ឆ្នាំ ២០២៣
សៀវភៅ​ដាយណូស័រ
ខែ មីនា ឆ្នាំ ២០២៣


« សៀវភៅ​ដាយណូស័រ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ២២–២៣ ។

សៀវភៅ​ដាយណូស័រ

សូហ្វៀ ធ្វើ​មុខ​ស្រពោន ។ ហេតុអ្វី​ក៏​នាង​មិនអាច​ចូលចិត្ត​ដាយណូស័រ​ដែរ​អ៊ីចឹង ?

រូបភាព
ក្មេងប្រុស​កំពុង​និយាយ​នឹង​ក្មេងស្រី​ដែល​កំពុង​កាន់​សៀវភៅ​មួយក្បាល

សូហ្វៀ និង​អាលី គឺជា​កូនភ្លោះ ហើយ​ពួកគេ​គឺជា​មិត្តសម្លាញ់​ផងដែរ ។ ពួកគេ​ចូលចិត្ត​របស់​ផ្សេងគ្នា ប៉ុន្តែ​នោះ​ឲ្យ​វា​កាន់​តែ​សប្បាយ​រីកយ ! ពួកគេ​ចូលចិត្ត​លេង​ជាមួយគ្នា ។

មានថ្ងៃ​មួយ​នៅឯ​សាលារៀន សូហ្វៀ បាន​ខ្ចី​សៀវភៅ​មួយ​អំពី​ដាយណូស័រ​មកពី​បណ្ណាល័យ ។ នាង​រំភើបចិត្ត​ណាស់​ក្នុង​ការបង្ហាញ​សៀវភៅ​នោះ​ទៅ អាលី ។

ក្មេង​ប្រុស​ម្នាក់​ក្នុង​ថ្នាក់​របស់​នាង ឈ្មោះ ធីមមី​បាន​និយាយថា « ឯង​មិន​អាច​អាន​សៀវភៅ​នោះទេ » ។

« ហេតុអ្វី​ទៅ ? » សូហ្វៀ​បានសួរ ។

ធីមមី​និយាយថា « វា​គឺជា​សៀវភៅ​សម្រាប់​ក្មេងប្រុស​ទេ » ។ « ដាយណូស័រ​គឺ​សម្រាប់​តែ​ក្មេងប្រុស » ។

សូហ្វៀ ធ្វើ​មុខ​ស្រពោន ។ ហេតុអ្វី​ក៏​នាង​មិនអាច​ចូលចិត្ត​ដាយណូស័រ​ដែរ​អ៊ីចឹង ? នាង​បាន​ដាក់​សៀវភៅ​ទៅក្នុង​កាបូប​របស់​នាង ។ នាង​នឹង​អាន​សៀវភៅ​នោះ​ទោះជា​យ៉ាងណា​ក៏ដោយ ។

ពេញ​មួយ​ថ្ងៃ សូហ្វៀ​បាន​គិត​អំពី​អ្វីដែល​ធីមមី​បាននិយាយ ។ នាង​នៅតែ​មាន​អារម្មណ៍​តូចចិត្ត​នៅពេល​នាង​ចេញ​ពី​សាលា​ទៅដល់​ផ្ទះ ។

« មាន​រឿងអី ?» ម៉ាក់​បានសួរ ។

សូហ្វៀ បាន​និយាយ « ធីមមី បាន​និយាយាថា​ខ្ញុំ​មិន​អាច​អាន​សៀវភៅ​អំពី​ដាយណូស័រ​បានទេ » ។ គាត់​និយាយថា​ដាយណូស័រ​គឺ​សម្រាប់​តែ​ក្មេងប្រុស​ទេ ។ វា​មិន​ពិតទេ​មែនទេ ? »

ម៉ាក់​បានឆ្លើយ « ប្រាកដហើយ វា​មិន​ពិតទេ » ។

សូហ្វៀ​បាន​ឈ្ងោក​មុខ​ចុះ ។ « ចុះ​ហេតុអ្វី​បាន​ជា​ធីមមី​និយាយ​ដូច្នោះ ? »

« ប្រហែល​ជា​ក្មេង​នោះ​មិន​ស្គាល់​ក្មេងស្រី​ណា​ចូលចិត្ត​ដាយណូស័រ​ទេដឹង » ម៉ាក់​និយាយ ។ « ប៉ុន្តែ​ព្រះវរបិតាសួគ៌​មិនបាន​បង្កើត​យើង​ទាំងអស់​ដូចៗ​គ្នា​នោះទេ ។ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សន្តាន​ចិត្តល្អ​ចំពោះ​គ្នាទៅវិញ​ទៅមក » ។

ម៉ាក់​បាន​ឱប​សូហ្វៀ ។ « ម៉ាក់​សោកស្តាយ​ដែល​ធីមមី ធ្វើ​ដាក់​កូន​បែបនោះ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​ស្រឡាញ់​កូន ។ ហើយ​ម៉ាក់​ក៏​ស្រឡាញ់​កូន​ផងដែរ » ។

សូហ្វៀ និយាយ​ថា « អរគុណ ម៉ាក់ » ។ នាង​មាន​អារម្មណ៍​ល្អ​បន្តិច​ហើយ​ពេលនេះ ។

« ម៉ាក់​នឹង​ទៅ​និយាយ​ជាមួយនឹង​គ្រូ​របស់​កូន​អំពី​រឿងនេះ បាន​ទេ ? » ម៉ាក់​បាន​និយាយ ។

សូហ្វៀ បាន​ងក់ក្បាល​យល់ព្រម ។ « ចាស​ម៉ាក់ » ។

សូហ្វៀ​បាន​ទៅ​លេង​ជាមួយ អាលី ។ ពួកគេ​បាន​បង្កើត​ល្បែង​មួយ​ហៅថា​អ្នកប្រណាំង​មហាក្សត្រី​ដ៏អស្ចារ្យ ដែល​តុក្តា​របស់ អាលី គឺជា​អ្នក​បើកឡាន​ប្រណាំង ។ រៀប​នឹង​ឈ្នះ​ទៅហើយ ប៉ុន្តែ ព្រះនាង​ខ្លា​រន្ទះ គឺ​ជា​អ្នក​ឈ្នះ ! សូហ្វៀ និង​អាលី​បាន​ស្រែក​អបអរ ។

« ចង់​ឃើញ​សៀវភៅ​ដាយណូស័រ​ដែល​ខ្ញុំ​ខ្ចី​នៅ​ថ្ងៃ​នេះទេ ? » សូហ្វៀ​បានសួរ ។

« ចង់ ! » អាលី​បាន​តប ។

សូហ្វៀ ញញឹម ។ នាង​សប្បាយចិត្ត​ដែល​នាង​តែងតែ​រីករាយ​ជាមួយ​អាលី ។

ថ្ងៃ​ស្អែក​ឡើង គ្រូបង្រៀន​របស់​សូហ្វៀ​មាន​ការប្រកាស​មួយ ។ « សិស្ស​ទាំងអស់​គ្នា » អ្នកគ្រូ​បាននិយាយ​ថា « មាន​រឿងមួយ​អ្នកគ្រូ​ចង់​ប្រាប់​កូនៗ ។ វា​មិន​ថ្វី​ទេ ដែល​យើង​ចូលចិត្ត​របស់​ផ្សេងគ្នា ។ សៀវភៅ និង​របស់​លេង​ទាំងអស់នេះ​គឺ​សម្រាប់​កូនៗ​ទាំងអស់គ្នា » ។

សូហ្វៀ​រំភើប​ខ្លាំង​ណាស់ ! នៅ​ម៉ោង​អំណាន នាង​បាន​យក​សៀវភៅ​ដាយណូស័រ​ចេញពី​កាបូប​របស់​នាង ។

ធីមមី​បាន​មក​តុ​របស់​សូហ្វៀ ។ ធីមមី បាន​និយាយថា « ខ្ញុំ​សុំ​ទោស​ដែល​និយាយ​ថា​ឯង​មិន​អាច​អាន​សៀវភៅ​អំពី​ដាយណូស័រ​បាន » ។ « ខ្ញុំ​ក៏​ចូលចិត្ត​សត្វ​ដាយណូស័រ​ផងដែរ »

សូហ្វៀ​បាន​និយាយ​ថា « មិន​អីទេ » ។ « តើ​ឯង​ចង់អាន​ជាមួយ​នឹង​ខ្ញុំ​ទេ ? »

« ចង់ ! » ធីមមី បាន​អង្គុយ​ចុះ​ក្បែរ​សូហ្វៀ ។ « អរគុណ » ។

សូហ្វៀ បាន​បើក​សៀវភៅ​នោះ ។ សូហ្វៀ និង​ធីមមី​ខុសគ្នា ប៉ុន្តែ​វា​ជាការល្អ​ក្នុង​ការ​ចែករំលែក​ជាមួយ​មិត្តថ្មី ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
story PDF

រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន