២០១៥
«​ខ្ញុំ ត្រូវការ ទ្រង់ ជានិច្ច​»
April 2015


« ខ្ញុំ​ត្រូវ​ការ​ទ្រង់ ជានិច្ច »

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

ពេល​ដែល​យើង​មិន​ដឹង​ថា យើង​អាច​បង្រៀន​អ្វី​ថែម​ទៀត ដៃ​គូ​របស់​ខ្ញុំ​បាន​ស្នើ​ថា​យើង​គួរ​ច្រៀង​ទំនុក​តម្កើង​មួយ​នេះ ។

រូបភាព
drawing of family with missionaries

រសៀល​ថ្ងៃ​អាទិត្យ​ដ៏​រីក​រាយ​មួយ នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​នៅ​បាល់​សាន ប្រទេស​កូរ៉េ ខ្ញុំ នឹង​ដៃ​គូ​របស់​ខ្ញុំ​បាន​និយាយ​លា​ទៅ​សមាជិក​បន្ទាប់​ពី​ការ​ប្រជុំ​នៅ​ព្រះ​វិហារ ហើយ​រៀប​នឹង​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​សាសនា ស្រាប់​តែ​អ្នក​ដឹកនាំ​បេសកកម្ម​វួដ​បាន​ណែនាំ​យើង​ឲ្យស្គាល់​ក្មេង​ប្រុសមាន​អាយុ​ 12 ​ឆ្នាំ​ម្នាក់ ឈ្មោះ គង់ សុង​គុន ។ គាត់​បាន​ចូល​រួម​សាសនា​ចក្រ​នៅ​ថ្ងៃ​នោះ ហើយ​ចង់​រៀន​ពី​ដំណឹង​ល្អ​បន្ថែម​ទៀត ។

ពិតណាស់ យើង​រំភើបចិត្ត​អំពី​លទ្ធភាពនៃ​ការ​បង្រៀន​គាត់ ប៉ុន្តែ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ផង​ដែរ​ពី​ការ​បង្រៀន​នរណា​ម្នាក់​ដែល​មាន​វ័យ​ក្មេង​ដូច្នេះ ។ យើង​បាន​សម្រេច​ចិត្ត ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​របស់​គាត់ ដូច្នេះ​ខ្ញុំ​បាន​ហៅ​ទូរស័ព្ទទៅ​ផ្ទះ​របស់​គង់ សុង​គុន ហើយ​បាន​និយាយ​យ៉ាង​ខ្លី​ជាមួយ​នឹង​ម្ដាយ​របស់​គាត់ គឺ ប៉ាក់ម៉ី​ជុង ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​គាត់​និយាយ​ថា គាត់​មាន​ក្តី​រីករាយ​ដែល​កូន​ប្រុស​របស់​គាត់​រំពឹង​ចង់​ចូល​រួម​ក្នុង​សាសនា​ចក្រ ហើយ​ថា​គាត់​សប្បាយ​ចិត្ត​ឲ្យ​យើង​មក​បង្រៀន​កូន​គាត់ ។

អ្នក​រៀន​ថ្មី​ដែល​មិនបាន​រំពឹង​ទុក​ជាមុន

នៅល្ងាច​បន្ទាប់ យើង​បាន​មកដល់​ផ្ទះ​របស់​ក្មេង​ប្រុស​នោះ ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បង្រៀន ។ យើង​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ដឹង​ថា​ប៉ាក់ម៉ី​ជុង ក៏​ចង់​ឲ្យ​យើង​បង្រៀន​កូន​ស្រី​គាត់ គឺ​គង់ ស៊ូ​ជីន ដែរ ។ ហើយ​ដោយសារ​យើង​ជា​អ្នក​ចម្លែក​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ប៉ាក់ម៉ី​ជុង ចង់​ចូល​រួម​ក្នុង​មេរៀន​ទាំង​ឡាយ ។ ពិត​ណាស់ យើង​រីករាយ​ក្នុង​ការ​បង្រៀន​អ្នក​ទាំង​ឡាយ​ណា​ដែល​ចង់​ស្ដាប់ ។

បន្ទាប់​ពី​ពួក​គេ​បាន​បម្រើ​អាហារ​សម្រន់​ដល់​យើង​ហើយ យើង​បាន​អង្គុយ​ចុះ​ជា​មួយ​គ្នា ហើយ​ចាប់​ផ្ដើម​ពិភាក្សា ។ ជាជាង​ឲ្យ​យើង​ចាប់​ផ្ដើម​មេរៀន​យើង​ភា្លម ប៉ាក់ ម៉ី​ជុង ចង់​ស្គាល់​យើង​បន្ថែម​ទៀត ហើយ​ប្រាប់​យើង​អំពី​ស្ថាន​ភាព​ក្រុម​គ្រួសារ​របស់​គាត់ ។ គាត់​បាន​ប្រាប់​យើង​អំពី ការ​សាកល្បង និង​ការ​លំបាក​ថ្មីៗ​ដែល​ពួក​បាន​ឆ្លង​កាត់ រួម​ទាំង​ការ​ពុះពារ​ថ្មីៗ​របស់​កូន​ប្រុស​គាត់​ជាមួយ​នឹង​ជម្ងឺ​មហារីក ។ កូន​ប្រុស​គាត់​បាន​ឆ្លង​កាត់​ការ​ព្យាបាល​ដោយ​កាំ​រស្មី​វិទ្យុ​សកម្ម​ដោយ​ជោគជ័យ ហើយសព្វថ្ងៃ​នេះ ជម្ងឺ​មហារីក​នេះ គឺ​នៅ​ក្នុង​ការ​ផ្ដាច់ តែ​វេជ្ជ​បណ្ឌិត​បាន​ព្រមាន​ពួកគេ​ថា ថា​អាច​កើត​ឡើង​ម្ដង​ទៀត​នៅ​ពេល​ណាមួយ ។ វា​មាន​ការ​លំបាក​ជា​ខ្លាំង​មក​លើ​គ្រួសារ​នេះ ។ ពួក​គេ​ជា​គ្រួសារ​អ្នក​ធ្វើ​ការ​ងារ ហើយ​ឪពុក​ខិត​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​រក្សា​ជំរក និង​មាន​ម្ហូប​អាហារ​នៅ​លើ​តុ ។

ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​សោកស្ដាយ​ដោយ​ការ​សាកល្បង​នៅ​ក្នុងជី​វិត​របស់​ពួក​គេ ។ ជី​វិត​មិន​ងាយ​ស្រួល​ទេ​សម្រាប់​ពួក​គេ​ទេ ប៉ុន្តែ​ភាព​ជិត​ស្និទ​នៅ​ក្នុង​ក្រុម​គ្រួសារ បង្ហាញជា​ភស្តុតាង​យ៉ាងធំ​លើស​លប់ ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ក្រុម​គ្រួសារ​ដទៃ​ទៀត​ ដែល​ខ្ញុំ​បាន​ជួប​នៅ​ប្រទេស​កូរ៉េ ដែល​មាន​អត្ថន័យ​យ៉ាងធំ​សម្បើម នៅក្នុង​សង្គម​ដែល​ផ្តោត​ទៅ​លើ​ក្រុម​គ្រួសារ ដូច​ជា​ប្រទេស​កូរ៉េ​នេះ ។ យើង​បាន​ចាក​ចេញ​ពី​ផ្ទះ​ពួក​គេ​នៅ​ល្ងាច​នោះ ដោយ​បាន​ស្គាល់​ក្រុម​គ្រួសារ​ដ៏​ពិសេស​នេះ​ជាង​មុន ហើយ​បាន​មាន​ឱកាស​ដើម្បី​ចែក​ចាយ​សារ​លិខិត​ដំណឹង​ល្អ​ជា​មួយ​ពួក​គេ ។

