លីអាហូណា
សេចក្តី​មេត្តា​ករុណា​នៅពេល ២៥ ឆ្នាំ​ក្រោយ​មក
ខែ មីនា ឆ្នាំ ២០២៤


« សេចក្តី​មេត្តា​ករុណា​នៅពេល ២៥ ឆ្នាំ​ក្រោយ​មក » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សេចក្តី​មេត្តា​ករុណា​នៅពេល ២៥ ឆ្នាំ​ក្រោយ​មក

ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះ​បាន​ប្រើ​លិខិត​ដែល​បាន​ភ្លេច​មួយនេះ ដើម្បី​បង្ហាញ​នូវ​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​មួយ​របស់​ទ្រង់ ។

រូបភាព
ឪពុក និង​កូនស្រី​នៅ​ទឹកជ្រោះ នីហ្គារ៉ា

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

ខណៈពេល​ដែល​ខ្ញុំ​កំពុង​បង្រៀន​ថ្នាក់​សិក្ខាសាលា​នៅ​ព្រឹក​ព្រលឹម​នៅ​ទីក្រុង​យូរីកា រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា. ខ្ញុំ​បានសុំឲ្យ​សិស្ស​របស់​ខ្ញុំ​គិត​អំពី​ខ្លួន​ឯង ១០ ឆ្នាំ​ទៅ​មុខ ។ បន្ទាប់​មក ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​គេ​សរសេរ​លិខិត​មួយ​ដែល​មាន​ទីបន្ទាល់​របស់​ពួក​គេ​អំពី​ដំណឹង​ល្អ និង​អ្វី​ផ្សេង​ទៀត​ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​នឹងខ្លួនឯង ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ខ្ញុំ​នឹង​ផ្ញើ​សំបុត្រ​នោះ​ទៅ​ពួកគេ​នៅ​ពេល ១០ ឆ្នាំ​ទៀត ។

ពេល​វេលា​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​មិន​បាន​ផ្ញើសំបុត្រ​ទាំងនោះ​ទេ ។ ២៥ ឆ្នាំក្រោយមក ថ្ងៃមួយ​កូនស្រី​ខ្ញុំ ហៃឌី បាន​រកឃើញ​សំបុត្រ​ទាំងនោះ ហើយ​សួរអំពី​សំបុត្រ​ទាំងនោះ ។ បន្ទាប់​ពី​ខ្ញុំ​បាន​ពន្យល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​គ្រោង​ទុក នាង​បាន​ស្វែងរក​អាសយដ្ឋាន​អតីត​សិស្ស​របស់​ខ្ញុំ​ដោយ​ប្រើ​ឧបករណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

រូបភាព
ដៃមួយ​ហុច​ស្រោម​សំបុត្រ​មួយ​ចំនួន​ទៅ​ដៃ​មួយ​ទៀត

រចនា​រូបភាព​ដោយ អាឡិច ណាបោម

បន្ទាប់​ពី​នាង​បាន​ផ្ញើ​សំបុត្រ​ទាំងនោះ យើង​បាន​ទទួល​ការឆ្លើយតប​ដ៏​អស្ចារ្យ​មួយ​ចំនួន ។ អតីត​សិស្ស​ថ្នាក់​សិក្ខាសាលា​របស់ខ្ញុំ​ម្នាក់បាន​សរសេរ ៖

« ខ្ញុំ​ចង់ឲ្យ​ឪពុក​របស់​អ្នក​ដឹង​ថា គាត់​ទើប​តែ​រក​ឃើញ​សំបុត្រ​ទាំង​នោះ​នៅពេលនេះ​គឺមាន​ហេតុ​ផល​របស់វា ។ កូន​ស្រី​អាយុ ១៨ ឆ្នាំ​របស់​ខ្ញុំ​បាន​កំពុង​ពុះពារ​ជាមួយនឹង​ទីបន្ទាល់​របស់​នាង និង​ការមាន​អារម្មណ៍​ថា ការ​ធ្វើ​ជា ‹ ក្មេង​ស្រី​ដ៏​ល្អ​ឥត​ខ្ចោះ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ › មិន​មែន​សម្រាប់​នាង​ទេ ។ នាង​មិន​ចែកចាយ​អារម្មណ៍​របស់​នាង​ជាមួយនឹង​យើង​ទេ ។ វា​ពិបាក​ខ្លាំងណាស់ » ។

