២០២០
ការស្វែងរក​ស្វាមី/ភរិយា​ម្នាក់—និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ
ខែ មិថុនា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ការស្វែងរក​ស្វាមី/ភរិយា​ម្នាក់—និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ

រូបភាព
couple holding hands

រូបថត​មក​ពី Getty Images

ព្រះអម្ចាស់​សន្យា​ថា « គុណ [ របស់​យើង ] មាន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ស្លូតត្រង់ » ( សូមមើល អេធើរ ១២:២៦ ) ។ បន្ទូល​ទាំងនេះ​គួរតែ​ផ្ដល់​ដល់​យើង​ជា​យុវមជ្ឈិមវ័យ​នូវ​សេចក្ដី​សង្ឃឹម និង​ការលួងលោម ជាពិសេស​ពេល​វា​ទាក់ទង​នឹង​ការស្វែងរក​ដៃគូ​អស់កល្ប ។ ជាញឹកញាប់ ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ងាយ​ទុកចិត្ត​គេ​ស្វែងរក​សេចក្ដី​ស្រឡាញ់​ដោយ​ចិត្ត​បើក​ចំហរ តែ​ត្រូវបាន​ធ្វើ​ឲ្យ​ខកចិត្ត​ដោយ​ក្ដីសង្ឃឹម​ដែល​មិន​បាន​ដូច​ចិត្ត ឬ​ត្រូវ​រកាំ​ចិត្ត​ដោយ​អាកប្បកិរិយា​មិន​ល្អ​ពី​អ្នក​ដែល​ពួកគេ​ណាត់​ដើរលេង​ជា​គូរ​នោះ ។ ការស្វែងរក​នេះ​អាច​បង្កើត​ជា​ការភ័យខ្លាច កំហឹង ភាពជូរចត់ និង​ភាពតានតឹង ជាពិសេស​ប្រសិនបើ​វា​បន្ត​អស់​ជាច្រើន​ឆ្នាំ​ហួស​ពេល​រៀបការ​ដែល​អ្នក​រំពឹង​ទុក !

ប៉ុន្តែ ដូច​ដែល​អ្នក​អាច​ស្រមៃ​ឃើញ​ថា ព្រះ​ពុំ​មាន​ព្រះរាជ​បំណង​ឲ្យ​យើង​មាន​​អារម្មណ៍​ទាំងនេះ​ឥត​ឈប់ឈរ​នោះ​ទេ ពេល​យើង​ធ្វើតាម​ការបញ្ជា​របស់​ទ្រង់​ឲ្យ​រៀបការ ហើយ​ចិញ្ចឹម​បីបាច់​គ្រួសារ​ដ៏​សុចរិត និង​រីករាយ​នោះ ។ តាមពិត​ទៅ ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ អំឡុង​ពេល​នៃ​ការស្វែងរក​នេះ !

ដោយ​ទុក​ការណ៍​នេះ​នៅក្នុង​គំនិត អត្ថបទ​នៅក្នុង​ផ្នែក​នេះ​ត្រូវបាន​រៀបរាង​ឡើង​ដើម្បី​ជួយ​អ្នក​ដកយក​ភាពតានតឹង​ចេញ​ពី​ការស្វែងរក​ដៃគូ​អស់កល្ប ។ អ្នក​នឹង​ឃើញ​មាន​រឿងរ៉ាវ​អំពី របៀប​ដើម្បី​រីកចម្រើន​នៅក្នុង​ជីវិត ដោយ​មិន​គិត​ពី​ស្ថានភាព​រៀបការ ឬ​នៅលីវ និង​ដំបូន្មាន​ដែល​អាច​ជួយ​រៀបចំ​អ្នក​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​បំផុត ពោរពេញ​ដោយការបីបាច់ និង​ចាក់ឫស​យ៉ាង​ជ្រៅ ។

ពេល​អ្នក​ស្វែងរក​មនុស្ស​ម្នាក់​ដែល​នឹង​ប្រគល់​ដួងចិត្ត​ទាំងមូល​របស់​គេ​ដល់​អ្នក ដូច​ដែល​អ្នក​ប្រគល់​ដល់​គេ នោះ​សូម​យក​ពេល​មួយភ្លែត​ដើម្បី​អាន​អត្ថបទ​ទាំងនេះ ។ ខ្ញុំ​សន្យា​ថា អត្ថបទ​មួយ​ក្នុង​ចំណោម​នេះ​នឹង​បំភ្លឺ​ដល់​ដួងចិត្ត​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​ថា ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ពិត​ជា​គ្រប់គ្រាន់​សម្រាប់​អ្នក ។

ដោយ​ស្មោះស្ម័គ្រ

លេនដុន ហរស៍