២០១៥
ពលិកកម្ម​ដ៏​ឥតកំណាញ់ និង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​អង្គ​សង្គ្រោះ
April 2015


ពលិកកម្ម​ដ៏ ឥតកំណាញ់ និង​ដ៏​ពិសិដ្ឋ​របស់ ព្រះ​អង្គ​សង្គ្រោះ

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា « ការ​ដឹង​ការពិត​ដ៏​មាន​តម្លៃ​បំផុត » ដែល​បាន​ផ្តល់​នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន នៅ​សាកល​វិទ្យាល័យ ព្រិកហាំ​យ៉ង់ ថ្ងៃទី 6 ខែ វិច្ឆិកា ឆ្នាំ 2011 ។ សម្រាប់​អត្ថបទ​ទាំងមូល​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់​គេហទំព័រ speeches.byu.edu

ព្រះអម្ចាស់​តែង​តែ​គង់​នៅ​ទី​នោះ ។ ទ្រង់​បាន​រងទុក្ខ និង​សង​ទោស​កំហុស បើ​អ្នក​ព្រម​ទទួល​យក​ទ្រង់​ជា​ព្រះ​ប្រោសលោះ​របស់​អ្នក ។

រូបភាព
Christ in Gethsemane.

យើង​ទាំងអស់​គ្នា​រស់​នៅ​ក្នុង​បំណុល​ខាង​វិញ្ញាណ ។ ដោយ​ហេតុ​ដូច្នេះហើយ បញ្ជី​បំណុល​ចេះតែកើនឡើងៗ ។ បើ​អ្នក​សង​បំណុលនោះ​ជាបន្ត​បន្ទាប់ នោះ​អ្នក​មាន​ការ​បារម្ភ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ មិន​យូរ​ប៉ុន្មាន អ្នកចាប់ផ្ដើម​រៀន​ពី​វិន័យ ហើយ​ដឹង​ថា​មាន​ថ្ងៃ​ទូទាត់​មួយ​នៅ​ខាង​មុខ ។ ចូរ​រៀន​ដើម្បី​រក្សា​ការ​សង​បំណុល​ខាង​វិញ្ញាណ​របស់​អ្នក ឲ្យ​បាន​ទៀងទាត់​ជាជាង​ទុក​ឲ្យ​វា​ប្រមូល​ការប្រាក់ និង​ប្រាក់ពិន័យ ។

ដោយ​សារ​អ្នក​ត្រូវ​បាន​សាកល្បង នោះ​គឺ​ត្រូវ​បាន​រំពឹង​ទុកជា​មុនថា អ្នក​នឹង​ធ្វើ​ខុស​ខ្លះៗ ។ ខ្ញុំ​សន្មតថា​អ្នក​បាន​ធ្វើ​នូវ​រឿង ដែល​អ្នក​សោកស្ដាយ​ក្នុង​ជីវិត រឿង​ដែល​អ្នក​មិន​អាច​ទាំង​​សុំនូវ​ការអភ័យ​ទោសផង ហេតុ​នោះ​ហើយ​អ្នក​ស្ពាយ​បន្ទុក​មួយ ។ ឥឡូវនេះ​ដល់​ពេល​ត្រូវ​ប្រើ​ពាក្យ កំហុស ដែលអាចធ្វើឲ្យ ប្រឡាក់ដូចជាទឹកខ្មៅដែលដិត ជាប់ហើយមិនងាយនឹងលុបចេញ បាន ។ លទ្ធផល​របស់​កំហុស គឺ​ការ​ខកចិត្ត​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​ពរជ័យ និង​ឱកាស ។

បើ​អ្នក​កំពុង​តែ​ពុះពារ​ជាមួយ​នឹង​កំហុស នោះ​អ្នក​មិន​ខុស​អី្វ​ពី​ប្រជាជន នៃ​ព្រះគម្ពីរមរមននោះ​ទេ ជាអស់អ្នក​ដែល​ព្យាការី​បាន​និយាយ​ថា « ដោយ​អំពើ​ទុច្ចរិត​របស់​គេ នោះ​សាសនាចក្រ​បាន​ចាប់​ផ្ដើម ចុះ​អន់ថយ​ហើយ ពួកគេ​បាន​ចាប់​ផ្ដើម​មិន​ជឿ​វិញ្ញាណ នៃ​ការ​ព្យាករណ៍ និង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​សេចក្ដី​ជំនុំ​ជំរះ​ទាំងឡាយ​នៃ​ព្រះ​បាន​សម្លឹង​មើល​គេ​ចំ​ពី​មុខ » ( ហេលេមិន 4:23 ) ។

ជា​ញឹកញាប់ យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ ការ​ប្រាប់​គ្នា​ទៅវិញ​ទៅមក និង​ប្រាប់​ខ្លួន​យើង​ថា​វា​មិន​អី​ទេ ។ តែ​នៅ​ជ្រៅ​ខាងក្នុង យើង​មិន​ជឿ​ដល់វា​ទេ ។ ក៏​មិន​ជឿ​ខ្លួន​យើង​ថា យើងនិយាយ​បែបនេះ​ដែរ ។ យើង​ដឹង​ច្បាស់​ជាង​នោះ ។ វា​ពិត​ជា​មាន​បញ្ហា !

