២០២២
ព្រះយេស៊ូវ​គ្រីស្ទ​អាច …
ខែកញ្ញា ឆ្នាំ២០២២


« ព្រះយេស៊ូវ​គ្រីស្ទ​អាច … » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

សុភាសិត; សាស្តា; អេសាយ

ព្រះយេស៊ូវ​គ្រីស្ទ​អាច …

សេចក្ដី​ពិត​ដែល​បាន​កត់ត្រា​ទុក​រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ​បង្រៀន​យើង​ពី​អ្វី ដែល​ព្រះអម្ចាស់​អាច​ធ្វើ​បាន​សម្រាប់​យើង​នៅ​សព្វថ្ងៃ​នេះ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ និង​ពេត្រុស​កំពុង​ដើរ​លើ​ទឹក

មេ​សម្រេច​សេចក្តី​ជំនឿ ដោយ ជេ អាលេន បារែត

ពុំមាន​កាលបរិច្ឆេទ​ផុត​កំណត់​លើ​សេចក្ដី​ពិត​មកពី​ព្រះ​ឡើយ ។ នេះ​គឺ​ដោយសារ​តែ​វា​គឺ​ជា​ចំណេះ​ដឹង​នៃ « រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) ។

សេចក្ដី​ពិត​ដែល​បាន​កត់ត្រា​ទុក​រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺ​នៅតែ​ពិត​ដល់​សព្វថ្ងៃ​នេះ ។ ហើយ​សេចក្ដី​ពិត​ខ្លះ​ជួយ​ប្អូនៗ​ឲ្យ​ឃើញ​អ្វីៗ​ដែល​ព្រះអម្ចាស់​អាច​ធ្វើ​បាន​សម្រាប់​យើង​នៅ​សព្វថ្ងៃ​នេះ ។ ទាំងនេះ​គឺជា​សេចក្ដី​ពិត​មួយ​ចំនួន​មកពី​គម្ពីរ​សុភាសិត សាស្ដា និង​គម្ពីរ​អេសាយ ( ដែល​ប្អូនៗ​នឹង​សិក្សា​នៅ​ខែ​នេះ ) ។ សេចក្ដី​ពិត​ទាំងនេះ​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច …

តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ប្អូនៗ

នៅពេលខ្លះ យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ច្របូក​ច្របល់ វង្វេងវង្វាន់ ឬ​ត្រូវការ​ការណែនាំ ។ ប្រសិនបើ​ប្អូនៗ​ផ្តល់​ការទុកចិត្ត ភាពរាបសា និង​ការដឹងគុណ​ទាំងស្រុង​ទៅលើ​ព្រះអម្ចាស់ នោះ « ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ( សូមមើល សុភាសិត ៣:៥–៦ ) ។

ប្រសិនបើ​ប្អូនៗ​ធ្វើតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​ទ្រង់​នឹង « នាំឯង​ទៅក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ » ហើយ​ធ្វើ​ឲ្យ « សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូចជា​ទន្លេ … » ( អេសាយ ៤៨:១៧–១៨ ) ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ និង​យុវជន

ការជួប​ព្រះអង្គ​សង្គ្រោះ ដោយ ជេន ធុលមេន

ប្រទាន​ទស្សនវិស័យ​ដល់​ប្អូនៗ

ឥរិយាបថ និង​របៀប​រស់នៅ​ក្នុង​លោកិយ​ហាក់​ដូច​ជា​ពេញ​និយម ឬ​រីករាយ​ណាស់ ។ ប៉ុន្តែ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ប្អូនៗ​ឲ្យ​ឃើញ​ពី​ភាព​ដ៏​គ្មាន​ន័យ និង​មិន​ឋិតថេរ​នៃ​ផ្លូវ​របស់​លោកិយ​នេះ ។

អ្វីៗ​គ្រប់យ៉ាង « ធ្វើ​នៅក្រោម​ថ្ងៃ … សុទ្ធតែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥតការ​ផង » ( សាស្ដា ១:១៤ ) ។ ឬ​និយាយ​ម្យ៉ាងទៀត​ថា ផ្លូវ​របស់​លោកិយ​នាំមក​នូវ​ភាពស្មុគស្មាញ ។ វា​ដូចជា​រត់​តាម​ខ្យល់ ហើយ​ព្យាយាម​ចាប់​វា ។ សុភមង្គល​កើត​មាន​ឡើង នៅពេល​ដែល​យើង​ផ្ដល់​ការគោរព និង​មាន​គារវភាព​ចំពោះ​ព្រះ ហើយ​កាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូមមើល សាស្ដា ១២:១៣ ) ។

មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភពលោក​នេះ « រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តីល្អ​ថា​ជា​អាក្រក់​វិញ …​យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្តី​ជូរចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរចត់​វិញ » ( អេសាយ ៥:២០ ) ។ ប៉ុន្ដែ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ដល់​យើង​នូវ​សេចក្ដី​ពិត​នេះ ។ តាមរយៈ​ការដើរ​តាម​មាគ៌ា​របស់​ទ្រង់ និង​ព្រះបន្ទូល​របស់​ទ្រង់ យើង​អាច « ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នឹង​នាំ​ឯង​ចេញ​ទៅ​ដោយ​សុខសាន្ដ » ( សូមមើល អេសាយ ៥៥:៨–១២ ) ។

( សូមមើល​ផងដែរ អេសាយ ៤០:៦–៨; ៥១:៧–៨ ) ។

អត់ទោស​ឲ្យ​អំពើ​បាប​របស់​ប្អូនៗ

យើង​ទាំងអស់​គ្នា​ធ្វើ​ខុស ។ យើង​ទាំងអស់​គ្នា​មាន​អំពើ​បាប ។ ប៉ុន្តែ​ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​ខិតខំ​កាន់តាម​បទបញ្ញត្តិ​របស់ព្រះ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​ជ្រះស្អាត​ទាំងស្រុង​ម្ដងទៀត​បាន ។ « ទ្រង់​នឹង​អាណិត​មេត្តា​ដល់ [ យើង ] …ដ្បិត​ទ្រង់​នឹង​អត់ទោស​ឲ្យ​ជា​បរិបូរ » ( អេសាយ ៥៥:៧ ) ។ ទ្រង់​បាន​មាន​បន្ទូល ៖

« ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ » ( អេសាយ ១:១៨ ) ។

« គឺ​យើង យើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់ឯង​ចេញ … ហើយ​យើង​មិន​នឹកចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ » ( អេសាយ ៤៣:២៥ ) ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ឱប​នរណា​ម្នាក់

រូបថត​ដោយ ម៉ាក មេប៊្រី

ពង្រឹង​ដល់​ប្អូនៗ

មាន​ពេលខ្លះ​យើង​ទាំងអស់គ្នា​មាន​អារម្មណ៍​ថា​ទន់ខ្សោយ ឬ​ហត់នឿយ ។ ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​កម្លាំង​ដល់​យើង​បាន ។ « ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( អេសាយ ២៦:៤ ) ។ ប្រសិនបើ​ប្អូនៗ​បន្ទាប​ខ្លួន ហើយ​ទុកចិត្ត​ទៅលើ​ទ្រង់ នោះ​ទ្រង់​អាច​ជួយ​ប្អូនៗ​ឲ្យ​ទប់ទល់​នឹង​ការល្បួង ជួយ​ប្អូនៗ​ឲ្យ​ធ្វើការ​សម្រេច​ចិត្ត​ដ៏​លំបាកៗ ឬ​គ្រាន់តែ​បន្ត​ទៅមុខ ទោះបីជា​មាន​ភាពលំបាក​ក៏ដោយ ។ ទ្រង់​បាន​មាន​បន្ទូល ៖

« កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជាមួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពីព្រោះ​យើង​ជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង » ( អេសាយ ៤១:១០ ) ។

មិន​ដែល​ភ្លេច​ប្អូនៗ​ឡើយ

ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ​បាន​ពលី​ព្រះជន្ម​ទ្រង់​សម្រាប់​ប្អូនៗ ពីព្រោះ​ទ្រង់​ស្រឡាញ់​ព្រះវរបិតាសួគ៌—និង​ពីព្រោះ​ទ្រង់​ស្រឡាញ់ ប្អូនៗ ។ ពលិកម្ម​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ប្អូនៗ​អាច​រស់ឡើងវិញ ហើយ​មាន​ឱកាស​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ។ ទ្រង់​នឹង​មិន​ដែល​បោះបង់​ចោល​ប្អូនៗ ឬ​បំភ្លេច​ប្អូនៗ​ឡើយ ។ ទ្រង់​បាន​មាន​បន្ទូល ៖

« ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅដោះ … ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​ឯង​ឡើយ ។

« មើល យើង​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ » ( អេសាយ ៤៩:១៥–១៦ ) ។

ដោយសារ​ទ្រង់​បាន​ធ្វើ​ការណ៍​ជាច្រើន​សម្រាប់​យើង ហើយ​មិន​ដែល​បំភ្លេច​យើង​ទាល់តែ​សោះ នោះ​យើង​ក៏​ត្រូវតែ​ខិតខំ « ចងចាំ​ទ្រង់​ជានិច្ច » វិញ​ផងដែរ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ) ។