២០១៥
ច្រៀង​ទំនុកតម្កើង​សំណព្វចិត្ត​របស់​អ្នក
April 2015


ច្រៀង​ទំនុក​តម្កើង​សំណព្វចិត្ត​របស់​អ្នក

អែន​ជីឡា អូសិន សែនធើរ រដ្ឋអូហៃអូ ស.រ.អា

រូបភាព
drawing of mother and newborn in hospital

រចនា​ដោយ ប្រេដលី អេជ ខ្លាក

ខ្ញុំ​ទើប​តែ​បាន​ផ្ដល់​កំណើត​ដល់​កូន​ស្រី រ៉េ​បេកា របស់​យើង ។ ការ​សម្រាល​កូន​របស់​ខ្ញុំ​មាន​ការ​ពិបាក​ណាស់ ហើយ​ខ្ញុំ​អស់​កម្លាំង​ពី​ខ្លួន​រលីង ។

ពេល​ដែល រ៉េបេ​កា ត្រូវ​បាន​ដាក់​នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ ខ្ញុំ​ពោរពេញ​ដោយ​អារម្មណ៍​ថា​ខ្ញុំ​គួរ​តែ​ច្រៀង​ទំនុក​តម្កើង​សំណព្វ​ចិត្ត​របស់​ខ្ញុំ​គឺ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុកដំកើង, ទំព័រ 118 ) ។ ការ​ឆ្លើយ​តប​ដំបូង​របស់​ខ្ញុំ​គឺ « ទេ ខ្ញុំ​អស់​កម្លាំង​ណាស់ ។ ខ្ញុំ​នឹង​ច្រៀង​ឲ្យ​នាង​ស្ដាប់​នៅ​ពេល​ក្រោយ » ។ ប៉ុន្តែ គំនិត​នោះ​បាន​កើត​មក​ម្ដង​ទៀត ។ ដូច្នេះ ទោះ​បី​ជា​ខ្ញុំ​អស់​កម្លាំង ខ្ញុំ​បាន​បាន​ចាប់​ផ្ដើម​ច្រៀង​នៅ​វគ្គ​ទី​មួយ ។ ស្វាមី និង​ម្ដាយ​របស់​ខ្ញុំ​បាន​ចូលរួម​នឹង​ខ្ញុំ ។

ពេល​ដែល​យើង​ច្រៀង​ចប់ ខ្ញុំ​បាន​មាន​អារម្មណ៍​ពិសេស​នៅ​ក្នុង​បន្ទប់​នោះ ។ សូម្បី​តែ​វេជ្ជ​បណ្ឌិត ដែល​ជំនាញ និង​សោះ​អង្គើយ ក៏​មាន​ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​មុខ​គាត់​ដែរ ។ គាត់​បាន​អរគុណ​យើង​សម្រាប់​ការ​ច្រៀង​នូវ​ចម្រៀង​ដ៏​ពិរោះ ។ គាត់​បាន​និយាយ​ថា ក្នុង​កំឡុង​ឆ្នាំ​ទាំង​អស់​ដែល​គាត់​បាន​សម្រាល​ទារក​ឲ្យ​គេ គាត់​មិន​ដែល​មាន​អារម្មណ៍​ដូច​ដែល​គាត់​មាន​នៅ​ពេល​នោះ​ទេ ។

ខ្ញុំ​បាន​គិត​ពី​បទ​ពិសោធន៍​នោះ ហើយ​ឆ្ងល់​ថា​តើ​ខ្ញុំ​គួរ​តែ​ស្វែង​រក​ស៊ីឌី​នៃ​ទំនុក​តម្កើង​នោះ​ឲ្យ​គាត់​ឬ​ទេ ។ ជា​អកុសល ខ្ញុំ​បាន​ជាប់​រវល់​ជាមួយ​នឹង​ជីវិត ហើយ​បាន​ភ្លេច​អំពី​វា ។

ហើយ​ថ្ងៃ​ត្រួត​ពិនិត្យ​ក្រោយ​ពី​ការ​ឆ្លង​ទន្លេ​រួច​របស់​ខ្ញុំ​ក៏​មក​ដល់ ។ ពេល​ដែល​វេជ្ជបណ្ឌិត​ដើរ​ចូល​មក​ក្នុង​បន្ទប់ ទឹក​មុខ​របស់​គាត់​បាន​ស្រស់​ថ្លាឡើង ហើយ​គាត់​បាន​ឱប​ខ្ញុំ ។ គាត់​បាន​និយាយ​ថា គាត់​មិន​អាច​យក​ចម្រៀងនោះ​ចេញ​ពី​គំនិត​គាត់​សោះ ហើយ​ថែម​ទាំង​ព្យាយាម​ដើម្បី​ស្វែង​រក​បទ​នោះ​នៅ​លើ​អ៊ិន​ធើរណែត​ទៀត​ផង ដូច្នេះ​គាត់​អាច​ច្រៀង​វា​ឲ្យ​ក្រុម​គ្រួសារ​គាត់​ស្ដាប់ ។ នៅ​ពេល​នោះ​ហើយ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​រក​ច្បាប់​ចម្លង​នៃ​បទនោះ​ឲ្យ​គាត់ ។ ខ្ញុំ​បាន​សន្យា​នឹង​គាត់​ថា ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​បទ​ចម្រៀង​នៅ​ក្នុង​អាទិត្យ​នោះ ។

នៅ​យប់​នោះ ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​ជំនួយ​ដើម្បី​ស្វែង​រក​ទំនុក​ភ្លេង​នៃ​ចម្រៀងនោះ ដែល​នឹង​មាន​គុណភាព​ល្អ​បំផុត​សម្រាប់​គាត់ ។ នៅ​រសៀល​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​បញ្ជាទិញ​ស៊ីឌី​ដែល​មាន​បទ​នោះ ។ ពេល​ដែល​វា​មក​ដល់​នៅ​ក្នុង​សំបុត្រ​ពីរ​បី​ថ្ងៃ​បន្ទាប់​មក ខ្ញុំ​មិន​អាច​រង់​ចាំ​ដើម្បី​យក​វា​ទៅ​ឲ្យ​គាត់​ទេ ។

គាត់​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​យក​វា ហើយ​គាត់​បាន​អរគុណ​ខ្ញុំ​សម្រាប់​អំណោយ​នោះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ប្រាកដ​ថា​ហេតុ​អ្វី​ទេ តែ​ចម្រៀង​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គាត់ ដើម្បី​ចែក​ចាយ​វា​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ ។ ពេល​ដែល​យើង​បន្ត​និយាយ​គ្នា ខ្ញុំ​មិន​ត្រឹម​តែ​បាន​ចែក​ចាយ​ជាមួយ​គាត់​នូវ​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បទ​នោះ​ទេ ថែម​ទាំង​ចែក​ចាយ​ទី​បន្ទាល់​របស់​ខ្ញុំ​នៃ​ការ​ពិត​ដ៏​សាមញ្ញ​ដែល​បទ​នោះ​បង្រៀន​ទៀត​ផង ។

នៅ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​នោះ ខ្ញុំ​មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​នៃ​ព្រះ​វរបិតា​សួគ៌​របស់​យើង​សម្រាប់​បុត្រី​ម្នាក់​របស់​ទ្រង់ — គឺ​វេជ្ជ​បណ្ឌិត​របស់​ខ្ញុំ ។ ទ្រង់​ស្គាល់ និង​ស្រឡាញ់​គាត់ ហើយ​ទ្រង់​ចង់​ឲ្យ​គាត់​យល់​ថាគាត់​ក៏​អាច​ត្រឡប់​ទៅ​រស់​នៅ​នឹង​ទ្រង់​ម្ដងទៀត​ផង​ដែរ ។