លីអាហូណា
អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ នៅពេល​ខ្ញុំ​ផ្តាច់ខ្លួន​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម
ខែ មីនា ឆ្នាំ ២០២៤


« អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ នៅពេល​ខ្ញុំ​ផ្តាច់ខ្លួន​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ នៅពេល​ខ្ញុំ​ផ្តាច់ខ្លួន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ការកាត់​បន្ថយ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្ញុំ បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​វត្តមាន​កាន់​តែ​ច្រើន​ជាមួយ​កូនៗ​របស់​ខ្ញុំ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ប្រសើរ​ឡើង ។

រូបភាព
ស្ត្រី​កាន់​ខ្សែ​ភ្លើង​ដែល​បាន​កាត់​ផ្ដាច់ ខណៈ​ដែល​រូប​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អណ្តែត​ជុំវិញ​នាង

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

អស់​ពេល​ពីរបី​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ដឹង​ថា ព្រះ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ខ្ញុំ​បាន​ដឹង​ថា ការឈប់​សម្រាក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ល្អ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ខ្ញុំ​បាន​រីករាយ​នឹង​សហគមន៍​ដែល​ខ្ញុំ​បាន​រក​ឃើញ​នៅ​ទី​នោះ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សម្រប​សម្រួល​រឿង​ទាំង​ពីរ​នេះ​យ៉ាងម៉េច​ទេ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​មាន​អ្វី​មួយ​ត្រូវ​តែ​ផ្លាស់ប្ដូរ ។

ខ្ញុំ​អាន​សៀវភៅ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា​ពី​សំណួរ​ថា « តើ​ពេល​វេលា​ប៉ុន្មាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ជា​ចំនួន​ត្រឹម​ត្រូវ ដើម្បី​ទទួល​ផល​ប្រយោជន៍​ពី​សហគមន៍​ដោយ​មិនមាន​ឥទ្ធិពល​អវិជ្ជមាន​ទាំង​អស់​នោះ ? » សម្រាប់​ខ្ញុំ ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​ប្រហែល ២០ នាទី … ក្នុងមួយ​ខែ ។ ខ្ញុំ​កំណត់​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​រឿង​នេះ​កើតឡើង ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​វា​ងាយស្រួល​ជាង​អ្វី​ដែល​ខ្ញុំ​បាន​គិត ។ អ្វី​ដែល​ខ្ញុំ​មិន​បាន​រំពឹងទុក​នោះ​គឺ​ថា តើ​ការផ្លាស់ប្តូរ​នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​ដោយ​របៀប​ណា ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ចំពោះ​ខ្ញុំ ខ្ញុំ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ផែនការ​ដែល​ទ្រង់​មាន​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​បាន​មើលឃើញ​ពី​តម្រូវការ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​កាន់​តែ​ច្បាស់ ។

មិន​អនុញ្ញាត​ឲ្យ​ការថត​សែលហ្វី​កំណត់​តម្លៃ​ខ្លួន​របស់​ខ្ញុំ​ទេ

ខ្ញុំ​តែង​តែ​ដឹង​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ក្នុង​ជីវិត​ខ្ញុំ ។ ប៉ុន្តែ​ជា​រឿយៗ ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដឹកនាំ​ពី​របៀប​ដែល​ខ្ញុំ​មើល​ឃើញ និង​គិត​អំពី​ខ្លួន​ឯង ។ ទោះជា​ខ្ញុំ​ព្យាយាម​បញ្ចុះ​បញ្ចូល​ខ្លួនឯង​ថា រូបភាព​ដ៏​ល្អ​ឥតខ្ចោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មិន​បាន​ប៉ះ​ពាល់​ដល់​ខ្ញុំ​ក៏​ដោយ ក៏​រូបទាំង​នោះ​នៅតែ​ប៉ះពាល់​ដល់ខ្ញុំ​ដដែល ។ ការកាត់​បន្ថយ​ពេល​វេលា​របស់​ខ្ញុំ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខសាន្ត​ខាង​ផ្លូវ​ចិត្ត និង​ភាពស្ងប់ស្ងាត់​ដែល​ខ្ញុំ​ត្រូវការ​ចាំបាច់​ដើម្បី​ស្តាប់​ព្រះអង្គ​សង្គ្រោះ​ប្រាប់​ខ្ញុំ​ពី​អារម្មណ៍​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មិន​បាន​ដឹង​ថា ខ្ញុំ​នឹក​ការស្តាប់​ឮសំឡេង​របស់​ទ្រង់​ប៉ុណ្ណា​ទេ រហូត​ដល់​ខ្ញុំ​បាន​បង្កើត​កន្លែង​បន្ថែម​ទៀត​សម្រាប់​ទ្រង់​គង់​នៅ​ទី​នោះ ។

ខ្ញុំ​តែង​តែ​ជឿ​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ចំណុច​សំខាន់​មួយ​នៃ​ផែនការ​នោះ ។ ប៉ុន្តែ​ខ្ញុំ​ក៏​ជឿ​ថា ព្រះវរបិតាសួគ៌​មាន​ផែនការ​សម្រាប់​យើង​ម្នាក់ៗ​ផង​ដែរ ។ លែរី អិម ហ្គីបសុន អតីត​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ បាន​បង្រៀន « ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​មាន​ការ​ព្រួយ​បារម្ភ​ពី​យើង​ម្នាក់ៗ ហើយ​មាន​ផែនការ​ផ្ទាល់​ខ្លួន​សម្រាប់​យើង​ដើម្បី​សម្រេច​បាន​នូវ​ជោគ​វាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង » ។

