២០២០
ការដក​យក​សម្ពាធ​ចេញ​ពី​ការស្វែងរក​ដៃគូ​អស់កល្ប
ខែ មិថុនា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ការដក​យក​សម្ពាធ​ចេញ​ពី​ការស្វែងរក​ដៃគូ​អស់កល្ប

រូបភាព
women squeezing balloon

សាសនាចក្រ​នៅ​ប្រទេស​ប៉ូឡូញ​តូច​ណាស់ ។ តាមពិត​ទៅ វា​តូច​នៅ​គ្រប់​ទីកន្លែង​នៅ​ទ្វីប​អ៊ីរ៉ុប​ប៉ែក​ខាង​កើត ។ ជា​ធម្មតា យើង​ពុំ​មាន​សមាជិក​សាសនាចក្រ​អាយុ​ស្របាល​យើង​ច្រើន​ទេ​នៅក្នុង​ប្រទេស​របស់​យើង​ទាំង​មូល ចុះ​ទម្រាំ​តែ​នៅក្នុង​វួដ ឬ​ស្ដេក​របស់​យើង​ទៀត​នោះ ។ សំណាង​ល្អ​មាន​សន្និសីទ​សម្រាប់​យុវមជ្ឈិមវ័យ​ដែល​ធ្វើ​ឡើង​ជារៀងរាល់​ឆ្នាំ នៅក្នុង​ប្រទេស​ជាច្រើន​នៅ​អ៊ឺរ៉ុប​ខាង​កើត ។

សន្និសីទ​ទាំងនេះ​ត្រូវបាន​រៀបចំ​ឡើង មិនមែន​ចាំបាច់​តែ​ជា​ការជួយ​អ្នក​ឲ្យ​ស្វែងរក « ដៃគូ​ឥតខ្ចោះ » នោះ​ទេ ប៉ុន្តែ​ភាគច្រើន​បំផុត​គឺ​ដើម្បី​ជួយ​ដល់​យុវមជ្ឈិមវ័យ​ឲ្យ​បង្កើត​មិត្ត​ថ្មី ដែល​មាន​គុណតម្លៃ​ដូច​គ្នា ហើយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ដោយ​ការនិយាយ​ជាមួយ​គ្នា​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​ពួកគេ ។

ការផ្ដោត​លើ​មិត្តភាព

អំឡុង​សន្និសីទ​មួយ​នៅ​ប្រទេស​ប៉ូឡូញ​នៅ​ឆ្នាំ ២០១០ ខ្ញុំ​បាន​ជួប​រ៉ាឌូ ។ គាត់​មក​ពី​ប្រទេស​រូម៉ានី ។ យើង​បាន​និយាយ​គ្នា​បន្តិច ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​គាត់​បាន​ចេញ​ទៅ​បេសកកម្ម​របស់​គាត់ ហើយ​យើង​ក៏​មិន​បាន​ជួប​គ្នា​ទៀត​ទេ​ទាល់តែ​ដល់​សន្និសីទ​យុវមជ្ឈិមវ័យ​មួយ​ទៀត នៅ​បី​ឆ្នាំ​ក្រោយ​មក ។ នៅទី​នោះ យើង​បាន​មាន​ពេល​ស្គាល់​គ្នា​ទៅវិញ​ទៅមក​បន្ថែម​បន្ដិច​ទៀត ប៉ុន្តែ​ខ្ញុំ​នឹង​ចេញ​ទៅ​បេសកកម្ម​របស់​ខ្ញុំ​ផ្ទាល់​នៅ​មួយ​ខែ​ទៀត ។ រ៉ាឌូ​បាន​ជូនពរ​ខ្ញុំ​ឲ្យ​ជួប​តែ​អ្វី​ដែល​ល្អ ហើយ​បាន​និយាយ​ថា « សូម​ឲ្យ​យើង​បន្ត​ទំនាក់ទំនង​នឹង​គ្នា » ។ ខ្ញុំ​មិន​ជា​បាន​គិត​ទេ​ថា គាត់​នឹង​បន្ត​ទាក់ទង​នោះ ប៉ុន្តែ​គាត់​បាន​ធ្វើ​វា ។ គាត់​បាន​សរសេរ​សំបុត្រ​ដល់​ខ្ញុំ​អស់​ពេញ​មួយ​បេសកកម្ម​ខ្ញុំ ។ ពុំ​មាន​អ្វី​ទាក់ទង​រឿង​ស្នេហា​ទេ​នៅក្នុង​សំបុត្រ​របស់​គាត់ ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​មិត្ត​ដ៏​ស្និតស្នាល​ម្នាក់​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​ចូលចិត្ត​ការគោរព​ដែល​គាត់​មាន​សម្រាប់​ខ្ញុំ និង​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជា​ទូទៅ ។

ពេល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ រ៉ាឌូ និង​ខ្ញុំ​ទាំងពីរ​នាក់​រំភើប​ណាស់​ដោយបានស្គាល់​គ្នា​បន្ថែម​ទៀត​កាន់តែ​ច្បាស់—នៅ​ទីបំផុត​យើង​អាច​ធ្វើ​ឲ្យ​វា​កើត​ឡើង​បាន​បន្ទាប់​ពី​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ។ យើង​បាន​ជ្រើសរើស​កន្លែង​មួយ​ដែល​មិន​សូវ​ថ្លៃ​សម្រាប់​យើង​ទាំងពីរ​ដើម្បី​ជួបគ្នា ( ដែល​ជា​ប្រទេស​បែលហ្ស៊ិក​នៅពេល​នោះ ) ដើម្បី​ចំណាយ​ពេល​ខ្លះ​ជាមួយ​គ្នា ។ យើងបាន​ជជែក​គ្នា ហើយ​ជជែក​គ្នា​ទៀត ហើយ​ជជែក​គ្នា​ថែម​ទៀត ។

យើង​ពុំ​បាន​ដាក់​សម្ពាធ​លើ​ចំណង​ទាក់ទង​របស់​យើង​នោះ​ទេ ។ យើង​បាន​ផ្ដោត​ទៅលើ​ការស្ថាបនា​មិត្តភាព​មួយ ហើយ​គ្រាន់តែរៀន​ស្គាល់​គ្នា​បន្ថែម​ទៀត ។ យើង​តែងតែ​មាន​ភាពសប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​គ្នា ប៉ុន្តែ​យើង​ក៏​មាន​នូវ​ការពិភាក្សា​ដ៏​មាន​អត្ថន័យ និង​ជ្រាលជ្រៅ​ផងដែរ​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​សារ​សំខាន់​បំផុត ។ ពេល​វេលា​ចេះ​តែ​រំកិល​ទៅមុខ ហើយ​មិត្តភាព​របស់​យើង​លូតលាស់​កាន់តែ​រឹងមាំ ។ យើង​និយាយ​គ្នា​តាម Skype ស្ទើរ​តែ​រាល់​ថ្ងៃ ហើយ​ក្រោយ​មក​យើង​បាន​ចាប់ផ្ដើម​អធិស្ឋាន​ពេល​រាត្រី​ជាមួយ​គ្នា ។ នៅ​ទីបំផុត​យើង​បាន​ចាប់ផ្ដើម​ទៅលេង​ប្រទេស​របស់​គ្នា​ទៅវិញ​ទៅមក​ជា​រៀងរាល់​ពីរបី​ខែ​ម្ដង ។

« ចូរ​យើង​អធិស្ឋាន​អំពី​វា »

មួយ​រយៈ​ក្រោយ​មកទៀត ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​ការថប់​បារម្ភ​ដោយសារ​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​មិត្តភាព​របស់​យើង​កំពុង​អភិវឌ្ឍ​ទៅកាន់​អ្វីមួយ​ថែម​ទៀត ។ ប៉ុន្តែ​គាត់​មក​ពី​ប្រទេស​រូម៉ានី ! ខ្ញុំ​មិន​ចង់​មាន​ចំណង​ទាក់ទង​ដែល​ឆ្ងាយ​ពី​គ្នា​នោះទេ ព្រោះ​ចំណង​ទាក់ទង​មួយ​អាច​នាំ​ទៅកាន់​អាពាហ៍ពិពាហ៍ ដែល​មានន័យ​ថា​ម្នាក់​ក្នុង​ចំណោម​ទាំងពីរ​ត្រូវតែ​ប្ដូរ​ទៅកាន់​ប្រទេស​មួយ​ផ្សេង​ទៀត ។ ខ្ញុំ​ពុំទាន់បាន​ត្រៀម​ខ្លួន​រួចរាល់​ចំពោះ​រឿង​នោះទេ ។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​មាន​ការថប់​បារម្ភ​ខ្លះៗ នោះ​រ៉ាឌូ​បាន​រំឭក​ខ្ញុំ​ពី​គោលការណ៍​ដ៏​សាមញ្ញ​តែ​មាន​អានុភាព​មួយ ។ គាត់​បាន​និយាយ​ថា « ចូរ​យើង​អធិស្ឋាន​ពី​ចំណង​ទាក់ទង​របស់​យើង ហើយ​មើល​ថា​តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា » ។

ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា​ហេតុអ្វី​ខ្ញុំ​មិន​បាន​គិត​អំពី​ការអធិស្ឋាន​អំពី​ចំណង​ទាក់ទង​របស់​យើង​ពីមុន​នេះ ។ ប៉ុន្តែ​នោះ​គឺ​ជា​ដំបូន្មាន​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ទទួល​នៅពេល​នោះ ។ ដូច្នេះ ខ្ញុំ​បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ ។

ខ្ញុំ​ពុំ​បាន​រំពឹង​ថា​បាន​ចម្លើយ​ជាក់លាក់​ណាមួយ​ឡើយ​នៅ​គ្រា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ត​ឈាន​ទៅមុខ​ជាមួយ​នឹង​ការរៀន​ស្គាល់​រ៉ាឌូ​បន្ថែម​ទៀត ។ ខ្ញុំ​បាន​សង្ឃឹម​ថា ព្រះវរបិតាសួគ៌​នឹង​ផ្ដល់​ការព្រមាន​ដល់​ខ្ញុំ ប្រសិន​បើ​ចំណង​ទាក់ទង​របស់​យើង​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​គួរតែ​បន្ត ។ ប៉ុន្តែ​យូរៗ​ទៅ ចម្លើយ​ដែល​ខ្ញុំ​បាន​សូម ពិតជា​បាន​មក ។ ខ្ញុំ​បាន​និយាយ​អំពី​រ៉ាឌូ​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ​ខ្ញុំ ហើយ​គ្រប់​ការសន្ទនា​ទាំងអស់ ខ្ញុំ​ត្រូវបាន​បញ្ជាក់​ជា​ថ្មី​ថា ខ្ញុំ​កំពុង​ដើរ​ទៅកាន់​ទិសដៅ​ត្រឹមត្រូវ ។

