ឆ្នាំ ២០២៣
រត់​តម្រង់ទៅ​រក​ពន្លឺ
ខែ មីនា ឆ្នាំ ២០២៣


« រត់​តម្រង់ទៅ​រក​ពន្លឺ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៣២–៣៣ ។

មិត្ត​ទៅ​កាន់​មិត្ត

រត់​តម្រង់ទៅ​រក​ពន្លឺ

កែសម្រួល​មកពី « Running toward the Light » ( វីដេអូ ) នៅលើ​គេហទំព័រChurchofJesusChrist.org ។

រូបភាព
ក្មេងប្រុសរត់​ស្ពាយ​កាបូប​​ពី​ក្រោយ​ខ្នង

រចនា​រូបភាព​ដោយ អ័ដាម នីកែល

ខ្ញុំ​បាន​ធំដឹង​ក្ដី​ឡើងនៅ​ផ្នែក​មួយ​ដ៏​គ្រោះថ្នាក់​នៅក្នុង​ទីក្រុង​ដ៏ធំ​មួយ ។ ថ្ងៃមួយ​ខ្ញុំ​កំពុង​ដើរ​ទៅ​សាលារៀន​ដោយ​មាន​លុយ​ខ្លះ​នៅក្នុង​ហោប៉ៅ​របស់ខ្ញុំ ។ កាក់​លោតចុះឡើង​ពេល​ខ្ញុំ​ដើរ ។

ខ្ញុំ​ត្រូវ​ដើរកាត់​ក្មេងប្រុស​ធំៗ​មួយចំនួន​ដែល​នៅក្នុង​ក្រុម​ក្មេង​ទំនើង ។ ខ្ញុំ​បាន​ព្យាយាម​ឲ្យ​ធ្វើ​ជា​មាន​ភាព​រឹងមាំ ។ ខ្ញុំ​បាន​ព្យាយាម​មិន​ខ្លាច ។ ប៉ុន្តែ​ពួកគេ​បាន​ឮ​សំឡេង​កាក់​ក្រឹកៗ ។ ពួកគេ​ចង់​បាន​កាក់ ហើយ​បាន​ចាប់​ផ្ដើម​ដេញ​តាម​ខ្ញុំ ។

ខ្ញុំ​បាន​រត់​គេច​ចេញ​យ៉ាងលឿន​អស់ពី​សមត្ថភាព ។ ខ្ញុំ​បាន​រត់​កាត់​តាម​ច្រក​ផ្លូវ​តូច​មួយ ។ ខ្ញុំ​អាច​មើល​ឃើញ​ពន្លឺ​នៅ​ខាង​ចុង​ច្រក​ផ្លូវ​តូចនោះ ដូច្នោះ​ខ្ញុំ​បាន​រត់​តម្រង់ទៅ​រក​ពន្លឺ​នោះ ។ មិនយូរ​ប៉ុន្មាន ពួកគេ​បាន​ឈប់​ដេញ​តាម​ខ្ញុំ ហើយ​ខ្ញុំ​បាន​មាន​សុវត្ថិភាព ។

ការណ៍​នេះ​បាន​ក្លាយ​ទៅជា​លំនាំ​មួយ​នៅក្នុង​ជីរិត​របស់​ខ្ញុំ ។ ខ្ញុំ​រត់ចេញ​ពីអ្វី​ដែល​អាក្រក់ ហើយ​ខ្ញុំ​ស្វែងរក​អ្វី​ដែលល្អ ។ ពេលខ្លះ​ខ្ញុំ​បាក់​ទឹកចិត្ត ប៉ុន្តែ​ខ្ញុំ​នៅតែ​ព្យាយាម​ស្វែងរក​ពន្លឺ ។

ពេល​ខ្ញុំ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​លេង​នៅ​ក្រុម​បាល់បោះ ។ មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ភាគច្រើន​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ខ្ញុំ​បាន​រៀន​អំពី​ដំណឹងល្អ​មកពី​ពួកគេ ។ ខ្ញុំ​បាន​រៀន​ថា​ខ្ញុំ​គឺជា​កូន​របស់​ព្រះ ។ នោះ​មាន​ន័យថា​ខ្ញុំ​អាច​យក​ឈ្នះលើ​ការពុះពារ​របស់​ខ្ញុំ ហើយ​កាន់តែ​ប្រសើរឡើង ។ ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ ចាប់តាំង​ពីពេល​នោះមក ខ្ញុំ​បាន​ព្យាយាម​រាល់ថ្ងៃ​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ក្មួយៗ​ក៏​អាច​ធ្វើ​បាន​ផងដែរ ។

ពេល​ក្មួយៗ​រត់​តម្រង់​ទៅ​រក​ពន្លឺ នោះ​មាន​ក្តីសង្ឃឹម ។ ក្មួយ​ដឹង​ថា​ក្មួយ​កំពុងរត់​ទៅរក​កម្លាំង សេចក្តីសុខសាន្ត និង​សុភមង្គល ។ យើង​ទាំងអស់គ្នា​ត្រូវ​រត់​តម្រង់ទៅ​រក​ពន្លឺ ។

កីឡា​បាល់បោះ​សប្បាយៗ

រូបភាព
សកម្មភាព​ដណ្តើម​បាល់បោះ

អែលឌើរ ចនសុន បាន​រៀន​អំពី​ដំណឹងល្អ ខណៈពេល​កំពុង​លេង​បាល់បោះ ។ ឥឡូវ ដល់​វេន​ប្អូនៗ​ហើយ !

  1. សូម​កាត់​រាង​ការ៉េ​ដូច​ខាងក្រោម​នេះ ហើយ​ច្របាច់​វា​ឲ្យ​ទៅជា​រាង​បាល់ ។

  2. សូម​ប្តូរវេន​គ្នា​បោះបាល់​ចូលទៅ​ក្នុង​ចាន ។

  3. ពេល​បាល់​ធ្លាក់​ចូល​ទៅក្នុង​ចាន សូម​បើក​ក្រដាស ហើយ​ឆ្លើយ​សំណួរ !

  • តើ​មាន​វិធី​ណា​មួយ​ដែល​ប្អូន​អាច​ធ្វើ​តាម​ព្រះវរបិតាសួគ៌ ?

  • តើ​ប្អូន​បាន​ជ្រើសរើស​ត្រឹមត្រូវ​ពេលណា ?

  • តើ​ប្អូន​មើលឃើញ​ពន្លឺ​របស់​ព្រះវរបិតាសួគ៌​ក្នុង​ជីវិត​ប្អូន​ដោយ​របៀបណា ?

  • តើ​អ្វី​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ ?

  • តើ​ប្អូន​អាច​ចែកចាយ​ពន្លឺ​របស់​ព្រះវរបិតាសួគ៌​ជាមួយ​នឹង​មនុស្ស​ដទៃ​បាន​ដោយ​របៀបណា ?

  • សូម​សរសេរ​សំណួរ​របស់​ប្អូនៗ​ផ្ទាល់ !