២០២០
ដៃ​ជំនួយ​របស់​អេលី
ខែ មិថុនា ឆ្នាំ ២០២០


ដៃ​ជំនួយ​របស់​អេលី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

« There is plenty indeed for my two hands to do » ( Children’s Songbook ទំព័រ ២៧២ ) ។

រូបភាព
Elis Helping Hands

វា​ជា​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​អេលី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​នៅឯ​ទីចាំ​គោលដៅ ដើម្បី​ការពារ​បាល់​កុំ​ឲ្យ​ចូល​ទីគោលដៅ ។ គាត់​បាន​លោត​ចុះ​ឡើង ប្រឹង​អស់​ពី​សមត្ថភាព​គាត់​ដើម្បី​ការពារ​បាល់​កុំ​ឲ្យ​ចូល​ក្នុង​សំណាញ់​របស់​ទី ។ ប៉ុន្តែ​វា​ពិបាក​ណាស់ ! បន្ទាប់​មក មុនពេល​នឹង​ការប្រកួត​នោះ​ចប់ បាល់​បាន​រអិល​ធ្លាក់​ផុត​ពី​ដៃ​គាត់ ។ ក្រុម​ផ្សេង​ទៀត​បាន​ពិន្ទុ ! ក្រុម​របស់​អេលី​បាន​ចាញ់ ។ គាត់​សោកសៅ​ខ្លាំង​ណាស់ ។

ថ្ងៃ​បន្ទាប់​ទៀត​នៅ​ព្រះវិហារ អេលី​បាន​ដើរ​យឺតៗ​ទៅ​ថ្នាក់​កុមារ​របស់​គាត់ ទាំង​មាន​អារម្មណ៍​ស្រពាប់ស្រពោន​នៅឡើយ ។

អេលី​បាន​ឃើញ​មិត្ត​របស់​គាត់​ខេត​ខាង​ក្រៅ​ថ្នាក់ ។ ម៉ាក់​របស់​ខេត​បាន​រុញ​រទេះ​ពណ៌​ផ្កាឈូក​របស់​ខេត​ទៅ​ខាង​ក្នុង ។ គាត់​បានឱប​ខេត​មុន​នឹង​ចេញ​ទៅ​ថ្នាក់​គាត់ ។

អេលី​បាន​និយាយ​ថា « សួស្ដី ខេត » ។

ខេត​មិន​អាច​ឆ្លើយ​តប ឬ​គ្រវី​ដៃ​ត្រឡប់​វិញ​បាន​ទេ ប៉ុន្តែ​នាង​តែងតែ​សម្លឹង​ទៅ​ចំ​ភ្នែក​របស់​អេលី ដើម្បី​ឲ្យ​គាត់​ដឹង​ថា​នាង​បាន​ឮ​គាត់ ។

ធម្មតា​ខេត​ញញឹម​ពេល​អេលី​និយាយ​សួស្តី ប៉ុន្តែ​ថ្ងៃ​នេះ​អត់ទេ ។ តើ​ខេត​សោកសៅ​ឬ ? អេលី​បាន​ឆ្ងល់ ។ ខ្ញុំ ដឹង​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា ។ គាត់​នៅ​តែ​មាន​អារម្មណ៍​សោកសៅ​ដែល​គាត់​មិន​អាច​ការពារ​បាល់​ពី​ក្រុម​មួយ​ទៀត​បាន ។

អេលី​បាន​អង្គុយ​ក្បែរ​ចន និង​ម៉ាឃេល ពេល​សិស្ទើរ​យ៉ង់​បាន​ចាប់ផ្ដើម​ថ្នាក់ ។ បន្ទាប់​មក​ខេត​បាន​ថ្ងូរ ។ ជួនកាល​វា​ពិបាក​សម្រាប់​ខេត​ដើម្បី​អង្គុយ​នៅ​ស្ងៀម ដោយសារ​រាងកាយ​នាង​ឈឺចាប់ ។

