ព្រះវិញ្ញាណបានខ្សឹបប្រាប់ខ្ញុំ
គ្រីស្ទីណា អាល់ប្រិច អៀហាត រដ្ឋ វ៉ាស៊ីនតោន ស.រ.អា
« អ្ហេ៎ ! ក្មេងៗ ! ត្រឡប់មកវិញ ! សម្លេងដ៏អង្វរមួយបានហៅឡើង ។
ខ្ញុំបានបែរទៅហើយបានសំគាល់ឃើញ ក្មេងប្រុសពីរនាក់អាយុប្រហែលប្រាំ និងប្រាំពីរឆ្នាំ កំពុងរត់តាមកន្លែងចតឡាននៅតាមហាង ដោយទឹកភ្នែកហូរមកលើមុខរបស់ពួកគេ ។ បុរសអ្នកលក់មើលទឹកមុខបារម្ភ ពេលដែលគាត់បានហៅពួកគេ ។
ពេលដែលត្រឡប់មករកឡានរបស់ខ្ញុំវិញ ព្រះវិញ្ញាណបានខ្សឹបប្រាប់ថា « អ្នកអាចជាជំនួយនៅទីនេះ » ។ ការខ្សឹបប្រាប់នោះស្ងាត់ តែច្បាស់ណាស់ ដែលមួយសន្ទុះក្រោយមកខ្ញុំបានរត់តាមកន្លែងចតឡានទៅរកក្មេងប្រុសទាំងពីរនាក់នោះ ។
ខ្ញុំឃើញថា ក្មេងប្រុសធំកំពុងឈរនៅជិតឡានពណ៌ត្នោតមួយ ។ ខ្ញុំបានទៅរកគេ ហើយលត់ជង្គង់ចុះនៅជិតគេ ។
« សួស្តី ។ » ខ្ញុំឈ្មោះ គ្រីស្ទីណា ។ តើប្អូនមិនអីទេឬ ?
គ្រាន់តែខ្ញុំសួរចប់ គេយំកាន់តែខ្លាំង ហើយលាក់មុខគេនៅក្នុងដៃរបស់គេ ។ បុរសអ្នកលក់ និងក្មេងប្រុសម្នាក់ទៀតបានមកដល់ដែរ ។
បុរសអ្នកលក់បានប្រាប់ខ្ញុំថា « ខ្ញុំគិតថា ពួកគេចេះនិយាយតែភាសាបារាំងប៉ុណ្ណោះ » ។ « យើងឃើញពួកគេរត់កាត់តាមហាង ដោយវង្វេង » ។
ខ្ញុំបាននិយាយណែនាំខ្លួនរបស់ខ្ញុំទៅក្មេងប្រុសទាំងពីរឡើងវិញជាភាសាបារាំង ។ ភាសាបារាំងជាភាសាកំណើតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនបាននិយាយវា ចាប់ពីខ្ញុំត្រូវបានយកមកចិញ្ចឹមនៅក្នុងគ្រួសារដែលនិយាយភាសាអង់គ្លេសតាំងពីតូចមកម្លេះ ។ ជាធម្មតា ភាសាបារាំងរបស់ខ្ញុំគឺពុំសូវល្អទេ ។ ទោះបីជាដូច្នេះក៏ដោយ នៅពេលនោះវាមិនឆ្គាំឆ្គង ក៏មិនរឹងឆ្កឹងដែរ ។ ពាក្យទាំងនោះ គឺច្បាស់នៅក្នុងគំនិតខ្ញុំ ហើយសម្លេងខ្ញុំដូចជាការលួងលោមដល់ក្មេងប្រុសទាំងពីរនោះ ។
នៅចន្លោះការយំខ្សឹបខ្សួល ក្មេងប្រុសធំបានពន្យល់ដោយពាក្យយ៉ាងលឿនថា គេនឹងប្អូនប្រុសរបស់គេមិនអាចរកឪពុកម្ដាយរបស់គេនៅក្នុងហាងឃើញទាល់តែសោះ ហើយបានរត់រកពួកគេទៅខាងក្រៅហាងទៀត ។ នៅពេលដែលខ្ញុំបានស្ដាប់ ឮដូច្នោះ ខ្ញុំបានដឹងដោយស្រពិចស្រពឹលថា ខ្ញុំមិនត្រឹមតែអាចសន្ទនាជាភាសាបារាំងដោយសេរីទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនរួចជាស្រេចដើម្បីយល់ នឹងលួងលោមចិត្តដល់ក្មេងប្រុសដែលភ័យខ្លាចទាំងពីរនាក់នោះផង ។
ខ្ញុំបានប្រាប់ទៅបុរសអ្នកលក់ថា « ពួកគេបានវង្វេងឪពុកម្ដាយ ហើយរង់ចាំឪពុកម្ដាយគេនៅឯឡានពួកគេ » ។ ក្មេងប្រុសតូចនោះបានប្រាប់ខ្ញុំឈ្មោះឪពុកម្ដាយគេ ហើយខ្ញុំបានឲ្យឈ្មោះនោះទៅបុរសអ្នកលក់ ដើម្បីឲ្យគាត់ប្រកាសរកពួកគេ ។ ពីរបីនាទីក្រោយមក ក្មេងប្រុសនោះបានឃើញឪពុកគេចេញពីហាង ហើយរត់មករកគេ ។
នៅពេលដែលខ្ញុំជូនក្មេងប្រុសនោះទៅឪពុករបស់គេ ខ្ញុំឃើញថាខ្ញុំមិនអាចទាំងនិយាយជម្រាបលាជាភាសាបារាំងបានល្អផង ។ ខ្ញុំព្យាយាមដោយឥតប្រយោជន៍ ក្នុងការនិយាយឲ្យក្មេងទាំងពីរនាក់នោះបានយល់ តែខ្ញុំមិនអាចនិយាយអ្វីក្រៅពីពាក្យព្រាវពីរបីពាក្យ ។ នៅទីបញ្ចប់ ខ្ញុំបានត្រឡប់មកនិយាយជាភាសាអង់គ្លេសវិញ ដោយនិយាយទៅកាន់ក្មេងនោះ « លាហើយ រីករាយណាស់ដែលបានជួបប្អូន » ។
នៅពេលដែលពួកគេបានចេញទៅជាមួយនឹងឪពុកម្ដាយគេ ខ្ញុំបានពោរពេញទៅដោយក្ដីអំណរ ។ ព្រះវរបិតាសួគ៌បានធ្វើការអស្ចារ្យតាមរយៈខ្ញុំ ដើម្បីលួងលោមកូនតូចៗរបស់ទ្រង់ ។ ខ្ញុំមានចិត្តរាបទាបដែលព្រះអម្ចាស់ អាចតម្កើងកម្រិតសមត្ថភាពរបស់ខ្ញុំ ដើម្បីបំពេញព្រះគោលបំណងរបស់ទ្រង់ ។ ខ្ញុំមានក្ដីអំណរ ដើម្បីធ្វើជាសាក្សីនូវអ្វីដែលអាចកើតឡើង នៅពេលដែលយើងថ្វាយខ្លួនយើងដល់ទ្រង់ ពេលទ្រង់បានហៅមកលើយើង ទោះជានៅក្នុងស្ថានការណ៍ដែលមិនគួរអាចទៅរួចក្ដី ។