ព្រះគម្ពីរ
មរ៉ូណៃ 7


ជំពូក​ទី ៧

ការ​អញ្ជើញ​សូម​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ — ចូរ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត — ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ធ្វើ​ឲ្យ​មនុស្ស​ដឹង​ខុស និង​ត្រូវ — អារក្ស​សាតាំង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​បដិសេធ​ព្រះ​គ្រីស្ទ ហើយ​ធ្វើ​អំពើ​អាក្រក់ — ពួក​ព្យាការី​សម្ដែង​ប្រាប់​ពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ — ដោយ​សេចក្ដី​ជំនឿ ទើប​អព្ភូតហេតុ​ទាំង​ឡាយ​ត្រូវ​បាន​សម្ដែង​ឡើង ហើយ​ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ — មនុស្ស​ត្រូវ​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​កាន់​ជាប់​នូវ​សេចក្ដី​សប្បុរស។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ហើយ​ឥឡូវ​នេះ ខ្ញុំ​មរ៉ូណៃ សរសេរ​បន្តិច​អំពី​ពាក្យ​ពេចន៍​របស់​ឪពុក​ខ្ញុំ គឺ​មរមន ដែល​លោក​បាន​និយាយ​អំពី​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ត្បិត​តាម​បែប​នេះ​ហើយ​ដែល​លោក​បាន​និយាយ​ទៅ​កាន់​ប្រជាជន នៅ​ពេល​លោក​បាន​បង្រៀន​ពួក​គេ​នៅ​ក្នុង​សាលា​ប្រជុំ ដែល​ពួក​គេ​បាន​សង់​ឡើង ជាទី​កន្លែង​សម្រាប់​ថ្វាយ​បង្គំ។

ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​មរមន សូម​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហើយ​គឺ​ដោយ​ព្រះ​គុណ​នៃ​ព្រះ​វរបិតា និង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​របស់​យើង​រាល់​គ្នា និង​ព្រះ​ហឫទ័យ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ គឺ​មក​ពី​អំណោយទាន​នៃ​ការ​ហៅ​របស់​ទ្រង់​ដល់​ខ្ញុំ ទើប​ខ្ញុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ។

ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​សាសនាចក្រ​នេះ ដែល​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​សុខសាន្ត ហើយ​ដែល​បាន​ទទួល​សេចក្ដី​សង្ឃឹម​គ្រប់​គ្រាន់ ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ជាមួយ​នឹង​ទ្រង់​នៅ​ឯ​ស្ថានសួគ៌។

ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ខ្ញុំ​វិនិច្ឆ័យ​ការណ៍​ទាំង​នេះ​អំពី​បង​ប្អូន ពី​ព្រោះ​តែ​ដំណើរ​ដ៏​សុខសាន្ត​របស់​បង​ប្អូន​ជាមួយ​នឹង​កូន​ចៅ​មនុស្ស។

ត្បិត​ខ្ញុំ​នឹក​ចាំ​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​ចែង​ថា ដោយ​កិច្ចការ​របស់​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ហើយ ត្បិត​បើ​សិន​ជា​កិច្ចការ​របស់​គេ​ល្អ នោះ​ពួក​គេ​ក៏​ជា​មនុស្ស​ល្អ​ដែរ។

ត្បិត​មើល​ចុះ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មនុស្ស​ណា​ដែល​អាក្រក់​ពុំ​អាច​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បាន​ឡើយ ត្បិត​បើ​សិន​ជា​គេ​ថ្វាយ​ដង្វាយ ឬ​អធិស្ឋាន​ដល់​ព្រះ លើក​លែង​តែ​គេ​ធ្វើ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ការណ៍​នោះ​នឹង​ពុំ​នាំ​ផល​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ​ឡើយ។

ត្បិត​មើល​ចុះ គឺ​នឹង​ពុំ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សេចក្ដី​សុចរិត​ដល់​អ្នក​នោះ​ឡើយ។

ត្បិត​មើល​ចុះ បើ​សិន​ជា​មនុស្ស​ណា​ដែល​អាក្រក់​ឲ្យ​ទាន អ្នក​នោះ​ឲ្យ​ដោយ​ទើសទាល់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា ដូច​ជា​ទុក​ទាន​នោះ​វិញ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អាក្រក់​នៅ​ចំពោះ​ព្រះ។

ហើយ​ក៏​យ៉ាង​ដូច្នោះ​ដែរ គេ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាក្រក់ បើ​សិន​ជា​គេ​អធិស្ឋាន ហើយ​បើ​មិន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ មែន​ហើយ ការ​អធិស្ឋាន​នោះ​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​ដល់​ជន​នោះ​ឡើយ ត្បិត​ព្រះ​ទ្រង់​ពុំ​ទទួល​មនុស្ស​បែប​នេះ​ទេ។

១០ហេតុ​ដូច្នោះ​ហើយ មនុស្ស​ណា​ដែល​អាក្រក់ នោះ​ពុំ​អាច​ធ្វើ​អ្វី​ដែល​ល្អ​បាន​ឡើយ ហើយ​គេ​ក៏​ពុំ​ឲ្យ​ទាន​ល្អ​ដែរ។

១១ត្បិត​មើល​ចុះ រន្ធ​ទឹក​ល្វីង​ពុំ​អាច​ផ្ដល់​ទឹកសាប​បាន​ទេ រីឯ​រន្ធ​ទឹកសាប​ក៏​ពុំ​អាច​ផ្ដល់​ទឹក​ល្វីង​បាន​ដែរ ហេតុ​ដូច្នោះ​ហើយ មនុស្ស​ណា​ដែល​ជា​បាវ​បម្រើ​របស់​អារក្ស នោះ​ពុំ​អាច​ដើរ​តាម​ព្រះ​គ្រីស្ទ​បាន​ទេ ហើយ​បើ​សិន​ជា​គេ​ដើរ​តាម​ព្រះ​គ្រីស្ទ នោះ​គេ​ពុំ​អាច​ធ្វើ​ជា​បាវ​បម្រើ​របស់​អារក្ស​បាន​ដែរ។

១២ហេតុ​ដូច្នោះ​ហើយ អ្វី​ទាំង​អស់​ដែល​ល្អ កើត​មក​ពី​ព្រះ ហើយ​អ្វី​ដែល​អាក្រក់ កើត​មក​ពី​អារក្ស ត្បិត​អារក្ស​គឺជា​ខ្មាំងសត្រូវ​ដល់​ព្រះ ហើយ​ប្រឆាំង​នឹង​ទ្រង់​ឥត​ឈប់​ឈរ ហើយ​អញ្ជើញ និង​ញុះញង់​ឲ្យ​ធ្វើ​បាប ហើយ​ឲ្យ​ធ្វើ​អ្វី​ដែល​អាក្រក់​ឥត​ឈប់​ឈរ​សោះ​ឡើយ។

១៣ប៉ុន្តែ​មើល​ចុះ អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ ហេតុ​ដូច្នោះ​ហើយ អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ គឺ​ផុស​គំនិត​មក​ពី​ព្រះ។

១៤ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រយ័ត្ន​ចុះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ថា​អ្វី​ដែល​អាក្រក់​នោះ​មក​ពី​ព្រះ​ឡើយ ឬ​ក៏​ថា​អ្វី​ដែល​ល្អ ហើយ​មក​ពី​ព្រះ ទុកថា​មក​ពី​អារក្សនោះ​ឡើយ។

១៥ត្បិត​មើល​ចុះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ត្រូវ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​វិនិច្ឆ័យ ដើម្បី​ឲ្យ​អ្នក​ដឹង​ខុស និង​ត្រូវ ហើយ​វិធី​វិនិច្ឆ័យ​នោះ​ច្បាស់លាស់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ ហាក់​បី​ដូច​ជា​ពន្លឺ​ថ្ងៃ​ពី​យប់​ងងឹត។

១៦ត្បិត​មើល​ចុះ ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ត្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះ​ចេស្ដា និង​អំណោយទាន​នៃ​ព្រះ​គ្រីស្ទ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​ព្រះ។

១៧ប៉ុន្តែ​អ្វីៗ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ហើយ​មិន​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​បដិសេធ​ទ្រង់ ហើយ​មិន​បម្រើ​ព្រះ​ទេ នោះ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​អារក្ស ត្បិត​តាម​របៀប​នេះ​ហើយ ដែល​អារក្ស​ប្រព្រឹត្ត ត្បិត​វា​មិនដែល​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ធ្វើ​ល្អ​ឡើយ មិនដែល​ទេ សូម្បី​តែមួយ​ក៏​គ្មាន​សោះ ហើយ​ពួក​ទេវតា​វា​ក៏​មិនដែល​ដែរ ហើយ​ពួក​ដែល​ស្ដាប់​បង្គាប់​វា​ក៏​មិនដែល​ដែរ។

១៨ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា អ្នក​រាល់​គ្នា​ស្គាល់​នូវ​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ ឯ​ពន្លឺ​នោះ​គឺជា​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ នោះ​ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​វិនិច្ឆ័យ​ដោយ​ខុសឆ្គង​ឡើយ ត្បិត​ដោយ​ការ​វិនិច្ឆ័យ​ដដែល​នេះ ហើយ​ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​វិញ។

១៩ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ខុស និង​ត្រូវ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ហើយ​មិន​កាត់ទោស​របស់​ទាំង​នោះ​ទេ នោះ​អ្នក​ប្រាកដជា​កូន​នៃ​ព្រះ​គ្រីស្ទ​មែន។

២០ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​មាន​លទ្ធ​ភាព ហើយ​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ​បាន?

២១ហើយ​ឥឡូវ​នេះ ខ្ញុំ​និយាយ​ដល់​សេចក្ដី​ជំនឿ​ដែល​ខ្ញុំ​បាន​សន្យា​ថា ខ្ញុំ​នឹង​និយាយ​នោះ ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​មធ្យោបាយ ដែល​អ្នក​រាល់​គ្នា​អាច​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ។

២២ត្បិត​មើល​ចុះ ព្រះ​ទ្រង់​ជ្រាប​គ្រប់​រឿង​ទាំង​អស់ ចាប់​តាំង​ពី​ភាព​អស់​កល្ប​ជានិច្ច ទៅ​ភាព​អស់​កល្ប​ជានិច្ច មើល​ចុះ ទ្រង់​បាន​ចាត់​ឲ្យ​ពួក​ទេវតា​មក​ធ្វើ​ការងារ​បម្រើ​ដល់​កូន​ចៅ​មនុស្ស គឺ​ដើម្បី​មក​សម្ដែង​ឲ្យ​ដឹង អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ហើយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​អ្វី​ដែល​ល្អ​គ្រប់​យ៉ាង​នឹង​ចេញ​មក។

២៣ហើយ​ព្រះ​ទ្រង់​ក៏​ប្រកាស​ដល់​ពួក​ព្យាការី ដោយ​ព្រះ​ឱស្ឋ​ទ្រង់​ផ្ទាល់​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក។

២៤ហើយ​មើល​ចុះ មាន​មធ្យោបាយ​ជា​ច្រើន ដែល​ទ្រង់​បាន​សម្ដែង​ការណ៍​ផ្សេងៗ​ដល់​កូន​ចៅ​មនុស្ស ដែល​ជា​ការណ៍​ល្អ ហើយ​គ្រប់​អស់​ទាំង​ការណ៍​ណា​ដែល​ល្អ នោះ​ចេញ​មក​ពី​ព្រះ​គ្រីស្ទ បើ​ពុំ​នោះ​សោត​ទេ មនុស្ស​លោក​ត្រូវ​បាន​ធ្លាក់ ហើយ​នឹង​ពុំ​អាច​មាន​ការណ៍​ល្អ​ណា​កើត​ឡើង​ដល់​គេ​បាន​ឡើយ។

២៥ហេតុ​ដូច្នោះ​ហើយ ដោយ​ការងារ​បម្រើ​នៃ​ពួក​ទេវតា និង​ដោយ​គ្រប់​ពាក្យ​ទាំង​អស់ ដែល​ចេញ​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ នោះ​មនុស្ស​បាន​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ម្ល៉ោះ​ហើយ ដោយ​សេចក្ដី​ជំនឿ នោះ​ពួក​គេ​បាន​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ម្ល៉ោះ​ហើយ គឺ​យ៉ាង​ដូច្នោះ​ហើយ រហូត​ដល់​ព្រះ​គ្រីស្ទ​ទ្រង់​យាង​មក។

២៦ហើយ​បន្ទាប់​ពី​ទ្រង់​បាន​យាង​មក នោះ​មនុស្ស​លោក​ក៏​ត្រូវ​បាន​សង្គ្រោះ​ដោយ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​ដោយ​សេចក្ដី​ជំនឿ នោះ​ពួក​គេ​ក្លាយ​ទៅ​ជា​កូន​ព្រះ។ ហើយ​ប្រាកដ​ដូច​ជា​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​អយ្យកោ​យើង​ថា ៖ អ្វី​ក៏​ដោយ ដែល​អ្នក​សូម​ពី​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដែល​ជា​ការ​ល្អ ដោយ​នូវ​សេចក្ដី​ជំនឿ​ជឿ​ថា​អ្នក​នឹង​បាន​ទទួល មើល​ចុះ នោះ​នឹង​បាន​ប្រទាន​ឲ្យ​អ្នក។

២៧ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ ពី​ព្រោះ​ព្រះ​គ្រីស្ទ ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ហើយ​បាន​គង់នៅ​ខាង​ស្ដាំ​នៃ​ព្រះ ដើម្បី​សូម​ដល់​ព្រះ​វរបិតា​នូវ​សិទ្ធិ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​កូន​ចៅ​មនុស្ស​លោក?

២៨ត្បិត​ទ្រង់​បាន​ឆ្លើយតប​ចុង​បំផុត​នៃ​ក្រឹត្យ​វិន័យ ហើយ​ទ្រង់​បាន​ទទួល​យក​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់ នោះ​តោង​ទៅ​នឹង​អ្វី​ដែល​ល្អ​គ្រប់​យ៉ាង ហេតុ​ដូច្នោះ​ហើយ ទ្រង់​ជួយ​តវ៉ា ដើម្បី​ឧត្ដម​គតិ​របស់​កូន​ចៅ​មនុស្ស ហើយ​ទ្រង់​គង់នៅ​ដ៏​អស់​កល្ប​ជានិច្ច​នៅ​លើ​ស្ថានសួគ៌។

២៩ហើយ​ដោយ​សារ​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ រីឯ​ពួក​ទេវតា​ក៏​ពុំ​ឈប់​ធ្វើ​ការងារ​បម្រើ​ដល់​កូន​ចៅ​មនុស្ស​ដែរ។

៣០ត្បិត​មើល​ចុះ ពួក​ទេវតា​នៅ​ក្រោម​បង្គាប់​ទ្រង់ ដើម្បី​ធ្វើ​ការងារ​បម្រើ​តាម​ព្រះ​បន្ទូល​នៃ​បញ្ជា​របស់​ទ្រង់ ដោយ​បង្ហាញ​ខ្លួន​ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​មុតមាំ និង​គំនិត​ដ៏​មុះ​មុត នៅ​ក្នុង​គ្រប់​ទម្រង់​នៃ​ទេវ​ភាព។

៣១ឯមុខ​ងារ​នៃ​ការងារ​បម្រើ​របស់​ពួក​ទេវតា គឺ​ហៅ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត ហើយ​ដើម្បី​បំពេញ ហើយ​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា ដែល​ទ្រង់​បាន​ធ្វើ​ដល់​កូន​ចៅ​មនុស្ស ដើម្បី​រៀបចំ​ផ្លូវ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ដោយ​ប្រកាស​ប្រាប់​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ដល់​ប្រដាប់​ជម្រើស​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​ទី​បន្ទាល់​ពី​ទ្រង់។

៣២ហើយ​ដោយ​ធ្វើ​យ៉ាង​នេះ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​មនុស្ស​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ប្រយោជន៍​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ អាច​មាន​ទី​កន្លែង​នៅ​ក្នុង​ចិត្ត​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​នោះ ហើយ​តាម​របៀប​នេះ​ហើយ​ដែល​ព្រះ​វរបិតា​ទ្រង់​បាន​នាំ​មក​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​ទ្រង់​បាន​ធ្វើ​ដល់​កូន​ចៅ​មនុស្ស។

៣៣ហើយ​ព្រះ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការ​ចំ​បាច់​ដល់​យើង។

៣៤ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែ​ចិត្ត​ចុះ ឱ​អស់​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នក​បាន​សង្គ្រោះ។

៣៥ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បើ​ករណី​ដែល​ខ្ញុំ​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​នេះ​ជា​ការ​ពិត ហើយ​ព្រះ​ទ្រង់​នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រះ​ចេស្ដា និង​ដោយ​សេចក្ដី​រុងរឿង​ដ៏​មហិមា​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ថា ការណ៍​ទាំង​នោះ​ពិត ហើយ​បើ​សិន​ជា​ការណ៍​ទាំង​នោះ​ពិតមែន តើ​ឈប់​មាន​ថ្ងៃ​នៃ​អព្ភូតហេតុ​ហើយ​ឬ?

៣៦ហើយ​តើ​ពួក​ទេវតា​ឈប់​លេច​មក​ឲ្យ​កូន​ចៅ​មនុស្ស​ឃើញ​ហើយ​ឬ? ហើយ​តើ​ទ្រង់​បាន​ដក​យក​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពី​ពួក​គេ​ហើយ​ឬ? ហើយ​តើ​ទ្រង់​នឹង​ធ្វើ​យ៉ាង​នេះ​ឬ​អី ដរាបណា​ពេល​វេលា​នៅ​មាន ហើយ​តើ​នឹង​មាន​ផែនដី​ឬ ឬ​តើ​នឹង​មាន​មនុស្ស​ម្នាក់​នៅ​លើ​ផែនដី​ដែល​នឹង​បាន​សង្គ្រោះ​ឬ?

៣៧មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ ត្បិត​ដោយ​សារ​សេចក្ដី​ជំនឿ​នេះ​ហើយ ទើប​មាន​អព្ភូតហេតុ និង​ដោយ​សារ​សេចក្ដី​ជំនឿ​នេះ​ហើយ ទើប​ពួក​ទេវតា​លេច​មក ហើយ​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​ឈប់​មាន​ការណ៍​អស់​ទាំង​នេះ នោះ​វេទនា​ហើយ​កូន​ចៅ​មនុស្ស ត្បិត​គឺ​ដោយ​មក​ពី​ការ​ឥត​ជំនឿ នោះ​អ្វីៗ​ទាំង​អស់​ក៏​ឥត​ប្រយោជន៍​ដែរ។

៣៨ត្បិត​គ្មាន​អ្នក​ណា​អាច​បាន​សង្គ្រោះ​ឡើយ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ លើក​លែងតែ​ពួក​គេ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​ឈប់​មាន​ការណ៍​ទាំង​នេះ នោះ​សេចក្ដី​ជំនឿ​ក៏​ឈប់​មាន​ដែរ ហើយ​ស្ថានភាព​មនុស្ស​នោះ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ត្បិត​ពួក​គេ​ហាក់​បី​ដូច​ជា​គ្មាន​បាន​សេចក្ដី​ប្រោស​លោះ​ឡើយ។

៣៩ប៉ុន្តែ​មើល​ចុះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​វិនិច្ឆ័យ​ថា​អ្នក​គ្រាន់បើ​ជាង​នេះ ត្បិត​ខ្ញុំ​វិនិច្ឆ័យ​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ដោយ​ព្រោះ​ភាព​ស្លូតបូត​របស់​អ្នក ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​សម​នឹង​បាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​នៃ​សាសនាចក្រ​របស់​ទ្រង់​ឡើយ។

៤០ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​សង្ឃឹម។ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​សេចក្ដី​ជំនឿ លើក​លែង​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សង្ឃឹម?

៤១ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា។

៤២ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​មនុស្ស​ណាមួយ​មាន​សេចក្ដី​ជំនឿ នោះ​គេ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម ត្បិត​អត់​ពី​សេចក្ដី​ជំនឿ​ទៅ នោះ​ពុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ឡើយ។

៤៣ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​នោះ​ពុំ​អាច​មាន​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​ទេ លើក​លែងតែ​អ្នក​នោះ​ស្លូតបូត ហើយ​សុ​ភាព​រាបសា។

៤៤បើ​សិន​ជា​យ៉ាង​នេះ​មែន នោះ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​គេ គឺជា​ការ​ឥត​ប្រ​យោជន៍​ទៅ​វិញ ត្បិត​គ្មាន​អ្នក​ណា​អាច​បាន​ទៅ​ជា​ទី​គាប់​ចំពោះ​ព្រះ​ឡើយ លើក​លែងតែ​មនុស្ស​ស្លូតបូត ហើយ​សុ​ភាព​រាបសា​ប៉ុណ្ណោះ ហើយ​បើ​សិន​ជា​មនុស្ស​នោះ​ស្លូតបូត ហើយ​សុ​ភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ត្បិត​បើ​សិន​ជា​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ អ្នក​នោះ​គ្មាន​ជា​អ្វី​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស។

៤៥ហើយ​សេចក្ដី​សប្បុរស តែងតែ​អត់ធ្មត់ ហើយ​ចិត្ត​ល្អ ហើយ​ពុំ​ចេះ​ឈ្នានីស ហើយ​ពុំ​ចេះ​អួត​ខ្លួន ពុំ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ពុំ​រហ័ស​ខឹង ពុំ​គិត​ដល់​សេចក្ដី​អាក្រក់ ហើយ​ពុំ​ដែល​អរ​រីករាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ ប៉ុន្តែ​អរ​រីករាយ​តែ​នឹង​សេចក្ដី​ពិត​វិញ គឺ​ទ្រាំទ្រ​ការណ៍​ទាំង​អស់ ជឿ​ដល់​ការណ៍​ទាំង​អស់ សង្ឃឹម​ដល់​ការណ៍​ទាំង​អស់ ហើយ​ស៊ូ​ទ្រាំទ្រ​ការណ៍​ទាំង​អស់។

៤៦ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នក​រាល់​គ្នា​គ្មាន​ជា​អ្វី​ទាំង​អស់ ត្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ។ ហេតុ​ដូច្នោះ​ហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស ដែល​ជា​សេចក្ដី​ដ៏​មហិមា​បំផុត ត្បិត​អ្វី​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ខូច​បង់ —

៤៧ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ ហើយ​ស្ថិតស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ។

៤៨ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ ត្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូច​ជា ទ្រង់​បរិសុទ្ធ។ អាម៉ែន៕