ព្យាការី​ទាំងឡាយ​តែង​បង្រៀន​ពី​ការ​ប្រែចិត្ត ។ អាលម៉ា​បាន​មាន​ប្រសាសន៍​ថា « មើល​ចុះ​ទ្រង់​នឹង​យាង​មក ប្រោសលោះ​អស់​អ្នក​ណា​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ចំពោះ​ការ​ប្រែចិត្ត​ស្រប​តាម សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះនាម​ទ្រង់ » ( អាលម៉ា 9:27 ) ។

អាលម៉ា​បាន​ប្រាប់​កូនប្រុស​ដ៏​ចចេស​របស់​គាត់​ដោយ​ចំៗ​ថា « ឥឡូវ​នេះ​ការ​ប្រែចិត្ត​ពុំ​អាច​មាន​ដល់​មនុស្ស​ទេ លើកលែង​តែ​មាន​ទោស ដែល​នៅ​អស់​កល្ប​ជានិច្ច ដូច​ជា​ជីវិត​នៃ​ព្រលឹង​ដែរ ដែល​បាន​ភ្ជាប់​ទុក​ផ្ទុយ​ទៅ​នឹង​ផែនការ នៃ​សុភមង្គល » ( អាលម៉ា 42:16 ) ។

មាន​គោលបំណង​សំខាន់​ពីរ​សម្រាប់​ជីវិត​រមែង​ស្លាប់ ។ ទី​មួយ​គឺ ដើម្បី​ទទួល​រូបកាយ​ដែល​អាច ត្រូវ​បាន​សំអាត និងលើក​តម្កើង​ហើយ​រស់​នៅ​រហូត ។ គោលបំណង​ទីពីរ គឺ​ដើម្បី​ត្រូវបាន​សាកល្បង ។ ក្នុង​ការ​សាកល្បង យើង​ពិត​ជា​នឹង​ធ្វើ​កំហុស ។ តែ​បើ​យើង​នឹង​មាន​កំហុស យើង​អាច​រៀន​ពី​កំហុស​របស់​យើង ។ « បើ​យើង​ថា​យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះបន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ » ( យ៉ូហាន​ទី 1 1:10 ) ។

ប្រហែល​ជា​អ្នក​អាច​មាន​អារម្មណ៍​ទន់ខ្សោយ​នៅ​ក្នុង​គំនិត និង​រូបកាយ ហើយ​មាន​បញ្ហា ឬ​មាន​បន្ទុក​ដោយ​ទម្ងន់​នៃ​បំណុល​ខាង​វិញ្ញាណ​ដែល​ត្រូវ « ហួស​កំណត់ » ។ ពេល​អ្នក​ជួប​ប្រទះ​នឹងគ្រា​នៃ​ការ​ត្រិះរិះ​ដោយស្ងប់ស្ងាត់ទាំងនោះ​ ( ដែល​យើង​ភាគច្រើន​ព្យាយាម​គេច​វេះ ) តើ​មាន​រឿង​ដែល​មិន​ទាន់​បាន​ដោះស្រាយ មួយ​ចំនួន​ដែល​រំខាន​អ្នក​ឬទេ ? តើ​អ្នក​មាន​វិប្បដិសារីណាមួយ​ក្នុង​មនសិការ​របស់​អ្នក​ទេ ? តើ​អ្នក​នៅតែ​មាន​កំហុស​ចំពោះ​រឿង​តូចតាច ឬ​ធំ​ក្នុង​កម្រិត​ណាមួយ​ទេ ?

ជា​ញឹកញាប់​ណាស់ យើង​ទទួល​សំបុត្រ​ពី​ពួក​អ្នក​ដែល​បាន​ធ្វើ​កំហុស​ដ៏​ធំ ឬ​មាន​បន្ទុក​ធ្ងន់​ក្រៃលែង ។ ពួកគេ​ទទូច​ថា ៖ « តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​អភ័យទោស​ទេ ? តើ​ខ្ញុំ​អាច​ផ្លាស់​ប្ដូរ​បាន​ទេ ? » ចម្លើយ​គឺ​បាន !

សាវក​ប៉ុល​បាន​បង្រៀន ពួក​កូរិនថូស​ថា « ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន » ( កូរិនថូស​ទី 1 10:13 ) ។

ដំណឹង​ល្អ​បង្រៀន​យើង​ថា ការ​បាន​ធូរស្រាល​ពី​ទារុណកម្ម និង​កំហុស​អាច​ទទួល​បាន​តាម​រយៈ​ការ​ប្រែចិត្ត ។ លើកលែង​តែ​ពួក​អ្នក​មួយ​ចំនួន​តូច — ដែល​បានក្បត់​ទៅចូល​រួម​ជាមួយ​អារក្ស​សាតាំង ក្រោយ​ពី​ការ​ដឹង​នូវ​ភាព​ពេញលេញ​ថា គ្មាន​ទម្លាប់ គ្មាន​ការ​ញៀន គ្មាន​ការបះបោរ គ្មាន​ការ​រំលង គ្មាន​ការ​បំពាន​តូច ឬ​ធំ​ណា ដែល​រួចផុត​ពី​ការ​សន្យា​នៃ​ការ​អភ័យ​ទោស​ដ៏​ពេញ​លេញ​នោះ​ឡើយ ។ មិន​ថា​មាន​អ្វី​កើតឡើង​ក្នុង​ជីវិត​អ្នក​នោះ​ទេ ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​អ្នក​ត្រឡប់​មកវិញ បើ​អ្នក​នឹង​ស្ដាប់​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អ្នក​ខ្លះ​ពេញទៅ​ដោយ​ការ​ជម្រុញ​ដ៏​បង្ខំ​មួយ ជា​ការ​ល្បួង​មួយ​ដែល​វិល​ចុះឡើង​ក្នុង​គំនិត ប្រហែល​រហូត​ដល់​ក្លាយ​ជា​ទម្លាប់ បន្ទាប់​មក​ជា​ការ​ញៀន ។ យើង​ងប់ងល់​នឹង​ការ​រំលង និង​អំពើ​បាប​ខ្លះ និង​ភាព​សម​ហេតុ​សមផល​ខ្លះ​ផងដែរ ដែល​យើង​មិន​មាន​កំហុស​ទេ ដោយ​ព្រោះ​យើង​កើត​មក​ក្នុងភាព​នោះ ។ យើង​ក្លាយ​ជា​ជាប់​អន្ទាក់ ហើយ​ដោយ​ហេតុនេះ វា​នាំមក​នូវ​ការឈឺចាប់ និង​ទារុណកម្ម​ដែល​មាន​តែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​អាច​ព្យាបាល​បាន ។ អ្នក​មាន​អំណាច​ដើម្បី​បញ្ឈប់ និង​ត្រូវ​បាន​ប្រោស​លោះ ។

សាតាំង​វាយ​ប្រហារ​មក​លើ​ក្រុម​គ្រួសារ

មាន​ម្ដង​នោះ ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ 1897–1988 ) បាន​ប្រាប់​ខ្ញុំ​ថា « ចូរ​កុំ​គ្រាន់​តែ​ប្រាប់​ពួកគេ ដើម្បី​ពួកគេ​អាច​យល់ តែ​សូម​ប្រាប់​ពួកគេ ដើម្បី​ពួកគេ​មិន​អាច​យល់​ខុស​វិញ » ។

នីហ្វៃ​បាន​និយាយ​ថា « ត្បិត​ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការ​ច្បាស់​លាស់ ត្បិត​ដោយ​របៀប​នេះ​ហើយ ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់ បាន​ធ្វើ​កិច្ចការ​នៅក្នុង​ចំណោម​កូនចៅ​មនុស្ស ។ ត្បិត​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺដល់​យោបល់ » ( នីហ្វៃទី 2 31:3 ) ។

ដូច្នេះ​ចូរ​ស្ដាប់ ! ខ្ញុំ​នឹង​និយាយ​ដោយ​ច្បាស់​លាស់​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ហៅ និង​មាន​កាតព្វកិច្ច​ដើម្បី​ធ្វើ​ដូច្នេះ ។

អ្នក​ដឹង​ថា​មាន​បច្ចាមិត្ត ។ ព្រះគម្ពីរ​កំណត់​ន័យ​ពី​វា​ក្នុង​ពាក្យ​ទាំង​នេះ​ថា ៖ « សត្វ​ពស់​ពី​ដើម​នោះ​ដែល​ជា​អារក្ស … ដែល​ជា​បិតា​នៃ​សេចក្ដី​កុហក » ( នីហ្វៃ​ទី 2 2:18 ) ។ វា​ត្រូវបាន​បណ្ដេញ​ចេញ​តាំង​ពី​ដើម​មក ( សូមមើល គ និង ស 29:36–38 ) ហើយ​មិន​បាន​ទទួល​រូបកាយ​រមែង​ស្លាប់​ទេ ។ វា​បាន​ស្បថ​ថា​នឹង​បង្អាក់ « ផែនការនៃ​សុភមង្គល​ដ៏​មហិមា » ( អាលម៉ា 42:8 ) ហើយ​ក្លាយ​ជា​ខ្មាំង​សត្រូវ​ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត ។ វា​ផ្ដោត​ការ​វាយលុក​របស់​វា​លើ​ក្រុម​គ្រួសារ ។

