២០១៥
ភាពទន់​ខ្សោយ​មិន​មែន​ជា​អំពើ​បាបនោះទេ
April 2015


ភាពទន់​ខ្សោយ មិន​មែន ជា​អំពើ​បាបនោះទេ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

កម្រិត​សមត្ថភាព និង​ការខ្វះសមត្ថភាព គឺ​មិន​មែន​ជា​អំពើបាប​ទេ ហើយ​វា​មិន​ឃាត់​យើង​ពី​ភាព​ស្អាតស្អំ និង​ភាព​សក្ដិសម​នៃ​ព្រះ​វិញ្ញាណ​នោះទេ ។

« តើ​ខ្ញុំ​ពិត​ជា​មាន​ភាព​សក្ដិសម ដើម្បី​ចូល​ក្នុង​នគរ​នៃ​ព្រះ​ឬទេ ? តើ​ខ្ញុំ​អាច​មាន​ភាព​សក្ដិសម​ដោយ​របៀប​ណា បើ​ខ្ញុំ​មិន​ល្អឥត​ខ្ចោះ​ផង​នោះ ?

« តើ​ព្រះ​អម្ចាស់​ពិត​ជា​អាច​ធ្វើ​ឲ្យ​ភាពទន់​ខ្សោយ​របស់​ខ្ញុំ ទៅ​ជា​ភាព​រឹងមាំ​បាន​មែន​ឬ ? ខ្ញុំ​បាន​តម​អាហារ និង​អធិស្ឋាន​ជា​ច្រើន​ថ្ងៃ ដើម្បី​ឲ្យ​បញ្ហា​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ខ្ញុំ ប៉ន្តែ​គ្មាន​អ្វី​ដែល​ហាក់​ដូច​ជា​ផ្លាស់​ប្ដូរ​សោះ » ។

« នៅ​ក្នុង​បេសកកម្ម ខ្ញុំ​បាន​រស់​នៅ​តាម​ដំណឹង​ល្អ យ៉ាងខ្ជាប់ខ្ជួនជាង​ពេល​ណាៗទាំង​អស់​ក្នុង​ជីវិត​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​បាន​ដឹង​ពី​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ​ច្រើង​ជាង​នេះ​ដែរ ។ តើ​ហេតុ​អ្វី បាន​ជា​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ទង្វើ​ល្អ ? »

នៅ​ពេល​ដែល​យើង​ពិចារណា​ពី​សំណួរ​ដូច​នេះ វា​សំខាន់​ណាស់​ដើម្បី​យល់​ថា ខណៈ​ពេល​ដែល អំពើបាប ដែល​ជៀស​មិនរួច នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ​អម្ចាស់ ផ្ទុយទៅ​វិញ​ ភាព​ទន់​ខ្សោយ​អាច​នាំ​យើង​ទៅរក​ទ្រង់ ។

រូបភាព
composite of 2 photo's of different landscapes

រូបថត​ដោយ iStock/Thinkstock

បែងចែក​រវាង​អំពើបាប និង ភាព​ទន់​ខ្សោយ

ជាទូទៅ​យើង​គិតពី​​អំពើបាប និង​ភាព​ទន់​ខ្សោយ​គ្រាន់​តែ​ខុស​គ្នា​ត្រង់ ទំហំ​ឆ្នូត​ខ្មៅ​នៅ​លើ​ផ្ទាំងក្រណាត់​នៃ​ព្រលឹង​របស់​យើង​ប៉ុណ្ណោះ វាមាន​ទម្ងន់​ខុសគ្នា​ខ្លាំង​ពី​ការ​រំលង ។ ប៉ុន្តែ​ព្រះ​គម្ពីរ​បញ្ជាក់​ថា អំពើបាប និង​ភាព​ទន់ខ្សោយ គឺ​មាន​ជាតិកំណើត​ខុសគ្នា វា​តម្រូវ​ឲ្យ​មាន​ឱសថ​ព្យាបាល​ខុសគ្នា និង​មាន​សក្ដានុពល​ក្នុង​ការ​ផលិត​លទ្ធផល​ខុសគ្នា​ដែរ ។

