២០២០
យើង​ត្រូវការ​អព្ភូតហេតុ​ទីពីរ
ខែ មិថុនា ឆ្នាំ ២០២០


យើង​ត្រូវការ​អព្ភូតហេតុ​ទីពីរ

ដានីយ៉ែល ផេន ទីក្រុង​នូវម៉ិកស៊ីកូ ស.រ.អា.

យើង​បាន​មាន​អព្ភូតហេតុ​មួយ​រួចមក​ហើយ​ជាមួយ​នឹង​ការមាន​ផ្ទៃពោះ​របស់​ភរិយា​ខ្ញុំ ។ ឥឡូវ​នេះ​យើង​ត្រូវការ​អព្ភូតហេតុ​មួយ​ទៀត ។

ភរិយា​ខ្ញុំ សារ៉ា​មាន​ផ្ទៃពោះ ២៤ សប្ដាហ៍​ពេល​នាង​បាន​ចាប់ផ្ដើម​មាន​ការឈឺចាប់​ជា​ខ្លាំង ។ ខ្ញុំ​បាន​ផ្ដល់​ការប្រសិទ្ធិពរ​មួយ​ដល់​នាង ហើយ​បានចេញ​ទៅ​ធ្វើការ ។ ខ្ញុំ​នៅ​កន្លែង​ធ្វើការ​នៅ​ឡើយ ពេល​នាង​បាន​ទូរសព្ទ​​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ​ដើម្បី​យក​នាង​ទៅ​មន្ទីរពេទ្យ ។

យើង​ត្រូវបាន​ប្រាប់​ថា « កូន​អ្នក​នឹង​សម្រាល​មក​ហើយ » នៅពេល​យើង​មក​ដល់​មន្ទីរពេទ្យ ។ ដោយសារ​សារ៉ា​ទើបតែ​មាន​ទម្ងន់ ២៤ សប្ដាហ៍ នោះ​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​កូន​នៅរស់​គឺ​ការវះកាត់​ជា​បន្ទាន់ ។

វេជ្ជបណ្ឌិត​បាន​ប្រាប់​ខ្ញុំ​ថា « ភរិយា​របស់​អ្នក​មិន​ត្រូវការ​ឆ្លងកាត់​ការប៉ះ​ទង្គិច​ផ្លូវចិត្ត​បន្ថែម​ទៀត​ទេ » ។ « នាង​គង់តែ​នឹង​បាត់បង់​កូន​នេះ​ដដែល​ហ្នឹង » ។

សារ៉ា និង​ខ្ញុំ​បាន​និយាយ​គ្នា ហើយ​បាន​អធិស្ឋាន​អំពី​អ្វី​ដែល​វេជ្ជបណ្ឌិត​បាន​ប្រាប់ ។ យើង​បាន​ទទួល​អារម្មណ៍​ថា បើ​មាន​ឱកាស​ណា​មួយ​ដែល​កូន​យើង​អាច​បាន​រស់ នោះ​យើង​ត្រូវតែ​ទាញ​យក​ឱកាស​នោះ ។ យើង​មាន​ការលំបាក​ណាស់​ដើម្បី​មាន​កូន ។ កូនប្រុស​ច្បង​របស់​យើង ថេល័រ គឺ​ជា​កូន​ដែល​យើង​សុំ​មក​ចិញ្ចឹម ។ នៅពេល​សារ៉ា​បាន​មាន​ផ្ទៃពោះ ពីរឆ្នាំ​ក្រោយ​ពី​យើង​បាន​សុំ​ថេល័រ​មក​ចិញ្ចឹម យើង​បាន​មាន​អារម្មណ៍​ថា​វា​ជា​អព្ភូតហេតុ​មួយ ។ ឥឡូវ​នេះ យើង​ត្រូវការ​អព្ភូតហេតុ​ទីពីរ ។

