ឆ្នាំ ២០២៣
ការរក្សា​ការសន្យា​របស់​គាត់
ខែ មីនា ឆ្នាំ ២០២៣


« ការរក្សា​ការសន្យា​របស់​គាត់ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។

ការរក្សា​ការសន្យា​របស់​គាត់

ខ្ញុំ​បាន​កុហក​ប៉ា ។ ឥឡូវ​ម៉េច ?

រឿង​នេះ​បាន​កើតឡើង​នៅប្រទេស​ហ្គាណា ។

រូបភាព
ក្មេងប្រុស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក

« ប្រាំមួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ទំរាំ​ដល់​ថ្ងៃ​​ទទួល​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ! » ហេពីនេស​បាននិយាយ ។ ថ្ងៃ​នោះ​ជិត​មកដល់​ហើយ !

ប៉ា​បាន​សួរ « តើ​កូនត្រៀម​ហើយ ឬនៅ ?»

ហេពីនេស បាន​ឆ្លើយ​ថា « ខ្ញុំ​គិតថា​ត្រៀម​រួចហើយ » ។

ប៉ា​បាន​និយាយ​ថា « នៅពេល​កូន​ជ្រមុជទឹក កូន​ចុះ​សេចក្តីសញ្ញា​មួយ » ។ តើ​កូន​នៅចាំ​ថា​វា​មាន​ន័យ​យ៉ាង​ណា​ទេ ?

វា​គឺជា​ការសន្យា​មួយ មែនទេ ? »

ប៉ា​បាន​ងក់​ក្បាល ។ « បាទ ! កូន​សន្យា​ថា​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​គោរព​ព្រះបញ្ញត្តិ ទាំងឡាយ ។ ព្រះវរបិតាសួគ៌​សន្យា​ថា​នឹង​ប្រទានពរ ហើយ​ជួយ​ដល់​កូន ។

ហេពីនេស​ញញឹម ។ គាត់​បាន​ដឹងថា​វា​គឺជា​ការសន្យា​ដ៏​សំខាន់​មួយ ។ គាត់​មាន​ចិត្ត​រីករាយ​ដើម្បី​ចុះ​សេចក្តី​សញ្ញា​នេះ !

នៅទីបំផុត ថ្ងៃ​ទទួល​បុណ្យជ្រមុជទឹក​បាន​មក​ដល់ ។ ហេពីនេស បាន​ផ្លាស់​សម្លៀក​បំពាក់​មកសម្លៀក​បំពាក់​ពណ៌ស ។ កូនក្មេង​ពីរនាក់​ទៀត​ក៏​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។ ពួកគេ​មើល​គេ​ដាក់ទឹក​ក្នុង​អាង​ជ្រមុជទឹក ។

ពេល​ដល់​វេន​របស់​គាត់ ហេពីនេស និង​ប៉ា​បាន​ចុះ​ទៅក្នុង​អាងទឹក ។ ប៉ា​បាន​ពោលពាក្យ​ការអធិស្ឋាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។ បន្ទាប់មក ហេពីនេស បិទ​ច្រមុះ​របស់​គាត់ ហើយ​ប៉ា​ក៏​ជ្រមុជ​គាត់​ចូលទៅ​ក្នុង​ទឹក ។។

នៅ​ពេល​គាត់​ងើបឡើងវិញ ហេពីនេស​មាន​អារម្មណ៏​ល្អ​ក្នុង​ចិត្ត ! គាត់​ចង់​រក្សា​ការសន្យា​របស់​គាត់​ក្នុង​ការដើរ​តាម​ព្រះយេស៊ូវ ។ គាត់​ចង់​មាន​អារម្មណ៏​ស្អាត និង​សប្បាយ​បែប​នេះ​ជានិច្ច ។ គាត់​មិន​ចង់​ធ្វើ​ការ​ជ្រើសរើស​ខុស​ម្តងទៀត​ឡើយ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ហេពីនេស ភ្ញាក់ឡើង ហើយ​បើក​ម៉ាស៊ីន​កម្តៅ​ទឹក​ដើម្បី​គាត់​ងូតទឹក ។ វា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ឲ្យ​ទឹក​ឡើង​កម្តៅ ។ ដូច្នេះ ហេពីនេស បាន​បើក​ទូរទស្សន៍ ។ គាត់​ចង់​មើល​គំនូរ​ជីវចល​ពេល​គាត់​កំពុង​រង់ចាំ ។

ហេពីនេស សើច​នៅពេល​គាត់​មើល​សត្វ​និយាយ​នៅលើ​អេក្រង់ ។ កម្មវិធី​នេះ​កំប្លែង​ណាស់ ! មិន​យូរ​ប៉ុន្មាន​គាត់​បាន​ភ្លេច​អំពី​ម៉ាស៊ីន​កម្តៅ​ទឹក ។

ប្រហែល​ជា​មួយម៉ោង​ក្រោយមក ប៉ា​បាន​ដើរចូល​មក​ក្នុង​បន្ទប់ ។ គាត់​បានសួរ « តើ​ម៉ាស៊ីន​កម្តៅទឹក​បើក​យូរប៉ុណ្ណា​ហើយ ? »

ហេពីនេស​បាន​ងើប​មុខ​ឡើង ។ គាត់​បាន​មើល​ទូរទស្សន៍​យូរ​ជាង​គាត់​ចង់​មើលទៅ​ទៀត !

ហេពីនេស​និយាយ « មិន​យូរ​ប៉ុន្មាន​ទេ ។ តែ​ពីរបី​នាទី​ប៉ុណ្ណោះ » ។ គាត់​បាន​បិទ​ទូរទស្សន៍ ហើយ​រត់​ទៅ​មុជទឹក ។

ប៉ុន្តែ​ពេញ​មួយថ្ងៃ ហេពីនេស​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ចិត្ត​សោះ ។ ក្រោយ​ពី​ទទួល​បុណ្យ​ជ្រមុជទឹក​ហើយ គាត់​មិន​ចង់​ធ្វើ​​ខុស​ទេ ។ ប៉ុន្តែ​គាត់​ទើប​បាន​កុហក​ប៉ា !

រូបភាព
ក្មេងប្រុស​ដាក់ដៃ​លើ​ក្បាល​របស់​គាត់

ហេពីនេស​ដក​ដង្ហើម​ធំ ។ គាត់​បាន​ដឹង​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ។

ហេពីនេស​និយាយ « ប៉ា​អើយ ។ កូន​បាន​និយាយ​កុហក​រឿង​មួយ ។ កូន​បាន​បើក​ម៉ាស៊ីន​កម្តៅទឹក​យូរ​ខ្លាំង​ណាស់ ប៉ុន្តែ​កូន​មិន​មាន​បំណងទេ ។ កូន​សូមទោស ! »!

ប៉ា​បាន​និយាយ​ថា « វា​មិន​អី​ទេ ។ អរគុណ​កូន​ដែល​ប្រាប់​ប៉ា » ។

ហេពីនេស​បាន​និយាយ​ថា « កូន​មាន​អារម្មណ៏​មិនល្អ​ទេ​ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​ខុស​ការសន្យា​នៃ​បុណ្យ​ជ្រមុជទឹក​របស់​កូន » ។

ប៉ា​បាន​អង្គុយចុះ​ជាមួយ ហេពីនេស នៅលើ​សាឡុង ។ « នៅ​ពេល​កូន​ទទួល​បុណ្យ​ជ្រមុជទឹក​ កូន​មិន​បាន​សន្យា​ថា​នឹង​ល្អ​ឥតខ្ចោះ​ទេ។ កូន​បាន​សន្យា​នឹង​ព្យាយាម​កាន់តែ​ខ្លាំងឡើង​ក្នុង​ការដើរ​តាម​ព្រះយេស៊ូវ » ។

ហេពីនេស​បាន​ងក់ក្បាល ។ វា​បាន​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ធូរចិត្ត​បន្តិច ។

« ហើយ​តើ​កូន​ដឹង​ថា​កូន​អាច​ធ្វើ​អ្វី​បាន​នៅ​ពេល​ដែល​កូន​ធ្វើ​ការជ្រើសរើស​ខុស ? » ប៉ា​សួរ ។

« ប្រែចិត្ត »​ហេពីនេស តប ។

« ត្រូវ​ហើយ ! នៅ​ពេល​យើង​ប្រែចិត្ត នោះ​ព្រះវរបិតាសួគ៌​អភ័យទាស​ដល់​យើង ។ បន្ទាប់មក​យើង​អាច​បាន​ជម្រះ​ស្អាត​ដូច​កាល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក​អ៊ីចឹង​ដែរ ។ ការប្រែចិត្ត គឺជា ផ្នែក នៃ​ការរក្សា​ការសន្យា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​កូន » ។

ហេពីនេស​សើចស្ញាញ ។ « កូន​នឹង​អធិស្ឋាន ហើយ​ទូល​សូម​ការអភ័យ​ទោស​ពី​ព្រះវរបិតាសួគ៌ ។ គាត់​រីករាយ​ដែល​គាត់​អាច​រក្សា​ការសន្យា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​គាត់ ។

រូបភាព
ក្មេងប្រុស​ម្នាក់​កំពុង​លុតជង្គង់​អធិស្ឋាន
រូបភាព
story PDF

រចនា​រូបភាព​ដោយ ម៉ាកគី ប៉ាមីនធួន