ពួក​យើង​ភាគ​ច្រើន ស្គាល់​អំពើ​បាប​ច្បាស់​ជាង​ការ​យើង​ចង់​ទទួល​សារភាព​ទៀត ប៉ុន្តែ​សូម​ពិនិត្យ​ឡើង​វិញ ៖ អំពើ​បាប​គឺ​ជា​ជម្រើស​ក្នុង​ការ​មិន​គោរព​ព្រះ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់ ឬ​បះបោរ​ប្រឆាំង​នឹង​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ខ្លួនរបស់យើង​ម្នាក់ៗ ។ អំពើបាប​គឺ​ជា​ជម្រើស ដើម្បី​ទុកចិត្ត​លើ​សាតាំង​ជាជាង​ព្រះ វាធ្វើឲ្យ​យើងក្លាយទៅ​ជា​មច្ឆាមិត្ត​ជាមួយ​ព្រះ​វរបិតា​សួគ៌​របស់​យើង ។ មិន​ដូច​ពួក​យើង ព្រះយេ​ស៊ូវគ្រីស្ទ​ទ្រង់​គ្មាន​អំពើ​បាប​ទាល់តែ​សោះ ហើយ​ទ្រង់​អាច​ពលិកម្ម​ជំនួស​អំពើ​បាប​របស់​យើង ។ ពេល​យើង​ប្រែចិត្ត​ជឿ​ដោយ​ស្មោះ — រួម​ទាំង​ការ​ផ្លាស់​ប្ដូរ​គំនិត ដួងចិត្ត និង​អាកប្បកិរិយា​របស់​យើង ថ្វាយ​ការ​សុំអភ័យ​ទោស ឬ​ការ​សារភាព​ដ៏​សមរម្យ រៀបចំ​កន្លែង​ដែល​អាច និង​មិន​ធ្វើ​អំពើ​បាប​នោះ​ឡើងវិញ​នា​ពេល​អនាគត — នោះ​យើង​អាច​ទទួល​បានដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ត្រូវ​បាន​អភ័យ​ទោស​ឲ្យ និង​បាន​ស្អាត​ស្អំ​ម្ដង​ទៀត ។

ការ​ប្រែ​ជា​ស្អាតស្អំ គឺ​សំខាន់​ណាស់ ដោយសារ​គ្មាន​អ្វី​ដែល​មិន​ស្អាតស្អំ​អាច​នៅ​ក្នុង​វត្តមាន​នៅ​ព្រះ​អម្ចាស់​បាន​ទេ ។ ប៉ុន្តែ ប្រសិន​បើ​គោល​ដៅ​តែ​មួយ​គត់​របស់​យើង គឺ​ដើម្បី​គ្មាន​ទោស​កំហុស​ដូច​ជា​នៅ​ពេល​ដែល​យើង​បាន​ចាក​ចេញ​ពី​វត្តមាន​នៃ​ព្រះ យើង​នឹង​គេង​នៅ​ក្នុង​កូនអង្រឹង​យើង​យ៉ាង​សុខ​ស្រួល​ពេញ​មួយ​ជីវិត​របស់​យើង ។ ផ្ទុយ​ទៅវិញ យើង​មក​លើ​ផែនដី​ដើម្បី​រៀនសូត្រ​ដោយ​បទពិសោធន៍ ដើម្បី​បែង​ចែក​ការ​ល្អ​ចេញ​ពី​ការ​អាក្រក់ រីក​ធំធាត់​នៅ​ក្នុង​ប្រជ្ញា និង​ភាព​ប៉ិន​ប្រសប់ រស់​នៅ​តាម​តម្លៃ​ដែល​យើង​យក​ចិត្ត​ទុកដាក់ និង​ទទួល​បាន​លក្ខណៈ​នៃ​ព្រះ — ជា​ការ​រីក​ចម្រើន​ដែល​យើង​មិន​អាច​ធ្វើ​វា ពី​ការ​នៅ​ក្នុង​បរិវេណ​នៃ​គ្រែ​កូនង៉ែត​ដ៏​មាន​សុវត្ថិភាព​របស់​យើង ។

ភាព​ទន់​ខ្សោយ​របស់​មនុស្ស ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​គោល​បំណង​ដ៏​ចាំបាច់​នៃ​ជីវិត​រមែង​ស្លាប់ ។ ពេល​ម៉ូរណៃ​ព្រួយ​បារម្ភ​ថា ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ការ​សរសេរ​របស់​លោក នឹង​បណ្ដាល​ឲ្យ​ពួក​សាសន៍​ដទៃ​ចំអក​ដល់​អ្វី​ដែល​ពិសិដ្ឋ​នោះ ព្រះអម្ចាស់​បាន​ធានា​ដល់​លោក​ជាមួយ​នឹង​ពាក្យ​សន្យា​ថា ៖

« ហើយ​បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេនូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់​ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​បន្ទាប​ខ្លួន នៅ​ចំពោះ​យើង ដ្បិត​បើ​សិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ ចំពោះ​ពួកគេ​វិញ » ( អេធើរ 12:27; សូមមើល​ផងដែរ កូរិនថូស​ទី 1 15:42–44; កូរិនថូស​ទី 2 12:7–10; នីហ្វៃទី 2 3:21; និង យ៉ាកុប 4:7 ) ។

ការ​បញ្ជាក់​ពី​ខគម្ពីរ​នេះ គឺ​ចាក់​ដោត​យ៉ាង​ជ្រាល​ជ្រៅ ហើយ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​ឲ្យ​ញែក​អំពើ​បាប ( ដែល​លើក​ទឹក​ចិត្ត​ដោយ​សាតាំង ) ចេញពី​ភាព​ទន់​ខ្សោយ ( ពណ៌នា​នៅ​ទីនេះ​ជា​លក្ខខណ្ឌ « ដែល​បាន​ផ្ដល់ » ​ដោយ​ព្រះ​អម្ចាស់ ) ។

យើង​អាច​ឲ្យ​និយមន័យ​ដល់​ភាព​ទន់​ខ្សោយ​ថា ជា​ដែល​កំណត់​លើ​ប្រជ្ញា អំណាច និង​ភាព​បរិសុទ្ធ​ដែល​មាន​មក​ជាមួយ​នឹង​មនុស្ស ។ ក្នុង​នាម​ជាមនុស្ស យើង​បាន​កើត​មក​ដោយ​គ្មាន​ពំនឹង និង​ពឹង​ពាក់​លើ​គេ ជាមួយ​នឹង​គុណវិបត្តិ​ខាង​រាងកាយ និង​ទំនោរ​ចិត្ត ។ យើង​ត្រូវ​បាន​ចិញ្ចឹម​ថែទាំ និងហ៊ុមព័ទ្ធ​ទៅ​ដោយ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម​ផ្សេង​ទៀត ហើយ​ការ​បង្រៀន គំរូ និង​ការ​ប្រព្រឹត្តិរបស់​ពួកវាគឺ​មាន​ភាព​ទន់​ខ្សោយ និង​ការ​បំផ្លិច​បំផ្លាញ​នៅ​ពេល​ខ្លះ ។ នៅ​ក្នុង​ស្ថានភាព​ទន់​ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង យើង​ទទួល​រង​ជំងឺ​ខាង​រាងកាយ និង​ផ្លូវ​ចិត្ត ភាព​ស្រេក​ឃ្លាន និង​ការ​នឿយ​ហត់ ។ យើង​មាន​បទពិសោធន៍​ពី​អារម្មណ៍​របស់​មនុស្ស​ដូច​ជា កំហឹង ទុក្ខ​ព្រួយ និង​ការ​ភ័យ​ខ្លាច ។ យើង​ខ្វះ​ប្រាជ្ញា ជំនាញ ភាព​អំណត់ និង​កម្លាំង ។ ហើយ​យើង​ងាយ​ទទួល​រង​ការ​ល្បួង​ជា​ច្រើន​ប្រភេទ ។

