២០២០
គន្លឹះ ៧ យ៉ាង​ដើម្បីឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​គ្នា​ក្នុង​ទំនាក់ទំនង​ចម្ងាយផ្លូវ​ឆ្ងាយ
ខែ មិថុនា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

គន្លឹះ ៧ យ៉ាង​ដើម្បីឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​គ្នា​ក្នុង​ទំនាក់ទំនង​ចម្ងាយផ្លូវ​ឆ្ងាយ

ប្រសិនបើ​អនាគត​ដៃគូ​អស់កល្ប​របស់​អ្នក​នៅ​ឆ្ងាយពីគ្នា​ខ្លាំង នេះ​គឺជា​វិធី​ខ្លះៗដើម្បី​ធ្វើ​ឲ្យ​មានភាព​ងាយស្រួល​ ។

ការរកឃើញ​មនុស្ស​ល្អ និង​មាន​សន្ដាន​ចិត្តល្អ ដែល​អ្នក​ចង់​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​អ្នក​ជាមួយ​អាច​ជា​រឿង​ពិបាក​មួយ ។ បន្ថែម​លើ​ឧបសគ្គ​ក្នុង​ការចង់​មាន​នរណាម្នាក់​ដែល​មាន​ភាពសក្ដិសម​សម្រាប់ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​បទដ្ឋាន និង​ជំនឿ​ដូច​អ្នក ហើយ​រស់នៅ​ក្បែរ​គ្នា​ដើម្បី​អាច​ចំណាយ​ពេល​ជាមួយ​គ្នា​បាន​នោះ យើង​អាច​មាន​អារម្មណ៍​ថា​ស្ទើរ​តែមិន​អាច​ទៅ​រួច ។ ប៉ុន្ដែ​ដោយ​មាន​ការបង្កើត​អ៊ិនធើរណិត ការឆាត​ជា​វីដេអូ ការណាត់​ជា​គូ​តាម​អ៊ិនធើរណិត និង​កម្មវិធី​ណាត់​ជួប​គ្នា នោះ​ទំនាក់ទំនង​ចម្ងាយផ្លូវ​ឆ្ងាយ​កាន់តែ​មានភាព​ទូលំទូលាយ​ជាង​មុន​ខ្លាំង​ណាស់ និង​ជា​ដំណឹងល្អ​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាច្រើន ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​សមាជិក​តិច និង​ឆ្ងាយ​ពី​គ្នា​ក្នុង​សាសានាចក្រ​ទូទាំង​ពិភពលោក​នេះ ។

សំណាង​ល្អ យើង​បានមាន​ដំបូន្មាន​ល្អៗ​ជាច្រើន​មកពី​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​របស់​យើង​ស្ដី​អំពី​ទំនាក់ទំនង​ក្នុង​ការណាត់​ជួប​ដើរលេង មិន​ថា​ទំនាក់ទំនង​នោះ​មាន​ចម្ងាយផ្លូវ​ឆ្ងាយ​ឬ​អត់​នោះទេ ។ អែលឌើរ ជែហ្វ្រី អរ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ប្រសិនបើ​យើង « ចង់​បាន​សមត្ថភាព សុវត្ថិភាព និង​សន្ដិសុខ​នៅក្នុង​ការណាត់​ជួប​ដើរលេង និង​មនោសញ្ចេតនា នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍ និង​ភាពអស់កល្ប » នោះ​យើង​ត្រូវ​តែ « ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ » ( « How Do I Love Thee ? »New Era ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ៨ ) ។ ក្រៅពី​នោះ យើង​មាន​គន្លឹះ ៧ យ៉ាង​ស្ដីពី​របៀបឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​គ្នា​ក្នុងការទំនាក់ទំនង​ចម្ងាយផ្លូវ​ឆ្ងាយ ៖