ខ្ញុំ និង​ដៃ​គូ​ខ្ញុំ​បាន​ត្រឡប់​ទៅ​បង្រៀន​ពួក​គេ​ពីរ​បី​ដង​ទៀត​នៅ​សប្ដាហ៍​នោះ រាល់​ពេល យើង​មាន​បទពិសោធន៍​ពី​ភាព​កក់​ក្ដៅ និង​ភាព​សប្បុរស​ដូច​ជា​បទ​ពិសោធន៍​ដំបូង​ដែល​យើង​មក​ផ្ទះ​គេ​ដែរ ។ ពេល​ដែល​ប្រធាន​បទ​នៃ​ការ​បុណ្យ​ជ្រមុជ​ទឹក​បាន​លើក​ឡើង កូន​ទាំង​ពីរ​ចង់​ចូល​រួម​នឹង​សាសនា​ចក្រ​ខ្លាំង​ណាស់ ។ ប៉ុន្តែ ម្ដាយ​របស់​គេ​មិន​មាន​អារម្មណ៍​រំភើប​ដូច​ពួក​គេ​ទេ ។ ទោះបី​ជា​ការ​បង្រៀន​របស់​យើង​សម​ហេតុ​ផល​ចំពោះ​គាត់ ហើយ​គាត់​បានសង្ឃឹម​ថា​សារ​លិខិត​នោះពិត​ក្ដី គាត់​មិន​មាន​អារម្មណ៍​ថា គាត់​អាច​ធ្វើ​តាម និង​រក្សា​បទ​បញ្ញត្តិ​ទាំង​នេះ ដែល​តម្រូវ​ឲ្យ​ធ្វើ​តាម​ នៅ​ពេល​ចូល​រួម​ក្នុង​សាសនា​ចក្រ​ឡើយ ។ គាត់​ក៏​មិន​មាន​អារម្មណ៍​ថា វា​សក្ដិសម​សម្រាប់​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​គ្មាន​សា្វមី​គាត់ ដែល​យើង​មិន​ធ្លាប់​បាន​ជួប​ដែរ ។ ប៉ុន្តែ គាត់​មាន​ឆន្ទះ​ដើម្បី​ជួប​ជាមួយ​យើង ហើយ​ក៏ចង់​ចូល​រួម​ជា​មួយ​កូនៗ​របស់​គាត់ ក្នុង​ការ​មក​ចូល​រួម​ក្នុង​សាសនា​ចក្រ​ដែរ ។

នៅ​ជិត​ទី​បញ្ចប់​នៃ​សប្ដាហ៍​ទី​ពីរ​នោះ ពេល​ដែល​យើង​បន្ត​បង្រៀន​នៅ​ក្នុង​ផ្ទះ​របស់​គាត់ យើង​បាន​ជួប​សា្វមី​របស់​គាត់ គឺ​គង់ គុកវ៉ុន — គាត់​ជា​បុរស​រាបសា រួសរាយ និង​ចិត្ត​ល្អ​ម្នាក់ ។ គាត់​បាន​ចូល​រួម​ជាមួយ​យើង​ក្នុង​ការ​ពិភាក្សា​ចុង​ក្រោយ ហើយ​ជឿ​ភ្លាម​លើ​អ្វី​ៗ គ្រប់​យ៉ាង​ដែល​យើង​បាន​បង្រៀន រួមទាំង​គោល​លទ្ធិ​នានា ដែលអ្នកដទៃ​ទៀត​ដែល​ជា​រឿយៗ​ពិបាក​យល់​ដូច​ជា ដង្វាយ​មួយ​ភាគក្នុង​ដប់ និង​ច្បាប់​សុខភាព ។ ទោះ​បី​ជា​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ខ្សត់​ខ្សោយ ពួក​គេ​ចាប់​ផ្ដើម​បង់​ដង្វាយ​មួយ​ភាគ​ដប់ ។ ឧបសគ្គ​តែ​មួយ​របស់​ឪពុក​គឺ ត្រូវ​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ ។ គាត់​ធ្វើ​ការ​នៅ​អាកាស​យាន្ត​អន្តរជាតិ​ក្រុង​សេអ៊ូល​រៀង​រាល់​ថ្ងៃ​អាទិត្យ ដូច្នេះ​គាត់​មិន​អាច​មក​ចូល​រួម​ក្នុង​សាសនា​ចក្រ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​បាន​ទេ ។ ថ្វី​បើ​កាលវិភាគ​ការ​ងារ​របស់​គាត់​រវល់ ភរិយា​គាត់ និង​គាត់​បាន​រៀប​ចំ​ដើម្បី​មក​ចូល​រួម​ពិធី​បុណ្យ​ជ្រមុជ​ទឺង​របស់​កូនៗ​គាត់​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​ដែរ ។

បន្ទាប់​ពី​ការ​ជ្រមុជ​ទឹករបស់​ក្មេង​ទាំង​ពីរមក យើង​បាន​បន្ត​ជួប​ជាមួយ​គេ​ជា​ញឹក​ញាប់​នៅ​ក្នុង​ផ្ទះ​របស់​ក្រុម​គ្រួសារ​នោះ ។ យើង​បាន​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ចែក​ចាយ​ខគម្ពីរ និង​បទពិសោធន៍​លើក​ទឹកចិត្ត​នានា ហើយ​បាន​ណែនាំ​ពួក​គេ​ឲ្យជួបនឹង​សមាជិក​វួដ​ផ្សេងៗ​ទៀត ។ ទោះ​ជា​យ៉ាង​ណា ក្រៅ​ពី​បទ​ពិសោធន៍​ដំណឹង​ល្អ ឪពុក​ម្ដាយ​នេះ មិន​ទាន់​ឈាន​មក​ដល់​ការ​ជ្រមុជ​ទឹក​នៅ​ឡើយ​ទេ ។

នៅ​ក្នុង​ពេល​នោះ ដៃ​គូ​របស់​ខ្ញុំបាន​ផ្លាស់​ប្ដូរ​តំបន់ ហើយ​ដៃ​គូ​ថ្មី​របស់​ខ្ញុំ ជា​អែល​ឌើរ​ដែល​ទើប​តែ​ចេញ​មក​ពី​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ គាត់​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ជំនឿ ថាមពល និង​ការ​រំភើប ហើយ​ខ្ញុំ​ពិត​ជា​មាន​ការ​ពិបាក​ដើម្បី​តាម​ឲ្យ​ទាន់​គាត់ណាស់ ។ បន្ទាប់​ពី​ជួប​ជាមួយ គង់ គុក​វ៉ុន និង​ប៉ាក់ ម៉ី​ជុង ពីរ​បី​លើក​មក ដៃ​គូ​របស់​ខ្ញុំបាន​មក​ឯ​ខ្ញុំ ហើយ​សួរ​ថា​តើ​ខ្ញុំ និង​ដៃ​គូ​មុន​របស់​ខ្ញុំ​បាន​ធ្វើ​ការ​តមអាហារ​សម្រាប់​ពួក​គេ ។ យើង​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ។ តាម​ពិត​ទៅ គំនិត​នោះ​មិន​ធ្លាប់​លេច​ឡើង​ចំពោះ​ខ្ញុំ​សោះ ។ ដូច្នេះ យើង​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​នោះ ហើយ​បាន​ស្នើ​សុំ​ការ​តមអាហារ ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ដោយ​ដឹង​ថា ពួក​គេ​បាន​ធ្វើ​ការ​តម​អាហារ​យ៉ាង​ទៀង​ទាត់​ដោយ​ខ្លួន​ឯង ទាំង​សម្រាប់​សុខភាព​របស់​កូន​ប្រុស​គេ និង​សម្រាប់​ការ​ផ្លាស់​ប្ដូរ​កាល​វិភាគ​ការងារ ដែល​នឹង​អនុញ្ញាត​ឲ្យ​គង់ គុក​វ៉ុន​ចូល​រួម​នឹង​សាសនា​ចក្រ ។ បន្ទាប់​ពី​ខ្ញុំ និង​ដៃ​គូ​របស់​ខ្ញុំ​បាន​ចូល​រួម​នឹង​គេ​នៅ​ក្នុង​ការ​តម​អាហារ ការ​អធិស្ឋាន​របស់​យើង​ត្រូវ​បាន​ឆ្លើយ​តប ហើយ​កាល​វិភាគ​ការងារ​របស់​គង់ គុក​វ៉ុន​បាន​ផ្លាស់​ប្ដូរ ។ ប៉ុន្តែ ប៉ាក់ ម៉ី​ជុង​នៅ​តែ​ចចេស​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ការ​បំផុស​គំនិត​មួយ

បន្ទាប់​មក​ដៃ​គូ​របស់​ខ្ញុំ មាន​គំនិត​ដ៏​អស្ចារ្យ​មួយ​ទៀត ។ គាត់​បាន​ទាញ​យក​សៀវភៅ​ទំនុក​តម្កើង​តូចមួយ​ចេញ​ពី​ហោប៉ៅ​មក ហើយ​សួរ​ថា​តើ​យើង​អាច​ច្រៀង​ជាមួយ​ពួក​គេ​បាន​ទេ ។ ទោះបី​យើង​បាន​ច្រៀង​រួម​គ្នា​នៅ​ពេល​មុនៗ​ក្ដី ខ្ញុំ​មិន​ដែល​ឃើញ​ប៉ាក់ ម៉ី​ជុង ច្រៀង ហើយ​គ្រាន់​តែ​សន្មត​ថា គាត់​មិន​ចូល​ចិត្ត​ច្រៀង ឬ​វា​មិន​ស្រួល​ដោយ​សារ​តែ​តន្ត្រី​នោះ​គឺ​ជា​ទស្សនៈ​ថ្មី​សម្រាប់​គាត់ ។ ដៃ​គូ​របស់​ខ្ញុំ​បាន​សួរ​គាត់​ថា តើ​គាត់​មាន​ទំនុក​តម្កើង​ដែល​គាត់​ចូល​ចិត្ត​ដែរឬ​ទេ ហើយ​ខ្ញុំបាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​គាត់​បាន​អួល​ដើម​ក ហើយ​បាន​ឆ្លើយ​តប​ថា តាំង​ពី​គាត់​នៅ​តូច ទំនុកតម្កើង​សំណព្វ​ចិត្ត​របស់​គាត់​តែង​តែ​ជា​បទ « ខ្ញុំ​ត្រូវ​ការ​ទ្រង់​ជា​និច្ច » ( ទំនុក​តម្កើង ទំព័រ 47 ) ។ យើង​បាន​ចាប់​ផ្ដើម​ច្រៀង​រួម​គ្នា​ជា​បួន​ផ្នែក ដោយ​មាន​ឪពុក​ច្រៀង​ម៉េឡូឌី មា្ដយ​ច្រៀង​អ័លតូ ដៃ​គូ​ខ្ញុំ​ច្រៀង​សម្លេង​ខ្ពស់ ហើយ​ខ្ញុំ​ច្រៀង​សម្លេង​ទាប ។