ទោះបី​ជា​ទ្រង់​គ្មាន​អំពើ​បាបក្ដី ព្រះយេស៊ូវ​គ្រីស្ទ​ចូល​រួម​នឹង​យើង​រាល់​គ្នា​យ៉ង​ពេញលេញ​នៅ​ក្នុង​ស្ថានភាព​នៃ​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ( សូមមើល កូរិនថូស​ទី​2 13:4 ) ។ ទ្រង់​បាន​ប្រសូត​មក​ជា​ព្រះ​ឱរស​ដែល​គ្មាន​ពំនឹង នៅក្នុង​រាងកាយ​រមែង​ស្លាប់ និង​ត្រូវ​បាន​ចិញ្ចឹម​ដោយ​អាណាព្យាបាល​ដែល​ពុំ​ល្អ​ឥតខ្ចោះ ។ ទ្រង់​ត្រូវ​រៀន​ពី​របៀប​ដើរ និយាយ ធ្វើការ និង​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ។ ទ្រង់​ឃ្លាន និង​នឿយហត់ មាន​អារម្មណ៍​ដូច​មនុស្ស ហើយ​អាច​មាន​ជំងឺ រងទុក្ខ ចេញឈាម និង​សុគត ។ ទ្រង់​បាន « ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ » ទ្រង់​បាន​ដាក់​អង្គ​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ដូច្នេះ​ទ្រង់​អាច « អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា » ហើយ​ជួយ​យើង​នៅ​ក្នុង ជម្ងឺ ឬ ភាព​កំសោយ​របស់​យើង ( ហេព្រើរ 4:15 សូម​មើល​ផងដែរ អាលម៉ា 7:11–12 ) ។

យើង​មិន​អាច​គ្រាន់​តែ​ប្រែចិត្ត​ពី​ការ​ចុះ​ខ្សោយ — ឬ​ក៏​ភាព​ទន់​ខ្សោយ​នោះ​ផ្ទាល់​ធ្វើ​ឲ្យ​យើង​មិន​ស្អាតស្អំ​នោះទេ ។ យើង​មិន​អាច​រីក​ចម្រើនខាង​វិញ្ញាណ​បាន​ទេ លុះត្រា​តែ​យើង បដិសេធ អំពើបាប ប៉ន្តែ​យើង​ក៏មិន​រីក​ចម្រើន​ខាង​វិញ្ញាណ​ដែរ លុះត្រា​តែ​យើង ទទួល​យក ស្ថាន​ភាព​ទន់​ខ្សោយ​ជា​មនុស្ស​របស់​យើង ឆ្លើយ​តប​នឹង​វា​ដោយ​រាបសា និង​សេចក្ដី​ជំនឿ ហើយ​រៀន​តាម​រយៈ​ភាព​ទន់​ខ្សោយ​របស់​យើង ដើម្បី​ទុកចិត្ត​លើ​ព្រះ ។ ពេល​ម៉ូរណៃ​បារម្ភ​ពី​ភាព​ទន់​ខ្សោយ​ក្នុង​ការ​សរសេរ​របស់​លោក ព្រះ​អម្ចាស់​បាន​ប្រាប់​លោក​ឲ្យ​ប្រែចិត្ត ។ ព្រះអម្ចាស់​បាន​បង្រៀន​លោក​ឲ្យ​មានចិត្តរាបសា និង​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ជំនួស​វិញ ។ នៅ​ពេល​ដែល​យើង​មាន​ចិត្ត​ស្លូត​បូត និង​ស្មោះត្រង់ ព្រះ​អម្ចាស់​ប្រទាន​ព្រះ​គុណ — មិន​មែន​ជា​ការ​អភ័យ​ទោស — ជា​ឱសថ​សម្រាប់​ភាព​ទន់​ខ្សោយ​ទេ ។ វចនា​នុក្រម​ព្រះ​គម្ពីរ​បរិសុទ្ធ កំណត់និយម​ន័យ​ព្រះគុណ​ជា អំណាច​កើត​មក​ពី​ព្រះ​ដើម្បី​ធ្វើ​អ្វី ដែលយើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង (​ សូមមើល​វចនា​នុក្រម​ព្រះ​គម្ពីរ​បរិសុទ្ធ​លើ​ពាក្យ « ព្រះគុណ » ) — ឱសថព្រះ​សមរម្យ​ដែល​ទ្រង់​អាច « ធ្វើ​ឲ្យ អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ។

ការ​អនុវត្ត​ភាព​រាបសា និង សេចក្ដី​ជំនឿ

តាំង​ពីដើម​មក នៅ​ក្នុង​បទពិសោធន៍​សាសនាចក្រ​របស់​យើង យើង​ត្រូវ​បាន​បង្រៀន​ពី​ធាតុ​សំខាន់​នៃ​ការ​ប្រែចិត្ត ប៉ុន្តែ​តើ​យើង​ពង្រឹង​ភាព​រាបសា និង​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ? សូម​ធ្វើ​ការ​ពិចារណា​ដូច​ខាងក្រោម ៖

  • ពិចារណ និង អធិស្ឋាន ។ ដោយ​សារ​តែ​យើង​ទន់​ខ្សោយ យើង​អាច​នឹង​មិន​ដឹង​ថា​យើង​កំពុង​ដោះស្រាយ​ជាមួយ​នឹង អំពើបាប ( អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត​ជា​បន្ទាន់ និង​ការ​ផ្លាស់​ប្ដូរ គំនិត ដួងចិត្ត និង​អាកប្បកិរិយា​ទូទៅ ) ឬជាមួយ​នឹង ភាព​ទន់​ខ្សោយ ( អំពាវនាវ​ឲ្យ​មាន​ភាព​រាបសា ការ​ខិតខំ​ប្រកប​ដោយ​និរន្តភាព ការ​រៀន​សូត្រ និង​ការ​រីក​ចម្រើន ) ។ របៀប​ដែល​យើង​មើល​រឿង​ទាំង​នេះ អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​ចិញ្ចឹម​បីបាច់ និង​ភាព​ចាស់ទុំ​របស់​យើង ។ វា​ក៏​អាច​មាន​ធាតុ​ផ្សំ ទាំង​អំពើ​បាប និង​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​អាកប្បកិរិយា​តែ​មួយ ។ ការ​និយាយ​ថា​អំពើបាប គឺ​ពិត​ជា​ភាព​ទន់​ខ្សោយ នាំ​ឲ្យ​មាន​ការ​ដោះ​សារ ជំនួស​ឲ្យ​ការ​ប្រែចិត្ត​វិញ ។ ការ​និយាយ​ថា​ភាព​ទន់​ខ្សោយ គឺ​ជា​អំពើ​បាប អាច​បណ្ដាល​ឲ្យ​មាន​ភាព​អាម៉ាស់ ការ​ស្ដីបន្ទោស ភាព​អស់សង្ឃឹម និង​បោះបង់​ចោល​ការ​សន្យា​របស់​ព្រះ ។ ការ​ពិចារណា និង​ការ​អធិស្ឋាន ជួយ​យើង​ឲ្យ​ធ្វើ​ការ​បែង​ចែក​ទាំង​នេះ ។

