​ប្រាប់​ឲ្យ​អាំម៉ូន ថែរក្សា​សត្វពាហនៈ​របស់​ទ្រង់ ។ ថ្ងៃមួយអាំម៉ូន និង​អ្នកបម្រើ​មួយចំនួន​បានដឹក​សត្វ​ទៅ​ផឹកទឹក ។ ពេល​សត្វ​កំពុងតែ​ផឹកទឹក ពួកចោរ​ក៏​មក ហើយ​បំភ័យ​ពួកវា​ឲ្យ​រត់​អស់ទៅ ។ អ្នក​បម្រើ​ផ្សេងទៀត​ភ័យខ្លាច​ថា​ពួកគេ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ចំពោះ​ការបាត់​បង់សត្វ​របស់​ស្តេច​ឡាម៉ូណៃ ។

អាលម៉ា ១៧:២៥–២៨; អាលម៉ា ១៨:៧

រូបភាព
អាំម៉ូន

អាំម៉ូន​បាន​ដឹង​ថា​នេះ​ជា​ឱកាសល្អ​ដើម្បី​បង្ហាញ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ លោក​បាន​ប្រាប់ទៅ​ពួកអ្នកបម្រើ​ផ្សេង​ទៀត​កុំឲ្យភ័យ​អី ហើយ​លោក​នឹងជួយ​ពួកគេ​ស្វែង​រកសត្វ​ដែល​បាត់នោះ ។

អាលម៉ា ១៧:២៩–៣២

រូបភាព
អាំម៉ូន​កាន់ខ្សែ​ដង្ហក់​ស្បែក ហើយ​តម្រង់​ទៅពួក​ចោរ

ពួក​ចោរ​បានត្រឡប់មក​វិញ​ដើម្បី​បំភ័យ​សត្វទាំង​នោះ​ម្តង​ទៀត ។ ប៉ុន្តែ​លើក​នេះ អាំម៉ូន​បាន​ប្រាប់​អ្នក​បម្រើ​ផ្សេង​ទៀត​ឲ្យនៅ​ ហើយ​ឃ្វាល​សត្វ​កុំឲ្យ​រត់ចេញ ។

អាលម៉ា ១៧:៣៣

រូបភាព
អាំម៉ូន​បានឈរ​ពីមុខ​ពួកចោរ

អាំម៉ូន​បាន​ទៅ​ឃាត់​ពួកចោរ​កុំឲ្យ​បំភ័យ​សត្វ​ចៀម ។ ពួកចោរ​មិនខ្លាច​អាំម៉ូន​ទេ ។ ពួកគេ​គិត​ថា​ពួកគេ​ខ្លាំង​ពូកែជាង​គាត់ ។ ប៉ុន្តែ​ពួកគេ​មិនដឹង​ទេថា ព្រះអម្ចាស់​កំពុង​ជួយ​អាំម៉ូន ។

អាលម៉ា ១៧:៣៤–៣៥

រូបភាព
អាំម៉ូន​បាញ់​ខ្សែ​ដង្ហក់​តម្រង់​ទៅ​ពួកចោរ

អាំម៉ូន​បានបាញ់​ដុំថ្ម ទៅលើ​ពួកចោរ​ជាមួយ​នឹង​ខ្សែ​ដង្ហក់​របស់គាត់ ។ ពួកគេ​ខ្លះទៀត​បានស្លាប់ ។ រឿងនេះ​ធ្វើ​ឲ្យ​ពួកចោរ​ខឹងសម្បា ហើយ​ពួកគេ​ចង់សម្លាប់​អាំម៉ូន ។ ពួកគេ​ភ្ញាក់​ផ្អើល​ដោយ​សារ​ពួកគេ​មិន​អាចគប់​ត្រូវ​អាំម៉ូន ជាមួយ​នឹងដុំថ្ម​របស់​ពួកគេ ។ ពួកគេ​មិន​រំពឹងថា​គាត់​មាន​អំណាច​ដូច្នេះទេ ។