​ព្រះវិញ្ញាណ​បាន​គង់​នៅក្នុង​បន្ទប់​យ៉ាង​ពេញ​ទំហឹង ។ ពេលដែល​យើង​ច្រៀង​នៅ​វគ្គ​ទី​បី មនោ​សញ្ចេតនា​របស់​គាត់​បាន​សំដែង​ចេញមក ហើយ​សម្លេង​របស់​គាត់​បាន​ឈប់​នៅ​ពេល​ដែល​យើង​បន្ត​ច្រៀង ៖

ខ្ញុំ​ត្រូវការ​ទ្រង់​ជានិច្ច

ទោះ​ខ្ញុំ​អរ ឬ​ខ្ញុំ​ព្រួយ ។

ឱសូម​ទ្រង់​មក​ប្រោស​ប្រាណ

ហើយ​គង់​នៅ​ជាប់​ជា​មួយ

ខ្ញុំ ត្រូវការ​ឱ​ព្រះ​យេស៊ូវ

ត្រូវ​ការ​នឹង​ទ្រង់​ជា​និច្ច

សូម​ផ្ដល់​ព្រះ​ពរ​មក​ខ្ញុំ​ផង

ខ្ញុំ​មក​ពឹង​ព្រះ​អង្គ !

នៅ​ពេល​ដែល​យើង​បាន​បញ្ចប់​វគ្គ​ទី​បួន​ជា​វគ្គ​ចុង​ក្រោយ គាត់​កំពុង​តែ​យំ​ខ្សឹបខ្សួល ។ ស្វាមី​គាត់​បាន​ព្យាយាម​លួង​ចិត្តគាត់ ហើយ​នៅ​ទី​បញ្ចប់​គាត់​អាច​ទប់​អារម្មណ៍​បាន ។ គាត់​បាន​មើល​ចំ​ភ្នែក​របស់​ខ្ញុំ ហើយ​និយាយថា « ខ្ញុំ​ត្រូវ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក » ។

រូបភាព
drawing of woman holding an Asian hymnbook

ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់ គង់ គុកវ៉ុន និង ប៉ាក់ ម៉ី​ជុង នៅ​រសៀល​ថ្ងៃ​អាទិត្យ​នោះ ជា​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ធំ​បំផុត​នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ។ កូនៗ​របស់​ពួក​គេ​បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​នោះ ហើយ​មាន​សមាជិក​មូលដ្ឋាន​ជា​ច្រើន​បាន​ចូលរួម ដើម្បី​សម្ដែង​ការ​គាំទ្រ​សម្រាប់ គ្រួសារ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ថ្មី​បំផុត​នៅ​ក្នុង​វួដ​របស់​ពួក​គេ ។ ខ្ញុំ និង​ដៃ​គូ​របស់​ខ្ញុំ​បាន​ផ្ដល់​ចម្រៀង​ពិសេស​បទ ៖ « ខ្ញុំ​ត្រូវ​ការ​ទ្រង់​ជានិច្ច » ។