  • អាទិភាព ។ ដោយ​សារ​តែ​យើង​ទន់​ខ្សោយ យើង​មិនអាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លើ​អ្វី​ដែល​ត្រូវ​ការ​ក្នុង​ពេល​តែ​មួយ​បាន​ទេ ។ នៅ​ពេល​ដែល​យើង​តតាំងនឹងភាព​ទន់​ខ្សោយ​របស់​យើង​លើ​រឿង​មួយចំនួន ដោយ​រាបសា និង​ដោយ​សេចក្ដី​ជំនឿ យើង​អាច​កាត់​បន្ថយ​ភាព​ព្រងើយ​កន្តើយ​បន្តិច​ម្ដងៗ ធ្វើ​ឲ្យ​មាន​លំនាំ​ទំលាប់​ល្អ បង្កើន​សុខភាព និង​ភាព​អំណត់​ខាង​រាងកាយ និង​ខាង​អារម្មណ៍ ហើយ​ពង្រឹង​ទំនុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ។ ព្រះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ចាប់​ផ្ដើម ។

  • ផែនការ ។ ដោយ​សារ​តែ​យើង​ទន់​ខ្សោយ ការ​ទទួល​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង នឹង​ទាមទារ​ច្រើន​ជាង​បំណង​ប្រាថ្នា​សុចរិត និង​ការ​លត់​ដំ​ខ្លួន​ជា​ច្រើន ។ យើង​ក៏​ត្រូវ​ការ​ផែន​ការ​ផង​ដែរ រៀន​ពី​កំហុស អភិវឌ្ឍ​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធ​ភាព​ច្រើន​ថែម​ទៀត កែ​សម្រួល​ផែន​ការ​របស់​យើង​ឡើង​វិញ ហើយ​ព្យាយាម​ម្ដង​ទៀត ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​គម្ពីរ សៀវភៅ​នានា​ដែល​ទាក់​ទង និង​មនុស្ស​ដទៃ​ទៀត ។ យើង​ចាប់​ផ្ដើម​ពី​តូច មាន​អំណរ​ក្នុង​ការ​រីក​ចម្រើន និង​ទទួល​យក​ហានិភ័យ ( ទោះ​បី​ជា​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ងាយ​រងគ្រោះ និង​ទន់​ខ្សោយ​ក្ដី ) ។ យើង​ត្រូវ​ការ​គាំ​ទ្រ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏ល្អ ទោះ​បីជា​ពេល​ដែល​យើង​នឿយ​ហត់ ឬ​បាក់​ទឹកចិត្ត ហើយ​មាន​គម្រោង​ត្រឡប់​មក​ផ្លូវ​វិញ​ពេល​ដែល​យើង​រអិល​ដួល ។

  • អនុវត្ត​ការ​អត់​ធ្មត់​ ។ ដោយ​សារ​តែ​យើង​ទន់​ខ្សោយ ការ​ផ្លាស់​ប្ដូរ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ខ្លះ ។ យើង​មិន​បោះ​បង់​ចោល​ភាព​ទន់​ខ្សោយ ដូច​ជា​យើង​បោះ​បង់​ចោល​អំពើ​បាប​នោះ​ទេ ។ ពួក​សិស្ស​ដ៏​រាប​ទាប​ស្ម័គ្រចិត្ត​ធ្វើ​អ្វី​ដែល​បាន​ទាមទារ​ដល់​ពួកគេ រៀន​អត់​ធន់ ខិតខំ​ព្យាយាម និង​មិន​បោះ​បង់​ចោល​ឡើយ ។ ការ​បន្ទាប​ខ្លួន​ជួយ​យើង​ឲ្យ​មាន​ការ​អត់​ធ្មត់ នឹង​ខ្លួន​យើង និង​ជាមួយ​នឹង​អ្នក​ដទៃ​ដែល​ទន់​ខ្សោយ​ដែរ ។ ការ​អត់​ធ្មត់ គឺ​ជា​ការ​សម្ដែង​ចេញនូវ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ ដឹងគុណ​សម្រាប់​ទំនុក​ចិត្ត​របស់​ទ្រង់​មក​លើ​យើង​រាល់​គ្នា និង​ទុក​ចិត្ត​លើ​ការ​សន្យា​ទាំង​ឡាយ​របស់​ទ្រង់ ។

