២០២២
ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម
ខែកញ្ញា ឆ្នាំ២០២២


« ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​យើង​នូវ សេចក្ដី​សង្ឃឹម

នៅ​ពេល​យើង​បម្រើ​អ្នកដទៃ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម ដែលថា​អ្វីៗ​នឹង​ដោះស្រាយ​បាន​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។

រូបភាព
ក្រុម​យុវជន​រុញ​រទេះ​សំណង់

ក្រុម​យុវជន​មកពី​ទីក្រុង​ឃូស្កូ ប្រទេស​ប៉េរូ ធ្វើការ​ជាមួយ​គ្នា ដើម្បី​ផ្តល់​ការបម្រើ ។

ជីវិត​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ​ជាច្រើន ។ ប្អូនៗ​ប្រហែល​ជា​ជួប​បទពិសោធន៍​ខ្លះ​រួច​ទៅ​ហើយ ។ មាន​ឧបសគ្គ​ជាច្រើន​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង និង​កង្វល់ ភាព​ភ័យខ្លាច និង​ការ​ថប់បារម្ភ ។ នៅពេល​យើង​ជួប​បទពិសោធន៍​ទាំងនេះ វា​ហាក់​ដូចជា​ទំនោរ​ឲ្យ​យើង​ក្រឡេក​មើល​ខ្លួន​ឯង—ដើម្បី​មើលថែ​ខ្លួន​ឯង និង​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ឯង ជាង​អ្វីៗ​ផ្សេងទៀត​ទាំងអស់ ។ យើង​គិត​ថា ប្រសិនបើ​យើង​ចំណាយ​ពេលវេលា និង​កម្លាំង​របស់​យើង​ព្យាយាម​ដើម្បី « ដោះស្រាយ » បញ្ហា​របស់​យើង​វិញ នោះ​យើង​អាច​ដោះស្រាយ​បញ្ហា​របស់​យើង​ដោយ​ខ្លួន​ឯង​បាន ។

ប៉ុន្ដែ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ដល់​យើង ។ ទ្រង់​បាន​បង្រៀន​ថា « អ្នក​ណា​ដែល​រក​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នកណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ » ( លូកា ១៧:៣៣ ) ។ របៀប​ដ៏​រហ័ស​បំផុត​ដើម្បី​រកឃើញ​សេចក្ដី​សង្ឃឹម​នៅក្នុង​ឧបសគ្គ​របស់​ប្អូនៗ គឺ​ត្រូវ​បង្វែរ​ដួងចិត្ត​របស់​ប្អូនៗ​មក​ឯ​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ និង​បម្រើ​អ្នកដទៃ​ទៀត ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ព្យាបាល​បុរស​ម្នាក់​នៅ​បេថែសដា

ការព្យាបាល​នៅ​បេថែសដា ដោយ ហ្គែរី ស្ម៊ីធ

ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដី​ស្រឡាញ់ និង​ព្រះទ័យ​ដ៏​ល្អ​ចំពោះ​មនុស្ស​លោក ។ ទ្រង់​តែងតែ​បំភ្លេច​ព្រះអង្គ​ទ្រង់​ដើម្បី​អ្នកដទៃ ។ ទង្វើ​មិន​អាត្មានិយម​របស់​ទ្រង់​បាន​បង្ហាញ​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំងអស់ ដែល​ទ្រង់​បាន​ធ្វើជា​រៀងរាល់ថ្ងៃ​ក្នុង​ព្រះជន្ម​របស់​ទ្រង់ ហើយ​ពុំ​កំណត់​តាម​រដូវកាល​ជាក់លាក់​ណាមួយ​នោះ​ទេ ។

នៅពេល​យើង​បង្វែរ​ដួងចិត្ត​របស់​យើង​ឲ្យ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ខ្ញុំ​អាច​អះអាង​នឹង​ប្អូនៗ​ថា យើង​នឹង​រកឃើញ​នូវ​ឱកាស​រាប់​មិនអស់ ដើម្បី​បម្រើ​ដល់​អ្នកដទៃ​ដោយ​ស្ងាត់ស្ងៀម និង​ដោយ​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ដែល​ត្រូវការ​យើង ។

ការណ៍​នេះ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ហើយ​រកឃើញ​ភាពសុខសាន្ត​សម្រាប់​ខ្លួន​យើង​នៅលើ​ផែនដី​នេះ ហើយ​យើង​នឹង​មាន​សេចក្ដី​សប្បុរស​កាន់តែ​ច្រើន​ចំពោះ​អ្នក​ដទៃ​ផងដែរ ។ នៅពេល​ប្អូនៗ « បាត់​ជីវិត​របស់​ខ្លួន » ក្នុងការ​ជួយ​អ្នកដទៃ ដោយ​ការ​ធ្វើ​តាម​គំរូ​នៃ​ព្រះអង្គ​សង្រ្គោះ នោះ​ទ្រង់​នឹង​ជួយ​ដល់​ប្អូនៗ ។

រូបភាព
ក្រុម​យុវជន​កំពុង​លើក​ដុំ​ឥដ្ឋ

ពួក​ទេវតា​ប្រចាំថ្ងៃ

ជាញឹកញាប់ ព្រះអង្គ​សង្គ្រោះ​នឹង​ដឹកនាំ​អ្នកដទៃ​ឲ្យ​ចូល​មកក្នុង​ជីវិត​របស់​យើង ដើម្បី​ជួយនាំ​សេចក្ដី​សុខសាន្ដ និង​ការលួងលោម ដែល​យើង​ត្រូវការ​នៅក្នុង​គ្រា​នៃ​ការសាកល្បង ។ មនុស្ស​ដែល​មាន​ពរ​ទាំង​នេះ ហាក់​ដូចជា​ពួក​ទេវតា​ចំពោះ​យើង ដែល​ត្រូវបាន​បញ្ជូន​មកពី​ស្ថានសួគ៌​អ៊ីចឹង ប្រាកដ​ណាស់​ពួកគេ​គឺជា​ពួកទេវតា​ពិតមែន ។

គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បាន​ឆ្លងកាត់​អារម្មណ៍​លួងលោម​ចិត្ត និង​ភាពសុខសាន្ដ​ជាច្រើន​ដង​ច្រើន​សា ដែល​ពួកទេវតា​សម័យ​ទំនើប​បាន​ផ្ដល់​ឲ្យ ។ ខ្ញុំ​ចង់​រំឭក​ពី​ស្ថានភាព​មួយ​នៃ​ស្ថានភាព​ទាំងនោះ ។ នៅ​ក្នុង​ឆ្នាំ ២០០៣ យើង​បាន​ផ្លាស់​ពី​ប្រទេស​កំណើត​របស់​យើង​នៅ​ប្រទេស​ប្រេស៊ីល មក​កាន់​រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ។

នៅ​រដូវ​រងា​នោះ យើង​បាន​ជួប​នឹង​ព្យុះ​ព្រិល​ដ៏ធំ​បំផុត​មួយ​ដែល​រដ្ឋ​យូថាហ៍​ពុំធ្លាប់​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ ។ យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូចនោះ​ទេ​នៅក្នុង​ជីវិត​យើង ដោយសារ​យើង​បាន​ធំ​ដឹងក្ដី​នៅមាត់​សមុទ្រ​ដែល​មាន​ដើម​ត្នោត និង​ខ្សាច់ ។ ផ្ទះ​របស់​យើង​នៅ​កាច់ជ្រុង​នៅលើ​ទួល​មួយ ដែល​មាន​ផ្លូវដើរ​យ៉ាង​វែង ។

នៅពេល​ព្រិល​ចាប់ផ្ដើម​ធ្លាក់ ភរិយា​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​ប្រើ​ម៉ាស៊ីន​ផ្លុំ​ព្រិល​ចេញពី​ផ្លូវ​ចូល​ផ្ទះ និង​ផ្លូវដើរ​យ៉ាង​ក្លាហាន ។ ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន​ទេ ដោយសារ​ខ្ញុំ​បាន​រអិល​ដួល​នៅលើ​ទឹកកក ហើយ​បាក់​កដៃ​កាលពី​ពីរបី​ថ្ងៃ​មុន ។ គ្រោះថ្នាក់​នោះ​បាន​បណ្ដាល​ឲ្យខ្ញុំ​ត្រូវ​ធ្វើការ​វះកាត់ និង​មាន​រុំបង់​ដ៏​ធំ​មួយ​នៅលើ​ដៃ​របស់​ខ្ញុំ ។

នៅពេល​គាត់​បាន​ចាប់ផ្ដើម​ផ្លុំ​ព្រិល​ជា​លើក​ទីមួយ​នៅ​ក្នុង​ជីវិត​របស់​គាត់ នោះ​ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ពុំ​បាន​ដឹង​សោះ​ថា គាត់​ត្រូវ​ប្ដូរ​ទិសដៅ​នៃ​បំពង់​ផ្លុំ បន្ទាប់​ពី​សម្អាត​ផ្លូវ​ចូល​ផ្ទះ​មួយ​ចំហៀង​ហើយនោះ ។ ដូច្នេះ ពេល​គាត់​ទៅ​សម្អាត​ម្ខាង​ទៀត ពេលនោះ​បំពង់​ផ្លុំ​បាន​បាញ់​ព្រិល​ទៅ​កន្លែង​ដែល​គាត់​បាន​សម្អាត​រួចហើយ ។ គាត់​ផ្លុំ​ទៅវិញ​ទៅមក តែ​គ្មាន​បាន​ផល​អ្វី​ទាល់តែ​សោះ ។ វា​រញ៉េរញៃ​ណាស់ !

ដោយសារ​តែ​គាត់​នៅក្នុង​អាកាសធាតុ​ត្រជាក់​យូរពេក នោះ​គាត់​បាន​ឈឺ​ត្រចៀក​ទាំង​សងខាង ហើយ​ស្ទើរតែ​ថ្លង់​អស់​រយៈពេល​ពីរ​ខែ ។ នៅពេល​ជាមួយ​គ្នា​នោះដែរ កូនប្រុស​អាយុ ១៦ ឆ្នាំ​របស់​ខ្ញុំ​បាន​រងរបួស​នៅ​ខ្នង​របស់​គាត់​ពេល​ជិះ​ស្គី​លើ​ទឹកកក ហើយ​ត្រូវ​គេង​លើ​គ្រែ ដើម្បី​ឲ្យ​របួស​គាត់​បាន​ជា ។ ដូច្នេះ​យើង​បាន​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ ដែល​ម្នាក់​គេង​នៅ​លើគ្រែ ម្នាក់​ថ្លង់ ម្នាក់​ជាប់​បង់រុំ ហើយ​ទាំងអស់​គ្នា​រងា​ខ្លាំង​ណាស់ ។

ខ្ញុំ​ប្រាកដ​ណាស់​ថា អ្នក​ជិតខាង​មើលមក​ពួកយើង​គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ នៅ​ព្រឹក​ព្រលឹម​ដ៏​ត្រជាក់​មួយ នៅ​ប្រហែល​ម៉ោង ៥ ព្រឹក ខ្ញុំ​បាន​ភ្ញាក់​ដោយសារ​ឮ​សំឡេង​ម៉ាស៊ីន​ផ្លុំ​ព្រិល​នៅ​ខាងក្រៅ​បង្អួច​របស់​ខ្ញុំ ។ ខ្ញុំ​មើល​ទៅ​ក្រៅ​តាម​បង្អួច ឃើញ​អ្នក​ជិតខាង​ខ្ញុំ គឺ​បងប្រុស ប្លេន វិល្លាម ។ គាត់​មាន​អាយុ​ជិត​ចិតសិប​ឆ្នាំ​ហើយ គាត់​បាន​ចេញ​ពី​ផ្ទះ​ដ៏​កក់ក្ដៅ​ដ៏​មាន​ផាសុកភាព​របស់​គាត់ ហើយ​បាន​មក​ដោយ​ស្ងាត់ស្ងៀម ហើយ​បាន​សម្អាត​ព្រិល​ចេញពី​ផ្លូវ​ចូល​ផ្ទះ និង​ផ្លូវ​ដើរ​របស់​យើង ដោយ​ដឹង​ថា យើង​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​ខ្លួនឯង ។

រូបភាព
ម៉ាស៊ីន​ផ្លុំ​ព្រិល

រូបថត​មកពី Getty Images

នោះ​មិត្ត​ម្នាក់​ទៀត បងប្រុស ដានីយ៉ែល អាលមីដា បាន​មក​ផ្ទះ​យើង ដើម្បី​បើកឡាន​ជូន​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ទីក្រុង​សលត៍ លេក ដោយសារ​ខ្ញុំ​ពុំ​អាច​បើកបរ​ជាមួយ​នឹង​បង់រុំ​ដ៏​ទទឹង​ទទែង​របស់​ខ្ញុំ​បាន ។ ពួកគាត់​បាន​ជួយ​ខ្ញុំ​ជា​រៀងរាល់​ព្រឹក ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគាត់ តាមរយៈ​ទង្វើ​ល្អ​ដ៏​សាមញ្ញ រហូត​ដល់​គ្រួសារ​ខ្ញុំ​បាន​ជា ហើយ​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​បាន ។

អំឡុង​រដូវ​រងា​ឆ្នាំ ២០០៣ នោះ បងប្រុស​ទេវតា​ទាំងនេះ​ត្រូវបាន​បញ្ជូន​ឲ្យ​មក​ជួយ​យើង ។ បងប្រុស​ទាំងពីរ​នាក់​នេះ​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​គិត​ពី​សេចក្ដី​ត្រូវការ​របស់​យើង ពីមុន​​ពួកគាត់​គិត​ពី​ខ្លួនឯង ។

ព្រះអង្គ​សង្គ្រោះ​ប្រទាន​សេចក្ដី​សុខសាន្ដ

ការបម្រើ​អ្នកដទៃ​ផ្ដល់​ឲ្យ​យើង​នូវ​ទស្សនវិស័យ​មួយ ដែល​ខ្ពង់ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ។ នៅ​ពេល​យើង​បម្រើ​អ្នកដទៃ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម ដែលថា​អ្វីៗ​នឹង​ដោះស្រាយ​បាន​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។

ការបង្វែរ​ដួងចិត្ត​របស់​យើង​ឲ្យ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ នឹង​ប្រទាន​ឱកាស​រាប់​មិនអស់​ដើម្បី​ឲ្យ​យើង​បម្រើ​ដល់​អ្នកដទៃ​ដោយ​ស្ងាត់ស្ងៀម និង​ដោយ​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ដែល​ត្រូវការ​យើង ។ ការរស់នៅ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ក៏​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​សប្បុរស​ចំពោះ​មនុស្ស​ដទៃ​ដូចជា​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង​ផងដែរ ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​រកឃើញ​នូវ​សេចក្ដី​ស្រឡាញ់ ភាពសុខសាន្ដ ពន្លឺ និង​បាន​បំពេញ​កម្លាំង​ជាថ្មី​កាន់តែ​ច្រើន​ជាងមុន​ផងដែរ ។

រូបភាព
ស៊ីស្ទើរ

ព្រះ​អង្គសង្រ្គោះ​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​ទ្រង់​​នៅក្នុង​គ្រប់​ទាំង​គំនិត ហើយ​ឲ្យ​យើង​ធ្វើ​តាម​ទ្រង់ ។ ការអញ្ជើញ​នេះ​ផ្តល់​សេចក្តី​សន្យា​ដល់​យើង​ថា យើង​អាច​ដើរ​នៅក្នុង​ពន្លឺ​របស់​ទ្រង់​បាន ហើយថា ការដឹកនាំ​របស់​ទ្រង់​ការពារ​មិនឲ្យ​មាន​ឥទ្ធិពល​នៃ​ភាពងងឹត​នៅក្នុង​ជីវិត​របស់​យើង​ឡើយ ។ នៅពេល​ប្អូនៗ « បាត់ » ជីវិត​របស់​ប្អូន​នៅក្នុង​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​ប្អូន​ឲ្យ​ស្គាល់​ខ្លួនឯង​វិញ ។

រូបភាព
ក្មេងប្រុស​នៅ​សាលា​រៀន

រូបថត​មកពី Getty Images

ងាក​ទៅរក​ព្រះគ្រីស្ទ​ជានិច្ច

ខ្ញុំ​សូម​ថ្លែង​សាក្សី​ដ៏​ឱឡារិក​របស់​ខ្ញុំ​ថា ព្រះយេស៊ូវ​បាន​ក្រោក​ពី​សេចក្ដីស្លាប់ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​ប្អូនៗ​ថា តាមរយៈ​ទ្រង់ និង​ដង្វាយ​ធួន​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ផ្លូវ​ឲ្យ​យើង​ដើម្បី​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។

លើសពី​នេះ​ទៅទៀត ទ្រង់​ក៏​បាន​ប្រទាន​ដល់​យើង​នូវ​ការ​លួងលោម​ចិត្ត និង​ការ​អះអាង​ក្នុង​គ្រា​លំបាកៗ​ផងដែរ ។ ខ្ញុំ​សូម​អះអាង​ដល់​ប្អូនៗ​ថា កាល​យើង​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ដោយ​ប្រកាន់​ខ្ជាប់​នឹង​សេចក្ដី​ជំនឿ​របស់​យើង​ដរាប​ដល់​ចុង​បំផុត នោះ​យើង​នឹង​រីករាយ​ចំពោះ​ការសន្យា​នៃ​ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់ ជាអង្គ​ដែល​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ ។