លីអាហូណា
គោលការណ៍​ណែនាំ ៣ យ៉ាង​សម្រាប់​ប្រើប្រាស់​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ
ខែ មីនា ឆ្នាំ ២០២៤


« គោលការណ៍​ណែនាំ ៣ យ៉ាង​សម្រាប់​ប្រើប្រាស់​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

គោលការណ៍​ណែនាំ យ៉ាង​សម្រាប់​ប្រើប្រាស់​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ

ពេល​បច្ចេកវិទ្យា​នៅ​តែ​បន្ត​វិវត្ត វិធី​សាស្ត្រ​ទាំង​នេះ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ជួយ​យើង​ឲ្យ​ឈាន​ទៅ​មុខ​ដោយ​ប្រាជ្ញា ។

រូបភាព
ដៃ​កាន់​ស្មាតហ្វូន​ដែល​មាន​ក្ដារ​សៀគ្វី​នៅ​លើ​អេក្រង់

បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​ឥតឈប់ឈរ ។ ហើយ​រាល់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បាន​នាំ​មក​នូវ​វិធី​ថ្មី​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ម៉ាស៊ីន​បោះពុម្ព​បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ពី​អ្នក​ដែល​អាច​ឲ្យ​ចូលប្រើ​ពាក្យ​ដែលបាន​សរសេរ ។ វិទ្យុ និង​ទូរទស្សន៍​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​យើង​ទាក់​ទង​ដំណឹង ព័ត៌មាន និង​ការ​កម្សាន្ត ។ អ៊ីនធឺណិត​បាន​ផ្លាស់​ប្ដូរ​ចំនួន​មាតិកា​ដែល​យើង​អាច​ចូល​ដំណើរ​ការ​បាន និង​នរណា​អាច​បង្កើត​វា​បាន ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ផ្លាស់​ប្ដូរ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ស្វែងរក ការប្រាស្រ័យ​ទាក់ទង​ជាមួយ និង​ការភ្ជាប់​ជាមួយ​មនុស្ស​ទាំងឡាយ ។ ពេល​បញ្ញា​សិប្បនិម្មិត​លេច​ឡើង យើង​កំពុង​ប្រឈម​មុខ​នឹង​សំណួរ​ថ្មីៗ​ជាច្រើន ។

បច្ចេកវិទ្យា​ថ្មី​មិន​ដែល​ល្អ ឬ​អាក្រក់​ទាំង​អស់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ជា​ញឹក​ញាប់​វា​ដូច​ជា​កែវ​ពង្រីក​ដែល​អាច​ពង្រីក​ឱកាស​ថ្មី និង​ការ​ព្រួយ​បារម្ភ​ថ្មី ។ ពេល​យើង​ខិតខំ​ធ្វើ​ដូចជា​ព្រះគ្រីស្ទ​កាន់តែ​ច្រើន នោះ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​បច្ចេកវិទ្យា​ថ្មី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​វា​អាច​នាំ​មក​ចូលក្នុង​ជីវិត​របស់​យើង​គឺ​ជា​អ្វី​ដែល​សំខាន់ ។

វិធី​សាស្ត្រ​ដែល​មាន​មូលដ្ឋាន​លើ​គោលការណ៍

ពិត​ណាស់ គ្មាន​បញ្ជី​ច្បាប់​ដើម្បី​ណែ​នាំ​រាល់​ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ​អំពី​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះទេ ។ ផ្ទុយ​ទៅ​វិញ យើង​អាច​រៀន​គោលការណ៍​ដើម្បី​ជួយ​ណែនាំ​យើង នៅ​ពេល​យើង​ធ្វើ​ការ​ជ្រើស​រើស ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « គោលការណ៍​គឺ​អស់កល្ប និង​ជាសកល ។ ច្បាប់ ឬ​ការអនុវត្ត​ជាក់លាក់​នៃ​គោលការណ៍​ទាំង​នោះ​អនុវត្ត​បាន​ល្អ​នៅកន្លែង​មួយ​ចំនួន ប៉ុន្តែ​មិន​អនុវត្ត​នៅ​កន្លែង​ផ្សេង​ទៀត​ទេ ។ អ្វី​ដែល​រួបរួម​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីពិត​ដ៏​អស់​កល្ប​ជានិច្ច​ដែល​ទ្រង់​បាន​បង្រៀន ទោះ​បី​ជា​កម្មវិធី​ជាក់លាក់​មួយ​ចំនួន​មាន​ភាព​ខុស​គ្នា​គ្រប់​ពេលវេលា និង​ទូទាំង​វប្បធម៌​ក៏​ដោយ » ។

ការធ្វើតាម​គោលការណ៍​ដោយ​ផ្អែក​លើ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​នឹង​ជួយ​យើង​ឲ្យ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ព្រះវិញ្ញាណ​នឹង​ណែនាំ​យើង នៅ​ពេល​យើង​ព្យាយាម​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ផ្អែក​លើ​គោលការណ៍​ទាំង​នោះ ។ ដូច្នេះ តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ណែនាំ​ជម្រើស​របស់​យើង​អំពី​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ?

. ខ្ញុំ​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់ខ្ញុំ ដើម្បី​ធ្វើការ​ជ្រើសរើស​ក្នុងការ​គ្រប់គ្រង​បច្ចេកវិទ្យា ។ វា​មិន​គ្រប់​គ្រង​លើ​ខ្ញុំ​ទេ ។

ពេល​ខ្លះ​វា​អាច​មាន​អារម្មណ៍​ថា បច្ចេកវិទ្យា​កំពុង​តែ​យក​ឈ្នះ​លើ​ជីវិត​របស់​បងប្អូន ។ វា​សំខាន់​ក្នុង​ការ​ចងចាំ​ថា បងប្អូន​អាច​ធ្វើ​ការ​ជ្រើស​រើស​ដើម្បី​គ្រប់​គ្រង​បច្ចេកវិទ្យា​បាន ។ វា​មិន​គ្រប់​គ្រង​លើ​បងប្អូន​ទេ ។ បងប្អូន​អាច​មាន​ចេតនា​ក្នុង​ការ​ជ្រើស​រើស​ប្រើ​ប្រាស់​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​សម្រេច​បាន​នូវ​សេចក្តីល្អ និង​ស្វែងរក​របស់​ផង​ទាំង​នេះ « គុណធម៌ គួរ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរ​ឲ្យ​សរសើរ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣ ) ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ មាន​កិច្ចការ​ដ៏​ធំ​សម្រាប់​ឲ្យ​អ្នក​ប្រតិបត្តិ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១២:៦ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ប្រើ​បច្ចេកវិទ្យា ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​នោះ ហើយ​នៅ​តែ « ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧ ) ។ បងប្អូន​ប្រហែល​ជា​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ក្នុង​ការងារ​របស់​បងប្អូន ។ បងប្អូន​អាច​ប្រើ​វា​ដើម្បី​ស្វែងរក​ទម្រង់​កម្សាន្ត​ដ៏មាន​ប្រយោជន៍ ។ វា​អាច​ជួយ​បងប្អូន​ឲ្យ​ភ្ជាប់​ជាមួយ​អ្នក​ដទៃ ។ ហើយ​វា​អាច​ជួយ​បងប្អូន​ឲ្យ​រៀន រីកចម្រើន និង​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់​បាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការប្រើប្រាស់​ផ្សេង​ទៀត​អាច​រំខាន មិន​សមរម្យ ឬ​បង្ក​គ្រោះ​ថ្នាក់​បាន​ផងដែរ ។ ជាជាង​អនុញ្ញាត​ឲ្យ​បច្ចេកវិទ្យា​គ្រប់គ្រង​លើ​បងប្អូន សូម​ប្រើប្រាជ្ញា និង​ការណែនាំ​នៃ​ព្រះវិញ្ញាណ​ដើម្បី​ធ្វើឲ្យ​បងប្អូន​មាន​ជម្រើស​ជា​អ្នក​គ្រប់គ្រង​វា​វិញ ។