មិនយូរ​ប៉ុន្មាន ខ្ញុំ​បាន​មាន​ការយល់ដឹង​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ ។ បន្ទាប់​ពី​មាន​ការនិយាយ​តាម Skype ដ៏​អស្ចារ្យ​មួយ​ទៀត​ជាមួយ​រ៉ាឌូ​នៅ​យប់​មួយ ខ្ញុំ​បាន​និយាយ​ទៅកាន់​ខ្លួន​ឯង​ថា « គាត់​ពិត​ជា​មិត្ត​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​មាន ។ ខ្ញុំ​ចង់​ធ្វើ​ជា​មិត្ត​របស់​គាត់​ជា​រៀង​រហូត ! » ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ដឹង ។ រំពេច​នោះ​សំឡេង​មួយ​នៅក្នុង​ចិត្ត​ខ្ញុំ​បាន​ឆ្លើយ​ទៅនឹង​គំនិត​របស់​ខ្ញុំ​ផ្ទាល់​ថា « មែនហើយ អញ្ចឹង​អ្នក​ត្រូវតែ​រៀបការ​នឹង​គាត់ ! » ខ្ញុំ​ដឹង​ថា ព្រះ​វរ​បិតា​សួគ៌​ញញឹម​នឹង​ចំណង​ទាក់ទង​របស់​ខ្ញុំ​នឹង​រ៉ាឌូ ។ ខ្ញុំ​អាច​ឃើញ​ថា គាត់​ជា​មិត្ត​ដ៏​ល្អ​បំផុត ហើយ​ថា​យើង​អាច​មាន​ភាពរីករាយ​ជាមួយ​គ្នា ។

ការដក​យក​សម្ពាធ​ចេញ​ពី​ការស្វែងរក​ស្វាមី/ភរិយា

ដូច្នេះ​ខ្ញុំ​បាន​ប្ដូរ​ទៅ​នៅ​ប្រទេស​រូម៉ានី ហើយ​បាន​រៀបការ​នឹង​រ៉ាឌូ ។ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ខ្ញុំ​នឹង​រស់នៅ​ប្រទេស​រូម៉ានី ។ ប៉ុន្តែ​យើង​បាន​រៀបការ​អស់​បួន​ឆ្នាំ​ហើយ​ឥឡូវ​នេះ ហើយ​យើង​មាន​កូនស្រី​ដ៏​ល្អ​ម្នាក់​ឈ្មោះ អាំមើលៀ ។

ខ្ញុំ​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​គិត—ខ្ញុំ​គ្រាន់តែ​ជា​យុវមជ្ឈិមវ័យ​ម្នាក់​ទៀត​ដែល​បាន​ជួប « ដៃគូ​ជីវិត » របស់​ខ្ញុំ​នៅ​សន្និសីទ​យុវមជ្ឈិមវ័យ ហើយ​អ្វីៗ​បាន​ដំណើរការ​ទៅ​ដោយ​មិន​បាច់​ប្រឹង ។ ប៉ុន្ដែ​នោះ​ពុំមែន​ជា​រឿង​ពិត​ទេ ។ មូលហេតុ​ដែល​ខ្ញុំ​ប្រាប់​រឿង​នេះ​ដល់​អ្នក គឺ​ដើម្បី​ឲ្យ​អ្នក​ឈប់​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ក្នុង​ការស្វែងរក​ដៃគូ​អស់កល្ប ហើយ​សូម​ឲ្យ​ព្រះ​ដឹកនាំ​អ្នក​វិញ ។

តើ​ខ្ញុំ​ទៅ​សន្និសីទ​យុវមជ្ឈិមវ័យ​ទាំងនោះ​ដើម្បី​ទៅរក​ស្វាមី​ឬ ? អត់ទេ ។

តើ​ខ្ញុំ​បាន​គិត​ថា បុរស​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​នៅ​ទីនោះ​នឹង​ក្លាយ​ជា​ស្វាមី​របស់​ខ្ញុំ​ឬ ? ខ្ញុំ​មិន​ប្រាកដ​ដែរ ។

ផ្ទុយ​ទៅវិញ ខ្ញុំ​បាន​ដកយក​សម្ពាធ​ចេញ​ពី​ការស្វែងរក​មនុស្ស​ដែល​ខ្ញុំ​ចង់​រៀបការ​ជាមួយ ហើយ​ខ្ញុំ​គ្រាន់តែ​ទៅ​សន្និសីទ​ទាំងនេះ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​នឹង​មនុស្ស​ផ្សេង​ទៀត ហើយ​កសាង​មិត្តភាព—នោះ​ហើយ​ជា​អ្វី​ដែល​រ៉ាឌូ និង​ខ្ញុំ​បាន​ធ្វើ​ពី​ដំបូង ។

សម្ពាធ​ដើម្បី​ស្វែងរក​ដៃគូ​អស់កល្ប​ឲ្យ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន អាច​ជា​រឿង​ពិត​ជាក់ស្តែងណាស់​នៅពេល​ខ្លះ ។ ប៉ុន្តែ​ពុំ​មាន​ការកំណត់​ពេលវេលា​លើ​ចំណង​ទាក់ទង​ដ៏​អស់កល្ប​នោះ​ទេ ។ ពុំ​ចាំបាច់​តានតឹង​ពី​វា​ទេ ។ ជីវិត​មិនមែន​តែ​ពី​ការរៀបការ​នោះ​ទេ ប៉ុន្តែ​វា​អំពី​ការក្លាយ​ជា​ទម្រង់​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ធ្វើ​កិច្ចការ​របស់​ទ្រង់​នៅក្នុង​ជីវិត​យើង ។ មែនហើយ យើង​ទាំងអស់​គ្នា​គួរតែ​ចេញ​ទៅ បង្ហាញ​ខ្លួន ជួប​មនុស្ស​ម្នា បង្កើត​មិត្ត​ថ្មី ហើយ​ធ្វើ​អ្វី​ដែល​មិនមែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​យើង ។ ប៉ុន្តែ​យើង​ក៏​គួរ​តែ​ធ្វើ​ដូច្នោះ​ដោយ​មាន​គំនិត​ថា « ខ្ញុំ​នឹង​សប្បាយ​រីករាយ ហើយ​ជួប​នឹង​មិត្តភក្ដិ​ដ៏​អស្ចារ្យ​មួយ​ចំនួន » ជាជាង​ថា « ខ្ញុំ​ត្រូវតែ​ចាំយាម​រកមើល ‹ មនុស្ស​ម្នាក់​ដែល​ល្អ​បំផុត › ឬ​មិន​ដូច្នោះ​ទេ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខូច​ផែនការ​អស់​ពេញ​មួយ​ជីវិត​ខ្ញុំ ! »

រឿង​មួយ​ដែល​រ៉ាឌូ​បាន​ប្រាប់​ខ្ញុំ​ពេល​យើង​ភ្ជាប់ពាក្យ​គឺ​ថា ថ្វីបើ​គាត់​តែងតែ​មាន​អារម្មណ៍​តានតឹង​បន្តិច​ពេល​នៅ​ជិត​មនុស្ស​ស្រី​ដែល​គាត់​ចូលចិត្ត ក៏​គាត់​ពុំ​បាន​មាន​អារម្មណ៍​បែបនោះ​ជាមួយ​ខ្ញុំ​ឡើយ ។ គាត់​បាន​និយាយ​ថា ដោយសារ​តែ​មិត្តភាព​របស់​យើង គាត់​តែងតែង​មាន​អារម្មណ៍​ស្រាកស្រាន្ត ហើយ​គាត់​តែងតែ​អាច​ធ្វើ​ជា​ខ្លួនឯង ។

ដូច្នេះ សូម​រកមើល​មនុស្ស​ល្អៗ​ឲ្យ​នៅ​ជុំវិញ​ខ្លួនឯង ហើយ​រីករាយ​ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក ។ ដោយសារ​តាមពិត​ទៅ ពេល​អ្នក​ឈប់​មាន​ភាពតានតឹង ហើយ​គ្រាន់តែ​ជ្រើសរើស​ដើម្បី​កសាង​មិត្តភាព ហើយ​រៀន​ស្រឡាញ់​ខ្លួន​ឯង និង​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួនឯង ពេលនោះ​ហើយ​ដែល​ជីវិត​ក្លាយ​កាន់តែ​រីករាយ​ឡើង ។