ខ្ញុំ​បាន​ចំណាយ​ពេល​ជាច្រើន​ដើម្បី​អូស​នៅលើ​អេក្រង់ ដើម្បី​ព្យាយាម​ស្វែង​យល់​ថា​តើ​គោលបំណង​របស់​ខ្ញុំ​គឺជា​អ្វី ។ ការនៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​កៅអី​ជួរ​មុខគេ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​មនុស្ស​កំពុង​ធ្វើ ។ ខ្ញុំ​រៀន​បាន​ច្រើន​ពី​មនុស្ស​ទាំង​នេះ ប៉ុន្តែ​ខ្ញុំ​បាន​ចំណាយ​ពេល​ដើម្បី​ស្វែងរក​ច្រើន​ជាង​ការ​ធ្វើ ។ ចាប់​តាំង​ពី​បាន​ចាក​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មក ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ដឹកនាំ​ឲ្យ​ដឹង​ជា​ពិសេស​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។ រឿង​ជា​ច្រើន​នេះ​គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​ខុស​ពី​អ្វី​ដែល​ខ្ញុំ​បាន​គិតទុក ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង និង​សម្បូរបែប ។

ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង ( សូមមើល យ៉ូហាន ១០:១០ ) ។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការដាស់តឿន​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​មាន​ជីវិត​កាន់តែ​បរិបូរ​ជាង​នេះ ។

ជីវិត​មិន​ត្រឹមតែ​នៅលើ​អេក្រង់​ប៉ុណ្ណោះទេ

ព្រះអង្គ​សង្រ្គោះ​បាន​មើលឃើញ​អស់អ្នក​ដែល​រត់គេច​ពី​ការកត់​សម្គាល់​របស់​អ្នកដទៃ ។ ខ្ញុំ​ចូលចិត្ត​អាន​ដំណើររឿង​អំពី​ទ្រង់​ដែល​បាន​បម្រើ​ដល់​មនុស្ស​បែប​នេះ ហើយ​បង្រៀន​ពួកគេ​នូវ​តម្លៃ​របស់​ពួកគេ ។ ការចំណាយ​ពេល​ច្រើន​ពេក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បាន​រា​រាំង​ខ្ញុំ​ពី​ការមើល​ឃើញ​មនុស្ស​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់ រួម​ទាំង​គ្រួសារ​របស់​ខ្ញុំ​ផង​ដែរ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិន​បើ​កូនៗ​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​បាន​យក​ចិត្ត​ទុកដាក់​លើ​ពួកគេ​ទេ នោះ​មិន​យូរ​ប៉ុន្មាន ពួកគេ​នឹង​ស្វែង​រក​ប្រភព​ខាង​ក្រៅ​ដើម្បី​បញ្ជាក់​ពី​តម្លៃ​របស់​ពួក​គេ ។

ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ខ្លាំង​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​សម្រាប់​កូនៗ​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​មាន​វត្តមាន​កាន់តែ​ច្រើន​ជាមួយនឹង​ពួកគេ ។ ខ្ញុំ​ស្រឡាញ់​តួនាទី​របស់​ខ្ញុំ​ក្នុង​នាម​ជា​ម្តាយ​កាន់តែ​ច្រើន​ជាង​មុន ។ ខ្ញុំ​បាន​ស្គាល់​អ្នកជិតខាង ហើយ​បាន​សកម្ម​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ ។ ឱកាស​របស់​ខ្ញុំ​សម្រាប់​ការបម្រើ​បាន​កើន​ឡើង ។ ខ្ញុំ​បាន​គិត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​ជួយ​ខ្ញុំ​ឲ្យ​ដឹង​កាន់​តែ​ច្បាស់ ប៉ុន្តែ​តាម​ពិតទៅ ខ្ញុំ​មិន​បាន​រស់នៅ​ក្នុង​គ្រា​បច្ចុប្បន្ន​នោះ​ឲ្យបាន​គ្រប់​គ្រាន់ ដើម្បី​មើល​ឃើញ​ពី​តម្រូវការ​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​នោះទេ ។

ការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្ញុំ​ហាក់​ដូច​ជា​រឿង​តូចតាច និង​សាមញ្ញ​មួយ ប៉ុន្តែ​វា​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្កើន​សេចក្តី​ជំនឿ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង និង​កែលម្អ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង មាន​ផែនការ​សម្រាប់​យើង ហើយ​មាន​បុត្រាបុត្រី​ជាច្រើន​ដែល​ត្រូវការ​ការយកចិត្ត​ទុកដាក់​របស់​យើង​ផងដែរ ។

អ្នកនិពន្ធ​រស់នៅ​ក្នុង​រដ្ឋ ញូវយ៉ក ស.រ.អា. ។

កំណត់​ចំណាំ

  1. លែរី អិម ហ្គីបសុន « Fatherhood—Our Eternal Destiny » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨០ ។