ឆ្នាំ ២០២៣
កូហ្វតា​សម្រាប់​អាហារ​ថ្ងៃត្រង់
ខែ កក្កដា ឆ្នាំ ២០២៣


« កូហ្វតា​សម្រាប់​អាហារ​ថ្ងៃត្រង់ » ប្រិយមិត្ត  ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១២–១៣ ។

កូហ្វតា​សម្រាប់​អាហារ​ថ្ងៃត្រង់

« តើ​ឯង​កំពុង​ញ៉ាំ​របស់​អ្វី​ចម្លែក​ម៉្លេះ ? »

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
ក្មេង​ប្រុស​អង្គុយ​នៅ​តុ​អាហារ​ថ្ងៃត្រង់

រ៉យ​អង្គុយ​ចុះ​នៅតុ​អាហារ ហើយ​បាន​បើក​កញ្ចប់​បាយ​ថ្ងៃត្រង់​របស់​គាត់ ។ គ្រួសារ​របស់​គាត់​ទើប​ផ្លាស់​លំនៅ​មក ហើយ​នេះ​ជា​ថ្ងៃ​ដំបូង​របស់​គាត់​នៅ​សាលារៀន​ថ្មី ។ ម៉ាក់​គាត់​បាន​ធ្វើ​ម្ហូប​អាមេនី​ដែល​គាត់​ចូលចិត្ត គឺ​កូហ្វតា ។ គាត់​រំភើបចិត្ត​នឹង​ញ៉ាំ​វា !

រ៉យ​បាន​បក​ក្រដាស ដែល​រុំ​ជុំវិញ​កូហ្វតា​នោះ​ចេញ ។ វា​ដូចជា​ប្រហិត​វែង​ស្ដើង​មួយ​អញ្ចឹង ។ គាត់​ចូលចិត្ត​ក្លិន​គ្រឿងទេស​ដែល​ដុត​ក្នុង​សាច់​នោះ ។ ហើយ​ប្រហោង​នៅ​កណ្តាល​ធ្វើឲ្យ​វា​ដូចជា​កញ្ចែ​តូច​មួយ​អ៊ីចឹង ។ គាត់​បាន​ដាក់វា​នៅ​បបូរ​មាត់ ហើយ​ផ្លុំ ។ ហើយ​គាត់​ខាំ​មួយ​ម៉ាត់ ។ ឆ្ងាញ់​ណាស់ !

ក្មេងប្រុស​ម្នាក់​ដែល​នៅតុ​ទល់​មុខ​នោះ​បាន​និយាយ​ថា​« ហេ » ។ « តើ​ឯង​កំពុង​ញ៉ាំ​របស់​អី​នោះ​ចម្លែក​ម៉្លេះ ? »

រ៉យ​មាន​អារម្មណ៍ថា​មុខ​គាត់​ឡើង​ក្រហម ។ « វា​ជា​អាហារ​ថ្ងៃត្រង់​របស់​ខ្ញុំ » ។

« តែ​វា​មើល​ទៅ​អត់​ទំនង​សោះ » ។ ក្មេងប្រុស​នោះ​បាន​សើច ។

រ៉យ​គ្មាន​ពាក្យ​នឹង​ថ្លែង​ឡើយ ។ គាត់​មិនដឹង​ថា​គ្មាន​នរណា​ម្នាក់​នៅ​ទីនេះ​ញ៉ាំ​កូហ្វតា​ទេ ។ គាត់​មិន​ចង់​ឲ្យ​ពួកគេ​គិតថា​គាត់​ចម្លែក​នោះទេ ! ដូច្នេះ គាត់​ទុក​អាហារ​ថ្ងៃត្រង់​របស់​គាត់​វិញ ហើយ​រត់​ទៅក្រៅ​ដើម្បី​សម្រាក ។

ពេល​ចេញពី​រៀន រ៉យ​ឃើញ​ម៉ាក់​បើក​ប្រអប់​បាយ ។

រ៉យ​បាន​និយាយ​ថា « ខ្ញុំ​មិន​ចង់​យក​កូហ្វតា​ទៅ​សាលារៀន​ទៀតទេ » ។

« ហេតុអ្វី ? » ម៉ាក់​បានសួរ ។ « វា​ជា​ម្ហូប​ដែល​កូន​ចូលចិត្ត » ។

រ៉យ​បាន​ប្រាប់ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​សាលារៀន ។ « វា​ខ្មាសគេ​ណាស់​ម៉ាក់ ! »

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​សោកស្តាយ​ណាស់​ដែល​រឿង​នេះ​បាន​កើតឡើង » ។ « មនុស្ស​ភាគច្រើន​នៅ​ទីនេះ​មិន​ធ្លាប់​ញ៉ាំ​កូហ្វតា​ទេ ។ ចុះ​បើ​យើង​ឲ្យ​ក្មេង​ផ្សេងទៀត​សាក​ញ៉ាំ​ខ្លះ​យ៉ាង​ម៉េច​ដែរ ? »

« ហេតុអ្វី ? » រ៉យ​បាន​សួរ ។ « ពួកគេ​មិនចង់​ញ៉ាំ​ទេ » ។

« តែកូន​មិន​ដឹង​ទេ លុះត្រាតែ​កូន​សួរ​គេ​សិន ! ម៉ាក់​ដឹង​ថា​វា​ពិបាក​ដើម្បី​រាប់អាន​មិត្តភក្តិ​ថ្មីៗ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ។ ពេលខ្លះ​យើង​គ្រាន់តែ​ត្រូវ​ស្គាល់គ្នា​បន្ថែម​ទៀត » ។

រ៉យ​បាន​គិត​អំពី​វា ។ គាត់​មិន​ចង់​ឲ្យ​គេ​សើច​ចំអក ។ ប៉ុន្តែ​គាត់​ចង់​ផ្ដល់​ឱកាស​យល់ពី​ក្មេង​ដែល​នៅ​អាហារ​ថ្ងៃត្រង់​នោះ​កាន់តែ​ប្រសើរ​ឡើង ។ ហើយ​កូហ្វតា​នោះ​ពិតជា​ឆ្ងាញ់ណាស់ ។

គាត់​បាន​ងក់​ក្បាល ។ « យល់ព្រម ។ តោះ​ធ្វើ​បន្ថែម​ទៀត » ។

នៅថ្ងៃ​បន្ទាប់​នៅពេល​អាហារ​ថ្ងៃត្រង់ រ៉យ​បាន​ដក​ដង្ហើម​ធំ ។ គាត់​បាន​អង្គុយចុះ​ជិត​ក្មេងប្រុស​ដែល​បាន​សើច​ចំអក​គាត់ ។

រ៉យ​បាន​បើក​កញ្ចប់​បាយ​ថ្ងៃត្រង់​របស់​គាត់ ។ « តើ​មាន​អ្នក​ណា​ចង់​សាក​ម្ហូប​អាមេនី​នេះ​ខ្លះ​ទេ ? »

ក្មេងៗ​ផ្សេងទៀត​មក​ជុំវិញ​នៅពេល​រ៉យ​បាន​បក​កញ្ចប់​កូហ្វតា ។

« ខ្ញុំ​ចង់​សាក​ខ្លះ » ក្មេងប្រុស​នោះ​បាន​និយាយ ។

« ខ្ញុំ​ក៏​អ៊ីចឹង​ដែរ » ក្មេងស្រី​ម្នាក់​បាន​បន្ថែម ។ រ៉យ​បាន​ហុច​កូហ្វតា​តៗគ្នា​ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​សាក​ញ៉ាំ ។ បន្ទាប់មក​ពួកគេ​ទាំងអស់គ្នា​ខាំ​មួយ​ម៉ាត់ ។

« ឆ្អាញ់​ណាស់ » ក្មេងប្រុស​នោះ​បាន​និយាយ ។ « តើ​វា​ឈ្មោះ​អ្វី​ទៅ ? »

រ៉យ បាន​និយាយថា « កូហ្វតា » ។

« ឆ្ងាញ់​ណាស់ ! » ក្មេងប្រុស​នោះបាន​ញញឹម ។ « ខ្ញុំ​ឈ្មោះ ចន ។ ចង់​លេង​ជាមួយ​គ្នា​ពេល​ចេញលេង​ទេ ? »

រ៉យ​គ្រាន់តែ​អាច​ងក់​ក្បាល​ដោយ​មាត់​ពេញ​ដោយ​ម្ហូប ។ ម៉ាក់​និយាយ​ត្រូវ​ហើយ—ពួកគេ​ទាំងអស់គ្នា​ក៏ជា​បុត្រាបុត្រី​របស់​ព្រះ​ដែរ ។ ហើយ​នៅ​ទីបំផុត​ការចែក​រំលែក​បាន​ជួយ​គាត់​មាន​មិត្តភក្តិ ។

រូបភាព
Alt text

រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន