ព្រះគម្ពីរ
អាលម៉ា 56

ជំពូក​ទី ៥៦

ហេលេមិន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅ​មរ៉ូណៃ រាប់​រៀប​អំពី​ស្ថានភាព​សង្គ្រាម​នឹង​ពួក​សាសន៍​លេមិន — អាន់ទីផុស និង​ហេលេមិន​យក​បាន​ជ័យ​ជម្នះ​មួយ​ដ៏​ធំ​លើ​ពួក​លេមិន — កូន​ប្រុស​ពីរ​ពាន់​នាក់​របស់​ហេលេមិន​ប្រយុទ្ធ​ដោយ​កម្លាំង​ដ៏​អស្ចារ្យ ហើយ​គ្មាន​ពួក​គេ​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ។ ខ​ទី​១, ប្រមាណ​ជា​ឆ្នាំ ៦២ ម.គ.ស. ខ​ទី​២–១៩, ប្រមាណ​ជា​ឆ្នាំ ៦៦ ម.គ.ស. ហើយ​ខ​ទី​២០–៥៧, ប្រមាណ​ជា ឆ្នាំ ៦៥–៦៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​សាមសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នៅ​ថ្ងៃ​ទី​ពីរ​ក្នុង​ខែ​ទី​មួយ នោះ​មរ៉ូណៃ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​ហេលេមិន រៀប​រាប់​អំពី​កិច្ចការ​ទាំង​ឡាយ​របស់​ប្រជាជន នៅ​ក្នុង​ភូមិ​នៃ​ដែនដី​នោះ។

ហើយ​នេះ​គឺជា​ពាក្យ​ពេចន៍​ដែល​លោក​បាន​សរសេរ​ថា ៖ ជូន​ចំពោះ​មរ៉ូណៃ ជា​បង​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ទោះ​នៅ​ក្នុង​ព្រះ​អម្ចាស់ ក៏​ដូច​ជា​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​នៃ​សង្គ្រាម​ដែរ មើល​ចុះ បង​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​ការណ៍​ខ្លះ​នឹង​ជម្រាប​បង​អំពី​កិច្ចការ​សង្គ្រាម​នៃ​យើង​ខាង​នៃ​ដែនដី​នេះ។

មើល​ចុះ កូន​ប្រុស​ពីរ​ពាន់​នាក់​របស់​ពួក​អ្នក​ដែល​អាំម៉ូន បាន​នាំ​ចេញ​ពី​ដែនដី​នីហ្វៃ​នោះ — ឥឡូវ​នេះ ដូច​បង​បាន​ដឹង​ហើយ​ថា ពួក​នេះ​ជា​ពូជ​ពង្ស​លេមិន ដែល​ជា​កូន​ប្រុស​ច្បង​របស់​លីហៃ ជា​អយ្យកោ​របស់​យើង។

ឥឡូវ​នេះ ខ្ញុំ​មិន​ចាំ​បាច់​រំឭក​ឡើង​វិញ​ជូន​បង​អំពី​សណ្ដាប់​ទាំង​ឡាយ​របស់​ពួក​គេ ឬ​ការ​ឥត​ជំនឿ​របស់​ពួក​គេ​នោះ​ទេ ព្រោះ​បង​បាន​ដឹង​អំពី​ការណ៍​អស់​ទាំង​នេះ​ហើយ —

ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​គ្រាន់តែ​ជម្រាប​បង​ថា កំលោះ​ពីរ​ពាន់​នាក់​នេះ បាន​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ ហើយ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេដឹកនាំ​របស់​គេ ហើយ​យើង​បាន​ចេញ​ទៅ​ការ​ពារ​ប្រទេស​របស់​យើង។

ហើយ​ឥឡូវ​នេះ បង​ក៏​ដឹង​អំពី​សេចក្ដី​សញ្ញា ដែល​ពួក​អយ្យកោ​គេ​បាន​ធ្វើ​ដែរ គឺ​ពួក​គេ​មិន​ព្រម​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​ទាស់​នឹង​បង​ប្អូន​របស់​គេ ដើម្បី​កំចាយ​ឈាម​នោះ​ឡើយ។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំមួយ កាល​ពួក​គេ​បាន​ឃើញ​សេចក្ដី​ទុក្ខ​វេទនា​របស់​យើង និង​សេចក្ដី​ទុក្ខ​លំបាក​របស់​យើង​ជំនួស​ពួក​គេ នោះ​ពួក​គេ​បម្រុង​នឹង​បំបាក់​សេចក្ដី​សញ្ញា ដែល​គេ​បាន​ធ្វើ ហើយ​លើក​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ​ដើម្បី​ការ​ពារ​ពួក​យើង។

