ឆ្នាំ ២០២៣
ប៉ា​ដ៏​អស្ចារ្យ​របស់​មេកណូលៀ
ខែ កក្កដា ឆ្នាំ ២០២៣


« ប៉ា​ដ៏​អស្ចារ្យ​របស់​មេកណូលៀ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤០–៤១ ។

ប៉ា​ដ៏​អស្ចារ្យ​របស់​មេកណូលៀ

« ក្មេង​មួយ​ចំនួន​បាន​និយាយ​ថា យើង​មិនមែន​ជា​គ្រួសារ​ល្អ​ទេ ដោយសារ​ប៉ា​មិនមែន​ជា​សមាជិក​របស់​ព្រះវិហារ​យើង » ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
គ្រួសារ​អាន​ព្រះគម្ពីរ​ប៊ីប

ប៉ា​បាន​ហៅ « មេកណូលៀ ! លីលី ! » ។ « ដល់ពេល​អាន​ព្រះគម្ពីរ ហើយ​អធិស្ឋាន​ហើយ ! »

មេកណូលៀ​អង្គុយចុះ​លើ​កម្រាល​ឥដ្ឋ​ជិត​ឆ្កែ​របស់​ពួកគេ​ឈ្មោះ​រេនដ្រប់ ។ លីលី​បាន​គ្រលំ​ភួយ​ដែល​នាង​ចូលចិត្ត ។

ពេល​អាន​ព្រះគម្ពីរ​ជា​គ្រួសារ​គឺ​សប្បាយ​ណាស់ ។ ពេលខ្លះ ពួកគេ​បាន​ធ្វើ​តម្រាប់តាម​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ទាំងអស់គ្នា ។ វា​បាន​ជួយ​មេកណូលៀ​ស្រមៃ​ឃើញ​ពី​ដំណើររឿង ។ លើសពី​នោះ​ទៅទៀត រេនដ្រប់​តែងតែ​ជួយ​នៅពេល​មាន​សត្វ​នៅក្នុង​ដំណើររឿង !

ប៉ា​បាន​បើក​ព្រះគម្ពីរ ហើយ​អាន​មួយ​ខ ។ បន្ទាប់មក គាត់​បាន​ហុច​ព្រះគម្ពីរ​ប៊ីប​ដ៏​ធ្ងន់ ក្រាស់​នោះ​ទៅ​មេកណូលៀ ។ ពួកគេ​ម្នាក់ៗ​បាន​ឆ្លាស់​វេន​គ្នា​អាន ។

មេកណូលៀ​អាន​ថា « ចូរ​មានចិត្ត​សប្បុរស​នឹងគ្នា​ទៅវិញ​ទៅមក »*

នាង​ធ្វើ​មុខ​ស្រពោន ។ សមាជិក​មិន​តែងតែ​ចិត្តល្អ​ចំពោះ​នាង​នៅ​ព្រះវិហារ​នោះ​ទេ ។

នាង​បាន​សួរ​ថា « ម៉ាក់ ប៉ា តើ​ខ្ញុំ​អាច​និយាយ​រឿង​មួយ​ប្រាប់​ម៉ាក់​ប៉ា​បានទេ ? » ។

ម៉ាក់​បាន​ឆ្លើយ​ថា « ពិតជា​បាន កូន » ។ « តើមាន​រឿងអ្វី ? »

« កាលពី​ម្សិលមិញ​នៅ​ថ្នាក់កុមារ ក្មេង​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា យើង​មិនមែន​ជា​គ្រួសារ​ល្អ​ទេ ដោយសារ​ប៉ា​មិនមែន​ជា​សមាជិក​របស់​ព្រះវិហារ​យើង » ។

ប៉ា​របស់​មេកណូលៀ​ជា​សមាជិក​នៅ​ព្រះវិហារ​ផ្សេង ។ គាត់​បាន​ទៅ​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​គ្រួសារ​របស់​ពួកគេ​នៅថ្ងៃ​អាទិត្យ ។ គាត់​បាន​ឡើង​និយាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​លីលី និង​មេកណូលៀ ។ មនុស្ស​គ្រប់គ្នា​បាន​និយាយ​ថា​គាត់​ធ្វើ​បាន​ល្អ​ណាស់ ។ គាត់​គឺជា​ប៉ា​ដ៏​អស្ចារ្យ ។

« អ្វីដែល​ពួកគេ​បាន​និយាយ​ធ្វើឲ្យ​ខ្ញុំ​ចង់​យំ » ។ មេកណូលៀ​បាន​ដក​ដង្ហើម​ធំ ។ « ហេតុអ្វី​មនុស្ស​ចាំបាច់​ចិត្ត​អាក្រក់​យ៉ាងនេះ ? »

ម៉ាក់ និង​ប៉ា​បាន​សម្លឹង​មើល​មុខ​គ្នា​ទៅវិញ​ទៅមក ។

ប៉ា​បាន​និយាយ​ថា « ប៉ា​ត្រេកអរ​ណាស់​ដែល​កូន​បាន​ប្រាប់​ប៉ាម៉ាក់​ពី​រឿង​ដែល​បាន​កើតឡើង​នេះ​ » ។ « ម៉ាក់ និង​ប៉ា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ខ្លាំងណាស់ ។ ហើយ​គ្រួសារ​របស់​យើង​គឺ​សំខាន់​ណាស់​ចំពោះ​ពួកយើង » ។

ម៉ាក់​បាន​ងក់​ក្បាល ។ « ហើយ​គ្រួសារ​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះវរបិតា​សួគ៌​ផងដែរ ។ ទ្រង់​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ » ។

រេនដ្រប់​បាន​ទៅដេក​ប្រកៀក​នឹង​មេកណូលៀ ។ នាង​បាន​អេះ​ត្រចៀក​របស់វា ។

ប៉ា​បាន​និយាយ​ថា « ព្រះវរបិតា​សួគ៌​ទ្រង់​ស្គាល់​យើង ហើយ​ទ្រង់​ជ្រាប​ថា​យើង​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក » ។ « គ្មាន​គ្រួសារ​ណា​ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​យើង​អាច​បន្ត​ព្យាយាម​អស់ពី​សមត្ថភាព​របស់​យើង » ។

« ប៉ុន្តែ​វា​នៅតែ​ឈឺចាប់​នៅពេល​មនុស្ស​និយាយ​អាក្រក់​ពី​គ្រួសារ​យើង » មេកណូលៀ​បាន​និយាយ ។ « ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ទាំងអស់ ។ ការនិយាយ​អាក្រក់​ហាក់​ដូចជា​មិន​ធ្វើតាម​ព្រះយេស៊ូវ​នោះទេ » ។

ប៉ា​បាន​និយាយថា « កូន​និយាយ​ត្រូវហើយ » « ប្រហែល​ពេល​កូន​ចង់​និយាយ​អ្វី​អាក្រក់ កូន​អាច​ចងចាំ​ថា​កូន​មាន​អារម្មណ៍​បែបណា នៅពេល​អ្នកដទៃ​មាន​ចិត្តអាក្រក់​មកលើ​កូន ។ ដូច្នេះ​កូន​អាច​និយាយ​អ្វី​ល្អ​ជំនួស​វិញ » ។

មេកណូលៀ​បាន​ដក​ដង្ហើមធំ ។ « ចាស​ប៉ា » ។ នាង​សប្បាយចិត្ត​ដែល​នាង​អាច​និយាយ​ជាមួយ​ម៉ាក់ និង​ប៉ា ។

« ដល់ពេល​ឱប​ជា​គ្រួសារ​ហើយ ! » ប៉ា​បាន​ទាញ​លីលី និង​មេកណូលីយ៉ា​មក ហើយ​ឱប​ពួកគេ​យ៉ាង​ណែន ។ ម៉ាក់​ដាក់ដៃ​របស់គាត់​ជុំវិញ​ពួកគេ​ទាំងបី​នាក់ ។ រេនដ្រប់​រត់​ជុំវិញ​ពួកគេ​ទាំងអស់គ្នា ។

រូបភាព
គ្រួសារ​ឱប​ជាក្រុម

« ខ្ញុំ​ដក​ដង្ហើម​មិន​រួចទេ ! » លីលី​និយាយ​លេង ។ មេកណូលៀ​បាន​សើច ។

ប៉ា​បាន​សួរ « ឥឡូវ​ជួយ​រំឭក​ប៉ា—ដល់​វេន​អ្នកណា​អាន​ហើយ ? » ។ គាត់​បាន​លែង​កូនស្រី​គាត់ ហើយ​បាន​កាន់​ព្រះគម្ពីរ​របស់​គាត់​ឡើង ។

លីលី​បាន​និយាយ​ថា « ដល់​វេន​ខ្ញុំ​ហើយ ! » ។ « ហើយ​វា​ដល់​វេន​ប៉ា​ត្រូវ​អធិស្ឋាន » ។

នៅពេល​ពួកគេ​អាន​ចប់ ទាំងអស់គ្នា​បាន​លុត​ជង្គង់ចុះ​ដើម្បី​អធិស្ឋាន ។ មេកណូលៀ​មាន​អារម្មណ៍​សុខសាន្ត​កាល​ដែល​នាង​បាន​ស្ដាប់​ប៉ា​ពោល​ពាក្យ​អធិស្ឋាន ។ នាង​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​គ្រួសារ​របស់​នាង ។

រូបភាព
Alt text

រចនា​រូបភាព​ដោយ ខនស្តាស្សា បាសាលូស្សូ