ការអធិស្ឋាន និង ព្រះវិហារ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។
« អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ។ » ( យ៉ូហាន 13:35 ) ។
ដានីបានមើលឡើងទៅលើ តែនៅតែមិនឃើញកំពូលរបស់ព្រះវិហារដ៏ស្រស់ស្អាតនោះ ។ មនុស្សដែលនៅក្រុមជុំនំខុសគ្នាបានមកទីនេះ ។ ដានី មិនយល់ថាហេតុអ្វីបានជាក្រុមគ្រួសាររបស់នាងមកទស្សនាព្រះវិហារនេះនៅថ្ងៃសុក្រទេ ប៉ុន្តែឪពុករបស់នាងបាននិយាយថា ពួកគេនឹងទៅកន្លែងមួយដែលហៅថា អ៊ីវិនសង ( Evensong ) ។
« នោះជាអ្វីទៅ ? » ដានីបានសួរ ។
ឪពុកនាងបាននិយាយថា « វាជាការប្រជុំដែលមនុស្សជាច្រើនច្រៀង អានព្រះគម្ពីរ និងអធិស្ឋានរួមគ្នា » ។ វាក៏អាចត្រួវបានប្រើប្រាស់ នៅចុងបញ្ចប់នៃវគ្គសិក្សាផងដែរ ។
ដានីចូលចិត្តអ្វីដែលឪពុកនាងបាននិយាយ ។ នាង និង គ្រួសារនាងបានទៅកំសាន្តប្រទេសអង់គ្លេស ។ នៅថ្ងៃអាទិត្យមុន ពួកគេបានទៅវួដមួយនៅទីក្រុងហៅថា យ៉ក ។ នៅក្នុងថ្នាក់កុមារ ក្មេងទាំងអស់ស្គាល់ខគម្ពីរ និងបទចម្រៀងដែលដានីធ្លាប់បានច្រៀងដែរ ។ នាងបានដឹងថា វួដដែលនាងបានទៅគឺជាផ្នែកមួយនៃសាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវ ដូចជាវួដរបស់នាងនៅផ្ទះដែរ ។
ប៉ុន្តែព្រះវិហារនេះ គឺខុសពីអ្វីដែលនាងធ្លាប់ទៅណាស់ ។ នាងបានសម្គាល់ឃើញតុតូចមួយពេញទៅដោយទាន ។ ដានីបានមើលក្មេងប្រុសម្នាក់ដុតទៀន ។
« ហេតុអ្វី អ្នក ដុតទៀន ? » ដានីបានសួរក្មេងប្រុសនោះ ។
ក្មេងប្រុសនោះញញឹម ។ « ខ្ញុំដុតទៀនពេលខ្ញុំអធិស្ឋានសម្រាប់អ្វីដែលពិសេស ។ ដរាបណាភ្លើងនៅតែឆេះ ខ្ញុំសង្ឃឹមថាការអធិស្ឋាននឹងបន្តឮទៅដល់ព្រះ » ។
វាមើលទៅដូចជាទៀនធម្មតាសម្រាប់ដានី ។ នាងភាំងបន្តិច ប៉ុន្តែនាងចង់គួរសម ។ នាងបានញញឹមដាក់ក្នេងប្រុសនោះ ។
ដានី និងគ្រួសារនាងបានអង្គុយចុះ ហើយមិនយូរប៉ុន្មាន អ៊ីវិនសងបានចាប់ផ្ដើម ។ នាងបានឃើញក្មេងប្រុសដដែលនោះ នៅពីរបីជួរខាងក្រោយ ។ បន្ទាប់មកនាងបានដឹងថា នាងមិនស្គាល់បទចម្រៀងដែលគេគ្រប់គ្នាកំពុងតែច្រៀងសោះ ។ ពេលពួកគេអធិស្ឋាន ពួកគេអានចេញពីកូនសៀវភៅតូចមួយ ។ អ្វីគ្រប់យ៉ាងហាក់ដូចជាខុសពីអ្វីដែលនាងធ្លាប់ធ្វើ ។
ប៉ុន្តែតន្ត្រីពិរោះ ទោះបីជាវាមិនធ្លាប់ស្គាល់ក៏ដោយ ។ បន្ទាប់មកបុរសម្នាក់បានក្រោកឈរឡើង ដើម្បីអានគម្ពីរ ។ គាត់ពាក់រ៉ូប ជំនួសឲ្យខោអាវធំ និងក្រវ៉ាត់ក ដូចជាប៊ីស្សពរបស់ដានី ។ ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមអាន ដានីបានដឹងថានាងស្គាល់រឿងនេះ ! គាត់កំពុងអានពីព្រះយេស៊ូវប្រោសមនុស្សឃ្លង់ទាំង 10 នាក់ ។
ដានីបានខ្សឹបថា « ប៉ាខ្ញុំស្រឡាញ់រឿងនេះ » ។
ឪពុកញញឹម ។ « ប៉ា ក៏ស្រឡាញ់រឿងនេះ ដែរ » ។
បន្ទាប់មកបុរសដែលពាក់រ៉ូបបានធ្វើការអធិស្ឋាន ។ គាត់បានសូមដល់ព្រះឲ្យប្រទានពរដល់អស់អ្នកដែលឈឺ និងខ្វះខាត ។ ដូចជាអ្វីដែលឪពុករបស់ដានីបានសូមដែរ ! គាត់ក៏បានសូមពរជ័យពិសេសលើអ្នកដឹកនាំព្រះវិហាររបស់គាត់ផងដែរ ។ ដានីបានចាំពីរបៀបគ្រួសារនាងតែងតែសូមព្រះវរបិតាសួគ៌ឲ្យប្រទានពរដល់ប្រធាន ថូម៉ាស អេស ម៉នសុន និងទីប្រឹក្សាលោកផងដែរ ។
អារម្មណ៍ដ៏កក់ក្ដៅមួយបានមកលើដួងចិត្តរបស់ដានី ។ នាងបានដឹងថា ព្រះវរបិតាសួគ៌ប្រាប់នាងថាទ្រង់ស្រឡាញ់ កូនចៅ របស់ទ្រង់ទាំងអស់ ហើយបានឮ ពាក្យ អធិស្ឋានទាំងអស់របស់ពួកគេ ទោះជាពួកគេទៅព្រះវិហារខុសគ្នា ហើយពុំមានដំណឹងល្អដ៏ពេញលេញក៏ដោយ ។
ពេលដែលពួកគេក្រោកឈរឡើងរៀបនឹងចាកចេញ លោកប៉ាបានពិនិត្យទូរសព្ទរបស់គាត់ ។ គាត់មើលទៅកើតទុក្ខ នៅពេលដែលគាត់អានសារជាអក្សររបស់គាត់ ។ គាត់បាននិយាយថា « ស៊ីស្ទើរ ម៉នសុន បានទទួលមរណភាព » ។
« អូ៎ ទេ ! » ដានីបានធ្វើការអធិស្ឋានយ៉ាងលឿនមួយនៅក្នុងដួងចិត្តរបស់នាង សូមឲ្យប្រធាន ម៉នសុន មិនអី ។
នរណាម្នាក់បានសួរថា « តើអ្នកមិនអីទេឬ ? » វាជាក្មេងប្រុសពីមុន ។ គេបានឮដានី ហើយគេដូចជាបារម្ភ ។
ដានី បាននិយាយថា « ស៊ីស្ទើរ ម៉នសុន បានទទួលមរណភាព ។ គាត់គឺជាភរិយាព្យាការី ម៉នសុន របស់យើង» ។
គេបាននិយាយដោយសណ្ដានចិត្តល្អថា «ខ្ញុំសោកស្ដាយណាស់» ។ «ខ្ញុំនឹងដុតទៀនមួយសម្រាប់គាត់» ។
ដានីញញឹម ហើយបានអរគុណគេ ។ នាងបានគិតថា វាជាសណ្ដានចិត្តល្អរបស់ក្មេងប្រុសនោះ ដើម្បីធ្វើការអធិស្ឋានពិសេសសម្រាប់ប្រធាន ម៉នសុន ។ នាងបានដឹងថា ព្រះវរបិតាសួគ៌នឹងឮពាក្យអធិស្ឋានដែលនាងបាននិយាយនៅក្នុងដួងចិត្តរបស់នាង នឹងការអធិស្ឋានដែលក្មេងប្រុសនោះបាននិយាយដែរ ។