២០១៥
ខួប​100​ឆ្នាំ​នៃរាត្រី​ជួបជុំ​ក្រុម​គ្រួសារ
April 2015


ខួប 100 ឆ្នាំ​នៃ រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ

ខែ​នេះ​បាន​គំរប់​ខួប 100 ឆ្នាំ ចាប់​តាំង​ពី​គណៈ​ប្រធាន​ទី​មួយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ការ​ដក​ស្រង់​ខាង​ក្រោម​នេះ ចេញ​ពីសារ​លិខិត​របស់​គណៈប្រធាន​ទី​មួយ ណែនាំ​ពី​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ វា​ត្រូវ​បាន​ចេញ​ផ្សាយ នៅ​ក្នុង ខែ មេសា ឆ្នាំ 1915 ហើយ​បាន​បោះពុម្ព​ក្នុង Improvement Era នៅ ខែ មិថុនា ឆ្នាំ 1915 ( ទំព័រ 733–34 ) ។ ការដាក់អក្សរធំ និង​ការដាក់វណ្ណយុត្ត ត្រូវ​បាន​ធ្វើ​ឲ្យ​ទំនើប​ឡើង ។

រូបភាព
A portrait of eight of the sons of Joseph F. Smith. All are identified

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ៖

យើង​សូម​ស្នើ​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​ដោយ​ល្អិតល្អន់​លើ​ព្រះ​បញ្ញត្តិ​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង​កណ្ឌ​ទី 68 នៃ​ព្រះ​គម្ពីរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៖

« ហើយ​ជា​ថ្មី​ទៀត ដរាប​ណា​ឪពុក​ម្ដាយ​មាន​កូនចៅ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន … ដែល​ពុំ​បាន បង្រៀន​កូនចៅ​ឲ្យ​យល់​នូវ​គោលលទ្ធិ​អំពី​ការ​ប្រែចិត្ត សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​និង​អំពី​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយសារ​ការ​ដាក់​ដៃ​លើ កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ នោះ​អំពើ​បាប​នឹង​ធ្លាក់​មក​លើ​ក្បាល​របស់​ឪពុក​ម្ដាយ​វិញ …

« ហើយ​ពួកគេ​ក៏ត្រូវ​បង្រៀន​កូនចៅ​របស់​ខ្លួន ឲ្យ​អធិស្ឋាន និង ឲ្យ​ដើរ​ដោយ​ទៀង​ត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់ » [ សូម​មើល គ និង ស 68:25–28 ] ។

កូនចៅ​នៃ​ក្រុង​ស៊ីយ៉ូន ក៏​គួរតែប្រតិបត្តិ​ឲ្យ​បាន​ពេញលេញ​ផងដែរ​តាម​ព្រះ​បញ្ញត្តិ​នៃ​ព្រះ​អម្ចាស់​ដែល​បាន​ប្រទាន​ដល់​ពួកសាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ និង​ធ្វើ​ឡើង​ជាថ្មី​ទៀត​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៖

« ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ » [ និក្ខមនំ 20:12 ] ។

វិវរណៈ​ទាំង​នេះ អនុវត្ត​ជាមួយ​នឹង​កម្លាំង​ដ៏​អស្ចារ្យ ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​វា​តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​ទាំង​ឡាយ​នៅ​ក្នុង​សាសនា​ចក្រ​នេះ ឲ្យ​បង្រៀន និង​អនុវត្ត​ព្រះ​បញ្ញត្តិ​ទាំងនេះ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ។

