ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស្តេច​ណូអេ និង​ស្តេច​លិមហៃ


« ស្តេច​ណូអេ និង​ស្តេច​លិមហៃ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

ម៉ូសាយ ១៩–២២

ស្តេច​ណូអេ និង​ស្តេច​លិមហៃ

ការរត់​គេចចេញពី​ពួកសាសន៍​លេមិន

រូបភាព
គេឌាន កាន់ដាវ​ហើយ​ឈរ​ក្បែរ​ប៉ម ហើយ​ណូអេ​នៅក្នុង​ប៉ម ហើយ​ចង្អុល​ទៅ​កងទ័ព​សាសន៍​លេមិន

ស្ដេច​ណូអេ​បាន​គ្រប់គ្រង​ក្រុមមួយ​នៃ​សាសន៍​នីហ្វៃ ។ ទ្រង់​បាន​ធ្វើ​រឿង​អាក្រក់​ជាច្រើន ហើយ​មនុស្ស​ខ្លះ​ខឹង​នឹង​ទ្រង់ ។ បុរស​ម្នាក់​ឈ្មោះ​គេឌាន បាន​វាយប្រហារ សេ្តច​ណូអេ​ដោយ​ដាវ ។ ណូអេ​បាន​រត់គេច ហើយ​បានឡើង​លើប៉ម​មួយ ។ ពីលើ​ប៉ម​នោះទ្រង់​បាន​ឃើញ​កងទ័ព​លេមិន​កំពុង​សម្រុក​ចូលមក ។ ស្តេច​ណូអេ​បាន​ធ្វើ​ពុតជា​ភ័យខ្លាច​ជំនួស​ប្រជារាស្រ្ត​របស់ទ្រង់ ដូច្នេះ​គេឌាន​បានដោះលែង​ឲ្យទ្រង់​មានជីវិតរស់ ។

ម៉ូសាយ ១១:១-២; ១៩:២–៨

រូបភាព
ណូអេ​បាន​រត់គេច ហើយ​ប្រជារាស្រ្ត​របស់​ណូអេ​បានភ័យខ្លាច

ណូអេ និង​ប្រជារាស្រ្ត​របស់​ទ្រង់​បានរត់គេច​ខ្លួន ។ ប៉ុន្តែ​ពួក​សាសន៍​លេមិន​បាន​ដេញ​តាម​ពួកគេ ហើយ​ចាប់ផ្ដើម​វាយប្រហារ​លើ​ពួកគេ ។ ណូអេ​បានប្រាប់​បុរស​ទាំងនោះ​ឲ្យបោះបង់​គ្រួសារ ហើយ​ទៅជា​មួយ​ទ្រង់ ។

ម៉ូសាយ ១៩:៩–១១

រូបភាព
លីមហៃ គេឌាន និង​សាសន៍​នីហ្វៃ​ផ្សេងទៀត​ប្រឈមមុខ​នឹង​កងទ័ព​សាសន៍​លេមិន

បុរស​មួយចំនួន​បានចាកចេញ​ជាមួយ​សេ្តច​ណូអេ ។ ប៉ុន្តែ​បុរស​មួយចំនួន​បានជ្រើសរើស​នៅជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ កូនប្រុស​របស់​សេ្តច​ណូអេ ឈ្មោះ​លិមហៃ ក៏ជ្រើសរើស​នៅដែរ ។

ម៉ូសាយ ១៩:១២, ១៦–១៧

រូបភាព
ស្ត្រី​ឈរ​នៅ​មុខ​លិមហៃ និង​សាសន៍​នីហ្វៃ​ផ្សេង​ទៀត ។

កូនស្រី​ជាច្រើន​បានឈរ​នៅចំពោះ​មុខ​កងទ័ព ហើយ​បានសុំ​ពួក​សាសន៍​លេមិន​កុំឲ្យ​ធ្វើបាប​ក្រុមគ្រួសារ​របស់​ពួកគេ ។ ពួក​សាសន៍​លេមិន​បានស្តាប់​កូនស្រី​ទាំងនោះ ហើយ​ទុកជីវិត​ឲ្យ​ពួកសាសន៍​នីហ្វៃ ។ ផ្ទុយ​ទៅវិញ ពួកសាសន៍​លេមិន​បានចាប់​ខ្លួន​ពួកសាសន៍​នីហ្វៃ ។

ម៉ូសាយ ១៩:១៣–១៥

រូបភាព
ណូអេ និង​មនុស្ស​របស់ទ្រង់​បាន​ខឹងសម្បា​នឹងគ្នា

បុរស​ដែល​រត់គេចខ្លួន​នោះ​ចង់ត្រឡប់​ទៅជួបជុំ​ក្រុមគ្រួសារ​របស់​ពួកគេវិញ ។ ណូអេ​ព្យាយាម​បញ្ឈប់ពួកគេ ដូច្នេះ​បុរស​ទាំងនោះ​បានធ្វើគត​ទ្រង់ ។ ក្រោយ​មក​ពួកគេ​បាន​ត្រឡប់​ទៅ​រក​ក្រុមគ្រួសារ​ពួកគេ​វិញ ។

ម៉ូសាយ ១៩:១៨–២២

រូបភាព
បុរស​សាសន៍​នីហ្វៃ ស្វាគមន៍​ក្រុមគ្រួសារ​របស់​ពួកគេ និង​គេឌាន

បុរស​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់​ដែល​ក្រុមគ្រួសារ​របស់​ពួកគេ​មាន​សុវត្ថិភាព ។ ពួកគេ​បាន​ប្រាប់​គេឌាន អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ណូអេ ។

ម៉ូសាយ ១៩:២២–២៤

រូបភាព
លិមហៃ​បានឲ្យ​ស្បៀង​អាហារ និង​សត្វពាហនៈ​ដល់​សាសន៍​លេមិន

ប្រជារាស្រ្ត​បានជ្រើសរើស​លិមហៃ​ជាស្តេចថ្មី​របស់​ពួកគេ ។ លិមហៃ​បាន​សន្យា​ជាមួយ​ស្ដេច​សាសន៍​លេមិន​ថាពួកគេ​នឹង​បង់​សួយសារអាករ​ទៅឲ្យ​ពួកសាសន៍​លេមិន​ចំនួនពាក់​កណ្តាល​នៃ​អ្វីៗ​ដែល​ពួកគេ​មាន ។ ជា​ថ្នូរ​នឹងរឿងនេះ ស្ដេច​សាសន៍​លេមិន​បាន​សន្យាថា​ទ្រង់​នឹង​មិន​ធ្វើ​បាប​ប្រជាជន​របស់ លិមហៃ​ឡើយ ។

ម៉ូសាយ ១៩:២៥–២៧

រូបភាព
លិមហៃ និង​អគ្គមហេសី​សោកសៅ ហើយ​សាសន៍​នីហ្វៃ​ជា​ច្រើន​នាក់​ត្រូវរបួស

ពួកគេ​បាន​រស់នៅ​ដោយ​សុខសាន្ត​អស់​រយៈពេល​បួនប្រាំ​ឆ្នាំ ។ បន្ទាប់​មក ពួក​សាសន៍​លេមិន​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​របស់​លិមហៃ​យ៉ាង​ព្រៃផ្សៃ ។ ប្រជាជន​ចង់មាន​សេរីភាព​ម្តងទៀត ។ ពួកគេ​បាន​ព្យាយាម​ច្បាំង​នឹង​សាសន៍​លេមិន តែពួកគេ​បរាជ័យ ។ ប្រជាជន​បាន​អធិស្ឋាន​ទៅកាន់​ព្រះ​ទូលសូម​ជំនួយ ។

ម៉ូសាយ ១៩:២៩; ២១:១–១៥

រូបភាព
លិមហៃ និង​អាំម៉ូន​ពិភាក្សាគ្នា

ថ្ងៃមួយ​មាន​បុរស​សាសន៍​នីហ្វៃ​ម្នាក់​ឈ្មោះ​អាំម៉ូន បាន​មកសួរសុខទុក្ខ​លិមហៃ និង​ប្រជារាស្រ្ត​របស់ទ្រង់ ។ អាំម៉ូន​មកពី​ដែនដី​មួយ​ហៅថា សារ៉ាហិមឡា ។ លិមហៃ​មាន​ព្រះទ័យ​រីករាយ​ដែល​បានជួប​អាំម៉ូន ។

ម៉ូសាយ ២១:២២–២៤

រូបភាព
គេឌាន លិមហៃ អាំម៉ូន និង​សាសន៍​នីហ្វៃ​ផ្សេងទៀត​ពិភាក្សាគ្នា

អាំម៉ូន​អាចដឹកនាំ​ប្រជាជន​លិមហៃ ទៅកាន់​ដែនដី​សារ៉ាហិមឡា ប៉ុន្តែ​ពួកគេ​ត្រូវ​រត់គេចពី​ពួកសាសន៍​លេមិន​ជាមុនសិន ។ គេឌាន​មាន​ផែនការ​មួយ ។

ម៉ូសាយ ២១:៣៦; ២២:១-៩, ១១

រូបភាព
ឆ្មាំ​សាសន៍​លេមិន​ដេកលក់ ហើយ​ពួក​សាសន៍​នីហ្វៃ​បាន​ចាកចេញពី​ទីក្រុង

នៅពេល​យប់ គេឌាន​បាន​ឲ្យ​ស្រាបន្ថែម​ដល់​ឆ្មាំ​សាសន៍​លេមិន​ដើម្បី​ធ្វើ​ឲ្យពួកគេ​ស្រវឹង ។ ពេល​ឆ្មាំ​ដេកលង់លក់ លិមហៃ និង​រាស្រ្ត​ទាំងអស់​របស់​ទ្រង់​បាន​រត់ចេញ​ពីទីក្រុង ។

ម៉ូសាយ ២២:៧, ១០–១២

រូបភាព
ស្ដេច​ម៉ូសាយ និង​រាស្រ្ត​របស់​ទ្រង់​ស្វាគមន៍ លិមហៃ និង​រាស្រ្ត​របស់​ទ្រង់

ពួកគេបាន​ទៅ​កាន់ដែនដី​សារ៉ាហិមឡា ហើយ​បានចូលរួម​ជាមួយ​ពួកសាសន៍​នីហ្វៃ​នៅទីនោះ ។ លិមហៃ និង​រាស្រ្ត​របស់​ទ្រង់​បានរៀន​ពីព្រះ​បន្ថែម ។ ពួកគេ​បានចុះ​សេចក្ដី​សញ្ញា ឬ​ធ្វើ​ការសន្យា​ពិសេស​ដើម្បី​បម្រើ​ព្រះ​ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ពួកគេ​បានទទួល​បុណ្យ​ជ្រមុជទឹក ហើយ​បាន​ក្លាយជា​ផ្នែកមួយ​នៃ​សាសនាចក្រ​របស់ព្រះ ។ ពួកគេ​បាន​ចងចាំថា ព្រះ​បាន​ជួយ​ពួកគេ​គេចចេញ​ពីពួកសាសន៍​លេមិន ។

ម៉ូសាយ ២១:៣២–៣៥; ២២:១៣–១៤; ២៥:១៦–១៨