  1. រក្សា​វា​ឲ្យមានភាព​ទៀងទាត់ ។ សូម​ដាក់​កាលវិភាគ​ដែល​ត្រូវគ្នា​សម្រាប់អ្នក​ទាំងពីរ​ ។ ដៃគូ​ជាច្រើន​ដែល​បាន​មាន​បទពិសោធន៍​ក្នុង​ទំនាក់ទំនង​ចម្ងាយ​ផ្លូវឆ្ងាយ​បាន​និយាយ​ថា ការនិយាយ​គ្នា​រាល់ថ្ងៃ​តាម​ទូរសព្ទ ឬ​តាម​ការឆាក​វីដេអូ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ខ្លាំង​នៅក្នុង​ការទំនាក់ទំនង​របស់​ពួកគេ ។ ប្រហែល​អ្នក​មិនអាច​មាន​ពេលវេលា​ជជែក​គ្នា​រាល់ថ្ងៃ​នោះ​ទេ ប៉ុន្ដែ​អ្នក​គួរតែ​ណាត់​ពេល​គ្នា ដែល​ល្អ​សម្រាប់​ដៃគូ​ខ្លួន ។

  2. តែងតែ​ផ្ដល់ ១០០ ភាគរយ ។ ជាញឹកញាប់ ការទំនាក់ទំនង​ចម្ងាយ​ផ្លូវឆ្ងាយ​មិន​ដំណើរការ​ឡើយ នៅពេល​ដៃគូ​ម្នាក់ ឬ​ទាំងពីរ​នាក់​មិន​បេ្ដជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ដើម្បី​ធ្វើ​ឲ្យ​វា​មានដំណើរការ​នោះ ។ នៅពេល​អ្នក​ប្ដេជ្ញាចិត្ត​ដើម្បីបង្ហាញ និង​ប្រាប់​ដៃគូ​ម្នាក់ទៀត​ថា អ្នក​ពិត​ជា​បារម្ភ​ពី​ពួកគេ ទោះ​ជា​ពេល​អ្នក​នៅ​ឆ្ងាយ​ពី​គ្នា​ក្ដី នោះ​អ្នក​អាច​នៅ​ជិត​ស្និទ្ធ​នឹង​គ្នា​កាន់តែ​ខ្លាំង ។

  3. ការប្រាស្រ័យ​ទាក់ទង​គ្នា​គឺជា​គន្លឹះ ។ នៅពេល​អ្នក​មាន​ពេល​ជជែក​គ្នា​មួយ​ទល់​មួយ សូម​ផ្ដោត​ទៅលើ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើក​ចំហ ។ សូម​កុំ​ស្ទាក់ស្ទើរ​នឹង​ចែកចាយនូវ​អារម្មណ៍​របស់​អ្នក មិន​ថា​វា​ពិបាក ហើយ​អវិជ្ជមាន ឬ​កក់ក្ដៅ និង​ស្រពិច​ស្រពិល​ប៉ុណ្ណា​នោះឡើយ ។ ការបង្ហាញ​អារម្មណ៍​ទាំងនេះ​ដោយ​បើក​ចំហ​នឹង​ពង្រឹង​ដល់ការ​ទំនាក់ទំនង​របស់​អ្នក ហើយ​អ្នក​នឹង​អាច​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​គ្នា មិន​ថា​រូបកាយ​នៅ​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា​នោះទេ ។

  4. ត្រូវមានមនោសព្ចោតនា ! ដោយសារ​តែចម្ងាយ​ផ្លូវធ្វើ​ឲ្យ​វាពិបាក​សម្រាប់​អ្នក​ទាំងពីរ​បង្ហាញ​ក្ដី​ស្រឡាញ់​ខាង​រូបកាយ អ្នក​ត្រូវតែ​រកមើល​របៀប​ផ្សេងៗទៀត​ដើម្បី​បង្ហាញ​ថា អ្នក​បារម្ភ ។ អ្នក​អាច​ធ្វើឲ្យ​ពួកគេមានការ​ភ្ញាក់ផ្អើល​តាមរយៈ​សារ​ខ្លីៗ​ពេញ​មួយ​ថ្ងៃ ។ អ្នក​អាច​ឲ្យ​គេ​ដឹក​អាហារ ឬ​ផ្កា​ទៅឲ្យ​ពួកគេ ។ ហើយ​សំបុត្រ​ដ៏​ស្មោះត្រង់ដែល​សរសេរ​បាន​យ៉ាង​ល្អ​ផ្ញើ​តាម​ប្រៃណីយ៍​​គឺ​តែងតែ​មាន​ជ័យជំនះ​ជានិច្ច !

  5. បង្កើត​ការផ្សារភ្ជាប់​ខាង​វិញ្ញាណ​មួយ ។ សូម​ព្យាយាម​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការប្រជុំ​ធម្មនិដ្ឋាន​រាល់​សប្ដាហ៍​រួមជាមួយគ្នា ។ សូម​មើល​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ​ជាមួយ​គ្នា ហើយ​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ក៏អាន​មេរៀន ចូរ​មក​តាម​ខ្ញុំ សម្រាប់​សប្ដាហ៍​នោះ ។ ការពង្រឹង​ការផ្សារភ្ជាប់​ខាង​វិញ្ញាណ​របស់​អ្នក​ក៏​នឹង​ពង្រឹង​ទៅដល់​ទំនាក់ទំនង​ខាងមនោសញ្ចេតនា​របស់​អ្នក​ផងដែរ !

  6. រក​ពេល​ដើម្បីជួប​គ្នា​ផ្ទាល់ ។ ការឃើញ​គ្នា​តាម​អេក្រង់​ក្នុង​រយៈពេល​គ្មាន​​កំណត់គឺ​មិន​គ្រប់គ្រាន់​ជានិច្ច​នោះ​ទេ ។ សូម​ព្យាយាម​ដាក់​ផែនការ​ដើម្បី​ជួប​គ្នា​ផ្ទាល់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ សូម​កុំ​ចំណាយ​ថវិកា​ទាំងអស់​របស់​អ្នក​ដើម្បី​ជួប​គ្នា​ញឹកញាប់ពេក ប៉ុន្ដែ​សូម​ព្យាយាម​ទៅលេង​គ្នា​យ៉ាង​ហោច​ណាស់​ពីរ​បី​ខែ​ម្ដង ប្រសិនបើ​ការនៅ​បែក​គ្នា​គឺជា​ពេលវាលាដ៏​យូរ​មួយ ។

  7. សូម​មានភាពស្មោះត្រង់​ជានិច្ច ។ ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​គឺ​ភាពស្មោះត្រង់ ។ សូម​ឲ្យ​ដៃគូ​ម្នាក់ទៀត​ដឹង​ថា តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​តើ​អ្នក​រំពឹង​ចង់​បាន​អ្វី​ពី​ទំនាក់ទំនង​របស់​អ្នក ។ អ្នក​ទាំងពីរ​​ត្រូវតែ​ជិះ​លើ​ទូក​តែមួយ ដើម្បី​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ដំណើរការ​បាន ហើយ​របៀប​តែមួយ​គត់​ដើម្បី​ឲ្យ​ការណ៍​នេះ​កើតឡើង​បាន​គឺ​ថា តើ​អ្នក​ទាំងពីរ​ត្រូវ​ជ្រើសរើស​ដើម្បី​នៅ​ស្មោះត្រង់​នឹង​គ្នា​ដែរ​ឬ​អត់ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ ទំនាក់ទំនង​របស់​អ្នក​អាច​រីក​ស្រស់ស្រាយ​ឡើង ហើយ​នឹង​ក្លាយ​ទៅជា​អ្វី​មួយ​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​អ្នក​ជារៀង​រហូត ។

សំខាន់​ជាង​អ្វីៗ​ផ្សេងទៀត សូមចង​ចាំ​ថា ទំនាក់ទំនង​ណាត់​ជួប—មិន​ថា​ជិត ឬ​ឆ្ងាយ—គួរតែ​មាន​មូលដ្ឋាននៅ​លើ​មិត្តភាព ។ ដូច​ស៊ិស្ទើរ ស៊ូសាន ដបុលយូ ថានណើរ អតីត​ប្រធាន​យុវនារី​ទូទៅ​បាន​និយាយ​ថា « មិត្តភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​ការចែចង់ និង​អាពាហ៍ពិពាហ៍​គួរតែ​សង់នៅ​លើ ហើយ​នឹង​អាច​រស់រាន​បាន » ( « Making Dating Smooth Sailing New Era ខែ តុលា ឆ្នាំ ២០០៤ ទំព័រ ២៨ ) ។