ការទុកចិត្ត​លើ​ផែនការ​របស់​ព្រះ​សម្រាប់​អនាគត​របស់​យើង

រ៉ាឌូ និង​ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​ទេ ។ យើង​មិន​បាន​ស្វែងរក​មនុស្ស « ល្អឥតខ្ចោះ » ឡើយ—យើង​គ្រាន់តែ​ធ្វើ​ជា​ខ្លួនឯងប៉ុណ្ណោះ ។ អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​នោះ​គឺ​ថា ភាពពិត​នៃ​ខ្លួន​អ្នក និង​របៀប​ដែល​អ្នក​រស់នៅ គឺជា​អ្វី​ដែល​ទាក់ទាញ​ចិត្ត​បំផុត​ដល់​មនុស្ស​ផ្សេងទៀត ។ ពេល​អ្នក​ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ អ្នក​នឹង​ទាក់ទាញ​ចិត្ត​អ្នក​ដទៃ​ទៀត​ដែល​កំពុង​ធ្វើតាម​ទ្រង់​ឲ្យ​បាន​ល្អ​បំផុត​ផងដែរ ។

ខ្ញុំ​ក៏​បាន​រៀន​ផងដែរ​ថា ពេល​យើង​ក្លាយ​កាន់តែ​ប្រសើរ​ឡើង ហើយ​មាន​សេចក្ដី​ជំនឿ​ពេញលេញ​ថា ព្រះ​ជា​អង្គ​ទទួល​ខុសត្រូវ នោះ​យើង​នឹង​អញ្ជើញ​ព្រះហស្ដ​ទ្រង់​ចូលក្នុង​ជីវិត​យើង—ហើយ​ពេល​យើង​ទទួល​ស្គាល់​ព្រះហស្ដ​ទ្រង់ នោះ​មិន​ចាំបាច់​ភ័យខ្លាច​អនាគត​ឡើយ ។ សូម​ចងចាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នីហ្វៃ ៖ « ហើយ​យើង​ក៏​នឹង​ទៅ​ជា​ពន្លឺ​របស់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទីរហោស្ថាន​ដែរ ហើយ​យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា បើសិនជា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហេតុ​ដូច្នោះ​ហើយ ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​នាំ​ទៅដែនដី​សន្យា ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ទៅ » ( នីហ្វៃទី១ ១៧:១៣ ) ។

យើង​មិន​ត្រូវ​ដាក់​សម្ពាធ​ឥត​ឈប់ឈរ​លើ​ខ្លួន​ឯង​ដោយសារ​តែ​ការរំពឹង​ទុក ឬ​គោលដៅ​ជាក់លាក់​ទាំងឡាយ​ដែល​មិន​បាន​សមប្រកប​តាម​ពេល​វេលា​របស់​យើង​ផ្ទាល់​នោះ​ឡើយ ។ តាមពិត​ទៅ ពេលវេលា​របស់​ព្រះវរបិតាសួគ៌​គឺ​ខុស​ពី​របស់​យើង—វា​គឺ​អស់កល្ប​ជានិច្ច ។ ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​យើង ដើម្បី​បំពេញ​រាល់​ពរជ័យ​ទាំងឡាយ​ដែល​យើង​ស្វែងរក ។ ហើយ​ពេល​យើង​ទុកចិត្ត​លើ​ផែនការ​របស់​ទ្រង់​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ស្វែងរក​ការបំពេញ​នៅក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ដែល​យើង​ឃើញ​ថា​យើង​ស្ថិត​នៅ​ក្នុង នោះ​ហើយ​ជា​ពេល​ដែល​យើង​នឹង​រកឃើញ​សុភមង្គល​ដ៏​ពិត ។ ផែនការ​របស់​ទ្រង់​តែងតែ​ល្អជាង​ផែនការ​ដែល​យើង​មាន​សម្រាប់​ខ្លួន​យើង ។