សូម្បី​តែ​នៅ​ពេល​ដែល​យើង​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង​ដោយ​ស្មោះ ទទួល​បាន​ការ​អភ័យទោស និង​ក្លាយ​ជា​ស្អាត​ស្អំ​ម្ដង​ទៀត​ក្ដី ក៏​យើង​នៅ​តែ​ទន់​ខ្សោយ​ដែរ ។ យើង​នៅ​តែ​ជា​ប្រធាន​បទ​សម្រាប់​ជម្ងឺ ការ​រម្ជួលចិត្ត ភាព​ល្ងង់ខ្លៅ ភាព​ទំនោរចិត្ត ភាព​ល្ហិតល្ហៃ និង​ការ​ល្បួង ។ ប៉ុន្តែ កម្រិត​សមត្ថភាព និង​ការខ្វះ​សមត្ថ​ភាពគឺ​មិន​មែន​ជា​អំពើបាប​ទេ ហើយ​វា​មិន​ឃាត់​យើង​ពី​ភាព​ស្អាតស្អំ និង​ភាព​សក្ដិសម​នៃ​ព្រះ​វិញ្ញាណ​នោះទេ ។

ភាព​ទន់​ខ្សោយ​ទៅ​ជា​កម្លាំង

រូបភាព
composite of young man in sillouette and landscape

រូបថត​ដោយ iStock/Thinkstock

ខណៈ​ពេល​ដែល​សាតាំង ខ្នះខ្នែង​ប្រើ​ភាព​ទន់​ខ្សោយ​របស់​យើង ដើម្បី​ល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​អំពើបាប ព្រះ​អាច​ប្រើ​ភាព​ទន់ខ្សោយ​របស់​មនុស្ស ដើម្បី​បង្រៀន ពង្រឹង និង​ប្រទាន​ពរ​ដល់​យើង ។ ទោះ​បី​ជា​វា​ផ្ទុយ​ទៅនឹង​អ្វី​ដែល​យើង​អាច​រំពឹង ឬ​សង្ឃឹម ព្រះ​ទ្រង់​មិន​តែង​តែ « ធ្វើ​ឲ្យ អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ចំពោះ​យើង​ដោយ​បំបាត់​ចោល​ភាព​ទន់​ខ្សោយ​របស់​យើង​នោះ​ទេ ។ ពេល​សាវក​ប៉ុល អធិស្ឋាន​អង្វរ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ឲ្យ​ព្រះ​អម្ចាស់​បាន​ដក​យក « បន្លា​ចេញ​ពី​សាច់ឈាម » ដែល​សាតាំង​បាន​ប្រើ​ដើម្បី​ធ្វើ​ទារុណ​កម្ម​លោក ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​សាវក​ប៉ុល​ថា « គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ » ( កូរិនថូស​ទី​ 2 12:7, 9 ) ។

មាន​វិធី​ជា​ច្រើន​ដែល​ព្រះ​អម្ចាស់​បាន​ធ្វើ​ឲ្យ « អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ។ ខណៈ​ពេល​ដែល​ទ្រង់​បំបាត់​ចោល​ភាព​ទន់​ខ្សោយ​តាម​រយៈ ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធិភាព​ដែល​យើង​សង្ឃឹម​លើ នៅ​ក្នុង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា ថា​កម្រ​នឹង​កើត​ឡើង​ណាស់ ។ ឧទាហរណ៍ ខ្ញុំ​មិន​ឃើញ​មាន​ភស្ដុតាង​ណា​ដែល​ទ្រង់​បាន​បំបាត់​ចោល​ភាព​ទន់​ខ្សោយ​របស់​ម៉ូរណៃ នៅ​ក្នុង​ការ​សរសេរ បន្ទាប់​ពី​ខ​ដ៏​ល្បី​នៅ​ក្នុង អេធើរ 12 ។ ព្រះ​អម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ទៅ​ជា​ខ្លាំង​ពូកែ​បាន ដោយ​ជួយ​យើង​កែ​លម្អ​ភាព​ទន់​ខ្សោយ​របស់​យើង ទទួល​បាន​អារម្មណ៍​លេង​សើច​សមរម្យ ឬ​ទស្សនវិស័យ​អំពី​វា ហើយ​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង​ជា​លំដាប់​តាម​ពេល​វេលា ។ ហើយ​ជារឿយៗ កម្លាំង និង​ភាពទន់​ខ្សោយ​ពាក់ព័ន្ធ​គ្នា ( ដូច​ជា​កម្លាំង​នៃ​ការ​តស៊ូ និង​ភាព​ទន់​ខ្សោយ​នៃ​ភាព​ចចេស ) ហើយ​យើង​អាច​រៀន​ដើម្បី​ឲ្យ​តម្លៃ​ដល់កម្លាំង និង​បន្ថយ​ភាព​ទន់​ខ្សោយ​ដែល​នៅ​ជា​មួយ​វា ។