ដល់​ទី​បញ្ចប់​នេះ យើង​សូម​ទូន្មាន និង​ជម្រុញ​ការ​ចាប់​ផ្ដើម​នៃ « រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ » នៅ​ទូទាំង​សាសនាចក្រ​នេះ ជា​ពេល​ដែល​ឪពុក​ម្ដាយ​ទាំងឡាយ ប្រមូល​ផ្ដុំ​កូន​ប្រុស និង​កូន​ស្រី​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ ហើយ​បង្រៀន​ពួកគេ​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ។ ដូច្នេះ ពួក​គេ​អាច​រៀន​កាន់តែ​ពេញ​លេញ ពី​តម្រូវ​ការ និង​ការ​ទាមទារ​របស់​ក្រុម​គ្រួសារ​របស់​គេ ហើយ​នៅពេល​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​ខ្លួន​គេ និង​កូន​ចៅ​ពួក​គេ​កាន់​តែ​យល់​ច្បាស់​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​នេះ គួរ​តែ​ឧទ្ទិស​ដល់​ការ​អធិស្ឋាន ការ​ច្រៀង​ទំនុក​តម្កើង បទ​ចម្រៀង ឧបករណ៍​តន្ត្រី ការ​អាន​ព្រះ​គម្ពីរ ប្រធាន​បទ​ក្រុម​គ្រួសារ និង​ការ​ណែនាំ​ជាក់​លាក់​លើ​គោលការណ៍​នៃ​ដំណឹង​ល្អ និង​លើ​បញ្ហា​សីលធម៌​នៃ​ជីវិត ក៏ដូច​ជា​តួនាទី និង​កាតព្វកិច្ច​របស់​កូនចៅ​ចំពោះ​ឪពុកម្ដាយ ផ្ទះ​សម្បែង សាសនាចក្រ សង្គម និង​ចំពោះ​ប្រជាជាតិ ។ សម្រាប់​កូន​ចៅ​តូចៗ យើង​ណែនាំ​ឲ្យ​មាន​ការ​សូត្រ​មេរៀន​សមរម្យ បទ​ចម្រៀង រឿងនិទាន និង​ល្បែង​នានា ។ អាហារ​សម្រន់ ដែល​ជា​ធម្មតា​ចម្អិន​នៅ​ក្នុង​ផ្ទះ ក៏​អាច​ដាក់​ឲ្យ​ទទួល​ទាន​ផង​ដែរ ។

គួរ​តែ​ព្យាយាម​ចៀស​វាង​ភាព​ជា​ផ្លូវ​ការ និង​ភាព​តឹងរឹង ហើយ​គ្រួសារ​ទាំង​អស់​គួរតែ​ចូល​រួម​ក្នុង​សកម្មភាព​នេះ ។

ការ​ប្រមូល​ផ្ដុំ​ទាំង​នេះ នឹង​ផ្ដល់​ឱកាស​សម្រាប់​ការ​មានទំនុកចិត្តទៅលើគ្នា​ទៅ​វិញ​ទៅ​មក​រវាង​ឪពុក​ម្ដាយ និង​កូន​ចៅ រវាង​បង/ប្អូន​ប្រុស​ស្រី ក៏​ដូច​ជា​ផ្ដល់​ឱកាស​សម្រាប់​ពាក្យ​ព្រមាន ការ​ទូន្មាន និង​ដំបូន្មាន​ពី​ឪពុក​ម្ដាយ​ដល់​កូន​ប្រុស​ស្រី​របស់​ពួកគេ ។ វា​នឹង​ផ្ដល់​ឱកាស​ដល់​កូន​ប្រុស​ស្រី​ទាំង​ឡាយ ដើម្បី​គោរព​ឪពុក​ម្ដាយ និង​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​របស់​ពួកគេ​សម្រាប់​ពរជ័យ​នៃគេហដ្ឋាន ដើម្បីធ្វើឲ្យ​សេចក្តី​សន្យា​នៃ​ព្រះ​អម្ចាស់​ចំពោះ​ពួកគេ នឹង​អាច​ត្រូវ​បាន​បំពេញ ហើយ​ចម្រើន​ជីវិត​របស់​ពួកគេ និង​ធ្វើ​ឲ្យ​ពួកគេមាន​ភាព​រីករាយទៀតផង ។ …

យើង ​… សូម​លើក​ទឹក​ចិត្ត​ដល់​សមាជិក​វ័យ​ក្មេង​ទាំង​ឡាយ​ឲ្យ​នៅ​ផ្ទះ​នា​រាត្រី​នោះ ហើយ​ប្រើ​ប្រាស់​ថាមពល​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​រាត្រី​នោះ​ពោរពេញ​ដោយ​ចំណេះ​ដឹង គុណ​ប្រយោជន៍ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។

ប្រសិន​បើ​ពួក​បរិសុទ្ធ​គោរព​តាម​ការ​ទូន្មាន​នេះ យើង​សូម​សន្យា​ថា ពរជ័យ​ដ៏​អស្ចារ្យ​នឹង​មាន​ជា​លទ្ធ​ផល ។ សេចក្ដី​ស្រឡាញ់​ក្នុង​ផ្ទះ និង​ការ​គោរព​ប្រតិបត្តិ​តាម​ឪពុក​មា្ដយ​នឹង​កើន​ឡើង ។ សេចក្ដី​ជំនឿ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​ដួងចិត្ត​របស់​យុវជន​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ពួក​គេ​នឹង​ទទួល​បាន​អំណាច ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល និង​ការ​ល្បួង​ដែល​រុំព័ទ្ធ​ពូកគេ ។

ពី​បង​ប្រុស​របស់​អ្នក

យ៉ូសែប អេហ្វ ស្ម៊ីធ

អាន់ថុន អេជ ឡាន់

ឆាលី ដបុលយូ ផេនរ៉ូស

គណៈប្រធាន​ទីមួយ