លីអាហូណា
ញៀន​មើល​រឿងភាគ​ ៖ របៀប​ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ព្រះ​ឈ្នះ
ខែ មីនា ឆ្នាំ ២០២៤


« ញៀន​មើល​រឿងភាគ​ ៖ របៀប​ដែល​ខ្ញុំ​ទុក​ឲ្យ​ព្រះ​ឈ្នះ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ញៀន​មើល​រឿងភាគ​ ៖ របៀប​ដែល​ខ្ញុំ​ទុក​ឲ្យ​ព្រះ​ឈ្នះ

ពេល​ខ្ញុំ​លះបង់​ចោល​ការ​មើល​រឿងភាគ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​កើនឡើង​ក្នុង​ជីវិត​ខ្ញុំ​យ៉ាង​ខ្លាំង ។

រូបភាព
ស្ត្រី​កំពុង​មើល​ទូរទស្សន៍ នៅ​ពេល​ដែល​តួ​អង្គ​មួយ​បាន​ចេញ​ពី​ទូរទស្សន៍ ហើយ​ប៉ះ​ស្មា​របស់​នាង

រូបភាព​ដោយ ប៊េនណឺដេតា វ៉ាយលី / Salzman International

ការ​ជ្រើស​រើស​ព្រះ​យេស៊ូវ​គ្រីស្ទ​នាំ​មក​នូវ​អំណាច​ដ៏​អស្ចារ្យ « ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់ទ្រង់​សម្រាប់​ថ្ងៃ​ខាងមុខ​កាន់តែ​ខ្លាំង » ។ ពិភព​លោក​របស់​យើង​កំពុង​មាន​ចលាចល​យ៉ាងខ្លាំង ។ សត្រូវ​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ទៅ​លើ​បុត្រាបុត្រី​ជាច្រើន​របស់​ព្រះ ។ ភាព​មិន​បរិសុទ្ធ​ត្រូវ​បាន​លើក​តម្កើង ហើយ​ការ​ល្បួង​រំខាន​យើង ហើយ​យក​យើង​ចេញ​ពី​រឿង​នោះ​ដែល​នឹង​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះអម្ចាស់ ។

ដើម្បី​យក​ឈ្នះ​លើ​រឿង​នេះ យើង​ត្រូវ​តែ​ជ្រើស​រើស​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​សកម្ម​ក្នុង​ជីវិត​របស់​យើង ហើយ​លះបង់​ចោល​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​អាក់អន់​ចិត្ត ។ មរ៉ូណៃ បាន​ទូន្មាន​យើងថា « ចូរ​មាន​ប្រាជ្ញា នៅ​ក្នុង​ថ្ងៃ​ទាំង​ឡាយ​នៃ​ការ​សាកល្បង​របស់​អ្នក​ចុះ ចូរ​គ្រលាស់​ចេញ​ពី​ខ្លួន​នូវ​អំពើ​ពុំ​ស្អាតស្អំ​ទាំង​អស់ » ( មរមន ៩:២៨ ) ហើយ​បាន​អញ្ជើញ​យើង​ឲ្យ « ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ … ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក » ( មរ៉ូណៃ ១០:៣២ ) ។

តើ​យើង​អាច​លះបង់​ចោល​អ្វីៗ​ក្នុង​លោកនេះ ហើយ​ចូលមក​រក​ព្រះគ្រីស្ទ​ដោយ​ចេតនា​កាន់តែ​ខ្លាំង​ដោយ​របៀបណា ? យើង​ម្នាក់ៗ​ស្ថិត​នៅ​កម្រិត​ផ្សេង​គ្នា​នៅក្នុង​ដំណើរការ​នេះ ។ យើង​ទាំងអស់​គ្នា​អាច​ព្រលែងចោល​អ្វី​ដែល​កំពុង​រារាំង​យើង​ពី​អារម្មណ៍​នៃ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់​តែ​ពេញលេញ​បាន ។ យើង​ត្រូវការ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ​ដើម្បី​ធ្វើវា ហើយ​វា​ចាប់ផ្តើម​ដោយ​ការប្រើ​សិទ្ធិជ្រើសរើស​របស់​យើង​ដើម្បី​ជ្រើសរើស​យកទ្រង់ ។

បំណង​ប្រាថ្នា​ដើម្បី​ចូល​ចុះ​នឹង​គេ

ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​នៅ​ក្នុង​ក្រុម​លើក​ទឹក​ចិត្ត ។ ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ពេលហាត់សម ក្មេង​ស្រី​នៅ​ក្នុង​ក្រុម​លើក​ទឹក​ចិត្ត​របស់​ខ្ញុំ​ទាំង​នោះ​បាន​និយាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រឿងភាគ​លេង​តាម​ទូរទស្សន៍​នៅ​ពេល​ថ្ងៃ ។ ខ្ញុំ​មិន​ដែល​បាន​មើល​វា​ទេ ហើយ​បាន​ដឹង​ថា វា​គឺ​ជា​រឿង​មួយ​ដែល​មាន​សីលធម៌​មិនល្អ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ដាច់ដោយ​ឡែកពីគេ​រៀង​រាល់​ថ្ងៃ នៅ​ពេល​ដែល​ក្មេង​ស្រី​ទាំង​នោះ​បាន​និយាយ​យ៉ាង​រំភើប​អំពី​រឿងភាគ​នោះ ។ ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​មើល​វា តែ​ខ្ញុំ​ពិតជា​ចង់​មានគេ​រាប់​បញ្ចូល​ក្នុង​ការ​សន្ទនា​របស់ពួក​គេដែរ ដូច្នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មើល ។

វា​ដូច​ជា​មិនសូវ​អាក្រក់ទេ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ដោះសារ​ថា វា​នឹង​មិន​ប៉ះ​ពាល់​ដល់​ខ្ញុំ​ទេ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​មិន​ធ្វើ​រឿង​អាក្រក់​ដែល​ខ្ញុំ​បាន​ឃើញ​តួ​អង្គ​នោះ​ធ្វើទេ ។ ខ្ញុំ​បាន​ញៀន ហើយ​បាន​មើល​កម្ម​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ ។ ពេល​ខ្ញុំ​ទៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ខ្ញុំ​បាន​រៀបចំ​កាលវិភាគ​ថ្នាក់​របស់​ខ្ញុំ ធ្វើម៉េច​ដើម្បី​ខ្ញុំ​អាច​មើល​វា​ជា​រៀង​រាល់​ថ្ងៃ​បាន ។ ខ្ញុំ​មិន​ដែល​ខក​ខាន​មួយ​ភាគ​នោះ​ទេ ។

ខ្ញុំ​បាន​រៀបការ ហើយ​មាន​កូន​ដំបូង​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដាក់​គាត់​ឲ្យ​ដេក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​អំឡុង​ពេល​កម្ម​វិធី​នោះ​ដើម្បី​ខ្ញុំ​អាច​មើល​វា​បាន ។

ជាច្រើនឆ្នាំ​កន្លងផុតទៅ ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​ថា ខ្ញុំ​គួរ​តែ​ឈប់​មើល​កម្ម​វិធី​នោះ ។ តែ​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម ។ ខ្ញុំ​បាន​ជក់មើល​យ៉ាង​ខ្លាំង​ជាមួយ​តួ​អង្គ និង​ជីវិត​របស់​ពួកគេ ។ វា​ជា​វិធី​របស់​ខ្ញុំ​ដើម្បី​បន្ធូរអារម្មណ៍ ដូច្នេះ​ខ្ញុំ​បាន​បន្ត​មើលទៀត ។ ខ្ញុំ​ជឿ​ជាក់​ថា វា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខូចខាត​អ្វីនោះទេ ។

រូបភាព
ស្ត្រី​កំពុង​ដើរ​ចេញ​ពី​ទូរទស្សន៍ នៅ​ពេល​ដែល​តួ​អង្គ​បានឈោង​ចេញ​ពី​ទូរទស្សន៍ ហើយ​ចាប់​ដៃ​របស់​នាង

ការអញ្ជើញ

ដប់​ប្រាំ​បួន​ឆ្នាំ​ក្រោយ​ពី​វិទ្យាល័យ ខ្ញុំ​នៅ​តែ​មើល​កម្ម​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ ។ នៅ​ក្នុង​សន្និសីទ​ទូទៅ ស៊ីស្ទើរ សឺរី អិល ឌូវ ដែល​កាល​នោះ​ជា​ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​និយាយ​អំពី​ការ​ដើរ​ចេញ​ពី​ពិភព​លោក និង​រឿង​នានា​ដែល​មិនបរិសុទ្ធ ។ បន្ទាប់​មក គាត់​បាន​និយាយ​ថា « ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​កំណត់​យ៉ាង​ហោច​ណាស់​រឿង​មួយ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ដើរចេញ​ពី​ពិភពលោក​នេះ ហើយ​ចូល​ទៅ​ជិត​ព្រះគ្រីស្ទ » ។

ពេល​គាត់​បាន​ផ្តល់​ការ​អញ្ជើញ​នោះ ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ថា « អ្នក​ត្រូវ​តែ​ឈប់​មើល​កម្ម​វិធី​នោះ ឥឡូវ​នេះ ! » វា​មាន​ឥទ្ធិ​ពល​ខ្លាំង​ណាស់ វា​ហាក់​ដូច​ជា​ដាល់ចំ​មុខ​ខ្ញុំ​អ៊ីចឹង ។ ខ្ញុំ​បាន​ដឹង​ភ្លាមៗ​ពេល​នោះ​ថា ខ្ញុំ​មិន​អាច​មិន​អើពើ​នឹង​ការបំផុស​គំនិត​នេះ​តទៅទៀត​បានទេ ។ ខ្ញុំ​មាន​អារម្មណ៍​ជា​បន្ទាន់​ក្នុង​ការឈប់​មើល​កម្មវិធី​នេះ​ទៀត ។ ខ្ញុំ​បាន​ដឹង​ថា គ្មាន​តួអង្គ​ណា​ម្នាក់​ធ្វើ​អ្វី​ដែល​មាន​គុណធម៌ ឬ​មាន​កិត្តិ​យស​ទេ ។ ខ្ញុំ​បាន​អញ្ជើញ​សម្រាម​ឲ្យ​ចូលមក​ក្នុង​ជីវិត​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះអម្ចាស់​នៅ​ពេលនោះ និង​នៅ​ទីនោះ​ភ្លាម​ថា ខ្ញុំ​នឹង​មិន​មើល​វា​ជាដាច់ខាត ។

វា​មិន​ងាយ​ស្រួល​ទេ ! ទម្លាប់ និង​ការ​ញៀន​ដប់​ប្រាំ​បួន​ឆ្នាំ​គឺ​ពិបាក​បំបែក​ខ្លាំងណាស់ ។ ថ្ងៃ​ចន្ទ​បាន​មក​ដល់ ហើយ​វា​គឺ​ជា​ពេល​មើល​កម្មវិធីនោះ​ចាប់ផ្តើម ។ ខ្ញុំ​បាន​ដើរ​ទៅ​ឧបករណ៍​បញ្ជា​ទូរទស្សន៍ ។ ខ្ញុំ​ចង់​បើក​ទូរទស្សន៍​ខ្លាំង​មែនទែន ។ ខ្ញុំ​ចងចាំ​ពី​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​ថា ខ្ញុំ​នឹង​មិន​មើល​វា​តទៅ​ទៀត​ជាដាច់ខាត ។ ខ្ញុំបាន​ដើរចេញ ។

បន្ទាប់​មក ខ្ញុំ​បាន​គិត​អំពី​តួអង្គ​ដែល​ខ្ញុំ​ចូល​ចិត្ត ហើយ​ឆ្ងល់​ថា តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​នាង ហើយ​បាន​ដើរ​ត្រឡប់​ទៅរក​ឧបករណ៍​បញ្ជា​ទូរទស្សន៍​វិញ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ព្រះ ដូច្នេះ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​អធិស្ឋាន​សូម​កម្លាំង​ដើម្បី​កុំ​ឲ្យ​ចង់មើល​វា​ទៀត ។ ខ្ញុំ​បាន​គិត​ពី​ការ​សន្យា​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតាសួគ៌ ហើយ​ខ្ញុំ​បាន​ដើរ​ចេញ​ពី​បន្ទប់​នោះ ។ ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​ខ្ញុំ​បាន​ទទួល​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គោរព​ការតាំងចិត្ត​របស់​ខ្ញុំ ។

ស្ថានភាព​នោះ​បាន​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ជា​រៀង​រាល់​ថ្ងៃ​នៅក្នុង​សប្តាហ៍​នោះ និង​នៅ​សប្តាហ៍​ក្រោយ​ផងដែរ ។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​លុត​ជង្គង់ចុះ ហើយ​អធិស្ឋាន និង​បាន​អង្វរសុំ​ឲ្យ​មាន​កម្លាំង​ដើម្បី​កុំ​មើល ហើយ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​ជ្រើស​រើស​យក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ដើរ​ចេញ​ពី​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​អសីលធម៌ ។ ខ្ញុំ​បាន​ទទួល​កម្លាំង​ដើម្បី​យក​ឈ្នះ​ពី​អំណាច​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ក្រោយ​ពី​បាន​ធ្វើ​បែប​នេះ​មួយ​រយៈមក អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ។ ខ្ញុំ​បាន​បាត់​បង់​ចំណង់​ទាំង​ស្រុង​ក្នុង​ការ​មើល​កម្ម​វិធី​នោះ បន្ទាប់​ពី​បាន​មើល​កម្ម​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ​អស់​រយៈ​ពេល ១៩ ឆ្នាំ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ! ខ្ញុំ​ក៏​បាន​បាត់បង់​ចំណង់​មើល​កម្ម​វិធី​ដែល​គួរ​ឲ្យ​សង្ស័យ​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​បាន​មើល​ផងដែរ ដូច្នេះ​ខ្ញុំ​បាន​ឈប់​ទាំង​ស្រុង ។