ប៉ុន្តែ​ខ្ញុំ​មិន​ទ្រាំ​ទុក​ឲ្យ​ពួក​គេ​បំបាក់​សេចក្ដី​សញ្ញា​នេះ​ដែល​ពួក​គេ​បាន​ធ្វើ ដោយ​សន្និដ្ឋាន​ថា ព្រះ​ទ្រង់​នឹង​ចម្រើន​កម្លាំង​ដល់​យើង ដរាប​ដល់​មិន​ឲ្យ​យើង​រង​ទុក្ខ​ថែម​ទៀត ដោយ​សារ​ការ​បំពេញ​ពាក្យ​សម្បថ ដែល​គេ​បាន​ស្បថ​នោះ​ឡើយ។

ប៉ុន្តែ​មើល​ចុះ នេះ​គឺជា​ការណ៍​មួយ ដែល​អាច​ឲ្យ​យើង​មាន​សេចក្ដី​អំណរ​ដ៏​ធំ។ ត្បិត​មើល​ចុះ នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំមួយ គឺ​ខ្ញុំ ហេលេមិន បាន​ដើរ​នាំ​មុខ​កំលោះ​ពីរ​ពាន់​នាក់​នេះ​ទៅ​កាន់​ទី​ក្រុង​យូដា ដើម្បី​ទៅ​ជួយ​អាន់​ទី​ផុស ជា​អ្នក​ដែល​បង​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​លើ​ប្រជាជន​នៅ​នៃ​ដែនដី​នោះ។

១០ហើយ​ខ្ញុំ​បាន​រួបរួម​កូន​ប្រុស​ពីរ​ពាន់​នាក់​របស់​ខ្ញុំ (ព្រោះ​ពួក​គេ​សម​នឹង​បាន​ហៅ​ថា កូន​ប្រុស) ទៅ​ក្នុង​កងទ័ព​របស់​អាន់ទីផុស ក្នុង​កម្លាំង​បែប​នេះ អាន់ទីផុស​អរ​រីករាយ​ជា​អតិបរមា ត្បិត​មើល​ចុះ កងទ័ព​របស់​លោក​ត្រូវ​បន្ថយ​ចំនួន​ដោយ​ពួក​លេមិន ពី​ព្រោះ​កង​កម្លាំង​របស់​ពួក​វា បាន​សម្លាប់​ទ័ព​របស់​យើង​មួយ​ចំនួន​ធំ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​កាន់ទុក្ខ។

១១ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​អាច​លួង​ចិត្ត​យើង​ក្នុង​ចំណុច​នេះ​ថា ពួក​គេ​បាន​ស្លាប់​ក្នុង​ឧត្ដម​គតិ​នៃ​ប្រទេស​របស់​គេ និង​ព្រះ​របស់​គេ មែន​ហើយ ហើយ​ពួក​គេ​សប្បាយរីករាយ

១២ហើយ​ពួក​លេមិន ក៏​បាន​រក្សា​ពួក​ឈ្លើយ​ជា​ច្រើន​ទុក​ដែរ គេ​ទាំង​អស់​នោះ​ជា​មេទ័ព​ឯក ព្រោះ​ក្រៅ​ពី​នោះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​គេ​ទុក​ជីវិត​ឲ្យ​ឡើយ។ ហើយ​យើង​សន្និដ្ឋាន​ថា ឥឡូវ​នេះ ក្នុង​ពេល​នេះ ពួក​គេ​នៅ​ក្នុង​ដែនដី​នីហ្វៃ គឺ​ដូច្នោះ​មែន បើ​សិន​ជា​ពួក​គេ​ពុំ​ទាន់​ស្លាប់​ទេ។

១៣ហើយ​ឥឡូវ​នេះ នេះ​គឺជា​ទី​ក្រុង​ទាំង​ឡាយ ដែល​ពួក​លេមិន​យក​បាន​ដោយ​ការ​ខ្ចាយ​ឈាម​នៃ​បុរស​ដ៏​ក្លាហាន​ជា​ច្រើន​នាក់​របស់​យើង គឺ ៖

១៤ដែនដី​ម៉ាន់តៃ ឬ​ទី​ក្រុង​ម៉ាន់តៃ និង​ទី​ក្រុង​ស៊ី​អែសរ៉ុម និង​ទី​ក្រុង​គូមេណៃ និង​ទី​ក្រុង​អាន់ទីប៉ារ៉ា។

១៥ហើយ​នេះ​គឺជា​ទី​ក្រុង​ទាំង​ឡាយ​ដែល​ពួក​គេ​យក​បាន កាល​ខ្ញុំ​បាន​ទៅ​ដល់​ទី​ក្រុង​យូដា ហើយ​ខ្ញុំ​បាន​ឃើញ​អាន់​ទី​ផុស និង​ទ័ព​របស់​លោក កំពុងតែ​ប្រឹង​ធ្វើ​ការ​ដោយ​សមត្ថ​ភាព​របស់​គេ​ដើម្បី​ពង្រឹង​ទី​ក្រុង។

១៦មែន​ហើយ ហើយ​ពួក​គេ​ថប់​ចិត្ត ទាំង​ខាង​រូប​កាយ និង​ខាង​វិញ្ញាណ ព្រោះ​ពួក​គេ​បាន​ប្រយុទ្ធ​យ៉ាង​អង់​អាច​នៅ​ពេល​ថ្ងៃ ហើយ​បាន​ធ្វើ​ការ​ដោយ​កម្លាំង​ក្នុង​ពេល​យប់ ដើម្បី​ទ្រ​ទ្រង់​ទី​ក្រុង​ទាំង​ឡាយ​របស់​គេ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទទួល​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ធំ​គ្រប់​បែប​យ៉ាង។

១៧ហើយ​ឥឡូវ​នេះ ពួក​គេ​បាន​ប្ដេជ្ញា​ថា នឹង​យកជ័យ​ជម្នះ​នៅ​ក្នុង​ទី​នេះ​ឲ្យ​បាន ឬ​ក៏​ស្លាប់ ហេតុ​ដូច្នេះ​ហើយ បង​អាច​សន្និដ្ឋាន​ថា កង​កម្លាំង​ដ៏​តូច​ដែល​ខ្ញុំ​នាំ​មក​ជាមួយ​ខ្ញុំ​នេះ មែន​ហើយ កូន​ប្រុស​ទាំង​នោះ​របស់​ខ្ញុំ បាន​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​សេចក្ដី​អំណរ​ដ៏​ខ្លាំង។

១៨ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ឃើញ​ថា អាន់ទីផុស​បាន​ទទួល​កម្លាំង​ថែម​ឲ្យ​កងទ័ព​របស់​លោក នោះ​ពួក​គេ​បាន​ទទួល​បញ្ជា​ពី​អាំម៉ូរ៉ុន ហាម​មិន​ឲ្យ​ទៅ​វាយប្រហារ​ទី​ក្រុង​យូដា ឬ​ច្បាំង​តទល់​នឹង​យើង​ទេ។

១៩ម្ល៉ោះ​ហើយ ពួក​យើង​ត្រូវ​បាន​ប្រោសប្រណី​ពី​ព្រះ​អម្ចាស់ ត្បិត​បើ​ពួក​គេ​មក​វាយប្រហារ​ពួក​យើង នៅ​ពេល​ដ៏​ទន់ខ្សោយ​របស់​យើង​នេះ នោះ​ពួក​គេ​ប្រហែលជា​បាន​បំផ្លាញ​កងទ័ព​ដ៏​តូច​របស់​យើង​នេះ​ទៅ​ហើយ ប៉ុន្តែ​យើង​ត្រូវ​បាន​ថែរក្សា​ឲ្យ​គង់​បែប​ដូច្នេះ។

២០ពួក​គេ​ត្រូវ​បាន​បញ្ជា​ដោយ​អាំម៉ូរ៉ុន​ឲ្យ​រក្សា​ទី​ក្រុង​ទាំង​ឡាយ ដែល​ពួក​គេ​យក​បាន។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ម្ភៃ​ប្រាំមួយ​ទៅ។ ហើយ​នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ យើង​បាន​រៀបចំ​ទី​ក្រុង​របស់​យើង និង​ខ្លួន​យើង​ដើម្បី​ការ​ពារ។

២១ឥឡូវ​នេះ យើង​មាន​បំណង​ចង់​ឲ្យ​ពួក​លេមិន​មក​វាយប្រហារ​យើង ព្រោះ​យើង​មិន​ចង់​ទៅ​វាយប្រហារ​ពួក​គេ​នៅ​ក្នុង​ទីតាំង​ការ​ពារ​របស់​ពួក​គេ​ឡើយ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ចាត់​ឲ្យ​មាន​ពួក​អ្នក​ស៊ើប​ការណ៍​ទៅ​ជុំវិញ ដើម្បី​សង្កេត​ចលនា​ទាំង​ឡាយ​របស់​ពួក​លេមិន ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​ឆ្លងកាត់​ពួក​យើង នៅ​ពេល​យប់ ឬ​ក៏​ពេល​ថ្ងៃ​ដើម្បី​វាយប្រហារ​មក​លើ​ទី​ក្រុង​របស់​យើង​ឯ​ទៀត ដែល​នៅ​ទិស​ខាង​ជើង​បាន​ឡើយ។

២៣ព្រោះ​យើង​បាន​ដឹង​ថា នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ពួក​គេ​មិន​មាន​កម្លាំង​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​វា​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ យើង​មាន​បំណង​ថា បើ​សិន​ជា​ពួក​វា​ដើរកាត់​ក្បែរ​យើង នោះ​យើង​នឹង​វាយប្រហារ​ពួក​វា​ពី​ខាង​ក្រោយ ដើម្បី​ឃាំង​ផ្លូវ​ពួក​វា​ពី​ខាង​ក្រោយ នៅ​ពេល​នោះ ពួក​វា​ក៏​ត្រូវ​ជួប​ប្រយុទ្ធ​នៅ​ខាង​មុខ។ យើង​បាន​សន្និដ្ឋាន​ថា យើង​អាច​យកឈ្នះ​លើ​ពួក​វា​បាន ប៉ុន្តែ​មើល​ចុះ យើង​បាន​ខក​ចិត្ត​ក្នុង​បំណង​របស់​យើង​នេះ។

២៤ពួក​គេ​មិន​ហ៊ាន​ឆ្លងកាត់​ក្បែរ​យើង​ដោយ​កងទ័ព​ទាំង​មូល​របស់​គេ​ទេ ហើយ​គេ​ក៏​មិន​ហ៊ាន​ឆ្លងកាត់​ជា​ផ្នែកៗ​ដែរ ព្រោះ​ពួក​គេ​ខ្លាច​ពុំ​មាន​កម្លាំង​គ្រប់​គ្រាន់ ឬ​ពួក​គេ​ត្រូវ​បរាជ័យ។

២៥ពួក​គេ​មិន​ហ៊ាន​លើក​ទ័ព​ទៅ​វាយ​ទី​ក្រុង​សារ៉ាហិមឡា ហើយ​គេ​ក៏​មិន​ហ៊ាន​ឆ្លងកាត់ តាម​ក្បាល​ទន្លេ​ស៊ីដូន​ទៅ​កាន់​ទី​ក្រុង​នីហ្វៃ​ហា​ដែរ។

២៦ម្ល៉ោះ​ហើយ ដោយ​កង​កម្លាំង​របស់​គេ នោះ​ពួក​គេ​បាន​ប្ដេជ្ញា​ថា នឹង​រក្សា​ទី​ក្រុង​ទាំង​ឡាយ​ដែល​គេ​យក​បាន។

២៧ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ខែ​ទី​ពីរ​ក្នុង​ឆ្នាំ​នេះ មាន​ស្បៀង​ជា​ច្រើន ត្រូវ​បាន​នាំ​មក​ឲ្យ​យើង​ពី​ឪពុក​ទាំង​ឡាយ​របស់​កូន​ប្រុស​ពីរ​ពាន់​នាក់​របស់​ខ្ញុំ​នោះ។

២៨ហើយ​ក៏​មាន​ទ័ព​ចំនួន​ពីរ​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​យើង​ពី​ដែនដី​សារ៉ាហិមឡា​ដែរ។ ម្ល៉ោះ​ហើយ ពួក​យើង​បាន​ប្រុង​ប្រៀប​ជាស្រេច ដោយ​មាន​ទ័ព​ចំនួន​មួយ​ម៉ឺន​នាក់ និង​ស្បៀង​សម្រាប់​ពួក​គេ និង​សម្រាប់​ប្រពន្ធ​គេ និង​កូន​ចៅ​គេ​ផង។

២៩ហើយ​ពួក​លេមិន ដោយ​បាន​ឃើញ​កង​កម្លាំង​របស់​យើង កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​ដូច្នោះ ហើយ​ស្បៀង​ក៏​មក​ដល់​សម្រាប់​គាំទ្រ​ដល់​យើង នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​ភិតភ័យ ហើយ​បាន​ចាប់​ផ្ដើម​ស្ទុះ​ចេញ​មក ប្រសិន​បើ​មាន​លទ្ធ​ភាព​ធ្វើ​បាន ដើម្បី​បញ្ឈប់​កុំ​ឲ្យ​យើង​ទទួល​ស្បៀង និង​កម្លាំង​បាន។

៣០ឥឡូវ​នេះ កាល​ពួក​យើង​បាន​ឃើញ​ថា ពួក​លេមិន​បាន​ចាប់​ផ្ដើម​មាន​ការ​បារម្ភ​ខ្លាំង​ឡើង​ចំពោះ​ស្នៀត​នេះ នោះ​ពួក​យើង​មាន​បំណង​ចង់​យក​ឧបាយ​សឹក​មួយ​មក​ប្រើ​លើ​ពួក​គេ ហេតុ​ដូច្នេះ​ហើយ អាន់ទីផុស​បាន​បញ្ជា​ថា ខ្ញុំ​ត្រូវ​នាំ​កូន​ប្រុស​តូច​ទាំង​ឡាយ​របស់​ខ្ញុំ​ដើរ​ទៅ​ទី​ក្រុង​ជិត​ខាង​មួយ ហាក់​បី​ដូច​ជា​នាំ​យក​ស្បៀង​ទៅ​កាន់​ទី​ក្រុង​ជិត​ខាង​នោះ។

៣១ហើយ​យើង​ត្រូវ​ធ្វើ​ដំណើរ​ជិត​ទី​ក្រុង​អា​នទី​ប៉ា​រ៉ា ហាក់​បី​ដូច​ជា​យើង​កំពុងតែ​ទៅ​កាន់​ទី​ក្រុង​មួយ ដែល​នៅ​ហួស​ពី​នោះ​ក្នុង​ព្រំប្រទល់​ជិត​ឆ្នេរសមុទ្រ។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ដើរ​ទៅ​ធ្វើ​ដូច​ជា​យក​ស្បៀង​ទៅ​ជាមួយ​នឹង​យើង​ទៅ​កាន់​ទី​ក្រុង​នោះ។

៣៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាន់ទីផុស​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ជាមួយ​នឹង​កងទ័ព​របស់​លោក​មួយ​ផ្នែក ដោយ​ទុក​ឲ្យ​ទ័ព​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​រក្សា​ទី​ក្រុង។ ប៉ុន្តែ​លោក​ពុំ​បាន​ចេញ​ទៅ​ទេ ទាល់​តែ​ខ្ញុំ​បាន​ចេញ​ទៅ​ជាមួយ​នឹង​ក​ង​ទ័ព​តូច​របស់​ខ្ញុំ ហើយ​បាន​មក​ជិត​ទី​ក្រុង​អាន់​ទី​ប៉ា​រ៉ា​សិន។

៣៤ហើយ​ឥឡូវ​នេះ នៅ​ក្នុង​ទី​ក្រុង​អាន់ទីប៉ារ៉ា នោះ​មាន​កងទ័ព​សាសន៍​លេមិន​នៅ​ដ៏​ខ្លាំង​បំផុត មែន​ហើយ មាន​ចំនួន​ច្រើន​បំផុត។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ព័ត៌មាន​ពី​អ្នក​ស៊ើប​ការណ៍​ទាំង​ឡាយ​របស់​ពួក​គេ នោះ​ពួក​គេ​បាន​ចេញ​មក​ជាមួយ​នឹង​ក​ង​ទ័ព​របស់​គេ ហើយ​បាន​លើក​មក​តតាំង​នឹង​ពួក​យើង។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​រត់គេច​ចេញ​ពី​គេ​ទៅ​ទិស​ខាង​ជើង។ ម្ល៉ោះ​ហើយ ពួក​យើង​បាន​នាំ​កងទ័ព​ដ៏​ខ្លាំង​បំផុត​របស់​ពួក​សាសន៍​លេមិន​ចេញ។

៣៧មែន​ហើយ គឺ​ទៅ​ដល់​ចម្ងាយ​ដ៏​ឆ្ងាយ ដរាប​ដល់​ពេល​ដែល​ពួក​គេ​បាន​ឃើញ​កងទ័ព​របស់​អាន់ទីផុស​ដេញ​តាម​ពួក​គេ​ដោយ​សមត្ថ​ភាព​របស់​គេ នោះ​ពួក​គេ​ពុំ​បាន​បត់​បែរ​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ទេ តែ​បន្ត​ដំណើរ​របស់​គេ​ត្រង់​ទៅ​មុខ​តាម​ក្រោយ​ពួក​យើង ហើយ​បើ​តាម​យើង​សន្និដ្ឋាន គឺ​ពួក​គេ​មាន​បំណង​ចង់​សម្លាប់​ពួក​យើង​ចោល មុន​ពេល​អាន់ទីផុស​ដេញទាន់​ពួក​គេ ហើយ​យ៉ាង​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​អាច​បាន​ឡោមព័ទ្ធ​ដោយ​ទ័ព​របស់​យើង។

