២០២២
បញ្ហា​ក្នុងការ​ប្ដូរផ្ទះ
ខែកញ្ញា ឆ្នាំ២០២២


« បញ្ហា​ក្នុងការ​ប្ដូរផ្ទះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។

គ្រឹះ ដ៏​មាំមួន

យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​កសាង​ជីវិត​របស់​ពួកគេ​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ហេលេមិន ៥:១២ ) ។

បញ្ហា​ក្នុងការ​ប្ដូរផ្ទះ

គ្រួសារ​របស់​ខ្ញុំ​ប្ដូរផ្ទះ​ច្រើនដង​ណាស់​តាំងពី​ខ្ញុំ​ធំ​ដឹងក្ដី​ឡើង ។ ការសម្រប​ទៅនឹង​ទីកន្លែង​ថ្មី​គឺ​ពិបាក ប៉ុន្តែ​ពេល​ខ្ញុំ​រៀន​ដល់​ថ្នាក់ទី​ប្រាំបួន​នៅ​វិទ្យាល័យ ខ្ញុំ​ពេញចិត្ត​នឹង​កន្លែង​ដែល​យើង​រស់នៅ ។ អ្វីៗ​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ នៅពេល​លោកតា​របស់​ខ្ញុំ​បាន​ស្លាប់ ហើយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​សម្រេចចិត្ត​ប្ដូរ​ទៅនៅ​ជិត​លោកយាយ​របស់​ខ្ញុំ​ជាងមុន ។ ខ្ញុំ​ខ្លាច​ការប្ដូរ​ផ្ទះ ម្ដងទៀត ។ ខ្ញុំ​បាន​ខិតខំ​ចូលរួម​នៅ​សាលា និង​រាប់អាន​មិត្តភក្ដិ​ឡើង​ច្រើន ។

ខ្ញុំ​បាន​តូចចិត្ត ហើយ​បាន​ប្រកែក​ជាមួយនឹង​ឪពុកម្ដាយ​ខ្ញុំ​អំពី​ការប្ដូរ​ផ្ទះ​នេះ ។ ឪពុកម្ដាយ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​អធិស្ឋាន​អំពី​រឿងនេះ ។ ខ្ញុំ​បាន​ព្យាយាម​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​សោះ ។ ទោះបីជា​ខ្ញុំ​ខកចិត្ត​ក៏ដោយ ក៏​ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ម្ដង​ទៀត​ដែរ ។ មុនពេល​ខ្ញុំ​ចាប់ផ្ដើម​អធិស្ឋាន ខ្ញុំ​បាន​ឮ​សំឡេង​ដ៏​ច្បាស់​មួយ​នៅក្នុង​គំនិត​របស់​ខ្ញុំ​ថា « រ៉ាជែល កូន​មិន​បាន​ទទួល​ចម្លើយ ដោយសារ​កូន​មិន​ចង់​បាន​ចម្លើយ » ។ ខ្ញុំ​បាន​ស្រឡាំងកាំង ។ មួយ​រយៈ​ក្រោយមក ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន​ខុសពី​ពេលមុន ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​អស់ពី​ចិត្ត​ទៅកាន់​ព្រះវរបិតា​សួគ៌ ហើយ​បាន​ទូលសួរ​ពី​អ្វី​ដែល​ទ្រង់​តម្រូវឲ្យ​ខ្ញុំ​ធ្វើ ។

អារម្មណ៍​ដែល​ខ្ញុំ​បាន​ទទួល​គឺ​គ្រួសារ​របស់​ខ្ញុំ​ត្រូវ​ប្ដូរ​ផ្ទះ ។ បន្ទាប់​ពី​ការបន្ទាបខ្លួន​របស់​ខ្ញុំ និង​ការទទួល​យក​អ្វី​ដែល​ព្រះវរបិតា​សួគ៌​បាន​សព្វ​ព្រះទ័យ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ ។ វា​មិន​ងាយស្រួល​ជានិច្ច​នោះទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា យើង​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​នៅ ។ បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ និង​ក្លាយ​កាន់តែ​ដូចជា​បុគ្គល​ដែល​ទ្រង់​ត្រូវការ​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។

រ៉ាជែល អេច រដ្ឋ​វ៉ាស៊ីនតោន ស. រ. អា.