មនសិការ​របស់ខ្ញុំ​បាន​ច្បាស់ ហើយ​ខ្ញុំ​ទទួលស្គាល់​អ្វីដែល​ជាអំពើ​អាក្រក់​នោះ ។ ខ្ញុំ​ពិតជា​ចង់​ចៀសវាង​ពី​ភាពអាក្រក់​ទាំងអស់ ( សូម​មើល ថេស្សាឡូនិច ទី១ ៥:២២ ) ។ ខ្ញុំ​លែង​មាន​ចិត្ត​ចង់​មើល​វា​ទៀត​ហើយ ។

រូបភាព
មនុស្ស​ដែល​ប្រើ​ឧបករណ៍​បញ្ជា​ទូរទស្សន៍​ដើម្បី​បិទ​ទូរទស្សន៍

ពរជ័យ​ដ៏​អស្ចារ្យ​បំផុត

ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​បំផុត​ដែល​បាន​កើត​ឡើង គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​កើនឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ ហួស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​ពី​មុន​មក ។ ការ​រីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ខ្ញុំ​បាន​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង ! អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​ខ្ញុំ​បាន​មាន​បទពិសោធន៍​នោះ​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​ដឹង​ថា ការ​មើល​កម្ម​វិធី​ទាំង​នោះ​រៀងរាល់ពេល​បាន​ប៉ះ​ពាល់​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ខក​ខាន​អស់​ជា​ច្រើន​ឆ្នាំ​ក្នុងការ​មាន​ដៃ​គូដ៏​រឹង​មាំ​ជាមួយ​ព្រះ ។ ពេល​ខ្ញុំ​បាន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្ញុំ​ដើម្បី​បោះបង់​ចោល​អ្វីៗ​ដែល​មិន​បរិសុទ្ធ អ្វីៗ​របស់​លោកិយ នោះ​ព្រះវិញ្ញាណ​មាន​សេរីភាព​ក្នុងការ​មក​រក​ខ្ញុំ​កាន់​តែ​ខ្លាំង ហើយ​វាជា​ភាព​ខុស​គ្នា​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ ដើម្បី​ពង្រឹង លួងលោម និង​ណែនាំ​ដល់​ខ្ញុំ ។

យើង​មាន​ទំនោរ​តោង​ជាប់​យ៉ាង​ណែន​ចំពោះ​អ្វី​ដែល​គ្មាន​តម្លៃ—គឺ​អ្វី​ដែលធ្វើឲ្យ​ទ្វារ​បិទ​ចំពោះ​ពរជ័យ​ដែល​ព្រះ​ចង់​នាំចូល​មកក្នុង​ជីវិត​របស់​យើង ។ ហេតុអ្វី​យើង​សុខចិត្ត​ប្តូរ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ដ៏មាន​អំណាច ដើម្បី​ភាពសប្បាយ​រីករាយ ឬ​ប្រជាប្រិយភាព ? ប្រហែល​ជា​ការ​មើល​កម្ម​វិធី​ទូរទស្សន៍​មួយ​មិន​មែន​ជា​រឿង​ធំ ឬ​អំពើ​បាប​ដ៏​ធំ​នោះ​ទេ ប៉ុន្តែ​វា​រា​រាំង​ខ្ញុំ​ពី​ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​បរិបូរ​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ចុះថយ ។

ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ដែល​ព្រះអម្ចាស់​មិន​បាន​បោះបង់​ចោល​ខ្ញុំ ប៉ុន្តែ​បាន​បន្ត​សុំ​ខ្ញុំ​ដោយ​អត់ធ្មត់​ឲ្យ​បោះបង់​ចោល​អ្វី​មួយ​ដែល​មិន​បរិសុទ្ធ ដើម្បី​ទ្រង់​អាច​បំពេញ​ជីវិត​របស់​ខ្ញុំ​ឲ្យ​ពោរពេញ​ហូហៀរ​ដោយ​ឥទ្ធិពល​របស់​ទ្រង់ ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍​ស.រ.អា. ។