នៅ​ទីបំផុត ខ្ញុំ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្ញុំ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។ បន្ទាប់​ពី​ចូល​រៀន​នៅ​មហាវិទ្យាល័យ​បាន​មួយ​ឆ្នាំ ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​សម្រាប់​កម្មសិក្សា​រដូវ​ក្ដៅ ហើយ​នៅ​រៀងរាល់​ចុង​សប្ដាហ៍ ខ្ញុំ​បាន​ផ្ដោត​លើ​ការ​ទៅ​លេង​មិត្ត​ភក្ដិ និង​ក្រុម​គ្រួសារ​ពិសេស​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ជួប​នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ។ ពីរ​បី​សប្ដាហ៍​បន្ទាប់​មក ខ្ញុំបាន​ត្រឡប់​ទៅ​បាល់សាន ហើយ​បាន​ជួប​ជាមួយ​នឹង​ក្រុម​គ្រួសារ​ដ៏​ពិសេស​នេះ ។ នៅ​ពេល​ដែល​មក​ដល់​ផ្ទះ​របស់​ពួកគេ ខ្ញុំ​សម្គាល់ឃើញ​ថាមាន​បាត់​មនុស្ស​ម្នាក់ — កូន​ប្រុស​របស់​ពួកគេ ។ ដោយ​មានកែវភ្នែក​រលីងរលោង ប៉ាក់ ម៉ី​ជុង​បាន​ប្រាប់​ដំណឹង​មក​ខ្ញុំ​ថា ៖ ជម្ងឺ​មហារីក​របស់​កូន​ប្រុស​គាត់បាន​ត្រឡប់​មក​វិញ ហើយ​គាត់​បាន​ទទួល​មរណ​ភាព​នៅ​អាយុ 14 ឆ្នាំ ។

នៅ​ពេល​ដែល​ខ្ញុំ​ព្យាយាម​សម្ដែង​ការ​រំលែក​ទុក្ខ ហើយ​ដោះ​ស្រាយ​ជាមួយ​នឹង​ការ​ឈឺចាប់​ដែល​ខ្ញុំ​មាន គង់ គុក​វ៉ុន​បាន​អះអាង​នឹង​ខ្ញុំ​ថា អ្វី​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង ។ ពួកគាត់​ស្រឡាញ់​ដំណឹង​ល្អ បាន​ទៅ​ព្រះ​វិហារ​ដោយ​ស្មោះត្រង់ ហើយ​កំពុង​ទន្ទឹង​រង់​ចាំ​ដល់​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​របស់​គាត់​អាច​ផ្សារ​ភ្ជាប់​ជា​មួយ​គ្នា សម្រាប់​ពេលដ៏​នៅ​អស់​កល្ប​ជា​និច្ច្ច នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​នៃ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ។ ថ្វីបើពួក​គេមានការ​ឈឺ​ចាប់​ក្នុង​ដួង​ចិត្តក្តី​ ក្រុម​គ្រួសារ​នេះ​បាន​ដឹង​ថា ពួកគេ​នឹង​ជួប គង់ សុង​គុន និង​បាន​រួបរួម​ជាថ្មី​ម្ដង​ទៀត ។ ប៉ាក់ ម៉ី​ជុង​ក៏​ប្រាប់​ខ្ញុំ​ផង​ដែរ​ថា ការ​ច្រៀង​ទំនុក​តម្កើង​ជា​ប្រចាំ ជួយ​គាត់​ឲ្យ​រកឃើញ​កម្លាំង​ដើម្បី​ស៊ូទ្រាំ និង​មាន​នូវ​អារម្មណ៍​សុខសាន្ត​ដែល​ព្រះវិញ្ញាណ​នាំ​មក ។

នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​ពួក​គេ​នា​ល្ងាច​នោះ ខ្ញុំ​បាន​គិត​ជា​ថ្មី​ម្ដង​ទៀត​លើ​ពាក្យ​ទំនុក​តម្កើង​សំណព្វ​ចិត្ត​របស់ ប៉ាក់ ម៉ី​ជុង ។ ខ្ញុំ​មាន​អំណរ​គុណ ដែល​ព្រះ​វរបិតា​សួគ៌​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​នេះ ជា​មួយ​នឹង​ភាព​សុខសាន្ត បន្ទាប់​ពី​ការ​ស្លាប់​របស់​គង់ សុង​គុន ហើយ​ជាពិសេស ខ្ញុំ​មាន​អំណរគុណ​សម្រាប់​តួនាទី​របស់​ព្រះ​វិញ្ញាណ​នៅ​ក្នុង​ប៉ាក់ ម៉ី​ជុង ដែល​អនុញ្ញាត​ឲ្យ​គ្រួសារ​នេះ មាន​ភាព​សក្ដិសម​សម្រាប់​ពរ​ជ័យ​ដ៏​អស់​កល្ប​នៃ​ព្រះ​វិហារ​បរិសុទ្ធ ។