មាន​វិធី​មួយ​ទៀត​ដែល​កាន់​តែ​មាន​អនុភាព ដែល​ព្រះ​អម្ចាស់​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​មក​ដល់​យើង ។ ព្រះអម្ចាស់ មាន​បន្ទូល​ទៅ​ម៉ូរណៃ​នៅ​ក្នុង អេធើរ 12:37 ថា « ពី​ព្រោះ​អ្នក​បាន​ឃើញ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន នោះ​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្លាំង​ពូកែ រហូត​ដល់​បាន​អង្គុយ​ឯទី​កន្លែង ដែល​យើង​បាន​រៀបចំទុក នៅ​ក្នុង​វិមាន​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា​របស់​យើង » ។

ត្រង់​នេះ ព្រះ​ទ្រង់​មិន​បាន​ផ្ដល់​ជូន​នូវ​ការ​ផ្លាស់​ប្ដូរ​ភាព​ទន់​ខ្សោយ​របស់​ម៉ូរណៃ​ទេ តែ​ដើម្បី​ផ្លាស់​ប្ដូរ​ម៉ូរណៃ​វិញ ។ ដោយ​ដោះ​ស្រាយ​បញ្ហា​នៃ​ភាព​ទន់​ខ្សោយ​របស់​មនុស្ស ម៉ូរណៃ — និង​យើង​រាល់​គ្នា — អាច​រៀន​ពី​សប្បុរសធម៌ មេត្តាធម៌ ភាព​ស្លូតបូត ភាព​អត់​ធ្មត់ ភាព​ក្លាហាន ការ​អត់​ធ្មត់ ប្រាជ្ញា កម្លាំង ការ​អភ័យ​ទោស ការ​អត់​ធន់ ការ​ដឹង​គុណ ការ​ច្នៃ​ប្រឌិត និង​​គុណធម៌​ឥត​គណនា​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូច​ព្រះ​វរបិតា​សួគ៌ ។ ទាំងនេះ​គឺ​ជា​គុណសម្បត្តិ ដែល​យើង​មកកាន់​ផែនដី​ដើម្បី​បណ្ដុះបណ្ដាល គុណ​លក្ខណៈ​ទាំង​ឡាយ​ដែល​ដូច​ជា​ព្រះ​គ្រីស្ទ​ដែល​រៀបចំ​យើង​សម្រាប់​វិមាន​ទាំង​ឡាយ​នៅ​ខាងលើ ។

គ្មាន​កន្លែង​ណា​ដែល​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​អំណាច​ប្រោសលោះ​របស់​ព្រះ ដែល​ពិត​ជាក់​ស្តែងច្រើន​ជាង​ព្រះ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ប្រែ​ការ​តស៊ូ​របស់​យើង​ជាមួយ​នឹង​ភាព​ទន់​ខ្សោយ​របស់​មនុស្ស ឲ្យ​ទៅ​ជា​គុណធម៌ និង​កម្លាំង​ដ៏​មាន​តម្លៃ​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូច​ទ្រង់​នោះ​ទេ ។