៣៨ហើយ​ឥឡូវ​នេះ អាន់ទីផុស កាល​បាន​ឃើញ​ការ​គ្រោះថ្នាក់​របស់​ពួក​យើង ក៏​បាន​បង្កើន​ល្បឿន​ទ័ព​របស់​លោក។ ប៉ុន្តែ​មើល​ចុះ នោះ​ជា​ពេល​យប់ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ដេញ​តាម​យើង​មិនទាន់​ទេ ឯ​អាន់​ទី​ផុស ក៏​ដេញ​តាម​ពួក​គេ​មិនទាន់​ដែរ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​បាន​បោះជំរំ​សម្រាប់​យប់​នោះ។

៣៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​មុន​ពេល​ព្រលឹម​ស្រាងៗនៃ​វេលា​ព្រឹក មើល​ចុះ ពួក​លេមិន​ដេញ​តាម​ពួក​យើង។ ឥឡូវ​នេះ ពួក​យើង​ពុំ​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​តតាំង​នឹង​ពួក​គេ​ទេ មែន​ហើយ ខ្ញុំ​ពុំ​សុខ​ចិត្ត​ឲ្យ​កូន​ប្រុស​តូច​របស់​ខ្ញុំ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​គេ​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​ក៏​បាន​បន្ត​ដំណើរ​ទៅ​មុខ ហើយ​យើង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទី​រហោ​ស្ថាន។

៤០ឥឡូវ​នេះ ពួក​គេ​ពុំ​ហ៊ាន​បត់​បែរ​ស្ដាំ ឬ​ឆ្វេង​ទេ ព្រោះ​ខ្លាច​គេ​ត្រូវ​ឡោមព័ទ្ធ ឯ​ខ្ញុំ​ក៏​មិន​បត់​បែរ​ស្ដាំ ឬ​ឆ្វេង​ដែរ ព្រោះ​ខ្លាច​ក្រែង​ពួក​គេ​ដេញ​ខ្ញុំ​ទាន់ ហើយ​ពួក​យើង​ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ តែ​នឹង​ត្រូវ​ស្លាប់​វិញ ហើយ​ពួក​គេ​នឹង​រត់​រួច ម្ល៉ោះ​ហើយ ពួក​យើង​បាន​រត់គេច​អស់​ពេញ​មួយ​ថ្ងៃ​នោះ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន គឺ​រហូត​ដល់​ពេល​យប់​ងងឹត។

៤១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ជា​ថ្មី​ទៀត កាល​ពន្លឺ​នៃ​ពេល​ព្រឹក​មក​ដល់ ពួក​យើង​បាន​ឃើញ​ពួក​លេមិន​មក​រក​យើង ហើយ​យើង​បាន​រត់​ចេញ​ពី​ពួក​គេ​ទៅ។

៤២ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ពុំ​ដេញ​យើង​បាន​ឆ្ងាយ មុន​ពេល​គេ​ឈប់​នោះ​ទេ ហើយ​នោះ​គឺជា​ពេល​ព្រឹក​នៃ​ថ្ងៃ​ទី​បី​នៃ​ខែ​ទី​ប្រាំពីរ។

៤៣ហើយ​ឥឡូវ​នេះ តើ​ពួក​គេ​ត្រូវ​អាន់​ទី​ផុស​តាម​ទាន់​ឬ​អី នោះ​យើង​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ទៅ​ទ័ព​របស់​ខ្ញុំ​ថា ៖ មើល​ចុះ យើង​មិន​ដឹង​ទេ​ថា តើ​ពួក​គេ​បាន​ឈប់​ក្នុង​គោលបំណង​ចង់​ឲ្យ​យើង​មក​វាយប្រហារ​គេ ដើម្បី​ពួក​គេ​អាច​ចាប់​ពួក​យើង​នៅ​ក្នុង​អន្ទាក់​របស់​គេ​ឬ​អី។

៤៤ហេតុ​ដូច្នេះ​ហើយ តើ​អ្នក​រាល់​គ្នា​ថា​ដូច​ម្ដេច កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ តើ​អ្នក​រាល់​គ្នា​នឹង​ទៅ​ច្បាំង​នឹង​ពួក​គេ​ឬ?

៤៥ហើយ​ឥឡូវ​នេះ បង​មរ៉ូណៃ ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​បង​ថា ខ្ញុំ​មិនដែល​បាន​ឃើញ​សេចក្ដី​ក្លាហាន​ដ៏​ធំ​យ៉ាង​នេះ​ទេ ទោះ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ទាំង​អស់​ក្ដី។

៤៦ព្រោះ​ដូច​ខ្ញុំ​ធ្លាប់​ហៅ​ពួក​គេ​ថា កូន​ប្រុស​របស់​ខ្ញុំ (ព្រោះ​គេ​ទាំង​អស់​គ្នា​នៅ​ក្មេង​ណាស់) នោះ​ពួក​គេ​បាន​និយាយ​មក​ខ្ញុំ​ថា ៖ ឪពុក​អើយ មើល​ចុះ ព្រះ​របស់​យើង​ទ្រង់​គង់នៅ​ជាមួយ​នឹង​យើង ហើយ​ទ្រង់​នឹង​ពុំ​ទុក​ឲ្យ​យើង​ត្រូវ​ដួល​ចុះ​ទេ ខណៈ​នោះ ចូរ​ឲ្យ​យើង​ទៅ ពួក​យើង​នឹង​ពុំ​សម្លាប់​បង​ប្អូន​របស់​យើង​ទេ បើ​សិន​ជា​ពួក​គេ​ពុំ​ធ្វើ​អ្វី​ដល់​យើង ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​យើង​ទៅ ព្រោះ​ខ្លាច​ក្រែង​ពួក​គេ​មាន​ជ័យ​ជម្នះ​ទៅ​លើ​កងទ័ព​របស់​អាន់​ទី​ផុស។

៤៧ឥឡូវ​នេះ ពួក​គេ​មិនដែល​ធ្លាប់​បាន​ប្រយុទ្ធ​មក​ទេ តែ​គេ​ពុំ​ខ្លាច​ស្លាប់​ឡើយ ហើយ​ពួក​គេ​បាន​គិត​ជា​ច្រើន​ដល់​ឥស្សរភាព​របស់​ឪពុក​គេ ជាង​គិត​ដល់​ជីវិត​របស់​ខ្លួន មែន​ហើយ ពួក​គេ​ត្រូវ​បាន​បង្រៀន​ដោយ​ម្ដាយ​គេ​ថា បើ​សិន​ជា​ពួក​គេ​ពុំ​សង្ស័យ​ទេ នោះ​ព្រះ​ទ្រង់​នឹង​ដោះ​លែង​ពួក​គេ​ឲ្យ​រួច។

៤៨ហើយ​ពួក​គេ​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ​នូវ​ពាក្យ​ពេចន៍​របស់​ម្ដាយ​គេ​ថា ៖ យើង​ខ្ញុំ​មិន​សង្ស័យ​សោះ​ថា ម្ដាយ​យើង​ដឹង​ការណ៍​នេះ។

៤៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ត្រឡប់​ជាមួយ​នឹង​កូន​ពីរ​ពាន់​នាក់​របស់​ខ្ញុំ ទៅ​ច្បាំង​នឹង​ពួក​លេមិន​ទាំង​នេះ ដែល​បាន​ដេញ​តាម​យើង។ ហើយ​ឥឡូវ​នេះ មើល​ចុះ ពល​ទ័ព​របស់​អាន់​ទី​ផុស បាន​តាម​ពួក​គេ​ទាន់ ហើយ​ការ​ប្រយុទ្ធ​ដ៏​ឃោរឃៅ​មួយ​បាន​ចាប់​ផ្ដើម​ឡើង។

៥០កងទ័ព​របស់​អាន់​ទី​ផុស​ដោយ​នឿយហត់​មក​ពី​ការ​ធ្វើ​ដំណើរ​ឆ្ងាយ ក្នុង​រយៈ​ពេល​ដ៏​ខ្លី នោះ​ជិត​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន ហើយ​បើ​កុំ​តែ​បាន​ខ្ញុំ​ត្រឡប់​មក​វិញ ជាមួយ​នឹង​កង​ពីរ​ពាន់​នាក់​របស់​ខ្ញុំ​ទេ ម្ល៉េះ​ពួក​គេ​ច្បាស់​ជា​បាន​សម្រេច​គោលបំណង​របស់​ពួក​គេ​ហើយ។

៥១ព្រោះ​អាន់​ទី​ផុស​ត្រូវ​ដួល​ដោយ​ដាវ និង​មេដឹកនាំ​របស់​លោក​ជា​ច្រើន​ដែរ ដោយ​សារ​ការ​នឿយហត់​ដែល​បណ្ដាល​មក​ពី​ដំណើរ​ទ័ព​ដ៏​លឿន — ហេតុ​ដូច្នេះ​ហើយ កងទ័ព​របស់​អាន់​ទី​ផុស​ដោយ​មាន​ការ​ច្របូកច្របល់ ព្រោះ​ការ​ដួល​ចុះ​នៃ​មេដឹកនាំ​របស់​គេ ក៏​ចាប់​ផ្ដើម​បើក​ផ្លូវ​ឲ្យ​ពួក​លេមិន។

៥២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​ឡើង​ចិត្ត​ក្លាហាន ហើយ​បាន​ចាប់​ផ្ដើម​ដេញ​តាម​ពួក​គេ ម្ល៉ោះ​ហើយ ពួក​លេមិន​កំពុងតែ​ដេញ​តាម​ពួក​គេ​យ៉ាង​ពេញ​ទំហឹង នៅ​ពេល​ហេលេមិន​មក​វាយប្រហារ​ពី​ខាង​ក្រោយ​ពួក​គេ​ជាមួយ​នឹង​កង​ពីរ​ពាន់​នាក់​របស់​លោក ហើយ​ចាប់​ផ្ដើម​សម្លាប់​ពួក​គេ​ច្រើន​ហួស​ប្រមាណ ដរាប​ដល់​កងទ័ព​សាសន៍​លេមិន​ឈប់ ហើយ​បែរ​មក​លើ​ហេលេមិន​វិញ។

៥៣ឥឡូវ​នេះ កាលដែល​ទ័ព​របស់​អាន់ទីផុស បាន​ឃើញ​ថា ពួក​លេមិន​បាន​បែរ​ក្រោយ នោះ​ពួក​គេ​ក៏​បាន​ប្រមូល​គ្នា ហើយ​មក​វាយ​ពី​ខាង​ក្រោយ​ពួក​លេមិន​ទៀត។

៥៤ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​ដែល​ជា​ទ័ព​របស់​នីហ្វៃ ទ័ព​របស់​អាន់ទីផុស ហើយ​ខ្ញុំ​ជាមួយ​នឹង​កង​ពីរ​ពាន់​នាក់​របស់​ខ្ញុំ បាន​ព័ទ្ធជុំវិញ​ពួក​លេមិន ហើយ​បាន​សម្លាប់​ពួក​គេ មែន​ហើយ គឺ​ដរាប​ដល់​ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ប្រគល់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ ព្រម​ទាំង​ខ្លួន​គេ​ធ្វើ​ជា​ឈ្លើយ​សឹក។

៥៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ប្រគល់​ខ្លួន​សុំ​ចុះ​ចាញ់​ពួក​យើង​ហើយ មើល​ចុះ ខ្ញុំ​បាន​រាប់​ចំនួន​កំលោះ​ទាំង​នោះ ដែល​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ខ្ញុំ ព្រោះ​ខ្លាច​ពួក​គេ​ត្រូវ​ស្លាប់​អស់​ច្រើន។

៥៦ប៉ុន្តែ​មើល​ចុះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ពួក​គេ បាន​ដួល​ចុះ​ទៅ​លើ​ដី​ឡើយ មែន​ហើយ ហើយ​ពួក​គេ​បាន​ប្រយុទ្ធ​ហាក់​បីដូច​ជា​មាន​កម្លាំង​នៃ​ព្រះ មែន​ហើយ ពុំ​ដែល​ដឹង​ថា មនុស្ស​អាច​ប្រយុទ្ធ​ដោយ​កម្លាំង​ដ៏​អស្ចារ្យ​បែប​នេះ​ទេ ហើយ​ដោយ​អានុភាព​ដ៏​ខ្លាំង​ក្លា​បែប​នេះ ពួក​គេ​បាន​វាយប្រហារ​ពួក​លេមិន ដែល​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​វា​តក់​ស្លុត ហើយ​ដោយ​ហេតុ​នេះ ទើប​ពួក​លេមិន​បាន​ប្រគល់​ខ្លួន​ធ្វើ​ជា​ឈ្លើយ​សឹក។

៥៧ហើយ​ដោយ​ពួក​យើង​គ្មាន​កន្លែង​សម្រាប់​ឈ្លើយសឹក​របស់​យើង ដើម្បី​យើង​អាច​យាម​ពួក​គេ ការ​ពារ​ពួក​គេ​ពី​ពល​ទ័ព​សាសន៍​លេមិន ហេតុ​ដូច្នេះ​ហើយ យើង​បាន​បញ្ជូន​ពួក​គេ​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា ហើយ​ចាត់​ទ័ព​មួយ​របស់​អាន់​ទី​ផុស​ដែល​មិន​ត្រូវ​ស្លាប់​នោះ ឲ្យ​ទៅ​ជាមួយ​នឹង​ពួក​គេ ឯ​ចំនួន​ដែល​នៅ​សល់ ខ្ញុំ​បាន​យក​មក​បញ្ចូល​ជាមួយ​នឹង​ពួក​កំលោះ​សាសន៍​អាំម៉ូន​របស់​ខ្ញុំ ហើយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទី​ក្រុង​យូដា​វិញ៕