២០២២
អ្វី​ដែល អាក ចូលចិត្ត​រៀន
ខែកញ្ញា ឆ្នាំ២០២២


« អ្វី​ដែល អាក ចូលចិត្ត​រៀន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។

អ្វី​ដែល អាក ចូលចិត្ត​រៀន

ប្រទេស​ថ្មី វប្បធម៌​ថ្មី មិត្តភក្ដិ​ថ្មី … គ្មាន​បញ្ហា !

រូបភាព
យុវជន

រូបថត​ដោយ ក្លេតុន ចាន់

អាក ចូលចិត្ត​ម្ហូប​ហឹរ ។ នេះ​ជា​រឿង​ដ៏​ថ្មី​មួយ ដែល​គាត់​ទើបតែ​ដឹង​ពី​ខ្លួនឯង ។ កាល​នៅ​ប្រទេស​ហ្វីលីពីន ជា​កន្លែង​ដែល​គាត់​បាន​ធំ​ដឹងក្តី​ឡើង អាហារ​មាន​រសជាតិ​មិនសូវ​ជា​ហឹរ​ប៉ុន្មាន​ទេ ។

តែបន្ទាប់មក ប៉ា​របស់​គាត់​បានទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ។

នៅពេលនោះ អាក បាន​ជួប​មិត្តភក្ដិ​នៅ​ព្រះវិហារ ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន ហើយ​រួមមាន​ទាំង​អ្នក​មកពី​ប្រទេស​ឥណ្ឌា​ពីរបី​នាក់​ផងដែរ ។

« ពួកគេ​ពិតជា​ញ៉ាំ​ម្ហូប​ហឹរៗ​ណាស់ ! » អាក ស៊ី អាយុ ១៤ ឆ្នាំ និយាយ​ពី​មិត្តភក្ដិ​ថ្មីៗ​របស់​គាត់ ។ « ម្ហូប​នេះ​ហឹរ​ខ្លាំង​ជាង​ម្ហូប​ខ្ញុំ​ធ្លាប់​ញ៉ាំ​នៅស្រុក​ខ្ញុំ​ទៅទៀត » ។

ប៉ុន្តែ រឿង​គួរ​ឲ្យ​អស់​សំណើច—អាក មិន​ដែល​ដឹង​ថា​គាត់​ពូកែ​ញ៉ាំ​ហឹរ​ប៉ុណ្ណា​នោះ​ទេ ។ ឥឡូវ គាត់​រីករាយ​ចង់​សាក​មុខ​ម្ហូប​ថ្មីៗ​ម្ដង ។

ប្រាកដណាស់ នោះ​មិនមែន​ជា​វិធី​តែមួយ ដែល​មិត្តភក្ដិ​នៅ​ព្រះវិហារ​របស់ អាក បាន​ផ្លាស់ប្ដូរ​ជីវិត​របស់គាត់​ឲ្យ​បាន​កាន់តែ​ប្រសើរ​នោះ​ទេ ។ « ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ប្ដូរ​មក​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្ដែ​ទន្ទឹមនឹង​នេះ ខ្ញុំ​ក៏​កើតទុក្ខ​ផងដែរ ។ ខ្ញុំ​មាន​សុទ្ធតែ​មិត្តភក្ដិ​ថ្មីៗ ហើយ​វា​ពិបាក​និយាយ​ជាមួយ​មិត្តភក្ដិ​ថ្មីៗ​ណាស់ » ។

