លីអាហូណា
សូម​ប្រណីទុក​ជីវិត​របស់​ម៉ាក់​ផង
ខែ មីនា ឆ្នាំ ២០២៤


« សូម​ប្រណីទុក​ជីវិត​របស់​ម៉ាក់​ផង » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សូម​ប្រណីទុក​ជីវិត​របស់​ម៉ាក់​ផង

ខ្ញុំ​មាន​ការភ័យ​ខ្លាច នៅពេល​ម្តាយ​ខ្ញុំ​ត្រូវការ​ការ​វះ​កាត់​បេះដូង​បើក​ចំហ ប៉ុន្តែ​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា​ដ៏​លះបង់​ម្នាក់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​អធិស្ឋាន ។

រូបភាព
ម្តាយ​បញ្ចុក​អាហារ​ដល់​កូន​ស្រី​របស់​គាត់

គ្រីស្ទី ហ្គៀលឡា និង​ម្តាយ​របស់​នាង

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

ពេល​ខ្ញុំ​អាយុ ១០ ឆ្នាំ ម្ដាយ​ខ្ញុំ​មាន​ជំងឺ​គាំង​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ ។ គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​នៅ​មន្ទីរ​ពេទ្យ​តស៊ូ​ដើម្បី​ជីវិត​របស់​គាត់ ។

ក្នុង​អំឡុង​ពេល​នេះ គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋមសិក្សា​របស់​ខ្ញុំ គឺ​បងស្រី អេលែន ចនសុន បាន​មក​ផ្ទះ​ខ្ញុំ​ម្ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ជួប​ខ្ញុំ ។ ខ្ញុំ​ទើប​តែ​បាន​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ហើយ​មាន​ការយល់ដឹង​កម្រិតទាប​អំពី​ដំណឹង​ល្អ ។ ជា​រៀង​រាល់​សប្តាហ៍ បងស្រី ចនសុន បាន​ថ្លែង​សក្ខីភាព​របស់​គាត់​មកដល់​ខ្ញុំ ហើយ​បាន​និយាយ​អំពី​ការ​អធិស្ឋាន ។ គាត់​បាន​បង្រៀន​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន នោះ​ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​តប ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក សុខភាព​របស់​អ្នកម្តាយ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ ។ គាត់​មាន​វ៉ាល់​បេះដូង​មួយ​ដែល​ខូច​ដែល​ត្រូវការ​ជួសជុល ។ វេជ្ជ​បណ្ឌិត​របស់​គាត់​បាន​និយាយ​ថា គាត់​នឹង​ស្លាប់​បើ​គ្មាន​ការ​វះ​កាត់​បេះដូង​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឱកាស​របស់​គាត់​ក្នុង​ការ​ជា​សះ​ស្បើយ​គឺ​មាន​ត្រឹមតែ ៥០/៥០ ប៉ុណ្ណោះ ។

ការ​វះ​កាត់​បេះដូង​បើក​ចំហ​គឺ​ថ្មី និង​មាន​គ្រោះ​ថ្នាក់​ណាស់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។ គ្រូ​ពេទ្យ​វះ​កាត់​បាន​គ្រោង​កាត់​បើក​ទ្រូង​របស់​គាត់​ទៅដល់​ឆ្អឹង​ខ្នង​របស់​គាត់ ហើយ​បន្ទាប់​មក​ពុះ​ឆ្អឹង​ទ្រូង​របស់​គាត់​ដើម្បី​ចូល​ទៅ​ក្នុង​បេះដូង​របស់​គាត់ ។ អ្នក​ជំងឺ​ជា​ច្រើន​មិន​មាន​ជីវិត​រស់​នៅពេល​វះ​កាត់​នោះ​ទេ ។ ខ្ញុំ​រកាំ​ចិត្ត ហើយ​ខ្លាច​ម្តាយ​ខ្ញុំ​ស្លាប់​ណាស់ ។

ប៉ា​ភាគច្រើន​នៅកន្លែង​ធ្វើការ ឬ​នៅ​មន្ទីរពេទ្យ​ជាមួយ​ម៉ាក់ ។ បងស្រី​ខ្ញុំឈ្មោះ ផាម បាន​មើលថែ​ប្អូនប្រុស​ខ្ញុំ និង​ខ្ញុំ ។ នៅ​ពេល​យប់ ខ្ញុំ​មាន​អារម្មណ៍​ឯកោ និង​ភ័យ​ខ្លាច ប៉ុន្តែ​ខ្ញុំ​បាន​គិត​អំពី​អ្វី​ដែល​បងស្រី ចនសុន បាន​បង្រៀន​ខ្ញុំ​អំពី​ការ​អធិស្ឋាន ។ ខ្ញុំ​តែង​តែ​លុតជង្គង់​នៅក្បែរ​គ្រែ​របស់​ខ្ញុំ ហើយ​យំ​អង្វរ​ព្រះវរបិតាសួគ៌​ឲ្យ​ទុក​ជីវិត​ឲ្យ​ម្តាយ​ខ្ញុំ​ផង ។

ក្នុង​អំឡុង​ពេល​អធិស្ឋាន​យំអង្វរ​មួយ មាន​សេចក្តី​សុខសាន្ត​ដ៏​អស្ចារ្យ​មួយ​បាន​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​ឈប់​យំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​មិន​អី​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​នៃ​ការធានា​ថា ម្តាយ​របស់​ខ្ញុំ​នឹង​នៅរស់ ដើម្បី​មើល​ខ្ញុំ​ធំឡើង ហើយ​ថា​ខ្ញុំ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ ។ ខ្ញុំ​មិន​បាន​ឮ​សំឡេង ឬ​មើល​ឃើញ​ការ​និមិត្ត​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ស្ងាត់ និង​សុខសាន្ត ។ ខ្ញុំ​មិន​សង្ស័យ​ទ្រង់ទាំងទ្វេ​ទេ ។ ហើយ​ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ។

រូបភាព
ឱបដៃ​នៅក្បែរ​ខ្សែក​បន្តោង​បេះដូង​មាន​រូបថត

រចនា​រូបភាព​ដោយ អាឡិច ណាបោម

អ្នកម្តាយ​បាន​រួច​ជីវិត​ពី​ការ​វះ​កាត់ ។ គាត់​ខ្សោយ និង​ឈឺ​ភាគ​ច្រើន​ក្នុង​ជីវិត​របស់​គាត់ ប៉ុន្តែ​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​របស់​ខ្ញុំ ហើយ​បាន​សង្គ្រោះ​ជីវិត​របស់​គាត់ ។ គាត់​នៅរស់​ដើម្បី​មើល​ខ្ញុំ​ធំ​ឡើង រៀបការ ហើយ​មាន​កូន ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ក្លាយ​ជា​សាវក អ្នកម្តាយ​បាន​ប្រាប់​ខ្ញុំ​ថា លោក​គឺ​ជា​គ្រូ​ពេទ្យ​វះ​កាត់​បេះដូង​ដែល​បាន​សង្គ្រោះ​ជីវិត​របស់​គាត់ ។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដល់​លោក​ដើម្បី​អរគុណ​លោក ។ នៅ​ពេល​លោក​សរសេរ​ត្រឡប់​មក​វិញ លោក​បាន​ថ្លែង​អំណរគុណ​ខ្ញុំ​ចំពោះ​សំបុត្រ​របស់​ខ្ញុំ ហើយ​បាន​ទទួល​ស្គាល់​ជំនួយ​របស់​ព្រះ​នៅ​ក្នុង​កិច្ចការ​របស់​លោក ។