២០១៥
ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ
April 2015


ដំណឹងល្អ ពី បុរាណ

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ

ដេវីឌ អូ មិកឃេ បាន​កើត​នៅ ថ្ងៃ​ទី 8 ​ខែ កញ្ញា ឆ្នាំ 1873 ។ លោក​ត្រូវ​បាន​តែងតាំង​ធ្វើជា​សាវក​នៅថ្ងៃ​ទី 9 ខែ មេសា ឆ្នាំ 1906 នៅ​អាយុ 32 ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី 9 ខែ មេសា ឆ្នាំ 1951 លោក​ត្រូវ​បានគាំឲ្យ​ធ្វើ​ជា​ប្រធាន​ទី​ប្រាំបួន​នៃ​សាសនា​ចក្រ ។ ខាងក្រោម​នេះ គឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​ដែល​លោក​បាន​ផ្ដល់​នៅ​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ 1966 ។ សម្រាប់​សុន្ទរកថា​ទាំង​មូល សូមមើល​កំណត់ត្រា​សន្និសីទ ខែ មេសា ឆ្នាំ 1966 ទំព័រ 55–59 ។

ជំនឿ​ដែលឥត​ងាករេ​នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​តម្រូវ​ការ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ។

ប្រសិន​បើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ គឺ​ជា​ព្រឹត្តិការណ៍​ជំនឿ​អរូបីយ​ដែល​មាន​លើស​ពី​ប្រាជ្ញា​ដែលមាន​កម្រិត​របស់​មនុស្ស នោះ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ការ​អស្ចារ្យ​ដ៏​សម្បើម​បំផុត​ជាង​ពេល​ណាៗ​ទាំង​អស់ ។ នៅ​ក្នុង​ជំហរ​វា​បង្ហាញ​ពី​អំណាច​ដ៏​អស្ចារ្យ​នៃ​ព្រះ និង​អមតភាព​របស់​មនុស្ស ។

ទោះ​បី​ជា​ដំណើរ​រស់​ឡើងវិញ គឺ​ជា​អព្ភូតហេតុ​មួយ​ក៏ដោយ នៅ​តែ​មាន​ន័យ​ថា វាហួស​ពី​ការ​យល់​ដឹង​របស់​មនុស្ស​ទៅ​ទៀត ។ ដល់​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​វា​ជា​ការ​ពិត ប៉ុន្តែវា​ជា​ការ​បង្ហាញ​នៃ​ច្បាប់​ឯក​សណ្ឋាន​នៃ​ជីវិត​ប៉ុណ្ណោះ ។ …

ការ​ស្ថាបនា​វា​ជា​ការ​ពិត​ថា ព្រះ​គ្រីស្ទ​បាន​យក​ព្រះ​កាយ​ទ្រង់ ហើយ​បាន​លេច​ចេញ​មក​ក្នុង​សិរី​រុងរឿង ជា​អង្គ​ដែល​បាន​រស់​ឡើង​វិញ នោះ​អ្នក​ឆ្លើយ​សំណួរ​ជា​យូរ​អង្វែង​មក​ថា ៖ « បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? » ( យ៉ូប 14:14 ) ។

សាក្សី​នៃ ដំណើរ​រស់​ឡើងវិញ

រូបភាព
Two Apostles looking at the wounds in Jesus' hand and wrist.

ការ​រស់​ឡើង​វិញ​ជាក់​ស្ដែង​របស់​ព្រះ​គ្រីស្ទពី​ផ្នូរ​នោះ គឺជា​ការ​ពិត​យ៉ាង​ជាក់​ច្បាស់​ចំពោះ​ពួក​សាវក​ដែល​បាន​ស្គាល់​ទ្រង់​យ៉ាង​ជិត​ស្និទ្ធ ។ នៅ​ក្នុង​គំនិត​របស់​ពួក​គេ ពិត​ជា​ពុំ​មាន​ការ​សង្ស័យ​ទេ ។ ពួកគេ​គឺ​ជា​សាក្សី​នៃ​ការ​ពិត​នោះ ពួកគេ​បាន​ដឹង​ដោយ​សារ​តែ​ពួក​គេ​បាន​ឃើញ​ផ្ទាល់​ភ្នែក បាន​ឮ​ផ្ទាល់​ត្រចៀក​ពួក​គេ ហើយ​ដៃ​ពួក​គេ​បាន​ស្ទាប​វត្តមាន​ព្រះកាយ​នៃ​ព្រះ​ដ៏​ប្រោស​លោះ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ។

ក្នុង​ឱកាស​ដែល​ពួក​សាវក​ទាំង​ដប់​មួយ​នាក់​បាន​​ជួបជុំ​គ្នា ដើម្បី​ជ្រើស​រើស​ម្នាក់​ឲ្យ​ជំនួស​កន្លែង​របស់ យូដាស​អ៊ីស្ការីយ៉ុត ​ពេត្រុស​ដែល​ជា​ប្រធាន​សាវក​បាន​មាន​ប្រសាសន៍​ថា « ដូច្នេះ ក្នុង​ពួក​អ្នក … ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ( កិច្ចការ 1:21–22 ) ។ …

ក្នុង​ឱកាស​មួយ​ផ្សេង​ទៀត ​ពេត្រុស​បាន​ប្រកាស​នៅ​មុខ​ខ្មាំង​សត្រូវ​របស់​គេ ជា​ក្រុមមនុស្ស​តែ​មួយ​ដែល​បាន​ធ្វើ​គត់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​ថា ៖ « ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ … ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា » ( កិច្ចការ 2:22, 32 ) ។ …

សាក្សី​បន្ថែម

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឈរ​ជាមួយ​នឹង​​ពេត្រុស ប៉ុល យ៉ាកុប និង​ជាមួយ​នឹង​ពួក​សាវក​ជំនាន់​ដើម​ដទៃ​ទៀត ដែល​មិន​ត្រឹម​តែ​បាន​ទទួល​យក​ដំណើរ​រស់​ឡើង​វិញ​ថា​ជា​ការ​ពិត​ដ៏​ជាក់​ស្ដែង​នោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បំពេញ​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែន​ដី​នេះ​ផង ។

ដប់​ប្រាំបី​រយ​ឆ្នាំ បន្ទាប់​ពី ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង​របស់​ព្រះ​យេស៊ូវ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា ព្រះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​បាន​បង្ហាញ​អង្គ​ទ្រង់​ចំពោះ​លោក ដោយ​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​សិរីរុងរឿង​ដែល​ពុំអាច​ពណ៌នា​បាន​ឡើយ ឈរ​នៅ​លើអាកាស ពី​លើ​រូប​ខ្ញុំ ។ តួអង្គមួយមាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួរ​អង្គ​មួយទៀត ដោយ​មាន​ព្រះបន្ទូល​ថា — នេះ​ជា ព្រះរាជ​បុត្រា ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​ទ្រង់​ចុះ ! » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ 1:17 ) ។ …

ប្រសិន​បើ​ទីបន្ទាល់​របស់​យ៉ូសែប ស៊្មីធ ឈរ​តែឯកឯង វា​នឹង​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ពី​ទីបន្ទាល់​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ពី​អង្គ​ទ្រង់​ផ្ទាល់ ប៉ុន្តែ​ព្រះ​យេស៊ូវ​មាន​ទីបន្ទាល់​របស់​ព្រះ ហើយ​ពួក​សាវក​មាន​ទី​បន្ទាល់​ទ្រង់ ។ ហើយ​យ៉ូសែប ស៊្មីធ មាន​សាក្សី​ឯ​ទៀត [ អ្នក​ដែល ] បាន​បញ្ជាក់​អះអាង​ពី​ទីបន្ទាល់​របស់​[លោក] សេចក្ដី​ពិត​ដែល​បាន​ធ្វើ​ឲ្យ​ដឹង​ដោយ​ការ​បង្ហាញ​ព្រះកាយ​របស់​ទេវតា​ម៉ូរណៃ​ដល់​ពួក​គេ ។ …

… សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​[ក៏]​ប្រកាស​ពីការ​និមិត្ត​ដ៏​រុងរឿង​របស់​ព្យាការី យ៉ូសែប ស៊្មីធ​ដែរ​ថា ៖

« ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​ទីបន្ទាល់​ជា​ច្រើន ដែល​បាន​ថ្លែង​អំពី​ទ្រង់​នេះ គឺ​ជា​ទីបន្ទាល់​ចុង​ក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ! » ( គ និង ស 76:22 ) ។ …

នៅ​ក្នុង​ពន្លឺ​នៃ​ទីបន្ទាល់​ដែល​មិនបដិសេធបាន ដែល​បាន​ផ្ដល់​ដោយ​ពួក​ព្យាការី​ពី​បុរាណ — ជា​ទី​បន្ទាល់​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ជា​បន្ត​បន្ទាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នោះ​ផ្ទាល់ — នៅ​ក្នុង​ពន្លឺ​នៃ​វិរណៈ​ដែល​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជំនាន់​ដែល​ព្រះគ្រីស្ទ​នៅ​មាន​ព្រះជន្ម​នោះ វា​ហាក់​ដូច​ជា​មាន​ការ​លំបាក​ពិត ក្នុង​ការ​យល់​ពី​របៀប​ដែល​មនុស្ស​អាច​នៅ​តែ​បដិសេធ​ទ្រង់ ហើយ​អាច​សង្ស័យ​ពី​អមតភាព​របស់​មនុស្ស ។

អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​សព្វថ្ងៃ​នេះ​គឺ

ជំនឿ​ដែលឥត​ងាករេ​នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​តម្រូវ​ការ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ។ វា​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង​ការ​មាន​អារម្មណ៍​ទៅ​ទៀត ។ វា​គឺ​ជា​អំណាច​ដែល​អាច​បោះ​ជំហាន​ទៅ​ជា​សកម្ម​ភាព ហើយ​វាជា​កម្លាំង​លើក​ទឹកចិត្ត​ជាមូលដ្ឋាន​បំផុត ដែល​គួរ​តែ​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ ។ …

ប្រសិន​បើ​មនុស្ស​នឹង « ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ » ជំនួស​ឲ្យ​ការ​មើល​ទៅ​ផ្នូរ​ដ៏​ងងឹត និង​អាប់អួរ​ដោយ​អស់សង្ឃឹម​នោះ ពួកគេ​នឹង​បង្វែរ​ភ្នែក​របស់​ពួក​គេ​ទៅ​កាន់​ស្ថានសួគ៌ ហើយ​ដឹង​ថា​ព្រះ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ! …

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប្រកាស​ទៅ​ដល់​ពិភព​លោក​ទាំងមូល​ថា ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ជា​ព្រះដ៏​ប្រោស​លោះ​នៃ​ពិភព​លោក ! គ្មាន​សិស្ស​ពិត​ប្រាកដ​ណាម្នាក់ដែល​ពេញចិត្ត​នឹងទទួល​យក ទ្រង់​ជា​ព្រះ​ដែល​បាន​បង្កើត​ដ៏​អស្ចារ្យ គ្រូ​បង្រៀន​ដ៏​ល្អ ឬ​សូម្បី​តែ​ជា​មនុស្ស​ម្នាក់​ដ៏​ឥតខ្ចោះ​នោះ​ទេ ។ បុរស​នៃ​កាលីឡេ​នេះ — មិន​មែន​ជា​ន័យ​ធៀប​ទេ, ប៉ុន្តែ ជាក់ស្ដែង​ជា — ព្រះ​រាជបុត្រា​របស់​ព្រះ​អម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ។ …

ពិត​ជា​កើតជាថ្មី

គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​ដោយចិត្ត​ស្មោះ ដើម្បី​អនុវត្ត​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​ពី​ណាសារ៉ែត នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដោយ​គ្មាន​ការ​ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ទាំង​មូល​របស់​គេ​នោះ​ទេ ។ ឃ្លា​ដែលថ្លែងថា « កើត​ជា​ថ្មី » មាន​អត្តសញ្ញាណ​ជា្រលជ្រៅ​ជាង​អ្វី​ដែល​មនុស្ស​ជា​ច្រើន​បាន​គិត​ទៅ​ទៀត ។ … មនុស្សដែល​មានសុភមង្គល គឺជាមនុស្ស​ដែល​បាន​ដឹង​ពិត​ពី​ការ​លើក​ទឹកចិត្ត​នេះ ​អំណាច​កែប្រែ​ដែល​មក​ពី​ការ​នៅ​ជិត​ព្រះ​អង្គ​សង្គ្រោះ​នេះ ទៅ​ជា​បងប្អូន​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​នៅ​រស់​វិញ ។ ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះដ៏​ប្រោលោះ ។ …

សារខិលិត​ស្ដី​ពី​ដំណើរ​រស់​ឡើង​វិញ … គឺ​ជា​ការ​លួង​លោម​ចិត្ត​ដ៏​ប្រសើរ​បំផុត ជា​សេចក្ដី​រុងរឿង​បំផុត​ដែល​មិន​ធ្លាប់​បាន​ផ្ដល់​ឲ្យ​មនុស្ស​ពីមុន​មក ដោយ​សារ​តែ​ពេល​ដែល​សេចក្ដី​ស្លាប់​ឆក់យក​មនុស្ស​ជា​ទី​ស្រឡាញ់​ពី​យើង ដួងចិត្ត​ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខព្រួយ​របស់​យើង​ត្រូវ​បាន​សម្រាល ដោយ​សេចក្ដី​សង្ឃឹម និង​ការ​ធានា​ដ៏​ទេវភាព​បាន​បញ្ជាក់​នៅ​ក្នុង​ពាក្យ ៖ « ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ! » [ សូមមើល ម៉ាថាយ 28:6; ម៉ាកុស 16:6 ] ។

ខ្ញុំ​ដឹង​ដោយ​ពេញ​ក្នុង​ព្រលឹង​ខ្ញុំ​ថា សេចក្ដី​ស្លាប់​ត្រូវ​បាន​យក​ជ័យជំនះ​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ដោយសារ​ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង​ទ្រង់​រស់ នោះ​យើង​ក៏​ដូច្នេះ​ដែរ ។