ឆ្នាំ ២០២៣
« ការសម្អាត​សួនច្បារ
ខែ កក្កដា ឆ្នាំ ២០២៣


« ការសម្អាត​សួនច្បារ » ប្រិយមិត្ត  ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤–៥ ។

ការសម្អាត​សួនច្បារ

« តើ​នរណា​ដែល​យើង​អាច​អញ្ជើញ​ឲ្យ​ជួយ​យើង​បាន ? »

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​អង់គ្លេស ។

រូបភាព
ម្តាយ និង​កូនប្រុស​ពាក់​ស្រោមដៃ​ថែសួន ហើយ​កាន់​កន្ត្រៃ​កាត់​ស្មៅ

យ៉ូណាស​បាន​ញ៉ាំ​ម្ហូប​មួយម៉ាត់​ចុងក្រោយ ហើយ​ញញឹម ។ អាហារ​ពេលល្ងាច​តែងតែ​សប្បាយ​ជាង​មុន​នៅពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មក​ចូលរួម ។

ស៊ីស្ទើរ ខេល បាន​និយាយ​ថា « យើង​ចង់​ចែកចាយ​សារលិខិត​មួយ​ជាមួយ​បងប្អូន​អំពី​ការបម្រើ » ។ « ហេតុអ្វី​ការបម្រើ​អ្នកដទៃ​ជា​រឿង​សំខាន់ ? »

ប្អូន​ស្រី​របស់​យ៉ូណាស អេលីហ្សាបាន​និយាយ « ពីព្រោះ​វា​ធ្វើឲ្យ​ព្រះយេស៊ូវគ្រីស្ទ​សប្បាយ​ព្រះទ័យ ! » ។

« ប្អូន​និយាយ​ត្រូវ​ហើយ ! វា​ធ្វើឲ្យ​ទ្រង់​សប្បាយ​ព្រះទ័យ​ខ្លាំងណាស់ ។ ហើយ​នៅពេល​យើង​ជួយ​ដល់​អ្នកដទៃ​ទៀត វា​ធ្វើឲ្យ​យើង​រីករាយ​ផងដែរ » ស៊ីស្ទើរ គ្រីស្ទីនសិន បាន​និយាយ ។ « តើ​ប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ​ដែរ​ឬទេ ? »

យ៉ូណាស បាន​គិត​មួយសន្ទុះ ។ « ខ្ញុំ​នឹក​មិនឃើញ​ពី​អ្នកណា​ម្នាក់ទេ ប៉ុន្តែ​សួនច្បារ​នៅសាលា​របស់​យើង​អាច​ត្រូវការ​ជំនួយ​ខ្លះ » ។

ម៉ាក់​បាន​ឆ្លើយថា « យោបល់​ល្អ​កូន » ។

សាលារៀន​របស់​យ៉ូណាស​មាន​សួនច្បារ​មួយ​ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​បាន ។ តែ​គ្មាន​នរណា​ម្នាក់​ថែទាំ​សួនច្បារ​នោះ​យូរហើយ ។ គុម្ព​ផ្កា​ដុះ​ច្រូងច្រាង​ពេញ ។ ស្មៅ​ក៏ដុះ​ច្រើន​ដែរ ។

ស៊ីស្ទើរ ខេល បាន​និយាយ​ថា « យើង​ចង់​ជួយ​ប្អូន​ក្នុង​ការងារ​នោះ ! » ។ « តើ​នរណា​ដែល​យើង​អាច​អញ្ជើញ​ឲ្យ​ជួយ​សម្អាត​សួនច្បារ​ជាមួយ​យើង​បាន ? »

បងប្រុស​របស់​យ៉ូនណាស យ៉ាកុប​បាន​និយាយ « បងប្អូន​ជីដូនមួយ​របស់​យើង ! » ។

« រួមទាំង​ថ្នាក់កុមារ​របស់​យើង​ផងដែរ » យ៉ូណាស​បាន​និយាយ ។

នៅថ្ងៃ​បន្ទាប់ ម៉ាក់​បាន​និយាយ​ជាមួយ​នរណាម្នាក់​ដែល​នៅ​សាលា​ដើម្បី​សុំ​ការ​អនុញ្ញាត ។ ពួកគាត់​រើស​ថ្ងៃ​ដើម្បី​សម្អាត​សួនច្បារ ។ បន្ទាប់​មក​ម៉ាក់​បាន​ជួយ​យ៉ូណាស និង​បងប្អូន​គាត់​ទូរសព្ទ​ទៅ​បងប្អូន​ជីដូនមួយ​របស់​ពួកគេ និង​ថ្នាក់​កុមារ​ផងដែរ ។

ពីរបី​សប្ដាហ៍​ក្រោយមក យ៉ូណាស និង​គ្រួសារ​របស់​គាត់​បាន​ជួប​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​សាលារៀន ។ បងប្អូន​ជីដូនមួយ​របស់​ពួកគេ រួមទាំង​មិត្តភក្តិ​ក្នុង​ថ្នាក់កុមារ​ក៏​នៅ​ទីនោះដែរ ។ វា​ដល់ពេល​ធ្វើការ​ហើយ !

យ៉ូណាស​ពាក់​ស្រោមដៃ​ថែសួន​ជ័រ​ដ៏​ធំ​មួយគូ ។ « ម៉ាក់ មើលនេះ ។ ដៃខ្ញុំ​ឡើង​ធំ ! »

ម៉ាក់​បាន​សើច ។ « កូន​អាច​ប្រើ​ដៃ​ធំៗ​នោះ​ជួយ​កាត់​គុម្ពផ្កា​ទាំងនេះ​បាន » ។

គាត់​បាន​ហុច​កន្ត្រៃ​កាត់​ស្មៅ​មួយ​ឲ្យ​ទៅ​យ៉ូណាស ដែល​មើល​ទៅ​ដូច​កន្ត្រៃ​យក្ស​អញ្ចឹង ។ បន្ទាប់មក​គាត់​បាន​ជួយ​យ៉ូណាស​កាត់​មែក​ងាប់ៗ​ចេញ ។

« វា​សប្បាយ​តើ » យ៉ូណាស​និយាយ ។

រូបភាព
ក្មេង​ស្រី និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កាន់ប៉ែល

អំឡុងពេល​ដែល​យ៉ូណាស​កំពុង​កាត់​គុម្ព​ផ្កា អេលីហ្សា​បាន​ជួយ​ជីក​ជុំវិញ​សួនច្បារ ។ យ៉ាកុប​បាន​ជួយ​ប៉ា​ធ្វើ​ផ្ទះចាប​ថ្មី​មួយ ។ អ្នក​ផ្សេងទៀត​ដក​ស្មៅ ហើយ​ប្រមូល​មែកឈើ​តូចៗ ។ ពួកគេ​ដាក់​វា​ក្នុង​ថង់​ផ្លាស្ទិច​ពណ៌ខៀវ​ធំមួយ ។ សូម្បីតែ​ប្អូនប្រុស​ពៅ​របស់​យ៉ូណាស អ៊ីហ្ស្រា​ក៏​បាន​ជួយ​រើស​ដុំថ្ម​ដែរ ។

មិនយូរ​ប៉ុន្មាន​សួនច្បារ​បាន​សម្អាត​ស្អាត ។ យ៉ូណាស​បាន​រាប់​បាវ​សម្រាម​ដែល​ពេញ​ទាំងនោះ ។ « មាន ១៣ បាវ ! » គាត់​បាន​និយាយ ។ « យើង​បាន​សម្អាត​សម្រាម​ច្រើន​ណាស់ » ។

ស៊ីស្ទើរ គ្រីស្ទីនសិន​បាន​ញញឹម ។ « ឥឡូវ​យើង​ត្រូវការ​អ្នកទាំងអស់​ដែល​មាន​សាច់ដុំ​ធំៗ​ជួយ​យើង​លើក​បាវ​ទាំងនេះ​ទៅ​ឡាន » ។

យ៉ូណាស យ៉ាកុប រួមទាំង​អេលីហ្សា​ម្នាក់ៗ​បាន​កាន់​បាវ​ម្នាក់​មួយ ។ យ៉ូណាស​មាន​អារម្មណ៍​រីករាយ​ដែល​បាន​លើក​បាវ​ចុងក្រោយ​បង្អស់​ដាក់​ឡាន ។ ការជួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​សប្បាយ​ណាស់ ។ គាត់​ក៏​ចង់​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅថ្ងៃ​ណាមួយ​ផងដែរ ។ ទម្រាំ​ពេល​នោះមកដល់ មាន​វិធី​ជាច្រើន​ដែល​គាត់​អាច​បម្រើ ។ គាត់​អន្ទះសា​យ៉ាងខ្លាំង​ពេល​គិត​ដល់​គម្រោង​បន្ទាប់​របស់​គាត់ !

រូបភាព
Alt text

រចនា​រូបភាព​ដោយ សាម៉ារ៉ា ហាតឌី