មួយ​សន្ទុះ​ក្រោយ​មក អ្នក​ជំនាញ​ម្នាក់​បាន​មកជួប​យើង ហើយ​និយាយ​ថា « ខ្ញុំ​គិត​ថា យើង​អាច​នឹង​មាន​ពេល​ដើម្បី​នាំ​ភរិយា​លោក​ទៅកាន់​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទីក្រុង​អិលផាសូ រដ្ឋ​តិចសាស ដែល​មាន​បំពាក់​ដោយ​បរិក្ខារ​វេជ្ជសាស្ត្រ​​ដើម្បី​ថែទាំ​កូន​ដែល​ទើប​នឹង​កើត​ដែល​កើត​មុន​កំណត់ ហើយ​ឈឺ​ធ្ងន់ធ្ងរ ។ កូន​នេះ​នឹង​មាន​ឱកាស​មួយ​នៅ​ទីនោះ ! »

រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​បើក​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​តំបន់​របស់​យើង​ដោយ​មាន​សារ៉ា​នៅក្នុង​នោះ ហើយ​បើក​យ៉ាង​លឿន​ទៅកាន់​មន្ទីរពេទ្យ​កុមារ​ដែល​នៅ​ចម្ងាយ ៤៥ នាទី​ពី​នោះ ។ ខ្ញុំ​បើកតាម​ប្រកៀក​ពី​ក្រោយ ដោយ​អធិស្ឋាន​ទូលអង្វរ​ដល់​ព្រះអម្ចាស់​សូម​ប្រទាន​អព្ភូតហេតុ​មួយ​ដល់​យើង ។ ខ្ញុំ​បាន​សន្យា​នឹង​ទ្រង់​ថា ខ្ញុំ​នឹង​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​ដំណឹងល្អ ហើយ​ព្យាយាម​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​នេះ ។

នៅឯ​មន្ទីរពេទ្យ ខ្ញុំ​បាន​ប្រាប់​វេជ្ជបណ្ឌិត​នៅក្នុង​ផ្នែកថែទាំ​កម្រិត​ខ្ពស់​ដល់​ទារក​ទើប​នឹងកើត​ថា ៖ « ខ្ញុំ​ដឹង​ថា យើង​មាន​អព្ភូតហេតុ​មួយ​រួច​ហើយ​ជាមួយ​នឹង​ការមាន​ផ្ទៃ​ពោះ​របស់​ភរិយា​ខ្ញុំ ។ ឥឡូវ​នេះ​យើង​រំពឹង​ថា​បាន​អព្ភូតហេតុ​មួយ​ទៀត » ។

ការសម្រាល​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ហើយ​កូន​របស់​យើង​បាន​រស់ ។ បន្ទាប់​ពី​នាង​បាន​ស្នាក់​នៅក្នុង​ផ្នែកថែទាំ​កម្រិត​ខ្ពស់​ដល់​ទារក​ទើប​នឹងកើត​អស់​បួន​ខែ យើង​បាន​នាំ​ស្ហានណា​មក​ផ្ទះ ។ យើង​បាន​ទទួល​អព្ភូតហេតុ​ទីពីរ ។ មិន​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត យើង​បាន​ទទួល​អព្ភូតហេតុ​មួយ​ទៀត—ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យើង​ជាមួយ​នឹង​កូន​ភ្លោះ ។

ស្ហានណា​មាន IQ ទាប​បន្តិច ហើយ​នាង​ត្រូវ​នៅក្នុង​រទេះ​រុញ ប៉ុន្តែ​នាង​ពោរពេញ​ដោយ​អំណរ តែងតែ​វិជ្ជមាន ហើយ​ជាមិត្ត​ដល់​មនុស្ស​គ្នា ។ នាង​ចូលចិត្ត​ប្រាប់​អ្នក​ពី​ថ្ងៃ​របស់​នាង ហើយ​នាង​រំភើប​នឹង​ជីវិត ។ នាង​ធ្វើ​ឲ្យ​យើង​ញញឹម ហើយ​បង្រៀន​យើង​ឲ្យ​រីករាយ ។ យើង​ស្រឡាញ់​នាង ហើយ​មាន​អំណរគុណ​ចំពោះ​នាង ។ ស្ហានណា​គឺ​ពិតជា​ពរជ័យ​មួយ ។