អាលម៉ា ១៧:៣៦

រូបភាព
អាំម៉ូន​ស្ទុះ​ទៅទាញ​ដាវ​របស់​គាត់ ខណៈ​ដែល​ក្រុម​ចោរ​យកដំបង​វាយ​គាត់

ក្រុមចោរ​បានព្យាយាម​វាយ​អាំម៉ូន ជាមួយ​នឹងដំបង​របស់​ពួកគេ ។ ប៉ុន្តែ​រាល់​ពេល​ដែល​ពួកគេ​ព្យាយាមវាយ អាំម៉ូន​បាន​កាត់​ដៃ​របស់​ពួកគេ​ដោយ​ដាវ​ដើម្បី​កុំឲ្យ​ពួកគេ​ប្រយុទ្ធ​បាន ។ រំពេចនោះ ពួកគេ​ភ័យខ្លាច​ខ្លាំងណាស់ មិន​ហ៊ាន​តតាំង​ទៀតទេ ហើយ​ក៏រត់​គេច​ខ្លួនបាត់​ទៅ ។

អាលម៉ា ១៧:៣៧–៣៩

រូបភាព
អ្នកបម្រើ​ពីរនាក់​បាន​ពន្យល់​ប្រាប់​ស្ដេច​ឡាម៉ូណៃ​អំពី​អ្វី​ដែល​បាន​កើតឡើង

ពួកអ្នកបម្រើ​បានប្រាប់​ឡាម៉ូណៃ​អំពីរបៀប​ដែល អាំម៉ូន​បាន​សង្គ្រោះ​សត្វទាំងនោះ ។ ឡាម៉ូណៃ​មាន​សេចក្តី​អស្ចារ្យ​ជាខ្លាំង ។ ទ្រង់​គិតថា អាំម៉ូន​គឺ​ជា​ព្រះវិញ្ញាណ​ដ៏អស្ចារ្យ ដែល​មាន​អំណាច​មហិមា ហើយ​ដឹង​គ្រប់​ការណ៍​ទាំងអស់ ។

អាលម៉ា ១៨:១-៥, ១៨

រូបភាព
ស្ដេច​ឡាម៉ូណៃ​មើល​ទៅ​ព្រួយបារម្ភ

ឡាម៉ូណៃ​ចង់​និយាយ​ជាមួយ​អាំម៉ូន ប៉ុន្តែ​ទ្រង់​មានការ​ព្រួយ​បារម្ភ​ខ្លាំងណាស់ ។

អាលម៉ា ១៨:៨–១១

រូបភាព
អាំម៉ូន​លុតជង្គង់​ចំពោះ​ព្រះភ័ក្រ្ត​ស្ដេច​ឡាម៉ូណៃ

អាំម៉ូន​បានទៅជួប​ឡាម៉ូណៃ ប៉ុន្តែ​ឡាម៉ូណៃ​មិនដឹងថា​ត្រូវ​មានបន្ទូល​អ្វីនោះទេ ។ ព្រះអម្ចាស់​បាន​ជួយ​អាំម៉ូន ឲ្យ​ដឹងអំពី​ព្រះទ័យ​របស់​ឡាម៉ូណៃ ។ អាំម៉ូន​បាននិយាយថា​គាត់​ពុំមែន​ជាវិញ្ញាណ​ដ៏មហិមា​នោះទេ ។ គាត់បាន​ប្រាប់​ឡាម៉ូណៃ​ថា ព្រះវិញ្ញាណ​ដ៏មហិមា​នោះ​គឺជា​ព្រះ ។ ឡាម៉ូណៃ​ចង់រៀន​បន្ថែម​ទៀត​អំពីព្រះ ។

អាលម៉ា ១៨:១២–២៨

រូបភាព
អាំម៉ូន​ទូល​ទៅកាន់​ស្ដេច​ឡាម៉ូណៃ

អាំម៉ូន​បានទូល​ទ្រង់ថា​ព្រះបាន​បង្កើត​ពិភពលោក និង​មនុស្ស​គ្រប់គ្នា​នៅក្នុងនោះ ។ បន្ទាប់​មក អាំម៉ូន​បាន​ប្រាប់​ឡាម៉ូណៃ​ថា​ព្រះ​មាន​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ជាផ្នែក​នៃផែនការ​នោះ ព្រះយេស៊ូវគ្រីស្ទ​នឹង​យាងមក ។ ឡាម៉ូណៃ​បានជឿ​លើអ្វី​ដែល​អាម៉ូន​បាននិយាយ ។ ឡាម៉ូណៃ​បាន​អធិស្ឋាន ហើយ​ទូលសូម​ព្រះ​ឲ្យ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដល់​ទ្រង់ និង​រាស្រ្ត​ទ្រង់ ។

អាលម៉ា ១៨:២៤–៣៦, ៣៩–៤២