. នៅពេល​ខ្ញុំ​ប្រើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​ខ្ញុំ​ដើម្បី​រៀបចំ​ផែនការ​នៅ​ខាង​មុខ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ប្រសើរ និង​ធ្វើ​ការ​ជ្រើស​រើស​កាន់​តែ​ប្រសើរ​ឡើង ។

ប្រហែល​ជា​បងប្អូន​មាន​បទពិសោធន៍​មួយ ពេល​បងប្អូន​ធ្វើការ​ជ្រើសរើស​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដែល​មិន​មាន​អារម្មណ៍​ត្រឹមត្រូវ ។ វា​ប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បងប្អូន​បាន​ប្រើ ឬ​ចំណាយ​ពេល​លើ​សកម្មភាព​ជាក់លាក់​មួយ ។ ជំនួស​ឲ្យ​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​កំហុស​ដែល​បងប្អូន​បាន​ធ្វើ វា​ល្អ​ជាង​ក្នុង​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​បន្ត​រីក​លូតលាស់ ។ ប្រសិន​បើ​បងប្អូន​រៀប​គម្រោង​ទុកមុន នោះ​បងប្អូន​នឹង​ធ្វើ​ការ​ជ្រើស​រើស​កាន់​តែ​ប្រសើរ​ជាង​ពេល​បងប្អូន​នឹង​ជ្រើសរើស​ភ្លាមៗ ជាង​ដែល​ប្រសិន​បើ​បងប្អូន​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំងអស់​នៅ​ពេល​នោះភ្លាមៗ ។ បងប្អូន​អាច​បង្កើត​គោលការណ៍​ណែនាំ​ផ្ទាល់​ខ្លួន​ដែល​ស្រប​តាម​បទដ្ឋាន​នៃ​ដំណឹង​ល្អ ដើម្បី​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ល្អ ។

ប្រសិន​បើ​បងប្អូន​ឃើញ​ថា​ខ្លួនឯង​ប្រើប្រាស់​ខុស ឬ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហួស​ហេតុ នោះ​សូម​មាន​ភាព​ក្លាហាន​ដើម្បី​ព្យាយាម​ផ្លាស់ប្ដូរ ។ ឧទាហរណ៍ ប្រសិនបើ​ទម្រង់​ជាក់លាក់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​បំផុស​គំនិត ឬ​មិន​នាំ​មក​នូវ​អារម្មណ៍​ល្អទេ សូម​កែ​តម្រូវ​ទម្លាប់​របស់​បងប្អូន ។ ប្រសិនបើ​បងប្អូន​កំពុង​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ចូលរួម​ក្នុង​អាកប្បកិរិយា​ដែល​បងប្អូន​ដឹងថា​មិនត្រឹមត្រូវ សូម​មាន​ភាពក្លាហាន​ក្នុង​ការផ្លាស់ប្តូរ—និង​ត្រូវ​មាន​ភាពអត់ធ្មត់​ជាមួយ​ខ្លួនឯង នៅ​ពេល​ដែល​បងប្អូន​ព្យាយាម​ធ្វើ​ការ​ផ្លាស់​ប្តូ​រ​ទាំង​នោះ ។ សូម​គិត​ពី​អ្វី​ដែល​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​ផ្លាស់​ប្ដូរ ។ ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​នៅ​ពេលវេលា​ជាក់លាក់​មួយ នោះ​បងប្អូន​អាច​រៀប​ចំ​ផែនការ​ពេល​វេលា​ដែល​បងប្អូន​នឹង​ប្រើ​បច្ចេកវិទ្យា និង​ពេល​វេលា​ដែល​បងប្អូន​នឹង​មិន​ប្រើ​បច្ចេកវិទ្យា ។

ដូច​គ្នា​នេះ​ដែរ ប្រសិន​បើ​បងប្អូន​កំពុង​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ពង្រឹង​ខ្លួន​ឯង ភ្ជាប់​ជាមួយ​អ្នក​ដទៃ ហើយ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​បងប្អូន​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ នោះ​សូម​បន្ត​ធ្វើ​កិច្ចការ​ទាំង​នោះ ។ ពេល​បងប្អូន​ពិត​ជា​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង​អំពី​ជម្រើស​របស់​បងប្អូន សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះអម្ចាស់​អាច​ជួយ​បងប្អូន​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​តាម​របៀប​ដែល​នាំ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​កាន់​តែ​ល្អឡើង និង​បន្ត​ធ្វើ​ការ​ជ្រើស​រើស​កាន់​តែ​ប្រសើរ​ឡើង ។

. ខ្ញុំ​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​ខ្ញុំ​ដើម្បី​ផ្អាក ហើយ​សម្រាក ។

បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា សំណួរ​អំពី​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺមាន​ឥត​ឈប់​ឈរ ។ តើ​ច្រើនប៉ុណ្ណា​បានហៅថា​ច្រើនពេក ? តើ​ខ្ញុំ​គួរបង្កើន ឬ​កាត់បន្ថយ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ដែរ​ឬទេ ? តើ​ខ្ញុំ​ប្រើ​ពេលវេលា​របស់ខ្ញុំ​ដោយ​ឈ្លាសវៃ​ដែរឬទេ ? សូម​ព្យាយាម​កុំ​ឲ្យ​គំនិត​បែប​នេះ​មានលើ​បងប្អូន ។ សូម​ចាំ​ថា​វា​មិនអី​ទេ​ក្នុង​ការ​ផ្អាក និង​សម្រាក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ការ​សម្រាក​អាចជាការ​ជ្រើស​រើស​ធ្វើ​សកម្មភាព​ផ្សេង​ក្រៅ​ពី​សម្លឹង​មើល​អេក្រង់​រយៈ​ពេល​ពីរ​បី​ម៉ោង ឬ​សូម្បី​តែ​មិន​ប្រើ​បច្ចេកវិទ្យា​ជាក់លាក់​មួយ​រយៈ ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាដើម ។

បច្ចេកវិទ្យា​ផ្តល់​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​យើង​ឲ្យ​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​តែ​យើង អាច ភ្ជាប់​នៅ​ពេល​ណា​ក៏​បាន នោះ​មិន​មាន​ន័យ​ថា​យើង ត្រូវ តែ​ភ្ជាប់​នៅ​ពេល​ណា​ក៏បាន​នោះ​ទេ ។ ព្រះ​អម្ចាស់​ទ្រង់​រំឭក​យើង​ថា « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១៦ ) ។ សូម​ប្រាកដ​ថា បងប្អូន​កំពុង​ចំណាយ​ពេល​ដើម្បី​ភ្ជាប់​ជាមួយនឹង​ទ្រង់ ។

ចូរ​មាន​ប្រាជ្ញា​ឡើង

ដោយសារ​បច្ចេកវិទ្យា​នៅ​តែ​បន្ត​វិវត្ត យើង​ទាំង​អស់​គ្នា​នឹង​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​ជា​ច្រើន ។ ជំនួស​ឲ្យ​ការស្វែងរក​ច្បាប់ និង​បញ្ជី​ជាក់លាក់​នានា​ពី​សាសនាចក្រ យើង​អាច​បែរ​ទៅ​រក​ព្រះវរបិតាសួគ៌ ព្រះអង្គ​សង្រ្គោះ ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​សម័យ​ទំនើប​រកមើល​គោលការណ៍​ដើម្បី​ជួយ​ណែនាំ​ជម្រើស​របស់​យើង​បាន ។ ព្រះវិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា តើ​ជម្រើស​របស់​យើង​ត្រឹមត្រូវ​ឬ​អត់ ។ ពាក្យ​របស់​យ៉ាកុប​គឺ​អាច​អនុវត្ត​បាន​នៅ​ក្នុង​សព្វថ្ងៃ​នេះ ដូច​កាលពីមុន​នៅពេល​លោក​បាន​បង្រៀន​ពាក្យ​ទាំងនោះ​ជាលើកដំបូង​ដែរ ៖ « ចូរ​មាន​ប្រាជ្ញា​ឡើង ចុះ​តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត ? » ( យ៉ាកុប ៦:១២ ) ។