អតីត​សិស្ស​របស់ខ្ញុំ ដោយ​ខូចចិត្ត​នឹងរឿង​មួយចំនួន​ដែល​កូនស្រី​របស់នាង​ទើបតែ​សរសេរ​ក្នុង​ប្លុក​មួយ បានបន្ថែម​ទៀត ៖

« ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​នាង​អំពី​រឿង​នេះ ។ ដូច​ធម្មតា នៅពេល​យើង​មាន​ការសន្ទនា នាង​ចាប់ផ្តើម​មាន​មុខមាំ ហើយ​នាង​មិន​និយាយស្តី​អី​សោះ ។ ខ្ញុំ​បាន​ប្រគល់​សំបុត្រ​របស់​ខ្ញុំ​ទៅ​នាង ហើយ​ប្រាប់​នាង​ថា ខ្ញុំ​ចង់​ឲ្យ​នាង​អាន​វា ។

« ខ្ញុំ​ឃើញ​នាង​បាន​អាន​កថាខណ្ឌ​ទី១ ឡើង​វិញ​ជា​ច្រើន​ដង ។ ខ្ញុំ​បាន​សរសេរ​ថា ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​មាន​ទីបន្ទាល់​ឬ​អត់​នោះទេ​ថា ការ​ធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ល្អ​ឥត​ខ្ចោះ​គឺ​រឿង​ច្រើនណាស់ ហើយ​ប្រហែល​ជា​មិន​មែន​សម្រាប់​ខ្ញុំ​ទេ ។

« កូន​ស្រី​របស់​ខ្ញុំ​ចាប់​ផ្ដើម​យំ ។ ខ្ញុំ​ត្រូវការ​ឲ្យ​នាង​ដឹង​ថា ខ្ញុំ​ពិត​ជា​យល់​ពី​ការ​លំបាក​របស់​នាង ។ នាង​អាចនឹង​មិន​ជឿទេ បើ​គ្មាន​សំបុត្រ​នោះ ! នាង​មិន​សូវ​មានភាព​រឹងរូស​ដូច​មុន​ទេ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ពេល​វេលា​នៃ​សំបុត្រ​នេះ​គឺ​ជា​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​មួយ ។ ប្រសិនបើ​ខ្ញុំ​ទទួល​សំបុត្រនេះ ១០ ឆ្នាំមុន នោះ​ខ្ញុំ​ប្រហែលជា​បោះចោល​វា ឬ​បាត់បង់​វាហើយ ! សូម​អរគុណ​ប៉ា​របស់​អ្នក​ដែល​បាន​ឲ្យ​យើង​សរសេរ​សំបុត្រ​នេះ និង​ការច្រលំដៃ​ទុក​សំបុត្រ​ទាំងនោះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ! គ្មាន​អ្វី​ជារឿង​ចៃដន្យទេ » ។

ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​យើង​បាន​មើល​ចៀម​ទាំងអស់​របស់​ទ្រង់ ហើយ​នៅ​ក្នុង​ពេល​ដ៏​អស្ចារ្យ​របស់​ទ្រង់ ទ្រង់​អាច​ធ្វើការ​ដោយ​សេចក្តី​មេត្តាដ៏​ទន់ភ្លន់ និង​អព្ភូតហេតុ​នានា​តាម​រយៈ​យើង​ម្នាក់ៗ ដើម្បី​នាំ​អស់អ្នក​ទាំងឡាយ​ដែល​បាន​ដើរ​វង្វេង​ឲ្យ​ត្រឡប់​មកក្នុង​ហ្វូង​វិញ ។