« ខេត តើ​ប្អូន​ឈឺ​ឬ​ថ្ងៃ​នេះ ? » សិស្ទើរ​យ៉ង់​បាន​សួរ ។

ខេត​បាន​ចាប់ផ្តើម​យំ ។

សិស្ទើរ​យ៉ង់​បាន​និយាយ​ថា « ប្រហែល​ជា​ចម្រៀង​ថ្នាក់​កុមារ​មួយ​នឹង​ជួយ ។

កុមារ​ក្នុង​ថ្នាក់​បាន​ចាប់ផ្ដើម​ច្រៀង ។ ខេត​ចូលចិត្ត​ដន្ត្រី ។ ធម្មតា​នាង​ច្រៀង​តាម​ដោយ​ធ្វើ​ជា​សំឡេង​សប្បាយៗ ។ ប៉ុន្តែ​ថ្ងៃ​នេះ ខេត​គ្រាន់តែ​យំ​ប៉ុណ្ណោះ ។

តើ​យើង​អាច​ជួយ​ខេត​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​យ៉ាង​ដូចម្ដេច ? អេលី​បាន​ឆ្ងល់ ។

បន្ទាប់​មក​មាន​គំនិត​មួយ​បាន​ផុស​ឡើង ។ « ខ្ញុំ​ដឹង ! » អេលី​បាន​ប្រាប់​សិស្ទើរ​យ៉ង់ ។ « ខ្ញុំ​នឹង​រុញ​រទេះ​របស់​ខេត​បន្តិច » ។

អេលី​បាន​ឃើញ​ម៉ាក់​របស់​ខេត​រុញ​រទេះ​នាង​ថ្មមៗ ពេល​ខេត​ត្រូវការ​មាន​អារម្មណ៍​ប្រសើរ​ឡើង ។ គាត់​បាន​ប្រញាប់​ដើរ​ទៅកាន់​ខេត ហើយ​បាន​ចាប់ផ្ដើម​រុញ​រទេះ​នាង​យឺតៗ​ទៅវិញ​ទៅមក ។

ខេត​បាន​ឈប់​យំ ។

ចន​បាន​សួរ « តើ​ខ្ញុំ​សូម​ធ្វើ​ដែរ​បាន​ទេ ? »

« ខ្ញុំ​​ដែរ ! » ម៉ាឃេល​បាន​និយាយ ។

កាលដែល​សិស្ទើរ​យ៉ង់​បាន​បង្រៀន​មេរៀន អេលី និង​មិត្ត​របស់​គាត់​បាន​ដាក់​វេន​គ្នា​រុញ​រទេះ​របស់​ខេត ។ ខេត​បាន​ញញឹម ។ បន្ទប់​ទាំងមូល​ហាក់​ដូច​ជា​មាន​ពន្លឺ​ចែងចាំង​ជាង​មុន ។

ទម្រាំ​ដល់​ថ្នាក់​បញ្ចប់ គ្រប់​គ្នា​ញញឹម ។

អេលី​បាន​និយាយ​ថា « ការជួយ​ខេត​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត » ។

សិស្ទើរ​យ៉ង់​បាន​និយាយ​ថា « ខ្ញុំ​រីករាយ​ណាស់ ។ « វាធ្វើ​ឲ្យ​ព្រះវរបិតាសួគ៍​សប្បាយ​ព្រះទ័យ​ផងដែរ ។ ទ្រង់​ស្រឡាញ់​ខេត ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​នាង​មាន​អារម្មណ៍​ប្រសើរ​ឡើង ។ ជួនកាល​យើង​បាន​ធ្វើ​ជា​អ្នក​ជួយ​របស់​ទ្រង់ » ។

អេលី​បាន​សម្លឹង​ទៅ​ខេត ។ គាត់​បាន​ប្រាប់​នាង​ថា « ឯង​ជួយ​ខ្ញុំ​ផងដែរ ។ រាល់ពេល​ដែល​ឯង​ញញឹម » ។

ខេត​បាន​ញញឹម ។

ពេល​អេលី​បាន​ត្រឡប់​ទៅ​ផ្ទះ​ពី​ព្រះវិហារ​វិញ គាត់​បាន​មាន​អារម្មណ៍​កក់ក្ដៅ​មួយ​ដូចជា​ទីវាល​បាល់ទាត់​នៅក្រោម​កម្ដៅ​ថ្ងៃ​ខែ​ប្រាំង​អញ្ចឹង ។ គាត់​បាន​គិត​ថា ប្រហែល​ជា​ខ្ញុំ​ពុំ​អាច​ចាប់​បាល់​បាន​ទាំងអស់​ទេ ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​ប្រើ​ដៃ​ខ្ញុំ​ជួយ​មនុស្ស​បាន ។

រចនា​រូបភាព​ដោយ មេលីស្សា មែនវីល