អ្នក​រស់​នៅ​ក្នុង​ជំនាន់​មួយ​ដែល​បញ្ហា​នៃ​រូបអាសគ្រាម កំពុង​តែ​រាល​ដាល​ទូទាំង​ពិភពលោក ។ វា​ពិបាក​នឹង​គេច​ពី​វា ។ រូប​អាសគ្រាម ផ្ដោត​ទៅ​លើ​ផ្នែក​នៃ​ធម្មជាតិ​របស់​អ្នក ដែល​តាម​រយៈ​ផ្នែក​នេះ អ្នក​មាន​អំណាច​ដើម្បី​បង្កើត​ជីវិត ។

ការ​ផ្ដេក​ផ្ដួល​ទៅលើ​រូប​អាសគ្រាម នាំ​ទៅ​កាន់​ការ​លំបាក​ការលែងលះ រោគា និង​បញ្ហា​ជា​ច្រើន​ប្រភេទ ។ គ្មាន​ផ្នែក​ណា​មួយ​របស់​វា ដែល​គ្មាន​ទោស​នោះ​ទេ ។ ​ការ​ប្រមូល​វា​ទុក មើល​វា ឬ​យក​វា​ក្នុង​ទម្រង់​ណា​ក៏​ដោយ គឺ​ដូច​ជា​ទុក​ពស់​ពិស​នៅ​ក្នុង​កាបូបស្ពាយ​របស់​អ្នក​អញ្ចឹង ។ វា​ស្មើ​នឹង​ការ​ដាក់​ខ្លួន​អ្នក​ឲ្យ​ពស់​ពិស​ដ៏​សាហាវ ចឹក​ស្លាប់​ខាង​វិញ្ញាណ​ដែល​មិន​អាច​ជៀស​រួច​ដែរ ។ ដោយ​ពិភពលោក​បែបនេះ នោះ​មនុស្ស​ម្នាក់​អាច​ងាយ​យល់​ថា អ្នក​ជិត​នឹង​អាច​ប្រឈម​ជាមួយ​វា​បាន ដែលស្ទើរតែ​ឥតទោស​ ក្នុង​ការ​អាន​វា មើល​វា​ដោយ​មិន​បាន​ដឹង​ពី​លទ្ធផល​ដ៏​អាក្រក់​ទាំងឡាយ ។ បើ​ការ​នេះ​ពិពណ៌នា​ពី​អ្នក ខ្ញុំ​សូម​ព្រមាន​អ្នក​ថា​បញ្ឈប់​វា​ទៅ ។ បញ្ឈប់​វា​ឥឡូវ​នេះ​ភ្លាម​ទៅ !

ព្រះគម្ពីរ​មរមន​បង្រៀន​ថា​គ្រប់ « មនុស្ស​លោក​បាន​ប្រៀន​ប្រដៅ​គ្រប់​គ្រាន់​ឲ្យ​ដឹង​ខុស និង ត្រូវ » ( នីហ្វៃទី 2 2:5 ) ។ វា​រួម​ទាំង​អ្នក​ដែរ ។ អ្នក​ដឹង​នូវ​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស ។ ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ប្រព្រឹត្តិ​រំលង​នឹងព្រះ​បញ្ញត្តិនោះ​ឲ្យ​សោះ ។

ទោះ​ជា​កំហុស​ភាគច្រើន អាច​ត្រូវ​បាន​សារភាព ដោយ​សម្ងាត់ទៅ​កាន់​ព្រះ​ក្ដី ក៏​មាន​នូវ​ការរំលង​មួយ​ចំនួន​ដែល​តម្រូវ​ច្រើន​ជាង​នោះ ដើម្បី​ទទួល​បាន​ការអភ័យទោស ។ បើ​កំហុស​របស់​អ្នក​ធ្ងន់ធ្ងរ សូម​ជួប​ប៊ីស្សព​អ្នក ។ បើ​មិន​ដូច្នេះទេ ការ​សារភាព​ធម្មតា​ដោយ​ស្ងៀម​ស្ងាត់ និង​ដោយ​ផ្ទាល់​ខ្លួន​នឹង​ធ្វើ​បាន ប៉ុន្តែ​សូម​ចាំ​ថា​ព្រឹក​ព្រលឹម​នៃ​ការ​អភ័យទោស​ដ៏​អស្ចារ្យ​នោះ អាច​មិន​មក​ទាំងអស់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ បើ​អ្នក​ជំពប់ជើងដួលចុះលើក​ទី​មួយ សូម​ក្រោក​ឈរ​ឡើងវិញ ការ​យក​ឈ្នះ​ការ​បាក់​ទឹកចិត្ត ជា​ផ្នែក​មួយ​នៃ​ការ​សាកល្បង ។ សូម​កុំ​បោះបង់ ។ ហើយ​ដូច​ខ្ញុំ​បាន​ផ្ដល់​ដំបូន្មាន​ពី​មុន​ថា ពេល​អ្នក​សារភាព និង​បោះបង់​អំពើបាប​ទាំងឡាយ​របស់​អ្នក ហើយ​សូម​កុំ​ក្រឡេកមើល​ទៅ​ក្រោយ ។

ព្រះអង្គ​សង្គ្រោះ​បាន​រង​ទុក្ខ ជំនួស​អំពើ​បាប​របស់​យើង

ព្រះអម្ចាស់​តែង​តែ​គង់​នៅ​ទី​នោះ ។ ទ្រង់​បាន​រងទុក្ខ និង​សង​ទោស​កំហុស បើ​អ្នក​ព្រម​ទទួល​យក​ទ្រង់​ជា​ព្រះ​ប្រោសលោះ​របស់​អ្នក ។

ព្រោះ​យើង​ជា​មនុស្ស​រមែង​ស្លាប់ យើង​អាច​មិន​យល់​ទាំង​ស្រុង​ពី របៀប ដែល​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់ បាន​បំពេញ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​នោះទេ ។ ប៉ុន្តែ សម្រាប់​ពេលឥឡូវនេះ របៀប ដែល ទ្រង់រងទុក្ខគឺមិនសំខាន់ដូចជា មូល​ហេតុ ដែល​ទ្រង់រងទុក្ខ​នោះទេ ។ តើ​ហេតុអ្វី​ទ្រង់​ធ្វើ​ការណ៍​នោះ សម្រាប់​អ្នក​សម្រាប់​ខ្ញុំ សម្រាប់​មនុស្ស​គ្រប់​រូប ? ទ្រង់​បាន​ធ្វើ​បែបនេះ ដោយ​ព្រោះ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​ព្រះវរបិតា និង​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ « គ្មាន​អ្នកណា​មាន​សេចក្ដី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្ដូរ​ជីវិត ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ » ( យ៉ូហាន 15:13 ) ។

ក្នុង​សួន​ច្បារ គែតសេម៉ានី ព្រះគ្រីស្ទ​បាន​ចេញ​ពី​ពួក​សាវក​របស់​ទ្រង់​ទៅ​អធិស្ឋាន ។ អ្វី​ដែល​បាន​កើតឡើង​គឺ​ហួស​ពី​អំណាច​របស់​យើង​ដើម្បី​យល់ដឹង ! តែ​យើង​ពិត​ជា​ដឹង​ថា ទ្រង់​បាន​សម្រេច​ដង្វាយ​ធួន ។ ទ្រង់​ព្រម​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​កំហុស និង​អំពើបាប មន្ទិល​សង្ស័យ និង​ការ​ភ័យ​ខ្លាច​នៃ​ពិភពលោក​ទាំងមួល ។ ទ្រង់​បាន​រងទុក្ខ​ជំនួស​យើង ដើម្បី​យើង​មិន​បាច់​ត្រូវ​រងទុក្ខ ។ មនុស្ស​រមែង​ស្លាប់​ជាច្រើន​បាន​រង​ទារុណកម្ម ហើយ​ស្លាប់​ជា​ការ​ស្លាប់​ដ៏​ឈឺចាប់ និង​គួរឲ្យ​ខ្លាច​ក្រៃលែង ។ តែ​ការ​ឈឺចាប់​របស់​ទ្រង់​លើស​ពី​ការឈឺចាប់​ទាំងអស់​នោះ​ទៀត ។

ក្នុង​វ័យ​របស់ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា អ្វី​ជា​ការ​ឈឺចាប់​ខាង​រូបកាយ ហើយ​វា​ពុំ​មែន​ជាអ្វី​ដែលសប្បាយ​ទេ ! គ្មាន​នរណា​ម្នាក់​ចាកចេញ​ពី​ជីវិត​នេះ​ទៅ ដោយ​មិន​បាន​រៀន​អ្វី​សោះ​ពី​ការ​រងទុក្ខ​នោះ​ទេ ។ តែ​ទារុណកម្ម​ផ្ទាល់​ខ្លួន​ដែល​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​បាន នោះ​គឺ​ពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​រងទុក្ខ ។ ពេល​នោះ​ហើយ ដែល​ខ្ញុំបាន​យល់​បន្ដិច​ពីការ​ឈឺចាប់​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ជួប​ក្នុង​សួនច្បារ​គែតសេម៉ានី ។

ការ​រងទុក្ខ​របស់​ទ្រង់ គឺ​ខុស​ពី​ការ​រងទុក្ខ​ផ្សេងទៀត​ទាំងអស់ ឬ​ដោយ​ព្រោះ​ទ្រង់​បាន​យក​ដាក់​លើ​អង្គទ្រង់ នូវ​ទោស​ទាំងអស់​ដែល​ធ្លាប់​មាន​លើ​គ្រួសារ​មនុស្ស​ជាតិ ។ សូម​ស្រម៉ៃពី​ការណ៍​នោះ ! ទ្រង់​គ្មាន​ជំពាក់​បំណុល​ដើម្បី​នឹង​សងសោះ​ឡើយ ។ ទ្រង់​ពុំ​បាន​ធ្វើ​ខុសសោះឡើយ ។ ទោះ​យ៉ាងណា ការ​បូក​បញ្ចូល​គ្នា​ទាំងអស់​នៃ​កំហុស ទុក្ខព្រួយ ការឈឺចាប់ និង​សេចក្ដី​ទាបថោក ទារុណកម្ម​ទាំង​ខាង ផ្លូវចិត្ត អារម្មណ៍ និង ផ្លូវកាយ​ទាំងអស់ ដែល​មនុស្សលោក​ស្គាល់ — គឺ​ទ្រង់​បានភ្លក់​នូវ​បទ​ពិសោធន៍​ទាំងអស់ ។ មាន​តែ​មួយ​អង្គ​នៅ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​មនុស្ស​ទាំងអស់ ដែល​គ្មាន​ទោស​សោះ​ដែល​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ធួន​ដល់​បាប និង​ការ​រំលង​របស់​មនុស្ស​ទាំងអស់ ហើយ​អាច​ស៊ូ​នឹង​ការឈឺចាប់ ដែល​មាន​ពេល​ធ្វើ​ដង្វាយធួននោះ ។

ទ្រង់​ព្រម​លះបង់​ជីវិត​ទ្រង់ ហើយ​មាន​បន្ទូល​ដ៏​មាន​ខ្លឹមសារ​ថា « គឺ​យើង​នេះ​ហើយ ដែល​ទទួល​យក​អំពើ​បាប​ទាំងឡាយ នៃ​មនុស្ស​លោក​មកលើ​ខ្លួន » ( ម៉ូសាយ 26:23 ) ។ ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ទ្រង់​បាន​សុគត ។ ពួកគេ​មិន​អាច​យក​ជីវិត​ពី​ទ្រង់​ទេ ។ គឺ​ទ្រង់​ទេតើ​ដែល​ព្រម​សុគត​នោះ ។

រូបភាព
Jesus Christ and the two thieves depicted during the Crucifixion. The Apostle John is standing below the cross of Christ. Mary, the mother of Christ is standing beside John. Two other women are kneeling at the base of the cross. There are Roman soldiers and Jews standing in the background.

ការ​អភ័យទោស​ដ៏​ពេញលេញ គឺ​អាច​ធ្វើ​ឡើង​បាន

បើ​អ្នក​បាន​ដួលចុះ ឬ​សូម្បី​វង្វេង​មួយ​រយៈ បើ​អ្នក​មាន​អារម្មណ៍​ថា​ឥឡូវ​នេះ​បច្ចាមិត្ត​សង្កត់​អ្នក​ជាប់​នោះ អ្នក​អាច​ឈាន​ទៅ​មុខ​ដោយ​ជំនឿ និង​ដោយ​មិន​វង្វេង​ទៅមក​ក្នុង​លោកិយ​នេះ​ទៀត​ឡើយ ។ មាន​ពួក​អ្នក​ដែល​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ដឹកនាំ​អ្នកឲ្យ​ត្រឡប់​ទៅ​ភាព​សុខសាន្ត និង​សុវត្ថិភាព​វិញ ។ ដូចដែល​បាន​សន្យា​ក្នុង​ព្រះគម្ពីរ​ថា សូម្បី​ព្រះគុណ​នៃ​ព្រះ​បានមក « បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី 2 25:23 ) ។ ចំពោះ​ខ្ញុំ លទ្ធភាព​ក្នុង​ការ​សម្រេច​បាន​នូវ​ការណ៍​នេះ គឺ​ជា​សេចក្ដី​ពិត​ដែល​មាន​តម្លៃ​បំផុត​ដើម្បី​ដឹង ។

ខ្ញុំ​សូម​សន្យា​ថា ព្រឹកព្រលឹម​ដ៏​ស្រស់​បំព្រង​នៃ​ការ​អភ័យទោស អាច​មកដល់ ។ ពេលនោះ « សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » ( ភីលីព 4:7 ) ចូល​មក​ក្នុង​ជីវិត​អ្នក​ម្ដង​ទៀត ជា​អ្វី​មួយ​ដែល​ដូច​ជា​ព្រះអាទិត្យ​រះ ហើយ​អ្នក​ដូច​ជា​ទ្រង់​ដែរ « នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​អ្នក​ទៀត​ជា​ដរាប​ទៅ » ( យេរេមា 31:34 ) ។ តើ​អ្នក​នឹង​ដឹង​ដោយ​របៀប​ណា ? អ្នក​នឹង​ដឹង ! ( សូមមើល ម៉ូសាយ 4:1–3 ។ )

នោះ​ជា​អ្វី​ដែល​យើង​បង្រៀន​ដល់​អ្នក​ដែល​មាន​បញ្ហា ។ ទ្រង់​នឹងលូកព្រះហស្ថ ហើយ​ដោះស្រាយ​បញ្ហា តែ​អ្នក​ត្រូវ​សង​ថ្លៃ​នោះ​វិញ ។ វា​ពុំ​បាន​មក​ដោយ​មិន​ធ្វើ​ដូច្នោះ​ឡើយ ។ ទ្រង់​ជា​អ្នក​គ្រប់គ្រង មាន​ន័យ​ថា​ទ្រង់​បាន​សង​ថ្លៃ​ដែល​ចាំបាច់ តែ​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ​នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ សូម្បី​តែ​វា​ឈឺ​ចាប់​ក្ដី ។

ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ស្រឡាញ់​ព្រះវរបិតា​ដែល​បាន​បញ្ជូន​ទ្រង់​មក ។ បន្ទុក​នៃ​ការ​ខកចិត្ត អំពើបាប និង​កំហុស​របស់​យើង អាច​ដាក់​នៅ​ចំពោះ​ព្រះភ័ក្រ​ទ្រង់ និង​ក្នុង​លក្ខខណ្ឌ​ដ៏​សប្បុរស​របស់​ទ្រង់ គ្រប់​ចំណុច​នីមួយៗ​នៅ​ក្នុង​បញ្ជី អាច​ត្រូវ​បាន​បាន​គូស​ថា « បាន​បង់​យ៉ាងពេញថ្លៃ » ។

« ព្រះយេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មកចុះ​យើង​នឹង​ពិភាក្សា​ជាមួយ​គ្នា ទោះ​បើ​អំពើ​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ » ។ នេះ​គឺ​ជាអ្វី​ដែល​អេសាយ បាន​បន្ត​ថា « បើសិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម​ហើយ​ស្ដាប់​បង្គាប់ » ( អេសាយ 1:18–19 ) ។

រូបភាព
Jesus Christ with a woman who is wearing a red robe.

ចូរ​មក​ឯ​ទ្រង់

បទ​គម្ពីរ​ដែល​ថា « ឲ្យ​ចេះ​មាន​ប្រាជ្ញា​នៅ​ក្នុង​យុវវ័យ​របស់​កូន​ចុះ មែនហើយ​ចូររៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន ឲ្យ​ចេះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ » ( អាលម៉ា 37:35 ) ជាការអញ្ជើញ​ដែល​អម​មក​ជាមួយ​នូវ​ការ​សន្យា នៃ​ក្ដី​សុខសាន្ត និង​ការ​ការពារ​ពី​បច្ចាមិត្ត ។ « កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យ​សម្ដី​កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង​សេចក្ដី​បរិសុទ្ធ » ( ធីម៉ូថេទី 1 4:12 ) ។

កុំ​រំពឹង​ថា​អ្វី​ទាំងអស់ នឹង​ដំណើរ​ទៅ​ដោយ​រលូន​អស់​មួយ​ជីវិត​អ្នក​ឡើយ ។ សូម្បី​ពួកអ្នក​ដែល​រស់​នៅ​ដូច​ដែល​គេ​គួរ​រស់នៅ ក៏​មាន​ពេល​ខ្លះ​វា​នឹង​ពិបាក​ដែរ ។ ចូរ​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត ដោយ​សុទុដ្ឋិនិយម និង​ភាពប្រា​កដប្រជា ហើយ​អ្នក​នឹង​មាន​ភាព​សុខ​សាន្ត និង​ជំនឿ​ដើម្បី​គាំទ្រ​អ្នក​ក្នុង​ពេល​នេះ និង​ពេល​អនាគត ។

ចំពោះ​អ្នក​ទាំងឡាយ ដែល​មិន​ទាន់​មាន​ពរជ័យ​ទាំងអស់ ដែល​អ្នក​មាន​អារម្មណ៍​ថា​គឺជា​តម្រូវ​ការចាំ​បាច់​ដែល​អ្នក​ចង់​បាន និង​ត្រូវការ ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា គ្មាន​បទពិសោធន៍ ឬ​ឱកាស​ណា​ដែល​ចាំបាច់​ដល់​ការ​ប្រោសលោះ និង​ការ​សង្គ្រោះ​ដែល​នឹង​បដិសេធ​អ្នក​ដែល​រស់​នៅ​ដោយ​ស្មោះ​ត្រង់​ឡើយ ។ ចូរ​បន្ត​រស់នៅ​ដោយ​សក្ដិសម ត្រូវ​មាន​សង្ឃឹម អត់ធ្មត់ និង​ពេញ​ដោយ​ការ​អធិស្ឋាន ។ ការណ៍​ទាំងឡាយ​មាន​ផ្លូវ​មួយ​ដើម្បី​បាន​សម្រេច ។ អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ដឹកនាំ​សកម្មភាព​របស់​អ្នក ។

បើ​អ្នក​ជា​បុគ្គល​ម្នាក់​ដែល​កំពុង​ពុះពារ​ជាមួយ​នឹង​កំហុស ការខកចិត្ត ឬ​ការ​ក្រៀមក្រំ ដែល​ជា​លទ្ធផល​នៃ​កំហុស​ដែល​អ្នក​បានធ្វើ ឬ​ពរជ័យ​ដែល​មិនទាន់​មក​ដល់​នោះ សូម​អាន​ការ​បង្រៀន ដែល​ជា​ការ​លើក​ទឺកចិត្ត ដែល​មាន​ក្នុង​ទំនុក​តម្កើង « មក​ឯ​ព្រះ​យ៊េសូវ » ។

មក​ឯ​ព្រះ​យេស៊ូវ អស់​អ្នក​ដែល​ផ្ទុក​ធ្ងន់​អើយ

នឿយ​ព្រួយ ហើយ​បាក់​ទឹក​ចិត្ត​ព្រោះ​បាបកម្ម ។

ទ្រង់​នឹង​ដឹក​នាំ​អ្នក ទៅ​ទី​ដ៏​សុខសាន្ត

អ្នក​ទុក​ចិត្ត​ទ្រង់​អាច​សម្រាក សម្រាក ។

មក​ឯ​ព្រះ​យេស៊ូវ ទ្រង់​ស្ដាប់​អ្នក​ជានិច្ច

ទោះ​ជា​អ្នក​វង្វេង​ក្នុង​ផ្លូវ​ងងឹត

ទ្រង់​នឹង​ដឹកនាំ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់

នាំ​ពី​ងងឹត ទៅ​ពន្លឺ ពន្លឺ ។

មក​ឯ​ព្រះ​យេស៊ូវ ទ្រង់​ឮអ្នក​យ៉ាង​ពិត

បើ​អ្នក​សុំ​ក្ដី​ស្នេហ៍ ទ្រង់​ដោយ​រាបសារ ។

ឱ ! អ្នក​មិន​ដឹង​ថា ទេវតា​គង់​នៅ​ជិត

នៅ​ឯ​នគរ​ភ្លឺ​ខាង​លើ ខាងលើ ?1

ខ្ញុំ​ប្រកាស ធ្វើ​ជា​សាក្សី​ពិសេស​របស់​ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ជាមួយ​នឹង​បងប្អូន​ប្រុស​ជា​ពួក​សាវក​របស់​ខ្ញុំ ។ សាក្សី​នោះ​ត្រូវ​បាន​បញ្ជាក់សា​ជា​ថ្មី គ្រប់​ពេល​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ខ្ញុំ ឬ​នៅ​ក្នុង​ឥទ្ធិពល​លាង​សម្អាត​ផ្សេងទៀត អំពី​ពលិកម្ម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។ សាក្សី​របស់​ខ្ញុំ និង​សាក្សី​នៃ​បងប្អូន​ប្រុស​របស់​ខ្ញុំ ជា​ការ​ពិត ។ យើង​ស្គាល់​ព្រះអម្ចាស់ ។ ទ្រង់​មិនមែន​ជា​មនុស្ស​ចម្លែក​ទេ ចំពោះ​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​បើក​សម្តែង​របស់​ទ្រង់ ។

ខ្ញុំ​យល់​ថា អ្នក​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​អ្នក​កំពុងតែ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​នោះ ។ ចូរ​មាន​ភាព​ក្លាហាន ។ សូម​ដឹង​ថា អ្នក​ដែល​មាន​រូប​រាងកាយ មាន​អំណាច​លើ​អ្នក​ដែល​គ្មាន ។2 សាតាំង​ត្រូវ​បាន​បដិសេធ​ពី​រូបកាយ ដូច្នោះ​ប្រសិនបើ​អ្នក​ប្រឈម​ជាមួយ​នឹង​ការ​ល្បួង ចូរ​ដឹង​ថា​អ្នក​មាន​អំណាច​ខ្លាំង​ជាង​ការ​ល្បួង​ទាំង​អស់​នោះ ប្រសិនបើ​អ្នក​នឹង​អនុវត្ត​នូវ​សិទ្ធ​ជ្រើសរើស​ដែល​បាន ប្រទាន​ឲ្យ​អ័ដាម និង​អេវ៉ា​នៅ​ក្នុង​សួនច្បារ ហើយ​បាន​បន្ត​មក​ដល់​ជំនាន់​នេះ ។

ប្រសិនបើ​អ្នក​ឆ្ពោះទៅមុខ​ដោយ​សេចក្តី​សង្ឃឹម និង​បំណង​ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ — នោះ គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក ។

កំណត់​ចំណាំ

  1. សូម​មើល « មក​ឯ​ព្រះ​យេស៊ូវ » ទំនុក​តម្កើង ទំព័រ 64 ។

  2. សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ 2007 ), ទំព័រ 211 ។