២០២២
រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​ព្រះចេស្ដា​របស់​ទ្រង់
ខែកញ្ញា ឆ្នាំ២០២២


« រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​ព្រះចេស្ដា​របស់​ទ្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន  ខែ កញ្ញា ឆ្នាំ ២០២២ ។

ពាក្យ ចុងក្រោយ

រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​ព្រះចេស្ដា​របស់​ទ្រង់

ខ្ញុំ​សូម​ចែកចាយ​អំពី របៀប ដែល​យើងអាច​ទាញ​យក​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់ និង​លោក​ចៅហ្វាយ​នៃ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ មក​ក្នុង​ជីវិត​របស់​យើង​បាន ។

យើង​ចាប់ផ្ដើម​តាមរយៈ​ការរៀន​អំពី​ទ្រង់ ។ « គឺ​គ្មាន​ផ្លូវ​ទេ សម្រាប់​ឲ្យ [ យើង ] បាន​សង្គ្រោះ​ក្នុង ការល្ងង់ខ្លៅ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:៦ ) ។ « កាលណា​យើង​កាន់តែ​យល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​យើង—នោះ​យើង​កាន់តែ​ដឹងថា ទ្រង់​អាច​ប្រទាន​ព្រះចេស្ដា​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិត​យើង ។

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ យើង​ហៅ​បេសកកម្ម​របស់​ទ្រង់​ថា​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ធ្វើ​ឲ្យ​ការរស់​ឡើងវិញ​ក្លាយ​ទៅជា​ការពិត​ចំពោះ​មនុស្ស​ទាំងអស់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ចំពោះ​អស់​អ្នក​ដែល​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​ទទួល​យក និង​រក្សា​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​សំខាន់ៗ​ទាំងឡាយ ។

នៅក្រោម​ផែនការ​ដ៏​អស់កល្ប​មហិមា​របស់​ព្រះវរបិតា គឺ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រងទុក្ខ ។ គឺ​ព្រះអង្គសង្គ្រោះ​ដែល​បាន​ផ្ដាច់​ចំណង​ទាំងឡាយ​នៃ​សេចក្ដីស្លាប់ ។ គឺ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង់ថ្លៃ​សម្រាប់​អំពើបាប និង​ការ​រំលង​ទាំងឡាយ​របស់​យើង ហើយ​បាន​លុបចោល​ក្រោម លក្ខខណ្ឌ នៃ​ការប្រែចិត្ត​របស់​យើង ។ គឺ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រំដោះ​យើង​ពី​ការ​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

ពាក្យ​ពិសិដ្ឋ​ដូចជា ដង្វាយធួន និង ការរស់ឡើងវិញ ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ស្របតាម​ផែនការ​របស់​ព្រះវរបិតា ដើម្បី​យើងអាច​រស់នៅ​ដោយ​មាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ជីវិត​នេះ ហើយ​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​នៅ​បរលោកនាយ ។