ឆ្នាំ ២០២៣
ប៉ម​នៃ​សេចក្តី​ជំនឿ
ខែ កក្កដា ឆ្នាំ ២០២៣


« ប៉ម​នៃ​សេចក្តី​ជំនឿ » ប្រិយមិត្ត  ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។

ប៉ម​នៃ​សេចក្តី​ជំនឿ

ដាស្សានែល​ចង់ឲ្យ​សេចក្ដី​ជំនឿ​របស់​នាង​ទៅលើ​ព្រះគ្រីស្ទ​ខ្ពង់ខ្ពស់ ហើយ​រឹងមាំ ។

ដំណើររឿង​នេះ​កើតឡើង​នៅ​ប្រទេស​ហ្សាម៉ាអ៊ីក ។

រូបភាព
ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មើល​បងប្អូន​បង្កើត​កំពុង​ដាក់​ពែង​ក្រដាស​តម្រួត​លើ​គ្នា

ដាស្សានែល​បាន​ជួយ​បងប្រុស​នាង​យក​នំប៉័ង​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​ចង្ក្រាន​ដុត​នំ ។ វា​ឈ្ងុយ​ខ្លាំង​ណាស់ !

បន្ទាប់​មក នាង​ឮ​សំឡេង​គោះទ្វារ ។ បងស្រី​នាង​បាន​ស្រែក​ថា « ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មក​ដល់​ហើយ » ។

ដាស្សានែល​បាន​រត់​ទៅ​បើក​ទ្វារ ។ នាង​ចូលចិត្ត​នៅពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មក​លេង ។ នាង​តែងតែ​មាន​អារម្មណ៍​ល្អ​នៅពេល​ពួកគាត់​បាន​មក​សួរសុខទុក្ខ ។ ពេលខ្លះ ពួកគាត់​បាន​យក​ហ្គេម​សម្រាប់លេង​ឲ្យ​នាង និង​បងប្អូន​បង្កើត​នាង ។

ដាស្សានែល​បាន​និយាយថា « ថាយ​រែល​បាន​ធ្វើ​នំប៉័ង​ធញ្ញជាតិ​ទៀតហើយ ! » បងប្រុស​របស់​នាង​ចូលចិត្ត​ធ្វើ​ម្ហូប​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

អែលឌើរ​កូឡាស​បាន​និយាយ​ថា « ខ្ញុំ​ចង់​សាក​ម្ហូប​នឹង​ណាស់ » ។ គាត់ និង​អែលឌើរ​យូសាគី បាន​ចូលក្នុង​ផ្ទះ ហើយ​អង្គុយ​នៅលើ​កម្រាល​ឥដ្ឋ ។ ដាស្សានែល បងប្រុស​របស់នាង និង​បងស្រី រួមទាំង​ម៉ាក់ បាន​អង្គុយ​ទល់​មុខ​ពួកគាត់ ។

ដាស្សានែល​បាន​សួរ « តើ​យើង​នឹង​ធ្វើអ្វី​សម្រាប់​មេរៀន​ថ្ងៃនេះ ? » ។

អែលឌើរ​យូសាគី​បាន​ទាញ​ពែង​ក្រដាស​មួយ​ដុំ​ចេញមក ។ « យើង​នឹង​សង់​ប៉ម​នៃ​សេចក្ដី​ជំនឿ ។ ពែង​ក្រដាស​នីមួយៗ​ទាំងនេះ​តំណាង​ឲ្យ​អ្វីដែល​យើង​អាចធ្វើ ដើម្បី​ស្ថាបនា​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ។

អែលឌើរ​យូសាគី​បាន​ចាប់ផ្ដើម​តម្រួត​ពែង​ទៅជា​ប៉ម​មួយ ។ ដាស្សានែល​បាន​ឃើញ​ថា​ពែង​ទាំងនោះ​មាន​ពាក្យ​ដូចជា « អធិស្ឋាន » «ការសិក្សា​ព្រះគម្ពីរ » និង « ព្រះវិហារ » សរសេរ​លើវា ។

នាង​បាន​និយាយថា « ទាំងអស់​នេះ​ជា​អ្វី​ដែល​អែលឌើរ​បាន​សុំ​ឲ្យ​ពួកយើង​ធ្វើ​ជា​គ្រួសារ » ។

អែលឌើរ កូឡាស បាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ » ។ « នៅ​ពេល​បងប្អូន​ធ្វើ​រឿង​ទាំងនេះ បងប្អូន​កំពុង​តែ​សង់​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវគ្រីស្ទ​ហើយ » ។

ដាស្សានែល និង​បងប្អូន​របស់​នាង​ឆ្លាស់​វេនគ្នា​សង់​ប៉ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាមួយ​នឹង​ពែង​ទាំងនោះ អំឡុងពេល​ដែល​ពួកគេ​ស្តាប់​មេរៀន ។

បន្ទាប់ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចេញទៅ ដាស្សានែល​បាន​គិត​ពីអ្វី​ដែល​ពួកគាត់​បាន​បង្រៀន ។ នាង​ចង់ឲ្យ​សេចក្ដី​ជំនឿ​របស់​នាង​ទៅលើ​ព្រះគ្រីស្ទ​ខ្ពស់ ហើយ​រឹងមាំ​ដូច​ប៉ម​ដែល​នាង​បាន​សង់​នោះដែរ ។

ជា​ច្រើន​ខែ​កន្លងមក ដាស្សានែល​បាន​រៀន​ច្រើនទៅៗ​ពី​ដំណឹងល្អ​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។ នាង​បន្ត​ទៅ​ព្រះវិហារ​ជាមួយ​គ្រួសារ​របស់​នាង ។ នាង​ស្រមៃ​ឃើញ​ប៉ម​នៃ​សេចក្ដី​ជំនឿ​របស់​នាង​ខ្ពស់ទៅៗ ។

ថ្ងៃ​មួយ​បន្ទាប់ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចាកចេញ​ទៅ ដាស្សានែល​បាន​និយាយ​ជាមួយ​ម៉ាក់ ។ នាង​បាន​សួរ « តើ​ខ្ញុំ​អាច​ជ្រមុជ​ទឹក​បាន​ទេ ? » ។

ម៉ាក់​បាន​សួរ ថា « តើ​កូន​ប្រាកដ​ទេ ថា​កូន​ត្រៀមខ្លួន​រួចហើយ ? » ។

ដាស្សានែល បាន​ឆ្លើយ​ថា « ចាស » ។ « ខ្ញុំ​ចង់​ធ្វើ​តាម​ព្រះយេស៊ូវ » ។

ម៉ាក់​បាន​ឆ្លើយថា « យល់ព្រម » ។ « បើ​កូន​ចង់ កូន​អាច​ជ្រមុជទឹក​បាន » ។

បងប្រុស និង​បងស្រី​របស់​ដាស្សានែល​ក៏​បាន​ជ្រើសរើស​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ផងដែរ ។ ម៉ាក់​បាន​និយាយ​ថា​គាត់​មាន​អារម្មណ៍​ថា​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​នៅឡើយ​ទេ ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​កុមារី

នៅថ្ងៃ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ដាស្សានែល និង​បងប្អូន​របស់​នាង​ស្លៀក​សម្លៀកបំពាក់​ពណ៌ស ។ ពួកគេ​ម្នាក់ៗ​រង់ចាំ​យ៉ាង​អត់ធ្មត់​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។

នៅពេល​ដល់​វេន​របស់​ដាស្សានែល អែលឌើរ​យូសាគី​បាន​ជួយ​នាង​ចុះក្នុង​ទឹក ។ បន្ទាប់​មក គាត់​បាន​ពោល​ពាក្យ​អធិស្ឋាន​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បន្ទាប​នាង​ចុះ​ទៅក្នុង​ទឹក ។ នៅ​ពេល​ដាស្សានែល​ងើប​ឡើងវិញ នាង​ញញឹម​មិនឈប់​សោះ ! នាង​មាន​អារម្មណ៍​រីករាយ ហើយ​ជ្រះថ្លា ។ នាង​មិន​ចង់​បំភ្លេច​អារម្មណ៍​នេះ​ឡើយ ។

ដាស្សានែល​បន្ត​ធ្វើ​រឿង​ដែល​សង់​សេចក្តី​ជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នាង​បាន​អាន​ព្រះគម្ពីរ​ជាមួយ​គ្រួសារ​របស់​នាង ។ នាង​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ នាង​បាន​ធ្វើ​អំពើ​ល្អ​សម្រាប់​អ្នកដទៃ​ទៀត ។ ហើយ​នាង​បាន​ចងចាំ​ពី​អារម្មណ៍​ដែល​នាង​មាន​នៅពេល​នាង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ នាង​ចង់ឲ្យ​ម៉ាក់​មាន​អារម្មណ៍​បែប​នោះ​ដែរ ។

ថ្ងៃ​មួយ​ដាស្សានែល​បាន​សួរ​ទៅ​ម្តាយ​នាងថា « ម៉ាក់ ហេតុអ្វី​ម៉ាក់​អត់​ទទួល​បុណ្យជ្រមុជ​ទឹក ? » ។

ម៉ាក់​បាន​នៅ​ស្ងៀម​មួយ​សម្ទុះ ។ ម៉ាក់​បាន​តបថា « កូន​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ម៉ាក់ ។ ឥឡូវ​ម៉ាក់​ត្រូវតែ​ធ្វើជា​គំរូ​ដល់​កូន » ។ « ម៉ាក់​ចង់​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ដែរ » ។

នៅថ្ងៃ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ម៉ាក់ ដាស្សានែល​សប្បាយចិត្ត​ណាស់ ។ នៅ​ពេល​ម៉ាក់​ងើប​ឡើង​ពីទឹក​វិញ ទាំងអស់គ្នា​បាន​ញញឹម ។ ឥឡូវ​គ្រួសារ​របស់​ដាស្សានែល​ទាំងមូល​អាច​សង់ប៉ម​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ជាមួយគ្នា​ហើយ ។

រូបភាព
ដំណើររឿងជា PDF

រចនារូបភាព​ដោយ អាលីហ្សា ថាលិនថ៍