ប៉ុន្តែ​យុវវ័យ​ក្នុង​សាខា​ថ្មី​របស់គាត់​បាន​ជួយ​គាត់​ឲ្យ​សម្រប​ខ្លួន​តាម​ការផ្លាស់ប្ដូរ​នោះ ។ លើសពីនោះ​ទៀត ឥឡូវ​គាត់​ដឹង​កាន់តែ​ច្រើន​ពី​តំបន់​ជាច្រើន​ផ្សេងៗ​ទៀត ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​រៀន​ពី​វប្បធម៌​ផ្សេងៗ​គ្នា​ជាច្រើន » ។ « ម្ហូប​ខុសៗគ្នា ហើយ​ខោអាវ​ក៏​ខុសគ្នា​ដែរ ។ ខោអាវ​របស់​ពួកគេ​មាន​គ្រប់ពណ៌ ហើយ​របៀប​ដែល​គេ​ធ្វើ​វា​គឺ​គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ ! »

រូបភាព
យុវជន​កំពុង​បរិភោគ

ទោះយ៉ាងណា មាន​មិត្តភក្ដិ​មួយក្រុម ដែល​ជួយ​លើកទឹកចិត្ត​គាត់​ជាង​អ្នកណា​ទាំងអស់ អំឡុងពេល និង​ក្រោយពេល​ប្ដូរផ្ទះ​គឺ ៖ គ្រួសារ​របស់​គាត់ ។

ល្បែង​កម្សាន្ដ​ជាមួយ​មិត្តភក្ដិ

អាក ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​គ្រួសារ​របស់​គាត់ ជាពិសេស​ពេល​ពួកគេ​លេង​ល្បែង​ជា​កាត ។ ចំណូលចិត្ត​ពិសេស​របស់​គាត់​គឺ​ល្បែង អ៊ូណូ ។ មូលហេតុ​អ្វីទៅ ? គាត់​និយាយ​ទាំង​សើច​ថា « ខ្ញុំ​ឈ្នះ​រហូត » ។

គាត់​ក៏​ចូលចិត្ត​លេង ម៉ូណូផូលី ជាមួយ​ឪពុកម្ដាយ​របស់​គាត់ និង​ប្អូន​ប្រុស​របស់គាត់​ឈ្មោះ លីហ្វ ផងដែរ ។ ( ប្អូន​ស្រី​របស់​គាត់​នៅក្មេង​ពេក​មិន​ទាន់​ចេះ​លេង​នៅឡើយទេ ) ។ ទោះជា​យ៉ាងណា វា​មិនត្រឹមតែ​ជា​ការលេង​ល្បែង ដោយ​គ្រាន់តែ​បោះ​គ្រាប់​ឡុកឡាក់ និង​ចាយ​លុយ​ក្លែងក្លាយ​នោះទេ ។ « ឪពុកម្ដាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ពី​យុទ្ធសាស្ត្រ​អាជីវកម្ម និង​គោលការណ៍​ចាយ​វាយ​នៅក្នុង​ល្បែង​នោះ ។ វា​ពិតជា​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​ណាស់​សម្រាប់​ពេល​អនាគត » ។

ប៉ា​របស់​គាត់​គឺជា​អ្នកអភិវឌ្ឍ​ផ្នែក​សុសវែរ ហើយ​ម៉ាក់​គាត់​ធ្លាប់​មាន​ជំនួញ​ផ្ទាល់ខ្លួន​នៅ​ប្រទេស​ហ្វីលីពីន ។ ពួកគាត់​ទាំងពីរ​មាន​ជំនាញ​ជាច្រើន​ដើម្បី​ផ្ទេរឲ្យ​ទៅ​កូនៗ ។ ចំពោះ អាក វិញ គាត់​ចង់​រៀន​គ្រប់យ៉ាង​ពី​ឪពុកម្ដាយ​គាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ គាត់​មាន​គោលដៅ​ដ៏ធំ​សម្រាប់​អាជីព​ការងារ​របស់​គាត់ ។

រូបភាព
គ្រួសារ

មុខវិជ្ជា​នៅសាលា​ដែល​គាត់​ពេញចិត្ត​ជាងគេ​គឺ​ជីវបច្ចេកវិទ្យា និង​វិស្វកម្ម ។ អាក ចង់​ក្លាយជា​អ្នក​ជីវបច្ចេកទេស​ម្នាក់ ។ ជាមួយនឹង​ការដាក់​គោលដៅ​ដ៏​ខ្ពស់​របស់​គាត់ គាត់​ឆ្លៀត​ឪកាស​រៀន​អ្វី​ថ្មីៗ​តាមដែល​គាត់​អាចធ្វើ​ទៅ​បាន ។

ប៉ុន្ដែ​ការរៀន​ពី​ឪពុកម្ដាយ​របស់​គាត់ មិនមែន​ជា​ប្រភព​នៃ​ចំណេះដឹង​ដែល អាក ពេញចិត្ត​ជានិច្ច​នោះ​ទេ ។ ការរកឃើញ​ធនធាន​ដ៏​មាន​តម្លៃ​នេះ​បាន​កើតឡើង​បន្តិច​ក្រោយមក​នៅក្នុង​ជីវិត​របស់​គាត់ ដូចជា​ចំណូលចិត្ត​ញ៉ាំ​ហឹរ​របស់គាត់​ដែរ ។

ពី​មនុស្ស​រឹងចចេស​ទៅជា​សិស្ស

អាក ទទួល​ស្គាល់​ខ្លួនឯង​ថា « ខ្ញុំ​ធ្លាប់​រឹង​ចចេស​ណាស់ ។ ខ្ញុំ​មិនសូវ​ខ្វល់​ពី​ការរៀន​ពី​ឪពុក​ម្តាយ​របស់​ខ្ញុំ​ទេ » ។

គាត់​ព្យាយាម​រៀន​តែ​ខ្លួនឯង ឬ​រៀន​ពី​មិត្ត​របស់គាត់ និង​គ្រូ​ដែល​នៅសាលា​ប៉ុណ្ណោះ ។ បន្ទាប់មក​គាត់​បាន​អាន​រឿង​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​ធ្វើឲ្យ​មាន​ភាពខុសប្លែក​យ៉ាង​ខ្លាំង​ក្នុង​ទស្សនៈ​របស់​គាត់​ចំពោះ​រឿង​ទាំងឡាយ ។

នៅក្នុង​អាលម៉ា​ជំពូក ៣៦ និង ៣៧ អាលម៉ា​បាន​ផ្ដល់​ដំបូន្មាន​ទៅ​កូនប្រុស​របស់​គាត់ ហេលេមិន ។ អាលម៉ា​បង្រៀន​ហេលេមិន​អំពី​រឿង​គ្រប់យ៉ាង តាំងពី​ដំណើររឿង​ការប្រែចិត្ត​ជឿ​ដ៏​អស្ចារ្យ​ផ្ទាល់ខ្លួន​របស់​អាលម៉ា ( ដែល​បាន​រួមបញ្ចូល​ទាំង​ការសន្លប់​រយៈពេល​បីថ្ងៃ បន្ទាប់ពី​ទេវតា​បាន​ប្រាប់​លោក​ថា លោក​បាន​ជ្រើសរើស​ផ្លូវខុស [ សូម​មើល អាលម៉ា ៣៦:៦–១០ ] ) រហូត​ដល់​រឿង​គ្រោះថ្នាក់​នៃ​បក្សព័ន្ធ​សម្ងាត់ ។

នៅពាក់​កណ្ដាល​នៃ​រឿងនេះ ខគម្ពីរ​មួយ​ហាក់​ដូចជា​សំខាន់​ចំពោះ អាក ៖​« ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចងចាំ ហើយ​ឲ្យ​ចេះ​មាន​ប្រាជ្ញា នៅ​ក្នុង​យុវវ័យ​របស់​កូន​ចុះ មែន​ហើយ ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន​ឲ្យ​ចេះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ( អាលម៉ា ៣៧:៣៥ ) ។

មាន​អ្វី​ម៉្យាង​ពីក្នុង​ពាក្យ​ទាំងនោះ​បាន​បំភ្លឺ​ដល់​គំនិត​របស់ អាក ។ គាត់​បាន​និយាយ​ថា « ឪពុកម្ដាយ​របស់​ខ្ញុំ​អាច​បង្រៀន ខ្ញុំ នូវ​ប្រាជ្ញា​ផងដែរ » ។ ក្នុង​ពេល​មួយ​រំពេច គាត់​បាន​ដឹង​ថា គាត់​មាន​ព័ត៌មាន​ដ៏សម្បូរ​បែប​នៅ​ចំពោះ​មុខគាត់ ។ « ឥឡូវ​ខ្ញុំ​ចង់​រៀន​ពី​ពួកគាត់ ។ ពួកគាត់​ស្រឡាញ់​ខ្ញុំ ហើយ​អាច​ជួយ​ខ្ញុំ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​អនាគត​របស់​ខ្ញុំ​បាន » ។

ហើយ​ប្រាជ្ញា​របស់​ពួកគាត់​ជ្រៅជ្រះ​ជាង​គន្លឹះ​ជំនួញ​ដែល​បាន​ចែក​រំលែក​នៅពេល​លេង​ល្បែង​លើក្ដារ​ទៅទៀត ។

ប្រាជ្ញា​របស់​ម៉ាក់ និង​ប៉ា

មេរៀន​ដ៏​មាន​តម្លៃ​មួយ​ដែល​ឪពុកម្ដាយ​របស់ អាក បាន​បង្រៀន​គាត់ គឺ​កុំ​បណ្ដោយ​ឲ្យ​ឥទ្ធិពល​អាក្រក់ៗ​នៅជុំវិញ​គាត់​ទាញ​គាត់​ទៅរក​ផ្លូវខុស​ឲ្យ​សោះ ។ « នៅ​សាលា​របស់ខ្ញុំ មាន​មិត្ត​ជាច្រើន​ចង់ឲ្យ​ខ្ញុំ​សាក​ញ៉ាំ​កាហ្វេ តែ និង​បារី​ជាដើម » ។

នេះ​គឺជា​ប្រធានបទ​សន្ទនា​នៅផ្ទះ​ជាទូទៅ ។ គាត់​និយាយ​លេង​ថា « ខ្ញុំ​មាន​ការសន្ទនា​ជាច្រើន​ជាមួយ​ឪពុកម្ដាយ​ខ្ញុំ​អំពី​រឿងនេះ ។ ពួកគាត់​និយាយ​ដដែលៗ​ច្រើន​ដង​ណាស់ » ។

ទោះយ៉ាងណា រាល់​ការ​និយាយ​ច្រំដែលៗ​ទាំងនោះ​ហាក់​ដូចជា​ទទួល​បាន​ផល ។ រាល់លើក​ដែល​គេ​សុំ អាក ឲ្យ​ធ្វើអ្វី​ប្រឆាំង​ទៅនឹង​ជំនឿ​របស់​គាត់ នោះ អាក មាន​កម្លាំងចិត្ត​មកពីអ្វី​ដែល​ឪពុកម្ដាយ​គាត់​បាន​បង្រៀន​គាត់ ។

មេរៀន​មួយ​ទៀត​ដែល​គាត់​ពិចារណា​យ៉ាង​ដិតដល់ គឺ​របៀប​ស្លៀកពាក់ ។ ទេ អាក មិន​ត្រូវការ​ដំបូន្មាន​ស្លៀកពាក់​ពី​ឪពុកម្ដាយ​របស់​គាត់​ដើម្បី​ស្លៀកពាក់​ឲ្យ​ឡូយ​នៅ​សាលារៀន​នោះទេ ។ ការពិតទៅ គាត់​ពូកែ​ណាស់​ក្នុង​រឿង​នោះ ។ អាក បាន​និយាយ​ថា « ខ្ញុំ​ធ្លាប់​ស្លៀកពាក់​ខោអាវ​ឡូយៗ​ណាស់ ។ ខ្ញុំ​ព្យាយាម​ដើម្បី​ទាក់ទាញ​មនុស្ស​ស្រី » ។

ប៉ុន្តែ ឪពុក​ម្ដាយ​របស់​គាត់​បាន​ជួយ​គាត់​ឲ្យ​មើល​ឃើញ​ថា មាន​ផលវិបាក​ដែល​មិនបាន​រំពឹងទុក​ក្នុងការ​ស្លៀកពាក់​បែបនោះ​ផងដែរ ។ អាក ពន្យល់​ថា « ខោអាវ​ដែល​យើង​ស្លៀកពាក់​អាច​ជះ​ឥទ្ធិពល​ទៅលើ​របៀប​ដែល​អ្នកដទៃ​គិត​ពី​យើង » ។ នៅពេល​គាត់​គិត​ឲ្យ​ដិតដល់​ទៅ អាក បាន​ដឹងថា​គាត់​មិន​ចូលចិត្ត​របៀប​ដែល​មនុស្ស​ដទៃ​គិត​ចំពោះ​គាត់​នៅពេល​គាត់​ស្លៀកពាក់​ដូច​កាល​ពីមុន​នោះទេ ។

ឥឡូវ​គាត់​ជ្រើសរើស​ស្លៀកពាក់​សមរម្យ—ដែល​គាត់​ហៅ​ថា សម្លៀក​បំពាក់—« មិន​ទាន់​សម័យ » ។ គាត់​ចូលចិត្ត​រូបរាង​ថ្មី​របស់​គាត់ ហើយ​មាន​អារម្មណ៍​ខាងវិញ្ញាណ​ប្រសើរ​ឡើង​ពី​របៀប​ដែល​គាត់​ស្លៀកពាក់ ។ ( ក្រៅពី​នោះ អាក យល់ថា ភាព​មិនទាន់​សម័យ​គឺ​ឡូយ​ណាស់ ! ជាការពិត​ដែល​មិន​អាច​ប្រកែក​បាន ) ។

ការរៀនសូត្រ​ពេញ​មួយ​ជីវិត

អាក ពេញចិត្ត​កន្លែង​ដែល​គាត់​រស់នៅ គាត់​ស្រឡាញ់​គ្រួសារ​របស់​គាត់ ហើយ​គាត់​ចូលចិត្ត​រៀន​ពី​ឪពុកម្ដាយ​របស់​គាត់ ។

គាត់​ក៏​ចូលចិត្ត​រៀន​ដំណឹងល្អ​ផងដែរ ។

រូបភាព
យុវជន​កំពុង​អាន

អាក និយាយ​ថា « ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ជឿ​លើ​ព្យាការី​នៅរស់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ហើយ​ថា​តាមរយៈ​យ៉ូសែប ស្ម៊ីធ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ ។ ខ្ញុំ​ជឿ​ថា ដំណឹងល្អ​អាច​ជួយ​យើង​ពេញ​មួយ​ជីវិត​យើង​បាន និង​ជួយ​យើង​ឲ្យ​ឆ្លងកាត់​គ្រប់​ឧបសគ្គ ឬ​ការសាកល្បង​ដែល​យើង​ជួបប្រទះ » ។

មិនថា​រឿង​អស្ចារ្យ​ប៉ុណ្ណា​ដែល អាក នឹង​រៀន​នៅ​ថ្ងៃ​អនាគត​នោះទេ គាត់​បាន​រៀន​មេរៀន​មួយ​ចំនួន​ដែល​សំខាន់​ជាង​អ្វីៗ​ទាំងអស់​រួចអស់​ហើយ ។ មេរៀន​ដែល​សំខាន់​បំផុត​នោះ​គឺ ៖ ការចំណាយ​ពេល​ជាមួយ​គ្រួសារ​បន្ថែម គ្រឿង ជាច្រើន​ទៅក្នុង​ជីវិត !